កង​អង្គរក្សលោក ហ៊ុន សែន វាយ​អ្នក​សារ​ព័ត៌មាន និង​សកម្មជន​សង្គម

ដោយ យន់ សាមៀន
2022.08.16
Share on WhatsApp
Share on WhatsApp
កង​អង្គរក្សលោក ហ៊ុន សែន វាយ​អ្នក​សារ​ព័ត៌មាន និង​សកម្មជន​សង្គម ក្រុមយុវជនខ្មែរថាវរៈ ៤នាក់ និងអ្នកសារព័ត៌មាន ៥នាក់ ដែលត្រូវបាន​នគរបាលខេត្តតាកែវ ឃាត់​សួរនាំ​ក្នុងអធិការដ្ឋាននគរបាលស្រុកបាទី កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ រូប៖ យុវជនខ្មែរថាវរៈផ្តល់ឲ្យ
រូប៖ ពលរដ្ឋ

សមត្ថកិច្ច​ស្រុកបាទី ខេត្តតាកែវ បាន​ដោះលែង យុវជន​ខ្មែរថាវៈ ៤នាក់ និង​អ្នក​សារ​ព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ៥នាក់​ទៀត សរុប ៩នាក់ នៅ​ល្ងាច​ថ្ងៃ​ទី១៦ សីហា​នេះ ក្រោយ​ពី​ឃាត់​ខ្លួន យក​ទៅ​សួរនាំ​នៅ​អធិការ​ស្រុកបាទី​អស់​ច្រើន​ម៉ោង។ ក្នុង​ពេល​ឃាត់​ខ្លួន​យុវជន​ម្នាក់ និង​អ្នក​កាសែត​ម្នាក់​ទៀត ត្រូវ​បាន​កង​អង្គរក្ស លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្លៀក​ពាក់​ស៊ីវិល វាយ និង​ដកហូត​ទូរស័ព្ទ​ដៃ។

ក្រុម​យុវជន​ខ្មែរថាវរៈ ឱ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​នេះ ក្នុង​ពេល​ដែល​ក្រុម​យុវជន​ខ្មែរថាវរៈ កំពុង​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជា​សហគមន៍ រស់នៅ​តំបន់​ភ្នំ​តាម៉ៅ ដើម្បី​ដាក់​ញត្តិ ស្នើ​ឱ្យ​មន្ទីរ​កសិកម្ម និង​មន្ទីរ​បរិស្ថាន ខេត្តតាកែវ បំភ្លឺ​រឿង​ខួង​ដី​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ព្រៃ ដែល​គេ​ឈូស​ឆាយ ទំហំ​ប្រមាណ ៦០០ហិកតារ កាល​ពី​ពេល​កន្លង​ទៅ។

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរ: ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន គឺ​លោក ហ៊ុន វណ្ណៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ក្នុង​ពេល​ឃាត់​ខ្លួន​ពួក​លោក បុរស​មាឌ​ធំ​ជិត ១០នាក់ ដោយ​អះអាង​ថា ពួក​គេ​ជា​កង​អង្គរក្ស​លោក ហ៊ុន សែន បាន​មក​ឃាត់​ខ្លួន និង​ដក​ហូត​ទូរស័ព្ទ​ដៃ​ពី​ពួក​លោក និង​អ្នក​សារ​ព័ត៌មាន​វីអូឌី (VOD) ៥នាក់​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​ទី១៦ សីហា។

លោក ហ៊ុន វណ្ណៈ បន្ថែម​ថា កង​អង្គរក្ស​ទាំង​នោះ មិន​បាន​និយាយ​សួរ​នាំ​ទាញ​ហេតុផល​នោះ​ទេ គឺ​ប្រើ​អំពើ​ហិង្សា​តែ​ម្តង ដោយ​ដាល់​លោក ចំ​ផ្ទៃមុខ ៣ដៃ ខ្លាំងៗ និង​ធាក់​មួយ​ជើង​ដាច់​ផ្ងារ​ក្រោយ​ដួល​ទៅ​ដី។ រីឯ​អ្នក​សារ​ព័ត៌មាន​វីអូឌី (VOD) ម្នាក់​ឈ្មោះ ហ៊ី ឆាយ ក៏​ត្រូវ​កង​អង្គរក្ស​ទាំង​នោះ ទះ​មួយ​កំផ្លៀង​ពេញ​ទំហឹង ហើយ​រុញ​ចូល​រថយន្ត ដឹក​ទៅ​សាកសួរ​នៅ​កន្លែង​នគរបាល។

លោក​បន្ថែម​ថា បច្ចុប្បន្ន​តំបន់​ភ្នំ​តាម៉ៅ​មាន​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង កំពុង​កាយ​ដី ទំនង​ជា​សាងសង់​សំណង់​អ្វី​មួយ។ លោក​ថា គម្រោង​សាងសង់​នោះ មាន​កង​អង្គរក្ស​រាប់​សិប​នាក់ ជិះ​រថយន្ត​ជា​ច្រើន​គ្រឿង បោះ​ទីតាំង និង​យាម​ល្បាត​នៅ​តំបន់​នោះ៖ «ពួក​យើង​អត់​មាន​អី​និយាយ ព្រោះ​តំបន់​នោះ ជា​តំបន់​របស់​គេ ហើយ​អត់​មាន​ពី​ណា​ជួយ​ពី​ណា​ទេ? ដូច​មាន​អារម្មណ៍​ថា យើង​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ព្រៃ អត់​មាន​ច្បាប់ អត់​មាន​ជជែក​អី​មួយ​ម៉ាត់ គឺ​គេ​ប្រើ​អំពើ​ហិង្សា​យក​តែ​ម្តង ត្រូវ​ចាប់ៗ ត្រូវ​វាយៗ ស្រេច​តែ​ចិត្ត​គេ។

លោក ហ៊ុន វណ្ណៈ បន្ថែម​ថា ក្នុង​ពេល​នគរបាល​សាកសួរ​ពួក​លោក សមត្ថកិច្ច​បាន​អនុញ្ញាត​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល អ្នក​សារ​ព័ត៌មាន ក្រុម​យុវជន និង​តំណាង​អង្គការ UN ចូល​ទៅ​ឃ្លាំមើល​ដល់​ការិយាល័យ​នគរបាល។ លោក​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ ហាក់​បង្កប់​អាថ៌កំបាំង និង​លាក់លៀម​ពលរដ្ឋ ព្រោះ​តំបន់​ភ្នំ​តាម៉ៅ មាន​ការ​យាមកាម​យ៉ាង​ប្រុងប្រយ័ត្ន ដោយ​កង​អង្គរក្ស៖ «អង្គរក្ស​ប្រចាំ​ការ​នៅ​ហ្នឹង សុទ្ធតែ​ឡាន​ទាហាន ៣០គ្រឿង មាន​បន្ទាយ សុទ្ធតែ​សម្ភារៈ​យោធា​ទាំង​អស់។ ឮ​ព័ត៌មាន​មក​ថា តំបន់​នោះ អង្គរក្ស​កាន់កាប់ ពី​ណា​ចូល​មិន​បាន​ទេ សូម្បី​តែ​អាជ្ញាធរ​ចូល​ក៏​សុំ​ការ​អនុញ្ញាត​ពី​កង​អង្គរក្ស​ដែរ។

ក្រុម​យុវជន​ខ្មែរថាវរៈ ឱ្យ​ដឹង​ថា ខ្លឹមសារ​ញត្តិ​របស់​ពួក​គាត់ គឺ​អំពាវនាវ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ជួយ​អន្តរាគមន៍ រក្សា​ទុក​តំបន់​ភ្នំតាម៉ៅ ជា​តំបន់​អភិរក្ស និង​ផ្អែក​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ មាត្រា ៣៥។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿងនេះ ពី​អធិការ​ស្រុកបាទី លោក ឆាយ កែវមុនី និង ស្នងការ​ខេត្តតាកែវ លោក ឈាង ផាន់ណារ៉ា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៦ សីហា ដោយ​សារ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​សមាគម​សម្ពន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូជា (CamboJa) លោក ណុប វី ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ខេត្តតាកែវ​ថា ជា​ការ​រឹតត្បិត គំរាម​កំហែង និង​រំលោភ​បំពាន លើ​ការ​អនុវត្ត​ការងារ​របស់​អ្នក​សារ​ព័ត៌មាន និង​ក្រុម​យុវជន ដែល​បំពេញ​តួនាទី​ស្រប​តាម​រដ្ឋធម្មនុញ្ញ។ លោក​បញ្ជាក់​ថា សមត្ថកិច្ចខេត្តតាកែវ មិន​បាន​យក​ច្បាប់​ជា​មូលដ្ឋាន​ក្នុង​ការ​អនុវត្ត​តាម​តួនាទី និង​ភារកិច្ច​នោះ​ទេ គឺ​តែងតែ​គោរព​បទបញ្ជា​ពី​ថ្នាក់​លើ ធំ​ជាង​ច្បាប់៖ «គឺ​យើង​ច្រើន​តែ​ប្រើប្រាស់ ការ​បង្គាប់​បញ្ជា​ជា​មូលដ្ឋាន ខ្ញុំ​យល់​ឃើញ​ថា កន្លែង​ហ្នឹង គឺ​យើង​អនុវត្ត​មិន​បាន​ត្រឹមត្រូវ។ ការ​ហាម​ឃាត់ អ្នក​សារ​ព័ត៌មាន និង​ក្រុម​យុវជន គឺ​ជា​ការ​អនុវត្ត​ប្រាសចាក ការ​សម្រេច​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី គឺ​លោក​មាន​តែ​កៀរគរ ដាំ​ដើម​ឈើ​ឡើង​វិញ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ពន្យល់​ថា ការ​ប្រើ​អំពើ​ហិង្សា លើ​ក្រុម​យុវជន និង អ្នក​សារ​ព័ត៌មាន ជា​អំពើ​ល្មើស​ច្បាប់ ដែល​ទាមទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់។ លោក​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ខេត្តតាកែវ និង​កង​អង្គរក្ស​ថា ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៕

សម្រាប់​លោកអ្នក​ដែល​ចង់​អានព័ត៌មាន​ទាក់ទង​នឹង​រឿងនេះ ជា​ភាសា​អង់គ្លេស សូម​ចុច​តំណភ្ជាប់ ឬ Link នេះ៖ Environmentalists released after allegedly being roughed up by Hun Sen's bodyguards

Police in Cambodia’s Takeo province on Tuesday released a group of young environmental activists and journalists after they were allegedly violently detained earlier in the day by bodyguards of Prime Minister Hun Sen as they tried to inspect an area of a protected forest where trees had been cleared...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ក្រុម​អ្នក​វិទ្យាសាស្ត្រ រក​ឃើញ​ត្រី​កម្រ​ដែល​ជិត​ផុត​ពូជ​នៅ​ទន្លេ​មេគង្គ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។