ក្រុម​អភិរក្ស​ព្រួយ​បារម្ភ​ខ្លាច​ព្រៃ​ឡង់​នឹង​វិនាស​ហិនហោច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ

ដោយ រាជ វិញ្ញូ
2016.12.15
តំណាង​សហគមន៍​ព្រៃ​ឡង់ ២០១៦ ៨៥៥ តំណាង​សហគមន៍​ព្រៃ​ឡង់​មក​ពី​បួន​ខេត្ត ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​របាយការណ៍​ឃ្លាំ​មើល​លើក​ទី​៥ នៅ​ផ្ទះ​មេត្តា (Meta House) រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Uon Chhin
RFA/Uon Chhin

អ្នក​តំណាង​សហគមន៍​ព្រៃ​ឡង់​ចំនួន ៤​ខេត្ត ព្រួយ​បារម្ភ​ថា ព្រៃ​ឡង់ និង​ជីវចម្រុះ​ដ៏​សម្បូរ​បែប​ក្នុង​ព្រៃ​ដ៏​ធំ​មួយ​នេះ នឹង​អាច​វិនាស​ហិនហោច​ក្នុង​រយៈពេល ៤-៥​ឆ្នាំ​ខាង​មុខ បើ​សិន​រដ្ឋាភិបាល​នៅ​តែ​មិន​អាច​ការពារ​ព្រៃ​នេះ​ពី​ការ​កាប់​បំផ្លាញ​របស់​ក្រុម​ឈ្មួញ។ ការ​ព្រួយ​បារម្ភ​នេះ ដោយសារ​ឈ្មួញ​អ្នក​កាប់​ឈើ​ដែល​ជា​មន្ត្រី​រដ្ឋាភិបាល​មាន​អំណាច​ខ្លះ នៅ​តែ​អាច​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ​បាន​ដដែល ថ្វីត្បិតតែ​រដ្ឋាភិបាល​បង្កើត​ឲ្យ​មាន​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ក្ដី។

វិធានការ​ដាក់​ចេញ​របស់​រដ្ឋាភិបាល​កន្លង​មក ត្រូវ​បាន​សហគមន៍​អភិរក្ស​ព្រៃ​ឈើ​យល់​ថា មិន​អាច​ធ្វើ​ឲ្យ​បទល្មើស​ព្រៃ​ឈើ​ថយ​ចុះ​ឡើយ តែ​អាច​ទប់ស្កាត់​មិន​ឲ្យ​ករណី​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​កើន​ឡើង​ប៉ុណ្ណោះ។

តំណាង​សហគមន៍​ព្រៃ​ឡង់​មក​ពី​ខេត្ត​កំពង់ធំ លោក ហឿន សុភាព ស្នើ​ឲ្យ​រដ្ឋាភិបាល​បន្ថែម​កម្លាំង​ការពារ​ព្រៃ ហើយ​កម្លាំង​នោះ គឺ​ត្រូវ​ឈរ​ជើង​ល្បាត​ព្រៃ​ឲ្យ​ជាប់លាប់​រហូត ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មួញ​ឆ្លៀត​ឱកាស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ត​ទៅ​ទៀត។ លោក​អះអាង​ថា រយៈពេល​កន្លង​មក កង​រាជ​អាវុធហត្ថ​ដែល​រដ្ឋាភិបាល​បញ្ជូន​ទៅ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ មិន​ទាន់​គ្រប់គ្រាន់​ឡើយ និង​មិន​ដែល​ឈរ​ជើង​ប្រចាំ​ការ​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ក្នុង​ព្រៃ​នោះ​ទេ ហើយ​តែងតែ​ទៅ​ចាប់​ឈើ​ដែល​ឈ្មួញ​កាប់​ហើយ​ប៉ុណ្ណោះ៖ «កង​រាជ​អាវុធហត្ថ​ត្រឡប់​មក​វិញ ពួក​កាប់​ឈើ​ទៅ​កាប់​ទៀត ដូច្នោះ​វា​អត់​អន់​ថយ​ទេ។ ហេតុ​នេះ អាជ្ញាធរ​គួរ​ឈរ​ជើង​ប្រចាំ​ការ​នៅ​ក្នុង​ផ្ទះ​តែ​ម្ដង ទើប​អាច​ទប់ស្កាត់​បាន»

លោក ហឿន សុភាព បន្ត​ថា រដ្ឋាភិបាល​ត្រូវ​រឹត​បន្តឹង​ច្បាប់​ស្ដីពី​បទល្មើស​ព្រៃ​ឈើ​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ណា​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្លះ​ដែល​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ដែរ​នោះ មិន​អាច​ធ្វើ​ឲ្យ​ព្រៃ​នេះ​ហិនហោច​ឡើយ ព្រោះ​រោងចក្រ​ស្ដុក​ឈើ​ភាគច្រើន គឺ​សុទ្ធតែ​ជា​របស់​មន្ត្រី​ផ្កាយ ៣-៤ និង​មាន​មុខ​មាត់​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​ក្រុមហ៊ុន​ទទួល​បាន​ដី​វិនិយោគ​មួយ​ចំនួន។ លើស​ពី​នេះ ក៏​មាន​ពលរដ្ឋ​ចំណាក​ស្រុក​ផ្សេង​ចូល​មក​កាប់​ឆ្ការ​ទន្ទ្រាន​យក​តំបន់​ព្រៃ​ឡង់​ផង​ដែរ។

ការ​លើក​ឡើង​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​របាយការណ៍​ឃ្លាំ​មើល​លើក​ទី​៥ ស្ដីពី​ស្ថានភាព​ព្រៃ​ឡង់ ដែល​រៀបចំ​ដោយ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត នៅ​ថ្ងៃ​ទី​១៥ ធ្នូ ក្នុង​ផ្ទះ​មេត្តា (Meta House) រាជធានី​ភ្នំពេញ។

របាយការណ៍​របស់​ក្រុម​សហគមន៍​ព្រៃ​ឡង់ ដែល​និយាយ​អំពី​ការ​ល្បាត​ការពារ​ព្រៃ​ចាប់​ពី​ខែ​មេសា ដល់​ខែ​កក្កដា ឆ្នាំ​២០១៦ បង្ហាញ​ថា បទល្មើស​បំផ្លាញ​ជីវចម្រុះ និង​សត្វ​ព្រៃ​ជាដើម មាន​ចំនួន ៤៩៤​ករណី ស្មើ ៦២% រីឯ​បទល្មើស​ព្រៃ​ឈើ​មាន​ចំនួន ២៨៣​ករណី ស្មើ ៣៦%។ នៅ​ក្នុង​របាយការណ៍​បញ្ជាក់​ទៀត​ថា ខេត្ត​កំពង់ធំ ក្នុង​ចំណោម​ខេត្ត​ទាំង​៤ នៃ​តំបន់​ព្រៃ​ឡង់ គឺ​មាន​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​ច្រើន​ជាង​គេ​បង្អស់ ហើយ​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ភាគច្រើន គឺ​ធ្វើ​ឡើង​តាម​រយៈ​គោយន្ត​ដែល​មាន​ចំនួន ៧៤%

ចំណែក​ទិន្នន័យ​ទទួល​បាន​ពី​ប្រព័ន្ធ​ផ្កាយ​រណប​ផ្ដល់​ដោយ​វិទ្យាស្ថាន​ធនធាន​ពិភពលោក (World Resource Institute) និង​សាកលវិទ្យាល័យ​ម៉ារីឡេនដ៍ (University of Maryland) នៅ​សហរដ្ឋ​អាមេរិក បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​១៩៧០ ព្រៃ​ឈើ​មាន​ចំនួន ៧២% នៃ​ផ្ទៃដី​សរុប តែ​មក​ដល់​ឆ្នាំ​២០១៤ ធ្លាក់​ដល់ ៤៨% និង​គិត​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៤ ការ​បាត់បង់​ព្រៃ​ឈើ​នៅ​កម្ពុជា គឺ​មាន​អត្រា​ខ្ពស់​ជាង​ប្រទេស​នានា​ទាំងអស់​នៅ​ទូទាំង​ពិភពលោក។ ប៉ុន្តែ​ទិន្នន័យ​ប្រចាំ​ឆ្នាំ​២០១៦ របស់​ក្រសួង​កសិកម្ម បង្ហាញ​ថា នៅ​ឆ្នាំ​២០០២ ព្រៃ​ឈើ​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ចំនួន ៦១% និង ៥៧% ក្នុង​ឆ្នាំ​២០១០ ហើយ​តិច​ជាង ៥០% នៅ​ក្នុង​២០១៤។

ពាក់ព័ន្ធ​នឹង​ការ​ការពារ​ព្រៃ​ឡង់​នេះ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ផ្ទៃដី​ជាង ៤​សែន​ហិកតារ (៤៣១.៦៨៣​ហិកតារ) នៅ​តំបន់​ព្រៃ​ឡង់ ជា​តំបន់​អភិរក្ស​សត្វ​ព្រៃ និង​ព្រៃ​ឈើ ប៉ុន្តែ​វិធានការ​នេះ​រង​ការ​រិះគន់​ថា​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ទទួល​ស្គាល់​ថា នៅ​មាន​ភាព​ខ្វះខាត​មួយ​ចំនួន​ជុំវិញ​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ប៉ុន្តែ​លោក​ថា​រដ្ឋាភិបាល​តែងតែ​យក​ចិត្ត​ទុក​ដាក់ ធ្វើ​យ៉ាង​ណា​ដើម្បី​បំពេញ​បន្ថែម​ភាព​ខ្វះខាត​ទាំងនេះ ដើម្បី​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​បទល្មើស​ព្រៃ​ឈើ​ដែល​នៅ​សេសសល់៖ «យើង​ទទួល​ស្គាល់​ថា នៅ​មាន​ការ​ខ្វះខាត និង​ការ​លំបាក​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ តែ​យើង​នឹង​ខិតខំ​ប្រឹង​បន្ថែម​ទៀត»

តំណាង​សហគមន៍​ព្រៃ​ឡង់​ពី​ខេត្ត​ក្រចេះ លោក ឯក សុវណ្ណា អះអាង​ថា ប្រភេទ​ឈើ​ប្រណិតៗ​ជាច្រើន​ដូចជា​នាងនួន បេង និង​គ្រញូង ជាដើម គឺ​ផុត​ពូជ​អស់​ហើយ​ពី​តំបន់​ព្រៃ​ឡង់។ លោក​បន្ត​ថា ដើម្បី​ទប់ស្កាត់​ព្រៃ​ឡង់​ឲ្យ​គង់វង្ស មិន​មែន​ត្រឹម​ពង្រឹង​ច្បាប់​ការពារ​ព្រៃ​ឈើ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​គួរ​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​ព្រៃ​ឡង់ មាន​ជីវភាព​ធូរធារ​ដែរ​តាម​រយៈ​ការ​ផ្ដល់​ជំនាញ​ធ្វើ​កសិកម្ម ជាពិសេស​ត្រូវ​កំណត់​ឲ្យ​ច្បាស់​ថា តើ​តំបន់​ណា​ខ្លះ​ដែល​ជា​ទីកន្លែង​របស់​ព្រៃ​ឡង់ ហើយ​មិន​គួរ​ធ្វើ​ការ​វិនិយោគ និង​កាប់​ឆ្ការ​យក​ដី៖ «ចង់​ឲ្យ​រដ្ឋាភិបាល​ជំរុញ​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ព្រៃ​ឡង់ ដូច្នោះ​ពួក​គាត់​នឹង​ឈប់​កាប់​ឆ្ការ​យក​ដី​ពី​តំបន់​ព្រៃ​ឡង់»

ក្រុម​សហគមន៍​ព្រួយ​បារម្ភ​ថា ជនជាតិ​ដើម​ភាគតិច​ជាង ២​សែន​នាក់ (២៥០.០០០​នាក់) និង​មាន​ចំនួន ៣៤០​ភូមិ រស់នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ដល់​មុខ​របរ​ចិញ្ចឹម​ជីវិត​ពួក​គេ បើ​សិន​ជីវចម្រុះ និង​ព្រៃ​ឡង់​ដែល​មាន​ទំហំ​ផ្ទៃដី​ប្រហែល ៥​សែន​ហិកតារ ត្រូវ​រង​ការ​ហិនហោច​នា​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។