ក្រុមហ៊ុនចិន និងបុគ្គលមានលុយមានអំណាចមួយចំនួនទៀតកំពុងដណ្តើមគ្នាទាញយករ៉ែមាសយ៉ាងគគ្រឹកគគ្រេងក្នុងតំបន់ព្រៃឡង់ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ខេត្តក្រចេះ។ ពលរដ្ឋរស់នៅក្បែរតំបន់នោះអះអាងថា អាជីវកម្មរ៉ែមាសទ្រង់ទ្រាយធំនេះកំពុងបំផ្លាញធនធានធម្មជាតិកាន់តែរីកធំឡើង។
សកម្មភាពធ្វើអាជីវកម្មរ៉ែមាសទ្រង់ទ្រាយធំ ពីសំណាក់ក្រុមហ៊ុនចិន និងបុគ្គលមានលុយមានអំណាច នៅតែកើតមានច្រើន បើទោះបីជាក្រសួងប្ដេជ្ញា ទប់ស្កាត់អាជីវកម្មរ៉ែមាសខុសច្បាប់ជាថ្មីទៀតក៏ដោយ។
ពលរដ្ឋដែលបានចុះដល់ទីតាំងអាជីវកម្មរ៉ែមាសក្នុងតំបន់ស្នងអន តំបន់អូរផ្អាវ និងតំបន់ភ្នំជី ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ខេត្តក្រចេះអះអាងថា ពួកគាត់បានឮសំឡេងម៉ាស៊ីន និងគ្រឿងចក្រជាច្រើនគ្រឿង កំពុងមមាញឹកចម្រាសមាស ដោយមានសន្តិសុខយាមល្បាត យ៉ាងប្រុងប្រយ័ត្ន។
សកម្មជនការពារព្រៃឡង់ខេត្តក្រចេះលោក ស្វាយ សុង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ ឧសភា ថា អាជីវកម្មរ៉ែមាសទាំងនេះ បង្កប់ភាពមិនប្រក្រតីច្រើន ដោយលាក់បាំងព័ត៌មាន មិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបំផ្លាញធនធានធម្មជាតិ ក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់។
លោកថា តំបន់ជើងភ្នំជី មានទេសភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ កំពុងប្រឈមការបាត់បង់រូបរាង ហើយថ្មភ្នំមួយចំនួន កំពុងទទួលរងការបំផ្លាញ ដើម្បីទាញយករ៉ែធ្វើអាជីវកម្ម។
លោក ស្វាយ សុង៖ «ខ្ញុំជិះទៅឃើញ នឹកឃើញថា សម្បត្តិជាតិអើយ បើគ្រប់គ្រងល្អមិនខ្វះទេ រ៉ែនៅភ្នំជីវាពិសេសពិសាលណាស់ សម្បត្តិជាតិ ធ្វើអ្វីមួយ បានដល់ដៃពលរដ្ឋផង និងរដ្ឋាភិបាលផង។ ក្នុងនាមយើងពលរដ្ឋត្រូវដឹង»។
កាលពីចុងខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) ទទួលបានអាជ្ញាប័ណ្ណ រុករករ៉ែលោហធាតុ ពីរដ្ឋាភិបាល ដែលមានផ្ទៃដីជាង១ម៉ឺន ៥ពាន់ (១៥.១០០) ហិកតារ ស្ថិតនៅឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ខាងត្បូងនៃដែនជម្រកសត្វព្រៃឡង់។
មកទល់ពេលនេះជាង ៤ឆ្នាំមកហើយ ដែលក្រុមហ៊ុនចិន និងបុគ្គលមានលុយមានអំណាចសម្រុកចូលទៅធ្វើអាជីវកម្មរ៉ែមាស ក្នុងតំបន់នោះ ក៏ប៉ុន្តែពលរដ្ឋអះអាងថា នៅមិនទាន់ឃើញថា ក្រុមហ៊ុននេះបង្ហាញអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសនៅឡើយទេ ប៉ុន្តែមានអាជ្ញាប័ណ្ណរុករក។
ពលរដ្ឋរស់នៅក្បែរតំបន់នោះ ក្នុងឃុំសុចិត្រ ខេត្តកំពង់ធំ លោកស្រី ចាន់ សុរិយា សង្កេតឃើញថា បច្ចុប្បន្នមានជនជាតិចិនកាន់តែច្រើនឡើង សម្រុកទៅតំបន់នោះ ដោយមានរថយន្ត និងគ្រឿងចក្រជាច្រើនគ្រឿង បើកចេញចូល ក្នុងតំបន់រ៉ែមាស។ រីឯសកម្មភាពឈូសឆាយពង្រីកផ្លូវចូលទៅ តំបន់រ៉ែមាស កាន់តែច្រើនឡើងដែរ។
លោកស្រី ចាន់ សុរិយា៖ «ជនជាតិចិនកាន់តែច្រើនទៅ ហើយផ្លូវក៏រឹតតែធ្វើគ្រប់កន្លែងដែរ មិនមែនទ្រង់ទ្រាយតូចតាចទេ ទ្រង់ទ្រាយធំតែម្តង»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះពីរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បាននៅឡើយទេ នៅថ្ងៃទី ១៤ ឧសភា។
រីឯតំណាង ក្រុមហ៊ុនចិន ឡេតចេងម៉ាញនីង ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
កាលពីថ្ងៃទី៤ ឧសភា ក្រសួងរ៉ែបានចេញសេចក្តីប្រកាសព័ត៌មានមួយឱ្យដឹងថា ក្រសួងនឹងបញ្ចប់សកម្មភាពធ្វើអាជីវកម្មរ៉ែខុសច្បាប់បែបអនាធិបតេយ្យ ជំរុញការធ្វើអាជីវកម្មរ៉ែស្របច្បាប់ឡើងវិញ ដើម្បីទាញចំណូលចូលជាតិ និងទប់ស្កាត់ផលប៉ះពាល់ដល់បរិស្ថាន។ ក្រសួងរកឃើញថា អាជីវកម្មរ៉ែមាសបានកើតមានឡើងយ៉ាងអនាធិបតេយ្យ និងប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះ និងជីកអណ្តូងក្រោមដីយ៉ាងជ្រៅ ដោយគ្មានបច្ចេកទេសត្រឹមត្រូវ។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញថា ក្រុមហ៊ុនឯកជនខ្លះគ្មានអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាស ក៏ប៉ុន្តែសកម្មភាពបំផ្លាញបរិស្ថាន បានឈានដល់កម្រិតធ្ងន់ធ្ងរ ធ្វើឱ្យរដ្ឋខាតបង់ចំណូលពន្ធ និងប៉ះពាល់បរិស្ថាន។ លោកថា បញ្ហានេះកើតមានឡើងដដែលៗច្រើនឆ្នាំមកហើយ។
លោក ប៉ែន ប៊ុណ្ណារ៍៖ «កន្លែងណាមានរ៉ែមាស និងរ៉ែត្បូងអំពើខុសច្បាប់ មន្ត្រីទុច្ចរិតនិងឧកញ៉ាទុច្ចរិត ទាំងឈើទាំងអីហ្នឹង វាបំផ្លាញធនធានធម្មជាតិដែរ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើឱ្យរដ្ឋាភិបាលត្រូវបង្ហាញព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ និងតម្លាភាព ពីអាជីវកម្មរ៉ែមាស នៅតំបន់នោះដើម្បីធានាពីសុវត្ថិភាពសម្បត្តិជាតិ ត្រូវការពារឱ្យបានត្រឹមត្រូវ បើពុំដូច្នេះទេ ពលរដ្ឋនៅតែសង្ស័យថា អាជីវកម្មរ៉ែមាសទាំងនេះខុសច្បាប់ កេងប្រវ័ញ្ចភោគទ្រព្យជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។