អ្នក​ឃ្លាំមើល​បរិស្ថាន​ស្នើ​ឱ្យ​អាជ្ញាធរ​ស្វែងរក​ប្រភព​ប្រេង ដែល​​អណ្ដែត​​លើ​ឆ្នេរ​ព្រែកត្រែង​ខេត្ត​ព្រះសីហនុ

ដោយ ទីន ហ្សាការីយ៉ា
2025.02.04
អ្នក​ឃ្លាំមើល​បរិស្ថាន​ស្នើ​ឱ្យ​អាជ្ញាធរ​ស្វែងរក​ប្រភព​ប្រេង ដែល​​អណ្ដែត​​លើ​ឆ្នេរ​ព្រែកត្រែង​ខេត្ត​ព្រះសីហនុ សកម្មភាពមន្ត្រីអាជ្ញាធរ​ប្រមូលប្រេងដែលហៀរចូលសមុទ្រ អណ្ដែតមកច្រាំង ព្រែកត្រែង ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ កុម្ភៈ ២០២៥។
រូប៖ ហ្វេសប៊ុកក្រសួងបរិស្ថាន

អ្នកឃ្លាំមើល​បរិស្ថាន​ស្នើ​ដល់​អាជ្ញាធរ ឲ្យ​ស្វែងរក​ប្រភព​នៃ​ការ​លេច​ធ្លាយ​ប្រេង ដែល​អណ្ដែត​លើ​ឆ្នេរ​ព្រែកត្រែង ដើម្បី​រក​អ្នក​ទទួលខុសត្រូវ។ ការ​ស្នើសុំ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​សម្អាត​ប្រេង​ប្រមាណ​២ពាន់លីត្រ ដែល​បាន​អណ្ដែត​មក​លើ​ឆ្នេរ​ព្រែកត្រែង ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ដើមខែ​កុម្ភៈ។

អ្នកឃ្លាំមើល​បញ្ហា​បរិស្ថាន លើកឡើង​ថា ការ​លេច​ធ្លាយ​ប្រេង នៅ​លើ​ឆ្នេរ​ព្រែកត្រែង ស្ថិត​នៅ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​ថ្មីៗ​នេះ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ​នៅ​ក្នុង​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្វែងរក​ប្រភព នៃ​ការ​លេច​ធ្លាយ និង​អ្នក​ទទួល​ខុសត្រូវ។

អ្នកស្រាវជ្រាវ និង​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៣ ខែ​កុម្ភៈ​ថា ប្រេង​ឥន្ធនៈ ទោះបី​ប្រើប្រាស់​ដោយ​មាន​បច្ចេកទេស ដូចជា​នៅ​តាម​រោងចក្រ សហគ្រាស និង​ចំហេះ​ពី​យានយន្ត​ក៏ដោយ ក៏​នៅតែ​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ។ លោក​បន្ថែម​ថា ផល​ប៉ះពាល់​ទាំង​នេះ នឹង​រឹត​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត នៅ​ពេល​ប្រេងឥន្ធនៈ ត្រូវ​បាន​លេច​ធ្លាយ​ចូល​ទៅ​ក្នុង​ប្រភព​ទឹក ដែល​អាច​ប៉ះពាល់​ដល់​ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី។ លោក​ស្នើ​ដល់​អាជ្ញាធរ ឲ្យ​ស្វែងរក​ប្រភព​នៃ​ការ​លេច​ធ្លាយ ដើម្បី​មក​ទទួល​ខុសត្រូវ។

លោក សេង សុខហេង៖ «ចំណុច​នេះ វា​មិន​មែន​ជា​រឿង​ថ្មី​ទេ បើ​យើង​មើល​ទៅ​លើ​ភាព​ធ្វេសប្រហែស​របស់​អ្នក​ដែល​បាន​ប្រព្រឹត្ត ដែល​នៅ​ក្នុង​ច្បាប់​គឺ​មាន​យូរ​ហើយ អ្វី​ដែល​សំខាន់​គឺ​រដ្ឋ និង​ក្រសួង​ដែល​ពាក់ព័ន្ធ អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ត្រូវ​រក​អ្នកណា ដែល​ជា​អ្នក​បង្ក ឬ​អ្នកណា ដែល​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​លេច​ធ្លាយ បំពុល​ដល់​បរិស្ថាន និង​ធនធាន​នៅ​តំបន់​ហ្នឹង មក​ទទួលខុសត្រូវ​តាម​ច្បាប់ ព្រោះ​ច្បាប់​មាន​ចែង​ហើយ​អ្នក​ណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន កម្រិត​ប៉ុន្មានៗ ទៅ​តាម​ច្បាប់​កំណត់»

ការ​ស្នើសុំ​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី នៃ​ក្រសួង​បរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត បាន​ចុះ​សម្អាត​ឆ្នេរ​ព្រែកត្រែង ស្ថិត​នៅ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី១ ខែ​កុម្ភៈ បន្ទាប់​ពី​មាន​ប្រេង​ប្រមាណ ២ពាន់​លីត្រ បាន​អណ្ដែត​មក​លើ​ឆ្នេរ​នៅ​តំបន់​នេះ។

ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃទី១ ខែ​កុម្ភៈ​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​សម្អាត​ប្រេង ដែល​អណ្ដែត​នៅ​លើ​ឆ្នេរ​ព្រែកត្រែង​បាន​ប្រមាណ ៩០​ភាគរយ​ហើយ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​មួយ​ចំនួន​ទៀត។ ក្រសួង​បរិស្ថាន ឲ្យ​ដឹង​ទៀត​ថា ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​វាយ​តម្លៃ​ករណី​មាន​ប្រេង​អណ្ដែត​នេះ​ថា «មិន​បាន​ប៉ះពាល់​ដល់​បរិស្ថាន ដែល​គួរឲ្យ​ អំពី​ការ​សម្អាត​ប្រេង​អណ្ដែត​នៅ​ឆ្នេរ​ព្រែកត្រែង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៣ ខែ​កុម្ភៈ។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេលេក្រាម​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី៣ កុម្ភៈ អាជ្ញាធរ​បាន​សម្អាត​ប្រេង ដែល​អណ្ដែត​មក​លើ​ឆ្នេរ​ព្រែកត្រែង​បាន​ប្រមាណ ៩៥ ភាគរយ ហើយ​ស្ថានភាព​ឆ្នេរ​ព្រែកត្រែង និង​ផ្ទៃ​ទឹក​សមុទ្រ ក៏​មាន​ភាព​ប្រសើរ​ឡើង​ដែរ។ លោក បន្ត​ថា អាជ្ញាធរ​កំពុង​សម្អាត​បន្ត​ទៀត ដើម្បី​ធានា​ថា គុណភាព​ទឹក​សមុទ្រ​នឹង​វិល​ទៅ​រក​សភាព​ដើម​វិញ។

អ្នកនាំពាក្យ​រូប​នេះ ស្នើសុំ​ការ​យោគយល់​ពី​ភ្ញៀវ​ទេសចរ ដែល​មាន​បំណង​ចង់​ទៅ​កម្សាន្ត​នៅ​ឆ្នេរ​ព្រែកត្រែង អាច​លេង​កម្សាន្ត​នៅ​លើ​ឆ្នេរ​ខ្សាច់​បាន​ធម្មតា ប៉ុន្តែ​សូម​ផ្អាក​ចុះ​លេង​ទឹក​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​អាជ្ញាធរ​សម្អាត​បន្ត និង​ចៀសវាង​ផល​ប៉ះពាល់។

ចំណែក​ឯ ប្រភព​នៃ​ការ​លេច​ធ្លាយ លោក​ថា ក្រសួង​បរិស្ថាន និង​ក្រសួង​រ៉ែ និង​ថាមពល កំពុង​ធ្វើ​ការ​បន្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។