អ្នក​នេសាទ​ក្រីក្រ​ខ្លះ​នៅ​កំពត​បង្ខំ​ចិត្ត​ចេញ​នេសាទ​តាម​សមុទ្រ​ទាំង​ដឹង​ថា​មាន​គ្រោះ​ធម្មជាតិ

ដោយ វ៉ាន វណ្ណដេត
2017.07.18
នេសាទ សមុទ្រ កំពត ៨៥៥ ទូក​អ្នក​នេសាទ​សម្រាប់​ចេញ​នេសាទ​នៅ​ក្នុង​សមុទ្រ​រៀង​រាល់​យប់​នៅ​ក្រុង​កំពត ខេត្ត​កំពត។ រូបថត​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Van Vanndeth
RFA/Van Vanndeth

សហគមន៍​នេសាទ​នៅ​ខេត្ត​កំពត បាន​ប្រាប់​ថា ក្នុង​រយៈពេល ១​សប្ដាហ៍​មក​នេះ ទោះ​ជា​ដឹង​ថា មាន​ភ្លៀង ឬ​ខ្យល់​កន្ត្រាក់​ខ្លាំង​នៅ​លើ​ផ្ទៃ​សមុទ្រ និង​នៅ​លើ​គោក ក៏​នៅ​តែ​មាន​អ្នក​នេសាទ​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ចេញ​ទូក​ដើម្បី​ទៅ​រក​ត្រី ក្ដាម បង្គា ជា​រៀងរាល់​យប់​ដែរ។ ការ​ចេញ​ទៅ​ទាំង​ប្រថុយប្រថាន​នេះ ដោយសារ​តែ​ជីវភាព។

សហគមន៍​អ្នក​នេសាទ​ត្រើយកោះ ក្នុង​សង្កាត់​ត្រើយកោះ ក្រុង​កំពត បាន​រអ៊ូ​ថា ចាប់​តាំង​ពី​មាន​ខ្យល់​បក់​បោក​មក​លើ​ខេត្ត​កំពត ប៉ុន្មាន​ថ្ងៃ​មក​នេះ ពួកគេ​ភាគ​ច្រើន​បាន​ផ្អាក​ចេញ​ទូក​ទៅ​នេសាទ​លើ​ផ្ទៃ​សមុទ្រ ខណៈ​ដែល​អ្នក​នេសាទ​ខ្លះ​ទៀត​បាន​ចេញ​ទៅ​នេសាទ​ជា​រៀងរាល់​យប់ បើ​ទោះ​ដឹង​ថា នឹង​មាន​ខ្យល់​កន្ត្រាក់​នៅ​លើ​ផ្ទៃ​សមុទ្រ​ក៏ដោយ។ អ្នក​នេសាទ​ប្រាប់​ថា ទូក​របស់​អ្នក​នេសាទ​បាន​លិច​ចំនួន ២​គ្រឿង​នៅ​ក្នុង​សមុទ្រ កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ហើយ​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដា ខ្យល់​កន្ត្រាក់​នៅ​តែ​បន្ត​បោកបក់​លើ​ផ្ទៃ​សមុទ្រ​នៅ​ខេត្ត​កំពត។

ប្រធាន​សហគមន៍​នេសាទ​ត្រើយកោះ លោក នាក់ សេន ប្រាប់​ថា ម្ចាស់​ទូក​ដែល​លិច​ទាំង ២​គ្រឿង​កាល​ពី​យប់​ថ្ងៃ​ទី​១៣ កក្កដា មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ ដោយសារ​មាន​អ្នក​នេសាទ​ដូច​គ្នា​នៅ​ក្បែរ​នោះ​សង្គ្រោះ​ទាន់។ បើ​ទោះ​ជា​ធ្លាប់​លិច​ទូក ប្រឈម​ការ​បាត់បង់​អាយុ​ជីវិត​នៅ​ក្នុង​សមុទ្រ​ក្ដី​ម្ចាស់​ទូក​ទាំង​២​នោះ នៅ​តែ​ចេញ​ទៅ​នេសាទ​នៅ​ឆ្ងាយៗ ក្នុង​សមុទ្រ​ដដែល ព្រោះ​នេះ​គឺ​ជា​អាជីព​របស់​ពួកគាត់​ជា​យូរ​ណាស់​មក​ហើយ៖ «ជួប​ការ​លំបាក​រឿង​ខ្យល់​ហ្នឹង​ហ្មង! ពីព្រោះ​អា​នេះ​វា​ជា​ធម្មជាតិ ការ​ប្រែប្រួល​អាកាសធាតុ​វា​ខុស​ពី​មុន ពី​មុន​អត់​ដែល​ខ្យល់​អ៊ីចឹង​ទេ។ ខ្ញុំ​រក​អី បើ​ថា​មាន​តែ​មួយ​ភ្លែតៗ ថ្ងៃ​មុន​ដូច​យូរ (ខ្យល់​ខ្លាំង) ជាប់​ប្រហែល ១​ម៉ោង​ជាង ទើប​ធ្វើ​ឲ្យ​បញ្ហា​ទូក​លិច​ហ្នឹង​ណា»

​លោក នាក់ សេន បន្ត​ថា ចាប់​តាំង​ពី​មាន​ខ្យល់​ភ្លៀង​កន្ត្រាក់​នៅ​លើ​ផ្ទៃ​សមុទ្រ​ជិត​មួយ​សប្ដាហ៍​មក​នេះ កំពង់ផែ​ក្នុង​សង្កាត់​កំពង់កណ្ដាល ក្រុង​កំពត ដែល​អ្នក​នេសាទ​ឈប់​សំចត​ដើម្បី​លក់​ផល​នេសាទ​ដែល​រក​បាន​នៅ​រៀងរាល់​ព្រឹក​នោះ មាន​សភាព​ស្ងប់ស្ងាត់​ខុស​ពី​មុន​ដែល​មាន​ទូក​ច្រើន​រក​តែ​កន្លែង​ចូល​ចត​សឹង​តែ​គ្មាន។ អ្នក​នេសាទ​ភាគ​ច្រើន​ក្នុង​សហគមន៍​ត្រើយ​កោះ គឺ​ជា​ខ្មែរ​ឥស្លាម និង​មាន​ជនជាតិ​ខ្មែរ​ប្រហែល ១០​ភាគរយ។

បើ​ទោះ​ជា​អ្នក​នេសាទ​យល់​ថា ហានិភ័យ​នៅ​ពេល​មាន​ខ្យល់​កន្ត្រាក់​លើ​ផ្ទៃ​សមុទ្រ​កើត​ចេញ​ពី​គ្រោះ​ធម្មជាតិ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ឬ​នៅ​ក្នុង​រដូវវស្សា​ក៏​ពិត​មែន តែ​ពួកគេ​នៅ​តែ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគេ​នៅ​ពេល​ចេញ​ទៅ​នេសាទ​រាល់​យប់។

នៅ​ខេត្ត​កំពត ភ្លៀង​បាន​ធ្លាក់​ជិត​មួយ​សប្ដាហ៍​មក​ហើយ គឺ​រលឹម​ជាប់​ទាំង​យប់​ទាំង​ថ្ងៃ។ ខ្យល់​កន្ត្រាក់​បាន​បោក​បង់​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កក្កដា បណ្ដាល​ឲ្យ​បាក់​មែក​ឈើ និង​ដួល​រំលំ​ដើម​ឈើ​នៅ​ជាប់​មាត់​ព្រែក​កំពត ជិត​សាលា​ខេត្ត​មួយ​ចំនួន។ ផ្ទាំង​យីហោ​ធំៗ តាម​ភោជនីយដ្ឋាន​ខ្លះ ក៏​បាន​ដួល​រលំ និង​មាន​បដា​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ផ្ទាំង​ដែល​ដាក់​តាំង​នៅ​ម្ដុំ​មាត់​ព្រែក​កំពត ត្រូវ​ខ្យល់​បោកបក់​ទ្រេត​ផង​ដែរ។

មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​ទឹក​ប្រចាំ​ខេត្ត​កំពត លោក ខៀវ បេ ឲ្យ​អាស៊ីសេរី ដឹង​ថា អាជ្ញាធរ​ជើង​ទឹក​ទាំង​បី​ស្ថាប័ន​​នៅ​លើ​ផ្ទៃ​សមុទ្រ គឺ​កងទ័ព​ជើង​ទឹក កង​នាវាចរណ៍​លើ​ផ្ទៃ​សមុទ្រ និង​ជលផល បាន​ត្រៀម​លក្ខណៈ​ទាំង​ថ្ងៃ និង​យប់ ដើម្បី​ជួយ​ដល់​អ្នក​នេសាទ។ បន្ថែម​ពី​នេះ អាជ្ញាធរ​ជើង​ទឹក​បាន​ឲ្យ​លេខ​ទូរស័ព្ទ​សង្គ្រោះ​បន្ទាន់​លើ​ផ្ទៃ​ទឹក​ទៅ​ដល់​អ្នកនេសាទ​ផង​ដែរ៖ «ឲ្យ​តែ​ប្រជាពលរដ្ឋ​គាត់​តេ​មក​ម៉ោង​ប៉ុន្មាន មិន​ថា​ថ្ងៃ មិន​ថា​យប់! កងកម្លាំង​ប្រដាប់​អាវុធ​របស់​យើង សមត្ថកិច្ច។ និយាយ​រួម​ទាំង​ជើង​ទឹក ទាំង​កង​នាវាចរណ៍ ទាំង​ជលផល កម្លាំង​ទាំង ៣​ស្ថាប័ន ទទួល​ខុស​ត្រូវ​លើ​ផ្ទៃ​ទឹក​នេះ ឲ្យ​តែ​ប្រជាពលរដ្ឋ​គាត់​សំណូមពរ ឲ្យ​តែ​គាត់​ផ្ដល់​ព័ត៌មាន​មក យើង​ទៅ​ជួយ​គាត់​គ្រប់​ពេល​វេលា»

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​សហគមន៍​នេសាទ​ត្រើយ​កោះ លោក នាក់ សេន ប្រាប់​ថា លោក​តែង​ជំរុញ​ឲ្យ​អ្នក​នេសាទ​ក្នុង​សហគមន៍​លោក ត្រៀម​អាវ​ពោង​សម្រាប់​ចេញ​នេសាទ​រាល់​យប់។

អ្នក​នេសាទ​រស់​នៅ​សង្កាត់​ត្រើយកោះ ក្រុង​កំពត តែង​ចេញ​ទៅ​នេសាទ​នៅ​ចន្លោះ​ម៉ោង ៤ ឬ ៥​ល្ងាច ហើយ​ត្រឡប់​ចូល​ផែ ដើម្បី​លក់​ផល​នេសាទ​នៅ​ព្រឹក​ព្រលឹម​ម៉ោង ៤ ដល់​ម៉ោង ៧​ព្រឹក។ លោក នាក់ សេន បញ្ជាក់​ថា ការ​ចេញ​ទៅ​​នេសាទ​ក្នុង​មួយ​យប់ៗ អ្នក​នេសាទ​អាច​ចូល​ផែ​លក់​ផល​នេសាទ​បាន​ប្រាក់​ប្រហែល​ពី ៣០​ម៉ឺន ទៅ ៤០​ម៉ឺន​រៀល ដោយ​មិន​ទាន់​ដក​ថ្លៃ​ប្រេង​ពាក់កណ្ដាល​ចេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។