ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ចោទ​​ក្រុម​ហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​​របស់​ឧកញ៉ា ​កុក អាន ថា ចាក់​ដី​លុប​ស្រះ​ធ្វើ​ឱ្យ​ទឹក​លិច​​ផ្ទះ​​​ជា​​ច្រើន​​ខ្នង

ប្រជា​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត បន្ទាយមានជ័យ​ប្រមូល​គ្នា​ផ្ដិត​ស្នាម​មេដៃ​ទាមទារ​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ទៅ​លើ​ក្រុម​ហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍ អានកូ របស់​លោក​ ឧកញ៉ា កុក អាន ឱ្យ​បញ្ឈប់​ចាក់​ដី​លុប​ស្រះ​ទឹក​សាធារណៈ​ជា​បន្ទាប់។ អ្នក​ភូមិ​អះអាង​ថា ​ក្រុម​ហ៊ុន​នេះ​ចាក់​ដី​លុប​ស្រះទឹក​បណ្ដាល​ឱ្យ​លិច​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ខ្នង ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់​ស្កាត់​នៅ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ផ្សារ​កណ្ដាល​សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត លោក ឆេង ប៊ុកហាក់ ថ្លែង​នៅ​ថ្ងៃ​ទី៥ ឧសភា​ថា ក្រុម​ហ៊ុន​ក្រឡុក​ស៊ីម៉ង់​មួយ​បាន​ចាក់​ដី​​លុប​ស្រះ​ទឹក​សាធារណៈ ដែល​មាន​ផ្ទៃ​ដី​ប្រមាណ ១ហិកាតារ​ បណ្ដាល​ឱ្យ​ទឹក​លិច​ផ្ទះ​របស់​លោក​ និង​ផ្ទះ​អ្នក​ភូមិ​ប្រមាណ​២០​ខ្នង​ផ្ទះ​។​លោក​បន្ត​ថា ការ​លុប​ស្រះ​ទឹក​នេះ​នឹង​ធ្វើ​ឱ្យ​​​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ផ្សេង​ទៀត​ប្រឈម​នឹង​លិច​ទឹក​នៅ​ក្នុង​រដូវវស្សា​ខាង​មុខ​​នេះ៖ «មិន​មែន​ចោទ​ប្រកាន់​ទេ​ ព្រោះ​ផ្ទះ​ខ្ញុំ​មិន​ដែល​មាន​ទឹក​លិច​ផង​ ហើយ​ដល់​ពេល​ទឹក​លិច​អីចឹង​ខ្ញុំ​រស់​នៅ​យ៉ាង​ម៉េច​កើត​ ដល់​រឿង​​ការ​រស់​នៅ​មិន​កើត​ហ្នឹង​បាន​ជា​​ខ្ញុំ​ប្ដឹង​ទាមទារ​​មិន​ឱ្យ​ក្រុម​ហ៊ុន​លុប​ស្រះ​ទឹក​នេះ​ទេ ព្រោះ​ស្រះ​រួម​​អត់​មាន​របស់​បុគ្គល​ណា​ម្នាក់​ទេ​ ។អីចឹង​ឱ្យ​កាយ​ស្រះ​ហ្នឹង​មក​វិញ​​ឱ្យ​ដូច​សភាព​ដើម​វិញ​ »

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​លោក តុត សុខ ឱ្យ​ដឹង​ថា ផ្ទះ​លោក​បាន​លិច​ទឹក​​ប្រមាណ ៤ថ្ងៃ​ហើយ​ ដោយសារ​តែ​ក្រុម​ហ៊ុន​​ចាក់​ដី​លុប​ស្រះ​ទឹក​នៅ​ក្បែរ​នោះ។ លោក​បញ្ជាក់​ទៀត​ថា ថ្មីៗ នេះ​ពួក​លោក​បាន​ប្រាប់​​ដល់​​តំណាង​ក្រុម​ហ៊ុន​នេះ​​ឱ្យ​ឈប់​ចាក់​ដី​លុប​ស្រះ​ដែរ ក៏​ប៉ុន្តែ​​មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ​​ ហើយ​​ខាង​ក្រុម​ហ៊ុន​ថែម​ទាំង​បាន​​​គំរាម​ដល់​ពួក លោក​ថា បើ​ខ្លាំង​​ឱ្យ​ទៅ​ប្ដឹង​ទៅ​អាជ្ញាធរ​ទៀត​ផង៖ «រឿង​នេះ​ធ្ងន់ធ្ងរ​ហ្មង​ ប្រជាពលរដ្ឋ​មិន​អាច​ទទួល​យក​បាន។​បើ​ចាក់​ដី​ចាក់​ចុះ​របស់​ក្រុម​ហ៊ុន សុំ​ឱ្យ​តែ​ទុក​ស្រះ​ឱ្យ​នៅ​សភាព​ដើម​ ។ស្រះ​ហ្នឹង​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៣០ភាគ​រយ​ប្រើប្រាស់​ទឹក​ស្រះ​នេះ​ ហើយ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​គេ​អត់​បាន​ប្រើ​ទឹក​ស្រះ​នេះ​ទេ ដោយ​គេ​ប្រើ​ទឹក​ស្អាត​ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ជុំ​វិញ​នេះ​មាន​រាប់​រយ​គ្រួសារ »

អាស៊ី​សេរី​មិន​ទាក់ទង​អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត ហុល ដើម្បី​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​​បាន​ទេ​នៅ​ថ្ងៃ​ទី៥ ឧសភា ដោយ​លោក​ប្រាប់​ថា​រវល់​ប្រជុំ។

ប៉ុន្តែ​ចៅសង្កាត់​ផ្សារ​កណ្ដាល លោក ស្រ៊ឹល អិន ប្រាប់​អាស៊ី​សេរី​ថា ក្រុមហ៊ុន ក្រឡុក​ស៊ីម៉ង់​ដែល​បាន​ចាក់​ដី​លុប​ស្រះ​ទឹក​នោះ ជា​ក្រុមហ៊ុន អានកូ របស់​ឧកញ៉ា កុក អាន។ ទោះ​ជា​យ៉ាង​ណា លោក​ អះអាង​ថា ស្រះ​ទឹក​នោះ​ជា​របស់​ឯកជន ដោយ​មិន​មែន​ដី​សាធារណៈ​ឡើយ។ ចំណែក​ផល​ប៉ះពាល់​​ពី​ការ​ចាក់​ដី​នេះ​លោក​ថា អាជ្ញាធរ​កំពុង​ចុះ​ស្រាវជ្រាវ​លើ​រឿង​នេះ៖ «បង​អើយ​មិន​មែន​ទឹក​ជំនន់​ទេ​ ផ្ទះ​ប្រជាពលរដ្ឋ​មាន​ទឹក​លិច​តិចៗ ហ្នឹង ព្រោះ​ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​ផ្លូវ​រថភ្លើង​ ដល់​គេ​បូម​ទឹក​ចេញ​ពី​ស្រះ​ទៅ​រា​ហៀរ​ទឹក​ជ្រាប​ចូល​ផ្ទះ​អ្នក​ភូមិ​​​ធ្វើ​ឱ្យ​បែក​ភក់ ដូច្នេះ​វា​អត់​លិច​ទេ​ វា​គ្រាន់​តែ​ដី​បែក​ភក់​ ជ្រាប​ចូល​ផ្ទះ​ពួកគាត់​ហ្នឹង​​ព្រោះ​ផ្ទះ​គាត់​នៅ​ជិត​ស្រះ​ទឹក »

ទាក់ទង​នឹង​បញ្ហា​នេះ​តំណាង​ក្រុម​ហ៊ុន អានកូ ប្រចាំ​នៅ​ក្រុង​ប៉ោយប៉ែត​ លោក យន់ ឌិក ប្រាប់​អាស៊ី​សេរី​ថា ក្រុម​ហ៊ុន អានកូ មិន​បាន​ចាក់​ដី​លុប​ស្រះ​ទឹក​នៅ​​​សង្កាត់​ផ្សារ​កណ្ដាល​នោះ​ទេ៖ «អត់​ទេ​ មិន​មាន​ពាក់ព័ន្ធ​ជា​មួយ​ ក្រុម​ហ៊ុន អាន កូ ខាន​ចាក់ ២ឆ្នាំ​ហើយ ពី​មុនៗ ដី​កន្លែង​ណា​ភក់​ចាក់​ពេញ​អស់​ហើយ​ ។ឥឡូវ​ក្រុម​ហ៊ុន ក្រឡុក​ស៊ីម៉ង់​ មាន​គេ​ធ្វើ​ច្រើន​ណាស់​ ខាង​ខ្ញុំ​មាន​ក្រឡុក​ស៊ីម៉ង់​ណា​អត់​ទេ​ឥឡូវ »

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយ​មានជ័យ លោក ស៊ុំ ច័ន្ទគា ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​នោះ​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទះ​លិច​ទឹក​នោះ​ ភាគ​ច្រើន​ក្រីក្រ​ គ្មាន​ប្រាក់​ទិញ​ដី​សង់​លំនៅឋាន​ថ្មី​នោះ​ទេ​ ដូច្នេះ​អាជ្ញាធរ​គួរតែ​ប្រញាប់​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់​ ជា​ពិសេស​បញ្ឈប់​ឱ្យ​ចាក់​ដី​បន្ត​ទៀត​ ពីព្រោះ​ការ​អភិវឌ្ឍន៍​បែប​នេះ មិន​មែន​ជា​រឿង​ល្អ​ឡើយ ដោយ​ធ្វើ​ឱ្យ​បាន​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ៕

ទិដ្ឋភាព​​រថយន្ត​​កំពុង​ដឹក​ដី​ចាក់​លុប​​ស្រះ​ទឹក​ នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែលផ្ទះ​ពលរដ្ឋ​នៅ​ជិត​នោះ​ជា​ច្រើន​ខ្នងត្រូវទឹក​លិចចូល។
ទិដ្ឋភាព​​រថយន្ត​​កំពុង​ដឹក​ដី​ចាក់​លុប​​ស្រះ​ទឹក​ នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែលផ្ទះ​ពលរដ្ឋ​នៅ​ជិត​នោះ​ជា​ច្រើន​ខ្នងត្រូវទឹក​លិចចូល។ (រូប៖ ពលរដ្ឋ​ថត​នៅ​ថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ២០២០)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។