ព្រះសង្ឃ និងក្រុមយុវជននៅថ្ងៃពុធនេះ បានបន្តដំណើរថ្ងៃទី២ នៃគម្រោងដើរថ្មើរជើង ៩ថ្ងៃ ពីភ្នំពេញទៅខេត្តព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធរវាយកម្ទេចសំណង់កាស៊ីណូចិនខុសច្បាប់មួយកន្លែង នៅលើកោះរ៉ុងសន្លឹម ដែលអាជ្ញាធរសន្យាវាយកម្ទេច។ ព្រះសង្ឃ និងក្រុមយុវជន អះអាងថា អាជ្ញាធរ និងសមត្ថកិច្ចរាជធានីបានបន្តតាមឃ្លាំមើល ចំពោះការដើរនេះ។
ព្រះសង្ឃ និងក្រុមយុវជន ដើរថ្មើរជើងពីភ្នំពេញទៅខេត្តព្រះសីហនុ អះអាងថា អាជ្ញាធរ និងសមត្ថកិច្ចរាជធានីបានតាមឃ្លាំមើលការដើរនេះ ហាក់ព្រួយបារម្ភ ខ្លាចមានការជួបជុំ ឬប្រមូលផ្ដុំ ដែលជាក្រុមនិន្នាការគណបក្សនយោបាយណាមួយ។
ព្រះភិក្ខុ កើត សារ៉ាយ ព្រះសង្ឃគង់នៅវត្តដំរីស ខេត្តបាត់ដំបង ដែលចូលរួមក្នុងយុទ្ធនាការដើរយាត្រានេះ មានថេរដីកាថា ឆ្លងតាមបទពិសោធន៍នៃការដើរនៅថ្ងៃទី១៥ តុលា ពីរាជធានីភ្នំពេញមកដល់ទឹកដីខេត្តកណ្ដាល ព្រះអង្គ និងយុវជនមិនព្រួយបារម្ភ ចំពោះសកម្មភាពតាមឃ្លាំមើលជាហូរហែពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាននោះទេ។ ព្រះតេជព្រះគុណបន្តថា ការមិនខ្លាចនោះ ដោយសារតែដំណើរនេះ គឺជាសារមួយរំលឹកឲ្យអាជ្ញាធរអនុវត្តច្បាប់ វាយកម្ទេចសំណង់កាស៊ីណូចិនខុសច្បាប់យីហោ ជីនទីង (Jingding) ដែលសាងសង់រំលោភលើដីឆ្នេរកោះរ៉ុងសន្លឹម ដែលអាជ្ញាធរបានអះអាងកន្លងមក ហើយមិនឃើញអនុវត្តតែប៉ុណ្ណោះ៖ « ការពិតទៅអ្វីដែលអាត្មាចាប់អារម្មណ៍ខ្លាំង គឺស្ថិតនៅក្នុងទឹកដីទីក្រុង ដែលមានមន្ត្រីអាជ្ញាធរ និងប៉ូលិសគាត់ តាមរហូតមានមុខមានក្រោយ មានការថតនៅរូបភាពផ្សេងៗ ប៉ុន្តែមកដល់កន្លែងអាត្មាសឹង គឺផុតពីទឹកដីក្រុងភ្នំពេញហើយ ចូលដល់ទឹកដីខេត្តកណ្ដាលហើយ អត់មានមន្ត្រីអាជ្ញាធរមូលដ្ឋាន ឬប៉ូលិសណា តាមដានមកទៀតទេ។ ការមកសឹងនេះ គឺអត់មានអីផង ប្រជាពលរដ្ឋមានតែសាទរ និងគាំទ្រសកម្មភាព ធម្មយាត្រា ដើម្បីការពារឆ្នេរសមុទ្ទរបស់យើង»។
ក្រុមយុវជនមាតាធម្មជាតិចាប់ផ្ដើមយុទ្ធនាការដើរយាត្រាពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុគ្រោងប្រើពេល៩ ថ្ងៃ ដែលបានចាប់ផ្ដើមពីថ្ងៃទី១៥ តុលា ដើម្បីទាមទារឱ្យអាជ្ញាធរចុះអនុវត្តច្បាប់លើមជ្ឈមណ្ឌលកម្សាន្ត ជីនទីង (Jingding) ដោយវាយកម្ទេចសំណង់កាស៊ីណូ ដែលបានសាងសង់រំលោភលើដីឆ្នេរកោះរ៉ុងសន្លឹម។
អាជ្ញាធរខេត្តព្រះសីហនុបានចុះបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តចិនយីហោ ជីនទីង (Jingding) កាលពីចុងខែឧសភាកន្លងទៅ បន្ទាប់ពីពិនិត្យឃើញថា ទីតាំងកម្សាន្តនោះបានប្រព្រឹត្តខុសច្បាប់ជាច្រើនចំណុច។ សកម្មភាពល្មើសច្បាប់ទាំងនោះ រួមមាន ការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រដោយមិនបានឆ្លងកាត់ការចម្រោះ ការសាងសង់ទីតាំងកាស៊ីណូរំលោភលើដីឆ្នេរសមុទ្រ ការដាក់ម៉ាស៊ីនភ្លើងនៅលើផែធ្វើឱ្យមានប្រេងហូរចូលសមុទ្រប៉ះពាល់ដល់បរិស្ថាន និងការចាក់ធុងបាសខ្លាំងបង្កការរំខានដល់ពលរដ្ឋ និងភ្ញៀវទេសចរ។
ក្រោយចុះបិទអាជីវកម្ម អាជ្ញាធរខេត្តបានបញ្ជាក់ថា សំណង់ខុសច្បាប់របស់មជ្ឈមណ្ឌលចិនមួយកន្លែងនោះ នឹងត្រូវរុះរើចេញ ក៏ប៉ុន្តែជាច្រើនខែមកនេះ អាជ្ញាធរមិនទាន់ចុះធ្វើសកម្មភាពនៅឡើយ។
សកម្មជនមាតាធម្មជាតិ និងជាអ្នកដឹកនាំដំណើរក្បួនយាត្រា កញ្ញា ឡុង គន្ធា អះអាងថា អ្វីដែលក្រុមយុវជនធ្វើនេះ សុទ្ធតែអនុលោមទៅតាមច្បាប់។ កញ្ញាថា សកម្មភាពនេះ គឺដើម្បីតែជួយការពារបរិស្ថាន និងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋប៉ុណ្ណោះ។
ការយាត្រាដោយថ្មើរជើងនេះ មានយុវជនមាតាធម្មជាតិចំនួន២ នាក់ និងព្រះសង្ឃ ៣អង្គ ដោយមិនបានកាន់បដា ឬស្រែកមេក្រូឡើយ ប៉ុន្តែពួកគេបានថតវីឌីអូ Live ពីសកម្មភាព នៃយុទ្ធនាការនេះ។ ក្រុមការងារនេះអះអាងថា ពួកគាត់រីករាយ ដែលមានប្រជាពលរដ្ឋនៅតាមដងផ្លូវសាទរ និងគាំទ្រការដើរបែបតស៊ូមតិនេះ ប៉ុន្តែពួកគាត់មិនបានទទួលអ្នកស្ម័គ្រចិត្តចង់ចូលរួមដំណើរនេះទេ ព្រោះខ្លាចជាបុគ្គលបន្លំឲ្យក្រុមណាមួយ ដែលនឹងនាំឲ្យមានបញ្ហាដល់សកម្មភាពយុទ្ធនាការអហិង្សានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
