អភិបាល​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់​វិធានការ​ចំពោះ​ម្ចាស់​សំណង់​រឹងមាំ​ខុស​ច្បាប់​ជាប់​ឆ្នេរ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ព្រមាន​ចាត់​វិធានការ​ក្តៅ​ចំពោះ​ម្ចាស់​សំណង់​រឹងមាំ ដែល​សង់​រំលោភ ឬ​ប៉ះពាល់​មាត់​ព្រែក ឬ​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​ជាប់​មាត់​សមុទ្រ។ សារ​ព្រមាន​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​ម្ចាស់​សំណង់​មួយ​ចំនួន បាន​សង់​លំនៅឋាន ឬ​ទីកន្លែង​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ នៅ​លើ​ចំណី​ដី​មាត់​ព្រែក និង​ឆ្នេរ។

នេះ​ជា​វិធានការ​ក្តៅ​ដ៏​កម្រ និង​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​រយៈពេល ៤​អាណត្តិ​កន្លង​ទៅ​នេះ។ សម្រាប់​អាណត្តិ​ទី​៥​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​បាន​រក​ឃើញ​ថា មាន​ភាព​អនាធិបតេយ្យ​នៃ​ការ​សង់​សំណង់​រឹងមាំ​មួយ​ចំនួន បាន​សង់​រំលោភ​ដី​មាត់​ព្រែក និង​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ។

ផ្ដើម​ពី​ភាព​អនាធិបតេយ្យ​ទាំង​នេះ លោក ឈិត សុខុន បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជា​បន្តបន្ទាប់ ឲ្យ​ម្ចាស់​សំណង់​រឹងមាំ​មួយ​ចំនួន​ដែល​សង់​រំលោភ​ចំណី​ដី​ព្រែក និង​ឆ្នេរ ឲ្យ​រុះរើ​សំណង់​ជា​បន្ទាន់។ លោក ឈិត សុខុន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា លោក​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជា​ជំហាន​ដំបូង ស្នើ​ឲ្យ​ម្ចាស់​សំណង់​រឹងមាំ​ដែល​សង់​ខុស​ច្បាប់ ប៉ះពាល់​ដល់​ដី​ចំណី​ព្រែក និង​ឆ្នេរ​ចំនួន ៣​ម្ចាស់ ឲ្យ​រុះរើ​សំណង់​របស់​ខ្លួន​ចេញ​ពី​មាត់​ព្រែក​អូរត្រេះ។ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​ខេត្ត​នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ម្ចាស់​សំណង់​ដែល​រឹងរូស​ទាំង​នោះ។

លិខិត​ជូន​ដំណឹង​មាន​ចុះ​ហត្ថលេខា លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ព្រមាន​ដល់​ម្ចាស់​សំណង់​ចំនួន​៣ មាន​ដូចជា លោក ខាត់ ប៊ុណ្ណា លោក ប៉ាល់ សុក្រមិនា និង​ម្ចាស់​សំណង់​ជីប៊ីធី (GBT) ដែល​សង់​រំលោភ​ខុស​ច្បាប់ ប៉ះពាល់​ដី​មាត់​ព្រែក​អូរត្រេះ ដោយ​តម្រូវ​ឲ្យ​រុះ​រើ​ចេញ។

លោក ឈិត សុខុន បញ្ជាក់​ថា វិធានការ​នេះ​ធ្វើ​ឡើង​ដោយ​មាន​ក្រុម​ការងារ​ចុះ​ត្រួត​ពិនិត្យ និង​វាស់វែង​ចំណី​ដី​មាត់​ព្រែក ហើយ​បាន​រក​ឃើញ​ថា ម្ចាស់​សំណង់​ទាំង​៣ បាន​សង់​សំណង់​រឹងមាំ​រំលោភ​ទៅ​លើ​ដី​មាត់​ព្រែក ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​តម្រូវ​ឲ្យ​ម្ចាស់​សំណង់​ទាំង​នោះ​រុះរើ​ជា​ដាច់​ខាត។

លោក​បន្ត​ថា ក្នុង​ចំណោម​ម្ចាស់​សំណង់​ខុស​ច្បាប់​ទាំង​៣ គឺ​នៅ​មាន​ម្ចាស់​សំណង់​ល្មើស​១ គឺ​ឈ្មោះ លោក ប៉ាល់ សុក្រមិនា មិន​ទាន់​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការ​រុះរើ​សំណង់​ល្មើស​ច្បាប់​របស់​ខ្លួន​ទេ និង​បន្ត​ធ្វើ​សកម្មភាព​សាងសង់៖ «ចំពោះ​ដី​ខុស​ឆ្គង​ហ្នឹង យើង​អត់​ឲ្យ​ធ្វើ ឬ​សាងសង់​ទេ។ យើង​បាន​ចេញ​លិខិត​ជូន​ដល់​ម្ចាស់​សំណង់​ទាំង​នោះ។ ហើយ​តាម​ធម្មតា យើង​ចេញ​លិខិត​ជូន​ដំណឹង​ទៅ​ម្ចាស់​សំណង់​ល្មើស​ហ្នឹង​ជា​លើក​ទី​១ និង​ជា​លើក​ទី​២ ដើម្បី​ឲ្យ​ម្ចាស់​សំណង់​អស់​ចិត្ត​ទៅ​លើ​លិខិត​ជូន​ដំណឹង​របស់​យើង។ ចឹង​យើង​ធ្វើ​ម៉េច​ឲ្យ​ម្ចាស់​គេ​ហ្នឹង​គេ​យល់​អំពី​បញ្ហា​ហ្នឹង។ ហើយ​ដល់​គេ​យល់​គេ​អនុវត្ត​ទៅ​វា​ល្អ​ខ្លួន​គេ។ ប៉ុន្តែ​ទស្សនៈ​របស់​ខេត្ត នៅ​តែ​ជំរុញ​អ្វី​ដែល​ខុស​ឆ្គង គឺ​យើង​អត់​មាន​ថយ​ក្រោយ​ទេ»

លោក ប៉ាល់ សុក្រមិនា មិន​ទាន់​អត្ថាធិប្បាយ​នៅ​ឡើយ​ទេ ជុំវិញ​ករណី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ឲ្យ​រុះរើ​សំណង់​សង់​ជា​បឹង​កាឡូ ឬ​ផ្ទះ​សម្រាប់​ជួល​ឲ្យ​ទេសចរ​ស្នាក់នៅ​ចេញ​ពី​មាត់​ព្រែក​អូរត្រេះ។

ទោះ​ជា​បែប​នេះ​ក្តី អភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា នេះ រូប​លោក​ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជា​លើក​ទី​២ ដោយ​ទុក​រយៈពេល ១៥​ថ្ងៃ​ឲ្យ​ម្ចាស់​សំណង់​ខុស​ច្បាប់​រូប​នេះ គឺ​លោក ប៉ាល់ សុក្រមិនា រុះរើ​សំណង់​សង់​ជា​បឹង​កាឡូ​រំលោភ​លើ​ដី​មាត់​ព្រែក​អូរត្រេះ ស្ថិត​នៅ​ភូមិ​៦ សង្កាត់​៤ នា​ខេត្ត​ព្រះសីហនុ ចេញ​ជា​កំហិត។ លោក​ព្រមាន​ថា បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ម្ចាស់​សំណង់ និង​កម្ទេច​សំណង់​ទាំង​នោះ​ចោល។

វិធានការ​ក្តៅ និង​មិន​ធ្លាប់​មាន​របស់​អភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន ទទួល​បាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ ឬ​អាជីវករ និង​មន្ត្រី​រាជការ​ថ្នាក់​ក្រោម​នា​ខេត្ត​ព្រះសីហនុ។ ពួក​គាត់​ថ្លែង​រិះគន់​ថា អតីត​អភិបាល​ខេត្ត​ព្រះសីហនុ ៤​អាណត្តិ​កន្លង​ទៅ គឺ​ភាគ​ច្រើន​មិន​បាន​គិត​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទេ ហើយ​ថែម​ទាំង​បាន​ប្រព្រឹត្ត ឬ​រំលោភ​យក​ឆ្នេរ​ព្រែក និង​ឆ្នេរ​សមុទ្រ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ទៀត​ផង។ ពលរដ្ឋ​បញ្ជាក់​ថា សម្រាប់​អភិបាល​ខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៥​នេះ ឃើញ​ចំណុច​ចាប់​ផ្ដើម​នៃ​ការ​ដឹក​នាំ​របស់​លោក​មាន​សកម្មភាព និង​ការ​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ​ភាគ​ច្រើន។

ប្រជាពលរដ្ឋ​ម្នាក់ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លោក លី ឌី ទទួល​ស្គាល់​ថា ពិត​ជា​មាន​សំណង់​អនាធិបតេយ្យ​សង់​រំលោភ​ខុស​ច្បាប់ និង​គ្មាន​ការ​ហាម​ឃាត់​កើត​មាន​ច្រើន​នៅ​តាម​មាត់​ព្រែក និង​ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ ពិត​មែន។ លោក​ឲ្យ​ដឹង​ថា ៤​អាណត្តិ​មក​នេះ ថ្នាក់​ដឹក​នាំ​ដែល​មាន​អំណាច​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​រំលោភ និង​ពុះ​ច្រៀក​នូវ​ចំណែក​ដី​ជាប់​មាត់​ព្រែក ឬ​ឆ្នេរ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន និង​លក់​បន្ត​ទៅ​ឲ្យ​ឈ្មួញ ជាដើម។

លោក លី ឌី ថ្លែង​ថា លោក​កំពុង​រង់ចាំ​មើល​ចំណាត់​ការ​របស់​លោក​អភិបាល​ខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៥ នឹង​អនុវត្ត​ច្បាប់​ចំពោះ​ជន​រំលោភ​យក​ដី​ឆ្នេរ ឬ​ព្រែក​នា​ខេត្ត​ព្រះសីហនុ មាន​ប្រសិទ្ធភាព​ត្រឹម​កម្រិត​ណា? ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ លោក លី ឌី ទទួល​ស្គាល់​ថា សកម្មភាព​ការងារ​របស់ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ថ្មី ឃើញ​ឈរ​លើ​ភាព​ត្រឹមត្រូវ និង​អនុវត្ត​ស្រប​តាម​ច្បាប់៖ «នៅ​តំបន់​ឆ្នេរ គឺ​បញ្ហា​ក្នុង​រយៈពេល​ចុង​ក្រោយ​នៃ​ការ​បោះ​ឆ្នោត​នេះ គឺ​សំណង់​រីក​ដុះដាល​ព្រោងព្រាត​នៅ​តាម​តំបន់​ឆ្នេរ។ សំណង់​នេះ គឺ​ធ្វើ​ខុស​ពី​បទដ្ឋាន​ច្បាប់ គឺ​សង់​ជាប់​ឆ្នេរ​តែ​ម្តង។ ហើយ​ច្បាប់​សមុទ្រ គឺ​ត្រូវ​មាន​ចម្ងាយ ៥០​ម៉ែត្រ​មាត់​ឆ្នេរ និង​នៅ​ម្ខាង​ផ្លូវ​ទេ បាន​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​សំណង់​រឹងមាំ។ អ៊ីចឹង​ដោយ​ឡែក​នៅ​ព្រែក ឬ​ឆ្នេរ​អូរត្រេះ វិញ យើង​ឃើញ​សំណង់​បាន​សង់​នៅ​ជុំវិញ​ផ្លូវ​ដូច​ផ្លូវ​ដឿងហែម​ចឹង។ ហើយ​សំណង់​រឹងមាំ​នីមួយៗ​ហ្នឹង គឺ​សុទ្ធតែ​កម្មសិទ្ធិ​អ្នក​មាន​អំណាច​ទាំងអស់ ប្រជាពលរដ្ឋ​អត់​មាន​ទេ។ ចឹង​ផល​នៃ​ការ​សាងសង់​នេះ បាន​ប៉ះពាល់​ដល់​អារម្មណ៍​ពលរដ្ឋ​ខ្លាំង​ណាស់»

ទាក់ទិន​បញ្ហា​នេះ សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា បើ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ខេត្ត មិន​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​រំលោភ​យក​ចំណី​ដី​មាត់​ព្រែក និង​ឆ្នេរ​ឲ្យ​ទាន់​ពេល​ទេ ភាព​អនាធិបតេយ្យ​នៃ​សំណង់ ឬ​ការ​ហ៊ុមព័ទ្ធ​យក​ដី​សាធារណៈ​របស់​រដ្ឋ​នា​ខេត្ត​ព្រះសីហនុ នឹង​បន្ត​កើត​មាន​ច្រើន​ថែម​ទៀត។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ស៊ីអិនរ៉ូ (CNRO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម អះអាង​ថា ចំណែក​ដី​មាត់​ព្រែក និង​ឆ្នេរ​ភាគ​ច្រើន​នា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ត្រូវ​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​ព័ទ្ធ​របង​ធ្វើ​ជា​កម្មសិទ្ធិ​ស្នើ​ទាំង​ស្រុង​អស់​ទៅ​ហើយ។ លោក​ថា បច្ចុប្បន្ន​នេះ ភ្ញៀវ​ទេសចរ​ស្ទើរ​តែ​មិន​អាច​រក​ឆ្នេរ​សម្រាប់​ដើរ​កម្សាន្ត ឬ​ងូត​ទឹក​ឲ្យ​បាន​ទូលំទូលាយ​ដូច​ពេល​មុន ព្រោះ​តំបន់​ឆ្នេរ ឬ​ព្រែក ត្រូវ​ព័ទ្ធ​របង​ធ្វើ​កម្មសិទ្ធិ​ស្ទើរ​ទាំង​ស្រុង។

ករណី​នេះ លោក សុខ សុខុម បាន​ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ត្រូវ​ដាក់​សំណើ​ទៅ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ស្នើ​ដក​ដី​តំបន់​ឆ្នេរ ឬ​ព្រែក​ដែល​កំពុង​កាន់​កាប់​ដោយ​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច មក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​វិញ​ឲ្យ​បាន​ឆាប់៖ «លើក​ពី​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ដី​បឹង ដី​ព្រែក ដី​ស្ទឹង ដី​បឹងបួ ដី​ស្ទឹង ដី​ភ្នំ ដី​សព ជាដើម គឺ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ។ ដូច្នេះ ភាគី​ពាក់ព័ន្ធ​មិន​អាច​យក​ដី​ហ្នឹង​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​របស់​ខ្លួន​បាន​ទេ។ ដូច្នេះ ប្រសិន​បើ​មាន​ករណី​ហ្នឹង​កើត​ឡើង​ក្នុង​នាម​អាជ្ញាធរ​ខេត្ត ក្នុង​នាម​មន្ត្រី​រដ្ឋាភិបាល ត្រូវ​តែ​មាន​វិធានការ​ការពារ​សម្បត្តិ​របស់​រដ្ឋ ត្រូវ​ការពារ​ឲ្យ​បាន​គង់វង្ស»

យ៉ាង​ណា​ក៏ដោយ អភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន អះអាង​ថា នឹង​បន្ត​ពិនិត្យ​ទៅ​លើ​សំណង់​រឹងមាំ​ខុស​ច្បាប់​ដទៃ​ទៀត ដែល​សង់​រំលោភ​លើ​ដី​មាត់​ព្រែក ឬ​ឆ្នេរ​នា​ខេត្ត​ព្រះសីហនុ ដោយ​យក​ចិត្ត​ទុក​ដាក់។ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឬ​អ្នក​ពាក់ព័ន្ធ ស្នើ​ឲ្យ​ជួយ​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​សកម្មភាព​សង់​សំណង់​រឹងមាំ​ខុស​ច្បាប់ រំលោភ​លើ​ដី​មាត់​ព្រែក ឬ​ឆ្នេរ មក​អាជ្ញាធរ​ខេត្ត ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤ រាជ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន បាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៨ មាន​ផ្ទៃដី​សរុប​ប្រមាណ​ជាង ១២​ពាន់​ហិកតារ​នៅ​ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​ព្រះសីហនុ ចំនួន ៥​ក្រុមហ៊ុន ខេត្ត​កំពង់ស្ពឺ ១​ក្រុមហ៊ុន និង​ខេត្ត​កោះកុង ចំនួន ២​ក្រុមហ៊ុន មក​ជា​សម្បត្តិ​របស់​រដ្ឋ​វិញ ព្រោះ​ក្រុមហ៊ុន​ទាំង​នោះ​មិន​គោរព​តាម​គោលការណ៍​វិនិយោគ​ដែល​រដ្ឋាភិបាល​ផ្ដល់​ជូន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។