MRC អំពាវនាវ​ឱ្យ​ប្រទេសពាក់ព័ន្ធ​ផ្តោតលើ «បញ្ហាសន្តិសុខទឹក» ក្នុង​ទំនាក់ទំនង​ការទូត​ជាបន្ទាន់​ដើម្បី​ការពារ​ធនធាន​ទន្លេ​នៅ​​ក្នុង​តំបន់​

ដោយ មាន ឫទ្ធិ
2022.03.15
Share on WhatsApp
Share on WhatsApp
MRC អំពាវនាវ​ឱ្យ​ប្រទេសពាក់ព័ន្ធ​ផ្តោតលើ «បញ្ហាសន្តិសុខទឹក» ក្នុង​ទំនាក់ទំនង​ការទូត​ជាបន្ទាន់​ដើម្បី​ការពារ​ធនធាន​ទន្លេ​នៅ​​ក្នុង​តំបន់​ ទិដ្ឋភាពរំហូរទឹកទន្លេមេគង្គនៅប៉ែកខាងលើកំពុងរងផលប៉ះពាល់ពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុនិងការសាងសង់ទំនប់វារីអគ្គិសនី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។
រូប៖ MRC

គណៈកម្មការ​ទន្លេមេគង្គ (MRC) អំពាវនាវ​ឱ្យ​ប្រទេសពាក់ព័ន្ធ​ផ្តោតលើ «បញ្ហាសន្តិសុខទឹក» ក្នុង​កិច្ចការ​ទំនាក់ទំនង​ការទូត​របស់ខ្លួន​ជាបន្ទាន់​ដើម្បី​ការពារ​ធនធាន​ទន្លេ​ដ៏ធំ​ជាងគេបង្អស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ការអំពាវនាវ​នេះ កើតមានឡើង​ស្របពេល​ដែល​ប្រទេស​ក្នុង​តំបន់មេគង្គ​កំពុង​ប្រឈមនឹង​បញ្ហា​ភាពមិនប្រក្រតី​នៃ​រំហូរទឹកទន្លេ​​ដោយសារ​តែ​មាន​ការសាងសង់​ទំនប់វារីអគ្គិសនី​ដ៏សម្បើម​នៅតាម​ប្រទេស​ខ្សែទឹក​ខាងលើ ជាពិសេស​ប្រទេសចិន។

កិច្ចការទំនាក់ទំនង​ការទូត​ដោយ​ផ្តោតលើ​បញ្ហា​សន្តិសុខទឹក គឺជា​កិច្ចការ​ដ៏សំខាន់​កាន់តែខ្លាំងមួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​ពាក់ព័ន្ធ​នឹង​ទំនប់​វារី​អគ្គិសនី​​ដែល​ចេះតែ​កើនឡើង និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក ព្រមទាំង​សកម្មភាព​អភិវឌ្ឍ​ដទៃទៀត។ នេះគឺជា​ការគូសបញ្ជាក់​របស់​ប្រធាន​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេមេគង្គ (MRC) និង​ជា​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក ប្រាវិត វង់សុវណ្ណ ​(Prawit Wongsuwon)​ ក្នុង​សេចក្តីប្រកាស​​ព័ត៌មាន​​របស់​​គណៈកម្មការ​ទន្លេ​មេគង្គ កាលពី​ថ្ងៃទី១៥ ខែមីនា ជុំវិញ​ការចេញផ្សាយ​របាយការណ៍​ថ្មីមួយ​ស្តីពី​សមិទ្ធផល​របស់​គណៈកម្មការ​នេះ។

ក្រៅពីបញ្ហា​ទំនប់វារីអគ្គិសនី ប្រធាន​ក្រុមប្រឹក្សា MRC រូបនេះ ក៏បាន​បញ្ជាក់​ដែរថា នៅក្នុង​តំបន់អាង​ទន្លេមេគង្គ​ខ្សែទឹកខាងក្រោម ផលប៉ះពាល់​ពី​ការប្រែប្រួល​​អាកាសធាតុ ក៏កំពុង​បង្កើតឱ្យមាន​ជា​ផលវិបាក​ជាច្រើន​ទាំងផ្នែក​សង្គម និង​សេដ្ឋកិច្ច និង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅតំបន់នេះ។

រីឯអតីត​ប្រធាន​គណៈកម្មការ​ទន្លេមេគង្គបណ្ឌិត អាន ពេជ្រហត្ថដា កត់សម្គាល់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​អំពីសារសំខាន់​នៃ​ការបង្កើន​ភាពជាដៃគូ​សហប្រតិបត្តិការ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធនឹង​ទន្លេមេគង្គ​នេះ។ លោក​មាន​ប្រសាសន៍​ថា យើងបាន​រក្សាឱ្យ​មាន​នូវ​ទំនាក់ទំនង​ភាពជាដៃគូ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង​ជាមួយ​ភាគីចិន និង​បាន​បង្កើន​ភាពជាដៃគូ​ជាមួយ​តំបន់អាស៊ាន។ លោកថា កិច្ចសហប្រតិបត្តិការ​នេះ បាននាំមក​នូវ​ផលប្រយោជន៍នានា។ ជាក់ស្តែង ដូចជា កាលពី​ឆ្នាំកន្លងទៅ គណៈកម្មការ​ទន្លេមេគង្គ និង​អាស៊ាន បាន​រៀបចំ​ឱ្យ​មាន​កិច្ចប្រជុំ​ជាលើកដំបូង​នៃ «កិច្ចសន្ទនា​អំពី​បញ្ហា​សន្តិសុខទឹក» ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ការច្នៃប្រឌិត ឆ្លើយតបទៅនឹង​បញ្ហាប្រឈម​ដែលកំពុងតែ​កើតមានឡើង​ពាក់ព័ន្ធនឹង​បញ្ហា​សន្តិសុខទឹក។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​ព្រឹទ្ធបុរសរង​នៅ​សាកលវិទ្យាល័យ អារីហ្សូណា ស្តេត (Arizona State University) ​នៃសហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល យល់​ថា​ កិច្ចការ​ការទូត​ផ្តោតលើ​បញ្ហា​សន្តិសុខទឹក គឺជារឿង​សំខាន់។ ក៏ប៉ុន្តែ លោកចោទ​ជា​សំណួរ​ថាតើ កិច្ចការ​ការទូត​ផ្តោតលើ​បញ្ហា​សន្តិសុខទឹក​បែប​នេះ អាច​បញ្ឈប់​ការសាងសង់​ទំនប់វារីអគ្គិសនី​នៅក្នុង​ប្រទេស​ដែល​មិនមែន​ជា​សមាជិក​របស់​គណៈកម្មការ​ទន្លេមេគង្គ​បានដែរឬទេ។ លោកពន្យល់​ថា មិនខុសពី​ទន្លេ​ដទៃទៀត ទន្លេមេគង្គ​គឺជា​ធនធាន​រួម ដូច្នេះហើយ​លោកថា ទើបបានជា​មាន​ការកេងប្រវ័ញ្ច​លើ​ធនធាន​ទន្លេនេះ​ដល់​កម្រិត​ប្រកបដោយ​សោកនាដកម្ម​មួយ​ពីសំណាក់​ប្រទេស​នៅតាម​ខ្សែទឹកខាងលើ។ បណ្ឌិត អៀ សុផល កត់សម្គាល់​ថា ផលវិបាក​បង្កដោយ​សកម្មភាព​របស់​ប្រទេស​នៅ​ខ្សែទឹកខាងលើ​ទន្លេមេគង្គ ដែល​កេងប្រវ័ញ្ច​ពី​ទន្លេនេះ តែងតែ​គ្មាន​ការទទួលខុសត្រូវ។

រីឯ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ដែល​បច្ចុប្បន្ន​កំពុង​ភៀសខ្លួន​រស់នៅ​ប្រទេស​ហ្វាំងឡង់ (Finland) មើលឃើញថា បញ្ហា​ទន្លេមេគង្គ​នេះ ក្រៅតែ​ពី​ក្លាយជា​វិបត្តិ​ទឹក​ដោយសារតែ​ចិន​ជា​អ្នកគ្រប់គ្រង​បិទបើក​រំហូរ​ទឹកទន្លេ​តាម​អំពើចិត្ត​តាមរយៈ​វារីអគ្គិសនី​ដ៏សម្បើម​របស់ខ្លួន​នោះ បញ្ហា​ទឹក​នេះ ក៏បាន​ប្រែក្លាយ​ទៅជា​បញ្ហាវិបត្តិធំ​ក្នុង​តំបន់​មេគង្គ៖ «អត់មាន​នយោបាយ​ស្របគ្នា​ក្នុងការ​ការពារ​ទឹកទន្លេមេគង្គ​ទេ។ ប្រទេស​មួយ​ចំនួន​ផ្អែកទៅលើ​នយោបាយ​ចិន​ដើម្បី​ការពារ​អំណាច​ផ្ទាល់ខ្លួន ដូចជា​កម្ពុជា ដូចជា​ឡាវ ជាដើម។ ប្រទេសមួយ​ចំនួន​ទៀត ដូចជា​វៀតណាម​គឺមាន​ជំហររឹងមាំ​ដែរ​ក្នុងការ​ទប់ទល់​ជាមួយ​ប្រទេស​ចិន។ ដូច្នេះ ប្រទេស​ដែល​នៅ​ទន្លេមេគង្គ​ក្រោម​នេះ​អត់មាន​ជំហរ​ស្របគ្នា​ក្នុងការ​ការពារ​ទឹកទន្លេមេគង្គទេ។ ដូច្នេះ វាទៅជា​វិបត្តិ​នយោបាយ​នៃ​ប្រទេស​ដែល​ស្ថិតនៅ​ទន្លេមេគង្គ​ក្រោម​ទៅទៀត»

វេទិកា​សាកល​អំពីទឹក (Global Water Forum) នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​ (Australian National University) ​ដែល​ផ្តោតលើ​បញ្ហា​សន្តិសុខពន្យល់ថា កិច្ចការ​​ការទូត​អំពីបញ្ហាសន្តិសុខ​ទឹក គឺជា​ការប្រើប្រាស់​យន្តការ​ការទូត​ដើម្បី​ដោះស្រាយ​បញ្ហា​ភាពមិនចុះសម្រុង​គ្នា និង​ជម្លោះ​បណ្តាល​មក​ពី​ការចែករំលែក​ធនធាន​ទឹក​មិនស្មើគ្នា ហើយ​មាន​គោលដៅ​ដើម្បី​ដោះស្រាយ ឬកាត់បន្ថយ​បញ្ហា​ជម្លោះ​ទាំងនេះ​ដើម្បី​ជាប្រយោជន៍​ដល់​កិច្ចសហប្រតិបត្តិការ ស្ថិរភាព និង​សន្តិភាព​ក្នុង​តំបន់។

កន្លងទៅ សហគមន៍​ប្រជានេសាទ​នៅ​តាម​តំបន់បឹងទន្លេសាប ដែល​ទទួល​ឥទ្ធិពល​ដោយ​ផ្ទាល់​ពី​ទន្លេមេគង្គ បាន​លើកឡើង​ពីកង្វល់​របស់​ពួកគេ​ប្រាប់ វិទ្យុអាស៊ីសេរី ជុំវិញ​ស្ថានភាព​ប្រែប្រួល​នៃ​រំហូរទឹកទន្លេ​ខុសប្រក្រតី​នារយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ថា បញ្ហានេះ​​កំពុង​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការធ្លាក់ចុះ​នៃ​ទិន្នផលត្រី។ ពួកគេថា ប្រជានេសាទ​អាចនឹង​បោះបង់​ចោល​មុខរបរនេសាទ​របស់​ពួកគេ​នាពេលអនាគត រួចនាំគ្នា​ធ្វើ​ចំណាកស្រុក ប្រសិនបើ​ស្ថានភាព​ប្រែប្រួល​ទឹក​ទន្លេ​នេះ​នៅតែ​បន្ត​កើតមាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។