តុលាការ​មណ្ឌលគិរី​រង​ការ​​រិះគន់​ថា លាក់បាំង​ព័ត៌មាន​សំណុំរឿង​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ

0:00 / 0:00

សកម្មជន​បរិស្ថាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រិះគន់ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​មណ្ឌលគិរី​ថា មាន​ចេតនា​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​គេចខ្លួន និង​ព្យាយាម​លាក់បាំង​ព័ត៌មាន លើ​សំណុំរឿង​មនុស្ស ២០​នាក់ មាន​ជាប់​ពាក់ព័ន្ធ ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ដែល​គណៈកម្មការ​ជាតិ​បាន​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​ចំនួន ៦ កន្លងទៅ។ ពួកគេ​ចាត់​ទុក​បញ្ហា​នេះ ជា​សញ្ញា​បង្ហាញ​ពី​ភាព​ទន់ខ្សោយ នៃ​ការអនុវត្ត​ច្បាប់ នៅ​កម្ពុជា។

សកម្មជន​បរិស្ថាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​អយ្យការ​អម​សាលាដំបូង ខេត្ត​មណ្ឌលគិរី សហការ​ជាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​នាំ​ខ្លួន​ជនសង្ស័យ យ៉ាងហោចណាស់ ២០​នាក់ ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​កោះហៅ របស់​ព្រះរាជអាជ្ញា មក​ឆ្លើយ​បំភ្លឺ​បន្ថែម​ទៀត ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​មក​អនុវត្ត​ច្បាប់។

ពួកគេ​ថា សំណុំរឿង​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​នេះ ពុំ​មែន​មានតែ​មនុស្ស​ជាង ២០​នាក់​នោះ​ទេ គឺ​អាច​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​គ្រាក់ៗ ជាច្រើន​នាក់​ទៀត ប្រព្រឹត្ត​អំពើពុករលួយ ជា​ប្រព័ន្ធ​បណ្តោយ​ឱ្យ​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ខុសច្បាប់។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ត​មណ្ឌលគិរី លោក ម៉ម វ៉ាន់ដា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា។ រីឯ​ព្រះរាជអាជ្ញា​លោក ហៀង សុភក្ត្រ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

អ្នកនាំពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១២ កញ្ញា ថា មក​ទល់​ពេល​នេះ តំណាង​អយ្យការ​មិនទាន់​បញ្ជូន​សំណុំ​រឿង​នេះ មក​ចៅក្រម​ស៊ើបសួរ​នៅ​ឡើយ​ទេ។ លោក​ថា ក្នុង​ចំណោម​មនុស្ស ២០​នាក់​នោះ មាន​ជនសង្ស័យ ៤​នាក់ បាន​ចាត់​ឱ្យ​មេធាវី ស្នើ​សុំ​ពន្យារ​ពេល​ឆ្លើយ​បំភ្លឺ និង​ខ្លះ​ទៀត​បាន​ចាត់​ឱ្យ​មេធាវី​ឆ្លើយ​ជំនួស។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ មនុស្ស​ទាំង ២០​នោះ មិន​ទាន់​មាន​នរណា​ម្នាក់ ត្រូវ​បាន​ឃុំខ្លួន​នៅ​ឡើយ​ទេ​៖ «មិន​ទាន់​បាន​ដល់​ដៃ​ចៅក្រម​ទេ សំណុំរឿង​ក្រោយៗ​ហ្នឹង​។ បើ​មុន​ហ្នឹង​ទៅ​ហើយ ប៉ុន្តែ​ដីកា​កោះហៅ​ឱ្យ​ចូល​នៅ​ទេ។ ជួន​កាល​មេធាវី​សុំ​លើក​ពេល។ ៣ ទៅ ៤​នាក់ មេធាវី​ស្នើសុំ​លើក​ពេល ចូល​ឆ្លើយ​បំភ្លឺ​។ កោះហៅ​លើក​ក្រោយ​ហ្នឹង ដូច​អត់​ទាន់​មានការ​ឃុំខ្លួន​ទេ បើ​មេធាវី​គេ​ចូល​មក​បំភ្លឺ​។ ខ្ញុំ​សុំ​លើក​ពេល ៣​នាក់ សុំ​លើក​ពេល​ចូល​បំភ្លឺ»។

កាលពី​ចុងខែ​កក្កដា កន្លងទៅ តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ត​មណ្ឌលគិរី​បាន​កោះហៅ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ថៅកែ​ជនជាតិ​ចិន ឧកញ៉ា និង​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ប្រមាណ ២០​នាក់​ទៀត ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ទាក់ទិន​សំណុំរឿង​ប្រមូល​ផល អនុផល​ព្រៃឈើ គ្មាន​លិខិតអនុញ្ញាត​។ មក​ទល់​ពេល​នេះ មាន​មនុស្ស ១១​នាក់ កំពុង​ឃុំខ្លួន ក្នុង​ពន្ធនាគារ ក្នុង​នោះ ៥​នាក់​ជនជាតិ​ខ្មែរ ៣​នាក់​ជា​ជនជាតិ​វៀតណាម និង ៣​នាក់​ទៀត​ជា​ជនជាតិ​ចិន។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី បញ្ជាក់​យ៉ាង​ខ្លី​ថា សំណុំ​រឿង​នេះ​ឋិត​ក្នុង​ដៃ​អយ្យការ​ស៊ើបអង្កេត​បន្ត​។ ចំពោះ​សំណួរ​ដែរ​សួរ​ថា ព្រះរាជអាជ្ញា នឹង​ផ្ដល់​សិទ្ធិ​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌ ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ តើ​លោក​យល់​យ៉ាងណា​? អ្នកនាំពាក្យ​រូប​នេះ​ឆ្លើយ​ថា ការ​និយាយ​ស្តី​ក្នុង​ការ​ស៊ើបអង្កេត លោក​គ្មាន​សិទ្ធិ​នោះ​ទេ ហើយ​លោក​បាន​បង្វែរ​ឱ្យ​សួរ​តុលាការ​វិញ៖ «បាទ អនុវត្ត ប៉ុន្តែ​ការ​និយាយ​ស្តី ក្នុង​ការ​ស៊ើបអង្កេត​ខ្ញុំ​អត់​មាន​សិទ្ធិ​ទេ​បាទ។ តុលាការ បាន​គាត់​មាន​សិទ្ធិ​ថ្លែងការណ៍»។

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា សំណុំរឿង​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ ជនសង្ស័យ មិន​អាច​ចាត់​ឱ្យ​មេធាវី​ចូល​ឆ្លើយ​ជំនួស​ខ្លួន​បាន​ទេ។ លោក​ថា អយ្យការ​ហាក់​យឺតយ៉ាវ និង​លាក់បាំង​ព័ត៌មាន សំណុំ​រឿង​នេះ ខណៈ​ដែល​គណៈកម្មការ​ជាតិ​បាន​ខំ​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ព្រៃឈើ​យ៉ាង​ម៉ឺងម៉ាត់៖ «ជា​រឿង​មួយ​ធ្ងន់ធ្ងរ​ណាស់ ដែល​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​ធ្ងន់ធ្ងរ​នេះ បំផ្លាញ​ព្រៃឈើ​ហើយ មាន​លក្ខណៈ​សូក មាន​លក្ខណៈ​ពុករលួយ​ជា​ប្រព័ន្ធ​ទៀត​។ ការដែល​យើង​មើល​ឃើញ ហ្នឹង​មិនមែន​ពលរដ្ឋ​ទេ សូម្បី​រដ្ឋាភិបាល​ខ្លួនឯង គ្រប់គ្រង​ហ្នឹង ក៏​ទទួល​ស្គាល់​ថា មាន​អំពើពុករលួយ​ដែរ»។

សកម្មជន​បរិស្ថាន​លោក ហេង ស្រស់ រិះគន់​ថា តុលាការ​ខេត្ត​មណ្ឌលគិរី​ថា មិនបាន​ស៊ើបអង្កេត​ឱ្យ​គ្រប់​ជ្រុងជ្រោយ ទាក់ទិន​ករណី ឈើ​រាប់​ម៉ឺន​ម៉ែត្រ​គូប​កាប់​ចេញពី​ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គឺ​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមហ៊ុន​ទាំង ៦​នោះ​។ លោក​សង្កត់ធ្ងន់​ថា ក្រុមហ៊ុន​ទាំងនោះ ឋិត​​ក្នុងស្រុក​កោះ​ញែក បាន​បើក​ទីតាំង កាប់​ឈើ​ខ្នាត​ធំ ពី​​ខាង​ក្រៅ​​ចូល​​ក្នុង​​ក្រុមហ៊ុន។ ហេតុអ្វី​បានជា តុលាការ និង​គណៈកម្មការ​ជាតិ​បណ្ដោយ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​​ទាំងនោះ គេចខ្លួន​៖ «ការ​អនុវត្ត​​ច្បាប់​​របស់​​តុលាការ​ហ្នឹង វា​ហាក់​បីដូច​ធូររលុង​ខ្លាំង​ពេក​។ ធូររលុង​យ៉ាងម៉េច​ ? យើង​ដឹង​ស្រាប់​ហើយ​ថា ឈើ​រាប់​ម៉ឺន​ម៉ែត្រ​គូប និង​ឈើ​រាប់ពាន់​ម៉ែត្រ​គូប​ដែល​គេ​បាន​កាប់ ដែល​គេ​បាន​លូច​ដឹក​ឈើ​ចេញពី​ប្រទេស​កម្ពុជា យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​ក្រុមហ៊ុន​ទាំង ៦ ហ្នឹង។ ហេតុ​អី​បានជា​តុលាការ នៅតែ​ប្រើ ស្ទីល​ដដែលៗ​ដូច​ហ្នឹង​ទៅ ក្រុម​ឧក្រិដ្ឋជន​មុនៗ ដែល​គាត់​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​បាទ​។ យើង​ដឹង​ទៀត​ថា ក្រុមហ៊ុន​ទាំង ៦​ហ្នឹង គឺ​ទទួល​បាន​ដី​សម្បទាន​​ពី​​ក្រសួង​កសិកម្ម ហើយ​​អ្នក​ស៊ញ៉េ​ឱ្យ​មានការ​ដឹកជញ្ជូន​ឈើ ដោយ​ស្របច្បាប់​គឺ សុទ្ធតែ​ចេញ​ដោយ​ក្រសួង​កសិកម្ម ដែល​​មាន​​រដ្ឋបាល​​ព្រៃឈើ​ជា​សេនាធិការ»។

លោក ហេង ស្រស់ ចំណាំ​ថា កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៩ មាន​រថយន្ត​យី​ឌុប ៩​គ្រឿង ជា​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ម្ចាស់​ក្រុមហ៊ុន​លឹម រ៉ូយ៉ាល់ បាន​​ដឹក​​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​រាប់​រយ​ម៉ែត្រ​គូប​។ ហេតុអ្វី​បានជា​គណៈកម្មការ​ជាតិ រក​មិន​ឃើញ​វត្ថុ​តាង​ទាំងនេះ​ដាក់​បន្ទុក​? បែរជា​ជួយ​​ការពារ ក្រុមហ៊ុន​ដែល​ធ្វើ​សកម្មភាព​កាប់​ព្រៃឈើ​ខុស​ច្បាប់​​ទៅ​វិញ​។ លោក​ថា តុលាការ គួរតែ​កោះហៅ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន មក​អនុវត្ត​​ច្បាប់ និង​ឆ្លើយ​បំភ្លឺ​ដែរ ទាក់ទិន​ករណី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ៦ ធ្វើ​សកម្ម​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រៃ​អភិរក្ស​យ៉ាង​រង្គាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។