ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងតែខ្វែងគំនិតគ្នាចំពោះគម្រោងផលិតទឹកស្អាតរបស់អង្គការក្រៅរដ្ឋាភិបាលមួយ នៅក្នុងបឹងឈ្វាំង ស្ថិតនៅភូមិព្រៃខ្មែរ នៃឃុំរលាប្អៀរ។ ក្រុមប្រជាពលរដ្ឋសុទ្ធតែអះអាងថា ខ្លួនចង់បានទឹកស្អាតមកប្រើប្រាស់ដូចៗគ្នា ប៉ុន្តែមានអ្នកខ្លះយល់ព្រមឲ្យគេយកទឹកពីក្នុងបឹងឈ្វាំង មកផលិតជាទឹកស្អាត និងអ្នកខ្លះមិនអនុញ្ញាត ព្រោះបារម្ភខ្លាចទឹកនៅក្នុងផ្ទៃបឹងនេះរីងស្ងួត ហើយធ្វើឲ្យប៉ះពាល់ដល់ការស្រោចស្រពដីស្រែកសិកម្មរបស់អ្នកភូមិ។
ប្រធានសហគមន៍ភ្នំដើមផ្កា នៅភូមិព្រៃខ្មែរ គ្រោងនឹងដើរផ្ដិតស្នាមមេដៃរបស់ប្រជាពលរដ្ឋដែលគាំទ្រគម្រោងផលិតទឹកស្អាត និងអនុញ្ញាតឲ្យទាញយកប្រភពទឹកពីក្នុងបឹងឈ្វាំង មកផលិត។
គម្រោងនេះ ធ្វើឡើងបន្ទាប់ពីមានអ្នកភូមិប្រមាណជា ១០០នាក់ បានប្រតិកម្ម និងស្ដីបន្ទោសអាជ្ញាធរថាមិនបានផ្ដល់ព័ត៌មានច្បាស់លាស់ជុំវិញបញ្ហានេះ ថែមទាំងបង្ខំឲ្យពួកគាត់ទទួលយកនូវអ្វីដែលគេយល់ថាមិនត្រឹមត្រូវនោះ។
ប្រធានសហគមន៍ភ្នំដើមផ្កា លោក ឈឹម សារិទ្ធិ មានប្រសាសន៍ថា លោកបានដើរស្ទង់មតិប្រជាពលរដ្ឋតាមផ្ទះឃើញថា មានអ្នកភូមិប្រមាណជា ១០០គ្រួសារក្នុងចំណោម ១៣០គ្រួសារ នៃសហគមន៍ទាំងមូល បានអនុញ្ញាតឲ្យគេទាញយកទឹកពីក្នុងផ្ទៃអាងឈ្វាំង មកផលិត។ លោកបន្តថា ក្នុងពេលឆាប់ៗខាងមុខនេះ លោកនឹងសុំឲ្យអង្គការលោកខាងលិចជួបលោកខាងកើត (EMW) ជួយរៀបចំឯកសារ ដើម្បីដើរផ្ដិតមេដៃរបស់ប្រជាពលរដ្ឋដែលគាំទ្រគម្រោងនេះ៖ «មានការជំទាស់កន្លងមក ដោយសារតែគាត់ទទួលព័ត៌មានអត់ច្បាស់លាស់ ឮសូរពាក្យចចាមអារ៉ាមគេថាបើសិនជាគេធ្វើអាប្រព័ន្ធទឹកស្អាតហ្នឹង គេនឹងបិទ បិទអត់ឲ្យប្រើទឹកលាងគោ អត់ឲ្យដងទឹកហ្នឹង គេធ្វើរបងព័ទ្ធអ៊ីចឹង ហើយម្យ៉ាងទៀត គេអត់ឲ្យបង្ហូរទឹកទៅស្រែទៅអីអ៊ីចឹង។ បញ្ហានេះហើយដែលបណ្ដាលឲ្យបងប្អូនអ្នកដែលខ្លួនឯងអត់ទឹកហ្នឹង ក៏មានអារម្មណ៍ថាមិនឲ្យគេធ្វើដែរ»។
ប្រជាពលរដ្ឋម្នាក់ លោក នាង សារ៉េត បានប្រាប់វិទ្យុអាស៊ីសេរី ថា គ្រួសារលោក និងអ្នកភូមិក្បែរខាងមួយចំនួនទៀត មានការលំបាកខ្លាំងក្នុងការប្រើប្រាស់ទឹក ជាពិសេសនៅក្នុងរដូវប្រាំង។ លោកបន្តថា នៅតំបន់លោករស់នៅពុំមានផ្ទះណាមួយអាចជីកអណ្ដូងចេញទឹកយកមកប្រើប្រាស់ឡើយ ដូច្នេះទើបអ្នកភូមិបង្ខំចិត្តទិញទឹកធុងក្នុងតម្លៃថ្លៃមកប្រើប្រាស់ប្រចាំថ្ងៃ៖ «យើងទិញគេក្នុង១ធុង១ពាន់រៀល អាហ្នឹងសម្រាប់អូសខ្លួនឯង បើគេអូសឲ្យ ២ពាន់ ទៅ ២.៥០០រៀល ហើយបន្តិចទៀតនឹងឡើងដល់ ៣ពាន់ គេអូសឲ្យ។ ប៉ុន្តែ បើយើងទៅអូសនៅទឹកឈ្វាំង យ៉ាងម៉េចដែរ? យើងទៅអូសនៅទឹកឈ្វាំង ក៏បានដែរ ប៉ុន្តែយើងអត់មានធុងមានអី យើងមានលុយឯណានឹងទិញធុងទិញរទេះ»។
ទោះជាយ៉ាងណា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ មានប្រជាពលរដ្ឋមិនគាំទ្រស្ថានីយផលិតទឹកស្អាតដែលបានចំណាយទឹកប្រាក់ជាង ៥ម៉ឺនដុល្លារនេះ បានមកជួបជុំគ្នានៅក្នុងបរិវេណវត្តត្រពាំងស្នោ ដើម្បីសម្ដែងការមិនពេញចិត្តរបស់ខ្លួននៅចំពោះមុខអាជ្ញាធរឃុំ ស្រុក និងតំណាងអង្គការក្រៅរដ្ឋាភិបាលនោះ។ អ្នកចូលរួមទាំងនោះមានស្នាមមេដៃគាំទ្រចំនួន ៥០៩ស្នាមមេដៃ តំណាងឲ្យប្រជាពលរដ្ឋជាង ៤០០គ្រួសារ នៅភូមិព្រៃខ្មែរ ទាំងមូល ដែលមិនចង់ឲ្យបង្កើតស្ថានីយនៅក្នុងផ្ទៃបឹងឈ្វាំង ព្រោះខ្លាចប៉ះពាល់ដល់ការយកទឹកស្រោចស្រពដីស្រែកសិកម្ម។
ប្រជាពលរដ្ឋម្នាក់ អ្នកស្រី ឆាយ ថុន បញ្ជាក់ថា គ្រួសារអ្នកស្រី និងអ្នកភូមិផ្សេងទៀត សុទ្ធតែចង់បានទឹកស្អាតមកប្រើប្រាស់ដូចគ្នា ក៏ប៉ុន្តែទឹកនោះត្រូវតែយកចេញពីប្រភពផ្សេង និងធានាថាមិនធ្វើឲ្យប៉ះពាល់ដល់ទឹកនៅក្នុងផ្ទៃអាងឈ្វាំង ឡើយ។ អ្នកស្រីបន្តថា កន្លងមកអាជ្ញាធរមិនដែលពិភាក្សា ឬផ្ដល់ព័ត៌មានច្បាស់លាស់ទាក់ទងនឹងគម្រោងនេះដល់ពលរដ្ឋបានដឹងឡើយ៖ «អរជាទីអស្ចារ្យហើយនេះ! បើបានទឹកប្រើប្រាស់ខុសកន្លែងទឹកឈ្វាំង ហ្នឹងទៅ មីងអរណាស់។ ទុកគ្រាន់ឲ្យប្រជាពលរដ្ឋលាងទឹកគោ ដាក់ទឹកស្រែពីរភូមិបីភូមិ ពេលអត់អ៊ីចឹងទៅ សុំពីនេះទៅគេបើកដាក់ទៅក្រោមហ្នឹងឲ្យហើយ នៅពេលអត់ទឹកស្រែស្ងួតស្រូវសំណាបអស់បានទឹកហ្នឹងគ្រាន់បណ្ដោះអាសន្នដែរ»។
ទាក់ទងនឹងបញ្ហានេះ អភិបាលស្រុករលាប្អៀរ លោក ឈឹម វុទ្ធា មានប្រសាសន៍ថា អាជ្ញាធរបានប្រជុំផ្សព្វផ្សាយជុំវិញបញ្ហានេះជូនប្រជាពលរដ្ឋចំនួន ៣លើករួចមកហើយ ប៉ុន្តែពួកគាត់មួយចំនួននៅតែមិនទាន់យល់ច្បាស់អំពីគម្រោងនេះ ដោយខ្លាចគេបង្កើតគម្រោងនេះឡើង ដើម្បីបម្រើផលប្រយោជន៍ក្រុមហ៊ុនឯកជន ឬបុគ្គលណាមួយក្រៅពីសហគមន៍៖ «ខ្ញុំគិតថា បើសិនជាគាត់នៅជំទាស់ក្នុងរូបភាពមិនចង់ឲ្យគម្រោងហ្នឹងដើរ អាហ្នឹងវាខាតខ្លួនគាត់ទេ តែជាចេតនារបស់ខ្ញុំៗចង់ឲ្យធ្វើម៉េចប្រធានអង្គការ និងសហគមន៍គាត់សហការគ្នា ហើយកុំឲ្យយករូបភាពអ្នកធ្វើអាជីវកម្មដឹកទឹកលក់ហ្នឹង យកមកបំផ្លាញជាមួយអ្នកដែលគ្នាចង់បានពិតប្រាកដ។ ខ្ញុំមិនទាន់ចាត់ការយ៉ាងម៉េចនៅឡើយ ដោយសាររង់ចាំមើលឲ្យគាត់ស្នើសុំមកយើងវិញ បានយើងមានតម្លៃនឹងធ្វើការងារជាមួយគាត់»។

លោកបញ្ជាក់ថា គម្រោងនេះនឹងមិនអាចប្ដូរទៅកន្លែងផ្សេងបាននោះទេ ពីព្រោះគ្មានទីតាំងណាដែលអាចជីកយកទឹកក្រោមដីបាន ប៉ុន្តែទឹកនៅក្នុងផ្ទៃបឹងឈ្វាំង គឺជាប្រភពទឹកចេញពីក្រោមដី និងមិនអាចរីងស្ងួតខួបប្រាំងខួបវស្សា ទើបអាជ្ញាធរកំណត់យកទីតាំងនេះដើម្បីអនុវត្តគម្រោង។
នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការលោកខាងលិចជួបលោកខាងកើត លោក គឹម ហ៊ បានថ្លែងបញ្ជាក់ថា គម្រោងនេះ គឺជាជំនួយសប្បុរសធម៌មានគោលបំណងបម្រើផលប្រយោជន៍ដល់សហគមន៍ទាំងមូល គឺមិនមែនសម្រាប់តែបុគ្គលណាមួយនោះទេ។ អង្គការគ្រោងនឹងដាក់ឲ្យដំណើរការ និងប្រគល់ការគ្រប់គ្រងនេះជូនសហគមន៍ក្នុងពេលឆាប់ៗ ក៏ប៉ុន្តែពួកគាត់មិនទាន់មានការឯកភាពគ្នាទាំងស្រុង ទើបខ្លាចមានបញ្ហា៖ «អាងឈ្វាំង នេះកំពុងពិភាក្សាបន្តទៀត ខាងខ្ញុំកំពុងតាមដាន ដើម្បីចុះទៅសម្របសម្រួលឲ្យគាត់យល់។ នៅពេលដែលគាត់យល់ហើយ តដាក់តាមផ្ទះ ២៥០ហ្នឹងបាន យើងបញ្ជូនលុយមក ២ម៉ឺនយ៉ាងតិចទៀត ដើម្បីបន្តដល់អ្នកដែលត្រូវការទៀតបាទ!»។
អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងជាមន្ត្រីសម្របសម្រួលគម្រោងផលិតទឹកស្អាត លោក អ៊ុំ ចំរើន ធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា ស្ថានីយផលិតទឹកស្អាតនៅបឹងឈ្វាំង នេះអាចផលិតទឹកស្អាតបានចន្លោះពី ២៣ ទៅ ៣០ម៉ែត្រគូបក្នុង១ថ្ងៃ ហើយប្រជាពលរដ្ឋអាចបិទបើកទៅតាមតម្រូវការ ប្រសិនបើពួកគាត់ចង់ទុកទឹកសម្រាប់ស្រោចស្រពដីស្រែកសិកម្មនោះ។
អាងស្ដុកទឹកឈ្វាំង គឺជាប្រភពទឹកយ៉ាងសំខាន់សម្រាប់ការស្រោចស្រពដីស្រែកសិកម្មរាប់រយហិកតារ នៅឃុំចំនួន៣ គឺឃុំរលាប្អៀរ គោកបន្ទាយ និងឃុំអណ្ដូងស្នាយ នៃស្រុករលាប្អៀរ។ អាងនេះត្រូវបានគេជីកតាំងពីរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ដែលមានទំហំប្រហែលជា ៥ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
