តំណាងអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរីបានកោះហៅ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ថៅកែជនជាតិចិន និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើប្រមាណ ២០នាក់ទៀត ឱ្យចូលខ្លួនបំភ្លឺនៅអំឡុងចុងខែសីហានេះ។ សកម្មជនបរិស្ថានថា ជនសង្ស័យដែលតុលាការកោះហៅ និងឃុំខ្លួនកន្លងមកទាក់ទិនប្រព្រឹត្តបទល្មើសព្រៃឈើ នៅតិចតូចនៅឡើយទេ។
អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉េត ប្រុស ឱ្យដឹងនៅថ្ងៃទី៤ សីហា ថា មកទល់ពេលនេះ តុលាការសម្រេចឃុំខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើ ២នាក់ ឈ្មួញឈើ ៣នាក់ និងជនជាតិចិន ៣នាក់ទៀត សរុបទាំងអស់ ៨នាក់។ រីឯនាយកដែនជម្រកសត្វព្រៃភ្នំព្រេច លោក ហាន សុខន ត្រូវបានដោះលែងឱ្យស្ថិតនៅក្រៅឃុំក្រោមការត្រួតពិនិត្យពីតុលាការ។ លោកបញ្ជាក់ថា អ្នកទាំងនោះត្រូវបានចៅក្រមឃុំខ្លួនជាបណ្ដោះអាសន្ន ដើម្បីសាកសួរ និងស៊ើបអង្កេតបន្តទៀត។ លោកបន្ថែមថា ថ្មីៗនេះតំណាងអយ្យការបានកោះហៅ ភាគីពាក់ព័ន្ធបទល្មើសព្រៃឈើប្រមាណ ២០នាក់ទៀត ក៏ប៉ុន្តែលោកមិនបញ្ជាក់លម្អិតពី ឈ្មោះនិងតួនាទីជនសង្ស័យទាំងនោះទេ៖ «ឃុំខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើ ២នាក់ ខាងអ្នករកស៊ីឈើ ៣នាក់ ចិន ៣នាក់។ មន្ត្រីយើងចោទប្រកាន់ពីបទ ផ្សំគំនិត ប្រមូលផល និងអនុផលព្រៃឈើ។ ចិនចោទប្រកាន់បទព្រហ្មទណ្ឌបទកំហែងយក។ ចៅក្រមឃុំបណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេត។ ២០រូបទៀត ខ្ញុំអត់ដឹងទេ ព្រោះគេអត់ទាន់ចូលខ្លួនមកបំភ្លឺ ហៅហ្នឹងទើបចេញពីអាទិត្យមុនទេ មិនដឹងហៅពីណាខ្លះ ? ខ្ញុំអត់ដឹងទេ»។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ ឱ្យដឹងថា ពួកគេនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ពីប្រសិទ្ធភាពការងាររបស់តុលាការ។ លោកថា ការឃុំខ្លួន និងកោះហៅជនសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើទាំងនេះ នៅតិចតូចនៅឡើយ។ លោកចោទថា ក្រុមឧក្រិដ្ឋព្រៃឈើជាច្រើនទៀត ដូចជាឧកញ៉ាទ្រី ភាព ឧកញ៉ា គង់ ក្រឹង លោក សាន ចយ និងម្នាស់ក្រុមហ៊ុន សំអឿន សុវណ្ណ ជាដើម នៅមិនទាន់ឃើញតុលាការ និងគណៈកម្មការជាតិមានវិធានការច្បាប់ទៅលើពួកគេនៅឡើយទេ។ លោកបន្ថែមថា ការអនុវត្តច្បាប់របស់គណៈកម្មការជំនាញមួយនេះ ខ្វះចន្លោះច្រើន ខណៈដែលក្រុមហ៊ុន លឹម រ៉ូយ៉ាល់ (Lim Royal) របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ដែលជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើខ្នាតធំជាច្រើនឆ្នាំមកហើយ បែរជាត្រូវរួចខ្លួនទៅវិញ៖ «ក្រុមទាំងនោះបើទទួលបានដីសម្បទានសេដ្ឋកិច្ច សុទ្ធតែជាអគ្គនាយក គាត់ជាប្រធានក្រុមហ៊ុនទាំងអស់ ហេតុអីបានគិតរកល្បិចដើម្បីបំផ្លាញសម្បត្តិធនធានធម្មជាតិរបស់ខ្មែរ ? យើងគិតថា ចំណាត់ការរបស់តុលាការលើកនេះ យើងមើលឃើញថា វាជាសញ្ញាមួយដែលផ្ដល់ឱ្យ ពលរដ្ឋខ្មែរតាមដានថា តើនរណាខ្លះដែលជាប់ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើនៅប្រទេសកម្ពុជា ? យើងចង់ឃើញ គណៈកម្មការមួយនេះ គាត់ស្រាវជ្រាវ និងចាប់វ៉ៃខ្នោះលើ ក្រុមឧក្រិដ្ឋជនទាំងនេះ ផ្ទាល់ៗតែម្ដង»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី មានប្រសាសន៍ថា គណៈកម្មការជាតិកំពុងស៊ើបអង្កេត ទីតាំងក្រុមហ៊ុន លឹម រ៉ូយ៉ាល់ តែពុំទាន់បង្ហាញលទ្ធផលបែបណានៅឡើយទេ។ ចំពោះសំនួរដែលសួរថា តើគណៈកម្មការ នឹងអនុវត្តច្បាប់ចំពោះលោកឧកញ៉ា ទ្រី ភាព ដែលឬទេ? អ្នកនាំពាក្យរូបនេះឆ្លើយយ៉ាងខ្លីថា សូមឱ្យសួរទៅតំណាងអយ្យការវិញ៖ «យើងកំពុងធ្វើការងារហ្នឹង ហើយស្អែកគណៈកម្មការគេនឹងចុះទៅមើល វាយតម្លៃ។ អាហ្នឹងសុំឱ្យគាត់សួរទៅខាង អយ្យការ ព្រោះអយ្យការជាអ្នកស៊ើបអង្កេត»។
របាយការណ៍គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃបង្ហាញថា រយៈពេលពេលប៉ុន្មានខែចុងក្រោយនេះ គណៈកម្មការជំនាញ បានរឹបអូសឈើជិត ១ម៉ឺនម៉ែត្រគូប និងដុតកម្ទេចរថយន្តដែលបម្រើឱ្យមធ្យោបាយដឹកជញ្ជូនឈើជាង ១រយគ្រឿង។ រីឯរថយន្ត និងមធ្យោបាយដឹកជញ្ជូនឈើមួយចំនួនដែលអាចប្រើប្រាស់បានត្រូវរង់ចាំតុលាការសម្រេច។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ កត់សម្គាល់ថា ពុំមែនមានតែមនុស្ស ២០ ទៅ ៣០នាក់ទេ នាំឱ្យជំនួញឈើដ៏ធំសម្បើមឆ្លងដែនទៅលក់នៅប្រទេសវៀតណាមបានជោគជ័យជាច្រើនឆ្នាំមកហើយនោះ។ លោកសង្ស័យថា មានពាក់ព័ន្ធអាជ្ញាធរពាក់ព័ន្ធចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ជាតិ ប្រព្រឹត្តអំពើពុករលួយ បទល្មើសឧក្រិដ្ឋព្រៃឈើ ផ្ទុយពីបទបញ្ជាប្រមុខរដ្ឋាភិបាល។ ហេតុនេះគណៈកម្មការជំនាញត្រូវតែចាប់ខ្លួនអ្នកទាំងនោះ មកអនុវត្តច្បាប់ និងសងការខូចខាតដល់មជ្ឈដ្ឋានព្រៃឈើ៖ «អ្នកដែលប្រព្រឹត្តទាំងអស់ហ្នឹង អ្នកដែលផ្តើមគំនិតហ្នឹង ត្រូវតែសងផល ខូចខាតនៃព្រៃឈើហ្នឹង ពុំមែនគ្រាប់តែមានទោសហើយ រួចខ្លួនទេ។ ដូចសម្ដេច តេជោ លើកឡើងអ៊ីចឹង មិនត្រឹមនេះទេ បង្កកទ្រព្យសម្បត្តិហើយ រឹបអូសទ្រព្យសម្បត្តិថែមទៀត ដើម្បីឆ្លើយតបបទល្មើសឧក្រិដ្ឋរបស់ខ្លួន ដែលខ្លួនប្រព្រឹត្តហ្នឹង ហើយច្បាប់ព្រៃឈើមានចែងច្បាស់មាត្រា ៩៤ បាទ»។
ក្រុមសកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលបន្ថែមថា ការចុះបង្ក្រាបបទល្មើសព្រៃឈើ និងអនុវត្តច្បាប់របស់គណៈកម្មការជាតិ នៅតែខ្វះចន្លោះច្រើន មិនទាន់ធ្វើឱ្យពួកគេស្ងប់អារម្មណ៍នៅឡើយទេ។ ពួកគេអះអាងថា ក្រុមហ៊ុនស៊ីបាយអូថេក (Ci-Biotech Co., Ltd.) នៅខេត្តក្រចេះ និងក្រុមហ៊ុនសំអឿន សុវណ្ណ នៅខេត្តព្រះវិហារជាប់ពាក់ព័ន្ធកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ពួកគេមិនទាន់ឃើញគណៈកម្មការជំនាញមួយនេះអនុវត្តច្បាប់ និងដកអាជ្ញាប័ណ្ណនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។