ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ គ្រោងប្រើពេល ២ថ្ងៃទៀត ដើម្បីធ្វើធម្មយាត្រាទៅដល់ក្រុងព្រះសីហនុ ក្រោយពីធ្វើដំណើរដោយថ្មើរជើងអស់ចំនួន ១២ថ្ងៃរួចមក។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ប្រាប់អាស៊ីសេរីថា ពួកលោកធ្វើដំណើរបាន ១៩១គីឡូម៉ែត្រហើយ ពោលគឺនៅសល់តែ ៣៥គីឡូម៉ែត្រទៀតទេនឹងទៅដល់គោលដៅហើយ។ លោកបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលនោះទេ ពួកលោកនឹងទៅដល់គោលដៅនៅថ្ងៃទី៣០ តុលា ខាងមុខ ហើយនឹងមានការរៀបចំសន្និសីទកាសែតអំពីជោគជ័យនៃការធ្វើធម្មយាត្រានេះ ព្រមទាំងទាមទារឱ្យអាជ្ញាធរអនុវត្តច្បាប់លើសំណង់កាស៊ីណូចិនខុសច្បាប់នៅលើកោះរ៉ុងសន្លឹម។
ក្រុមយុវជនមាតាធម្មជាតិ ៥នាក់ និងព្រះសង្ឃ២ ជួនកាលក៏មាន ៥អង្គ បានចាប់ផ្ដើមធ្វើធម្មយាត្រាពីភ្នំពេញ អស់រយៈពេល ១៥ថ្ងៃមកហើយ គិតចាប់ពីថ្ងៃទី១៥ តុលា ក៏ប៉ុន្តែដោយសារការហេវហត់អស់កម្លាំង ក្រុមយុវជន និងព្រះសង្ឃបានសម្រាករយៈពេលបីថ្ងៃ។
សមត្ថកិច្ចមូលដ្ឋានតែងតែឃ្លាំមើលសកម្មភាពរបស់ក្រុមយុវជន និងព្រះសង្ឃនៅគ្រប់ទីកន្លែងដែលពួកគាត់បានទៅដល់ ប៉ុន្តែមិនមានការរារាំង ឬហាមឃាត់នោះឡើយ។
ទោះជាយ៉ាងណា ព្រះតេជព្រះគុណ កើត សារ៉ាយ ដែលនិមន្តមកពីវត្តដំរីសក្នុងខេត្តបាត់ដំបង មានព្រះថេរដីកាថា ព្រះសង្ឃគង់នៅវត្តជាមួយគ្នាបានប្រាប់ព្រះអង្គថា មានសមត្ថកិច្ចបានចុះទៅថតកុដិដែលព្រះអង្គគង់នៅ និងសាកសួរពីសកម្មភាពព្រះអង្គ។ ក្រៅពីនេះ ព្រះអង្គបញ្ជាក់ទៀតថា សមត្ថកិច្ចជាច្រើននាក់បានចុះទៅថតគេហដ្ឋានរបស់ព្រះអង្គនៅស្រុកសូត្រនិគមខេត្តសៀមរាបថែមទៀត ដែលរឿងនេះបានបង្កការភ័យខ្លាចដល់ម្ដាយរបស់ព្រះអង្គ ដែលមានវ័យចាស់ និងកំពុងមានជំងឺប្រចាំកាយ។
ទោះជាមានការប៉ុនប៉ងរារាំងបែបនេះក្តី ក៏ព្រះអង្គ និងយុវជនដទៃទៀត ប្តេជ្ញាថា នឹងធ្វើធម្មយាត្រាឱ្យដល់ក្រុងព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធរចុះរុះរើសំណង់កាស៊ីណូចិនយីហោ ជីនទីង (Jingding) ដែលសាងសង់រំលោភលើដីឆ្នេរសមុទ្រកោះរ៉ុងសន្លឹម និងទីតាំងសំណង់ខុសច្បាប់ដទៃទៀតនៅក្នុងខេត្តព្រះសីហនុ។ ក្រៅពីនេះ ព្រះអង្គ និងក្រុមយុវជនមាតាធម្មជាតិ ក៏ចង់ដាស់ស្មារតីពលរដ្ឋ ជាពិសេស យុវជនខ្មែរឱ្យងាកមកចាប់អារម្មណ៍ និងចូលរួមថែរក្សាធនធានធម្មជាតិផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។