ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃនឹងបញ្ចប់ធម្មយាត្រានៅថ្ងៃទី៣១ តុលាស្អែកនេះ
2019.10.30

ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ នឹងទៅដល់ទីរួមខេត្តព្រះសីហនុ នៅថ្ងៃទី៣១ តុលា ស្អែកនេះ បន្ទាប់ពីបានចំណាយពេលជាង ១០ថ្ងៃ ធ្វើធម្មយាត្រាដោយថ្មើរជើងលើចម្ងាយផ្លូវជាង ២០០គីឡូម៉ែត្រ។
លោក ថុន រដ្ឋា សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ឱ្យអាស៊ីសេរីដឹងថា ក្រុមយុវជន និងព្រះសង្ឃបានធ្វើធម្មយាត្រាទៅដល់ឃុំរាម ស្រុកព្រៃនប់ ដែលស្ថិតនៅចម្ងាយ ១១គីឡូម៉ែត្រពីទីរួមខេត្តព្រះសីហនុ។ លោកបន្តថា ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ នឹងបញ្ចប់ធម្មយាត្រានៅមុខសាលាខេត្តព្រះសីហនុ ដោយការផ្សាយផ្ទាល់លើហ្វេសប៊ុកអំពីឧបសគ្គ ដែលក្រុមយុវជន និងព្រះសង្ឃបានឆ្លងកាត់ពេលធ្វើធម្មយាត្រា និងទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុចុះរុះរើសំណង់កាស៊ីណូជីនទីង (Jingding) នៅលើកោះរ៉ុងសន្លឹម។
ធម្មយាត្រារបស់ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃជួបប្រទះឧបសគ្គជាហូរហែ ជាពិសេស ទាក់ទងនឹងកន្លែងស្នាក់នៅ ដោយសារអាជ្ញាធរបានដាក់សម្ពាធវត្តអារាមជាច្រើន មិនឱ្យទទួលក្រុមយុវជន និងព្រះសង្ឃស្នាក់នៅឡើយ។ ទោះជាយ៉ាងណា ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ នៅតែប្តេជ្ញាបន្តដំណើរឱ្យដល់គោលដៅ ដើម្បីដាក់សម្ពាធអាជ្ញាធរឱ្យចុះវាយកម្ទេចសំណង់កាស៊ីណូចិនយីហោ ជីនទីង (Jingding) ដែលសង់រំលោភលើដីឆ្នេរសមុទ្រកោះរ៉ុងសន្លឹម និងទីតាំងសំណង់ខុសច្បាប់ដទៃទៀតនៅក្នុងខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។