បណ្ដាញសហគមន៍ភ្នំគុក និងប្រជាពលរដ្ឋនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ស្នើអាជ្ញាធរ និងមន្ត្រីទេសចរអភិរក្សតំបន់ស្ទឹងខ្សាច់ស ជាតំបន់ទេសចរណ៍ធម្មជាតិ។ ការស្នើនេះ គឺបន្ទាប់ពីមានសកម្មភាពកាយដីខ្សាច់នៅតំបន់នោះលក់កាន់តែច្រើនឡើង តែចំនួនអ្នកទៅកម្សាន្តមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាពុំមានសេវាកម្មទេសចរណ៍អ្វីនៅឡើយ។
ស្ទឹងខ្សាច់ស គឺជាតំបន់ទេសចរណ៍ធម្មជាតិ ឋិតនៅភាគខាងលិចផ្សារបរិបូរណ៍ មានចម្ងាយប្រមាណ ១២គីឡូម៉ែត្រចេញពីផ្លូវជាតិលេខ៥ ត្រង់ចំណុចសាលាបឋមសិក្សាផ្សារ តាមផ្លូវក្រាលក្រួសក្រហម។ ប្រសិនបើគេធ្វើដំណើរចូលទៅតំបន់នោះក្នុងរដូវច្រូតកាត់ នោះនឹងមានក្លិនប្រហើរស្រូវទុំជាមួយទេសភាពវាលស្រែមើលដាច់កន្ទុយភ្នែក ហើយនៅអមសងខាងផ្លូវនៃកន្លែងខ្លះមានដើមត្នោត និងផ្ទះពលរដ្ឋ។
ប្រជាពលរដ្ឋម្នាក់រស់នៅក្បែរស្ទឹងខ្សាច់ស នៃភូមិតាំងត្រពាំង ឃុំពេជ្រចង្វា អ្នកស្រី វន អ៊ុច មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំក្នុងរដូវបុណ្យភ្ជុំបិណ្ឌមានមនុស្សរាប់ពាន់នាក់ក្នុងមួយថ្ងៃ មកពីទីរួមខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងផ្សារពន្លៃ ជាដើម នាំគ្នាលេងខ្សាច់ និងទឹកស្ទឹង ព្រមទាំងសម្រាកហូបបាយនៅតាមប្របព្រៃមាត់ស្ទឹងយ៉ាងសប្បាយ តែក្រៅពីរដូវនេះមិនសូវមានមនុស្សទៅលេងទេ៖ «រាល់ឆ្នាំច្រើនណាស់ក្មួយ គ្រាន់តែលេងទឹកវិញរកតែកន្លែងចតឡានម៉ូតូកង់អីអត់បាន ជាពិសេសរដូវភ្ជុំបិណ្ឌមកពីគ្រប់ទិសទី ដូចជាបាត់ដំបង និងភ្នំពេញ ជាដើម»។
ក្រុមពលរដ្ឋបញ្ជាក់ថា រយៈពេលបួនឆ្នាំចុងក្រោយនេះ ចំនួនអ្នកចូលទៅកម្សាន្តនៅតំបន់ស្ទឹងខ្សាច់ស បានកើនឡើងជាលំដាប់ ប៉ុន្តែសកម្មភាពលួចកាយយកខ្សាច់លក់ក៏កាន់តែច្រើនឡើងដែរ ដោយគេជួលកម្មករ ឬពលរដ្ឋក្នុងមូលដ្ឋានកើបខ្សាច់ពីស្ទឹងដាក់ឡានច្នៃចំណុះ ៥តោន ក្នុងមួយថ្ងៃពី ៥ ទៅ ១០ឡាន។ សកម្មភាពនេះបានធ្វើឲ្យតំណាងសហគមន៍ និងម្ចាស់ដីក្បែរនោះ បារម្ភការបាក់ច្រាំងស្ទឹង។
អ្នកសម្របសម្រួលទូទៅនៃបណ្ដាញសហគមន៍ភ្នំគុក ស្រុកបរិបូរណ៍ អ្នកស្រី យិន ប៉ិច ថ្លែងថា នៅគ្រាដែលព្រៃឈើ និងពំនូកខ្សាច់នៅតំបន់នោះមានការថមថយ ដោយសារសកម្មភាពបំផ្លាញរបស់មនុស្ស អាជ្ញាធរគប្បីមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ហើយសហគមន៍រួមជាមួយអាជ្ញាធរមូលដ្ឋានអភិរក្ស និងរៀបចំទីតាំងនោះឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ។ អ្នកស្រីគាំទ្រពេញទំហឹងចំពោះការអភិវឌ្ឍតំបន់ទេសចរណ៍ខ្នាតតូច ដែលគ្រប់គ្រងដោយអាជ្ញាធរមូលដ្ឋាន ឬសហគមន៍ផ្ទាល់ ដើម្បីជីវភាពធូរធាររបស់ពលរដ្ឋ តាមរយៈការលក់ដូរនំចំណី និងសេវាផ្សេងៗ៖ «បើគំនិតរបស់ខ្ញុំចង់ឲ្យអភិវឌ្ឍតំបន់នោះទៅជាតំបន់ទេសចរណ៍ ដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ហើយមានអ្នកស្រុកភូមិលក់ដូរអីវ៉ាន់ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ»។
តំបន់ស្ទឹងខ្សាច់ស ឋិតនៅភូមិតាំងត្រពាំង ឃុំពេជ្រចង្វា ស្រុកបរិបូរណ៍ មិនត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីតំបន់ទេសចរណ៍របស់ខេត្តនោះទេ ដោយតំបន់នេះទំនងពុំមានសក្ដានុពលទេសចរណ៍ខ្លាំងក្លា គឺគ្រាន់តែជាកន្លែងកម្សាន្តធម្មតារបស់ពលរដ្ឋ។ ស្ទឹងនេះមានប្រភពចេញពីភ្នំឱរ៉ាល់ ហូរកាត់ឃុំជាច្រើននៃស្រុកបរិបូរណ៍ មុនហូរធ្លាក់ចូលបឹងទន្លេសាប។ អ្នកស្រុកបានហៅតំបន់នេះខុសៗគ្នា ប៉ុន្តែគេស្គាល់ជាទូទៅថា ភ្នំខ្សាច់ ឬស្ទឹងខ្សាច់ស ដោយសារតំបន់នេះសម្បូរខ្សាច់ ហើយគេធ្លាប់យកទៅធ្វើព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ទៀតផង កាលពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ប៉ុល ពត។
អភិបាលស្រុកបរិបូរណ៍ លោក ឃួន សៅរុំ ថ្លែងបញ្ជាក់ថា តំបន់ស្ទឹងខ្សាច់ស ជាកន្លែងលេងទឹក និងគយគន់ធម្មជាតិ ប៉ុន្តែបច្ចុប្បន្ន បើអាជ្ញាធរមូលដ្ឋាន ឬសហគមន៍ចង់រៀបចំទីតាំងនោះទៅជាតំបន់ទេសចរណ៍ វានឹងជួបការលំបាក ពីព្រោះក្រៅពីដីចំណីស្ទឹង ៥០ម៉ែត្រ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញសុរិយោដី វាស់វែងជាប្រព័ន្ធចេញប្លង់កម្មសិទ្ធិឯកជនអស់ហើយ។ លោកថ្លែងចាប់អារម្មណ៍រឿងអភិរក្សតំបន់ទេសចរណ៍នេះដែរ ដោយឃើញមានមនុស្សប្រមាណពី ៣ពាន់ ទៅ ៤ពាន់នាក់ក្នុងមួយថ្ងៃ ចូលទៅកម្សាន្តនៅតំបន់ស្ទឹងខ្សាច់សនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ គឺចំពេលទឹកឡើង៖ «នៅទូទាំងស្រុកបរិបូរណ៍ មានតែកន្លែងហ្នឹង (ស្ទឹងខ្សាច់ស) មួយទេ ដែលមនុស្សទៅលេងច្រើន ហើយការទៅលេងនេះគេបានដឹងតៗគ្នាច្រើនឆ្នាំមកហើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង លោក សេង សាលី ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ ប៉ុន្តែលោកធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា ចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍ ឬទីតាំងដែលប្រជាពលរដ្ឋក្នុងតំបន់មានទម្លាប់ទៅកម្សាន្តនោះ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបង្ហាញពីតួលេខកើនឡើងនៃចំនួនភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្ត ដែលកើនឡើងក្នុងឆ្នាំ២០១៤ គឺមានភ្ញៀវជិត ៣ម៉ឺននាក់ (២៨.៤៩៧នាក់) ដែលតួលេខនេះកើនឡើងជាងឆ្នាំ២០១៣ ជាង ៣ពាន់នាក់ (៣.០៦០នាក់)។
យ៉ាងណា ពលរដ្ឋរស់នៅក្បែរតំបន់ស្ទឹងខ្សាច់ស ឲ្យដឹងថា នៅរដូវបុណ្យជាតិម្ដងៗ ជាពិសេសបុណ្យភ្ជុំបិណ្ឌ មានមនុស្សរាប់ពាន់នាក់នាំគ្នាជិះម៉ូតូ និងឡានទៅចតចោលនៅតំបន់ស្ទឹងខ្សាច់ស គ្មានសណ្ដាប់ធ្នាប់។ ចំណែកបញ្ហាអនាម័យវិញ មានអ្នកកម្សាន្តភាគច្រើនខ្ចប់បាយ ឬនំចំណីទៅហូបបន្ទាប់ពីចុះលេងទឹក ហើយគ្រវែងចោលសំរាម និងបន្ទោបង់ពាសពេញព្រៃ និងតាមដងស្ទឹងទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។