ព្រៃ​សហគមន៍​ភ្នំ​ទុនតង់​ខេត្ត​រតនគិរី​រង​ការ​កាប់​ទន្ទ្រាន និង​បរបាញ់​សត្វ​ខុសច្បាប់

ជនជាតិ​ដើម​ភាគតិច​នៅ​ស្រុក​ចំនួន​២ ក្នុង​ខេត្ត​រតនគិរី ព្រួយបារម្ភ​ពី​ព្រៃ​សហគមន៍​ភ្នំ​ទុនតង់ ដែល​កំពុង​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​រាប់​រយ​ហិកតារ និង​បរបាញ់​សត្វ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ។ ពួកគាត់​ថា ព្រៃ​អភិរក្ស​នេះ គឺ​ជា​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច ដែល​ពួក​គាត់​ខិតខំ​ការពារ​ជាង​៣០​ឆ្នាំ​មក​ហើយ។

ជនជាតិ​ដើម​ភាគតិច​គ្រឹង និង​កាចក់ នៅ​ស្រុក​អណ្ដូងមាស និង​ស្រុក​តាវែង លើកឡើង​ថា បទល្មើស​កាប់​ទន្ទ្រាន​ដីព្រៃ និង​ការ​បរបាញ់​សត្វ​ជិត​ផុត​ពូជ នៅក្នុង​ព្រៃ​សហគមន៍​ភ្នំ​ទុន​តង់ កើតមាន​យ៉ាង​ខ្លាំង ចាប់​តាំង​ពី​ឆ្នាំ​២០២០ ។ ពួកគាត់​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​បទល្មើស​ឱ្យ​បាន​តឹងរ៉ឹង ព្រោះ​ព្រៃ​អភិរក្ស​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។

ជនជាតិ​ដើម​ភាគតិច​គ្រឹង លោក សាដាស កុសល រស់នៅ​ភូមិ​ចាន់ ឃុំ​តាវែងលើ ស្រុក​តាវែង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៦ ខែ​កុម្ភៈ ថា ពួក​គាត់​ព្រួយ​បារម្ភ ពី​ការ​បាត់បង់​ព្រៃ​អភិរក្ស​ភ្នំ​ទុនតង់ ដោយសារ រយៈពេល​២ ទៅ​៣​ឆ្នាំ ចុង​ក្រោយ​នេះ​ប្រភេទ​ឈើទាល គគីរ និង​ឈើ​ប្រណីតៗ ដែល​មាន​មុខកាត់​ចាប់ពី​១​ម៉ែត្រ ទៅ​២​ម៉ែត្រ ភាគច្រើន​ត្រូវ​បាន​ជនល្មើស លួច​អារ​ស្ទើរ​តែ​បាត់បង់​ទាំងស្រុង ចំណែក​សត្វព្រៃ ដូចជា​ឈ្លូស ខ្លាឃ្មុំ ក្ងោក ខ្ទីង ស្វាក្ដាម កេង​កេង​ធំ និង​រមាំង ជាដើម កំពុង​រង​ការ​គំរាមកំហែង​ពី​សំណាក់​ជនល្មើស​ជា​ញឹកញាប់។

លោក សាដាស កុសល៖ «ចង់ឱ្យ​អាជ្ញាធរ​គិតគូរ​ធ្វើ​ជា​លិខិត​[​ពិន័យ​ជនល្មើស​]និង​សំណូមពរ​ឱ្យ​អាជ្ញាធរ​អភិរក្ស កុំឱ្យ​បាត់បង់​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​សហគមន៍​ទុន​តង់​នេះ»។

ជនជាតិ​ដើម​ភាគតិច​គ្រឹង​ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព​អះអាង​ថា បទល្មើស​អារ​ឈើ និង​ការ​បរបាញ់​សត្វ​ខុសច្បាប់​នេះ កើត​ឡើង​ដោយ​បើក​ចំហ។ លោក​ថា ជាក់ស្ដែង ករណី​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ ពី​សំណាក់​ជនល្មើស មាន​រាប់​រយ​ហិកតារ តែ​គ្មាន​អាជ្ញាធរ​ណា ចុះ​ទប់ស្កាត់​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី លោក ផុន ខេមរិន្ទ ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​៦ ខែ​កុម្ភៈ។

យ៉ាងណា មេឃុំ​តាវែងលើ លោក យឿន ម៉ាវ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ និង​ការ​បរបាញ់​សត្វព្រៃ ពិតជា​បាន​កើត​មាន​ស្ទើរតែ​រាល់​ថ្ងៃ​មែន ប៉ុន្តែ​បញ្ហា គឺ​ដោយសារតែ​ការ​សហការ​គ្នា រវាង​អាជ្ញាធរ​មូលដ្ឋាន និង​ភាគី​ពាក់ព័ន្ធ មិនទាន់​ចុះសម្រុង​គ្នា​។ លោក​ថា កន្លង​ទៅ​មន្ត្រី​អាជ្ញាធរ ថ្នាក់​ខេត្ត ចុះ​មក​ដោះស្រាយ​ម្ដង​រួចហើយ តែ​បទល្មើស​នៅតែ​កើត​មាន​ដដែល។

លោក យឿន ម៉ាវ៖ «ខ្ញុំ​ចង់​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ តែ​ខាង​តាឡាវ[​អាជ្ញាធរ​ឃុំ​]​គេ​អត់​សហការ​ជាមួយ​ឃុំ​តាវែងលើ ស្ងាត់​អត់​ទំនាក់ទំនង។ សហគមន៍​ភូមិ​ចាន់ គេ​ឃើញ​ឃុំ​តាឡាវ​កាប់ឈើ។ ខ្ញុំ​ចង់​សហការ​ជាមួយគ្នា យើង​ដោះស្រាយ​ជាមួយ​គ្នា ខ្ញុំ​ចង់​អ៊ីចឹង តែ​គេ​អត់​ទំនាក់ទំនង»។

ទាក់ទិន​រឿង​នេះ អ្នកការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា លើកឡើង​ថា ករណី​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស និង​បរបាញ់​សត្វព្រៃ គឺ​បន្ត​កើតមាន​គ្រប់​ទីកន្លែង ។ លោក​ថា ករណី​នេះ ដោយសារតែ កង្វះ​ការអនុវត្ត​ច្បាប់ ឱ្យ​បាន​ត្រឹមត្រូវ ពី​សំណាក់ អាជ្ញាធរ​ពាក់ព័ន្ធ​មក​លើ​ជនល្មើស​។ លោក​បន្ត​ថា ចំណុច​នេះ ក៏​ជា​បញ្ហា​ចម្បង​នាំ​ឱ្យ​ក្រុម​អ្នក​មាន​លុយ​មានអំណាច​មួយចំនួន​កេងប្រវ័ញ្ច​ធនធាន​ធម្មជាតិ តាមរយៈ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ដែរ។

លោក ម៉ា ចិត្រា៖ «កិច្ចការ​នឹង​វា​អត់​ពិបាក​ក្នុង​ការ​ធ្វើ​ទេ ព្រោះ​អី​ប្រទេស​យើង​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ វា​សំខាន់​ទៅ​លើ​ការអនុវត្ត​របស់​អាជ្ញាធរ​នឹង​ទេ។ ប្រសិន​បើ​អាជ្ញាធរ​យក​ច្បាប់​ជាធំ អ៊ីចឹង​ជនល្មើស​គេ​មិន​ហ៊ាន​ធ្វើ​កិច្ចការ​អស់​ហ្នឹង​ទេ ហើយ​ទន្ទឹង​នឹង​នេះ វា​អាច​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​រវាង​អ្នក​ដឹក​ឈើ​ចេញ និង​អ្នក​ដែល​ការពារ​នៅក្នុង​តំបន់​ហ្នឹង»។

ពលរដ្ឋ​ឱ្យ​ដឹង ព្រៃ​សហគមន៍​ភ្នំ​ទុនតង់ មាន​ផ្ទៃដី​ជាង​៥​ពាន់​(៥.០០០) ហិកតារ ស្ថិតនៅ​ឃុំ​តាឡាវ ស្រុក​អណ្ដូង​មាស និង​ឃុំ​តា​វែង​លើ ស្រុក​តា​វែង ប៉ុន្តែ​ចាប់តាំងពី​ដើមឆ្នាំ​២០១៩ ក្រោយពី ព្រៃ​សហគមន៍​នេះ បាន​ចុះបញ្ជី​ទទួលស្គាល់​ពី​ក្រសួងបរិស្ថាន​មក ព្រៃ​ចេះតែ​បន្ត​ហិនហោច ធ្វើឱ្យ​ដីព្រៃ​នៅ​សល់តែ​ជាង​១​ពាន់​ហិកតារ ចំណែក​ដី​ដែល​បាត់បង់ ដោយសារតែ​ជនល្មើស​រំលោភ​យក​នោះ ពុំ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណា ដកហូត​មក​វិញ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។