ក្រុមអ្នកស្រាវជ្រាវរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF-Cambodia និងរដ្ឋបាលជលផល បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាល នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។ ការរកឃើញថ្មីនេះ គឺនៅពេលដែលក្រុមអ្នកស្រាវជ្រាវ កំពុងចុះពិនិត្យសកម្មភាពនេសាទខុសច្បាប់ ក្នុងតំបន់ការពារសត្វផ្សោត។
អង្គការ WWF-Cambodia បានផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១១ ខែធ្នូ ឱ្យដឹងថា កូនផ្សោតដែលទើបកើតថ្មីនេះ មានអាយុប្រហែលមួយថ្ងៃ។ ក្រុមអ្នកស្រាវជ្រាវ បញ្ជាក់បន្ថែមថា បន្ទាប់ពីបានអង្កេតអំពី សកម្មភាពក្រុមហ្វូងផ្សោតធំៗ ដែលមានកូនតូចនៅជាមួយរួចមក ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា កូនផ្សោតដែលទើបកើតថ្មីនេះ គឺស្ថិតនៅក្នុង ក្រុមហ្វូងផ្សោតធំ ដែលមានចំនួនប្រមាណជា ប្រាំពីរក្បាល។
អង្គការ WWF-Cambodia ឱ្យដឹងថានៅក្នុងឆ្នាំ ២០១៩ នេះ ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញកូនផ្សោតកើតថ្មីចំនួន ១៣ក្បាល ក្នុងនោះ ប្រាំមួយក្បាលគឺកូនផ្សោតកើតថ្មី នៅខេត្តស្ទឹងត្រែង និងប្រាំពីរក្បាលផ្សេងទៀត គឺជាកូនផ្សោតកើតថ្មី នៅខេត្តក្រចេះ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WWF Cambodia ផ្សាយកាលពីខែ តុលា កន្លងទៅ បង្ហាញថា ចំនួនសត្វផ្សោតទន្លេមេគង្គ បច្ចុប្បន្នមានប្រមាណ ៩២ក្បាលប៉ុណ្ណោះ ដែលចំនួននេះ ក្រុមអ្នកអភិរក្សយល់ថា នៅតែមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបនឹងកាលពីជាងមួយរយឆ្នាំមុន ដែលផ្សោតទន្លេមេគង្គ និងទឹកសាប ធ្លាប់មានរហូតដល់ទៅជាង បីពាន់ក្បាលឯណោះ។
បន្ថែមពីលើនេះ អង្គការ WWF Cambodia នៅតែបារម្ភចំពោះ សត្វផ្សោតទន្លេមេគង្គ ដែលនៅតែរងការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិត ដោយសារតែការនេសាទខុសច្បាប់ដូចជាការដាក់មងក្នុងតំបន់ការពារ និងការសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គ។ កត្តាគំរាមកំហែងទាំងនេះ អាចនឹងប៉ះពាល់ដល់ការរស់រានរបស់សត្វផ្សោត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន នៅតំបន់នោះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។