ប្រជាសហគមន៍នៅខេត្តមណ្ឌលគិរី ប្ដេជ្ញាធ្វើបាតុកម្មដេញក្រុមហ៊ុនឯកជនដីសម្បទានសេដ្ឋកិច្ចមួយចេញពីតំបន់នោះ។
តំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៧ ខែធ្នូ បានដាក់សំណើសុំអន្តរាគមន៍ពីអង្គការការពារសិទ្ធិមនុស្សអាដហុក (adhoc) ដើម្បីផ្តល់យោបល់ផ្លូវច្បាប់ និងឃ្លាំមើលការបំពានសិទ្ធិ។
តំណាងប្រជាពលរដ្ឋ លោក ម៉ើល ចែវ ឲ្យដឹងថា ក្រុមហ៊ុនដាំកៅស៊ូឈ្មោះ ខេភីស អ៊ិនវេសមែន ប្រាប់ពលរដ្ឋថា ពួកគេទទួលបានសិទ្ធិពីរដ្ឋាភិបាល ដើម្បីកាប់ព្រៃដាំកៅស៊ូក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំណាមលៀរ ប៉ុន្តែក្រុមហ៊ុនខ្លួនឯងមិនដឹងថា ដីនោះនៅទីណាឡើយ។លោកបន្តថា ក្រុមហ៊ុនដាំកៅស៊ូនេះមានបំណងកាប់បំផ្លាញព្រៃអារក្សរបស់អ្នកភូមិ យកដីដាំកៅស៊ូ ជាហេតុធ្វើឲ្យអ្នកភូមិមិនសុខចិត្តនោះទេ។
តាមឯកសារគម្រោងសង្ខេបរបស់ក្រុមហ៊ុន ខេភីស បង្ហាញថា ក្រុមហ៊ុននេះបានទទួលអនុក្រឹត្យពីរាជរដ្ឋាភិបាលកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ ដោយកាត់ដីឲ្យក្រុមហ៊ុននេះពីដែនជម្រកសត្វព្រៃណាមលៀរ ចំនួន ៥០០ហិកតារ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានទទួលសេចក្តីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី កាត់ដីនេះឲ្យខ្លួនដែរ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សុក រដ្ឋា មានប្រសាសន៍ថា ក្រុមការងាររបស់លោកនឹងឃ្លាំមើលបញ្ហានេះ។ ប៉ុន្តែលោកគិតថា ប្រជាពលរដ្ឋជនជាតិដើមភាគតិច នឹងមិនជំទាស់ឡើយ បើការអភិវឌ្ឍជះឥទ្ធិពលជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ពួកគាត់នោះ។ ផ្ទុយទៅវិញ បើការអភិវឌ្ឍធ្វើឲ្យហិនហោចធនធានធម្មជាតិនោះ នឹងបណ្ដាលឲ្យពលរដ្ឋក្តៅក្រហាយដោយជៀសមិនរួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។