តុលាការខេត្តព្រះវិហារកោះហៅ ប្រជាសហគមន៍ការពារព្រៃព្រះរកាម្នាក់ ឱ្យចូលបំភ្លឺជាថ្មីទៀត ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការកៀរគរធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីតវ៉ាទាមទារឱ្យដោះលែង លោក រ៉ុង ឈុន កាលពីជាង ១ឆ្នាំមុន។ ប្រជាសហគមន៍ ចាត់ទុកសំណុំរឿងនេះ ជាល្បិចកាច់ផ្ដួល លើសមាជិកបណ្ដាញសហគមន៍ មិនឱ្យឈឺឆ្អាលរឿងបទល្មើសព្រៃឈើ ដែលកំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ក្នុងដែនជម្រកសត្វ ព្រៃព្រះរកា គ្រប់គ្រងដោយក្រសួងបរិស្ថាន។
តំណាងសហគមន៍ការពារព្រៃព្រះរការស់នៅស្រុកឆែប ខេត្តព្រះវិហារ លោក ហែត ណៃ ចាត់ទុកដីកាកោះហៅនេះ ជាការគំរាមកំហែងមកលើពលរដ្ឋ ដែលលះបង់ការពារធនធានធម្មជាតិ ដែលកំពុងទទួលរងការកាប់បំផ្លិចបំផ្លាញ ដើមឈើមានតម្លៃ ដោយមានការឃុបឃិតគ្នាជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួន។
លោក ហែត ណៃ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ កុម្ភៈថា លោកនឹងចូលខ្លួនឆ្លើយបំភ្លឺ នៅតុលាការ នៅថ្ងៃទី២៣ កុម្ភៈខាងមុខនេះ ព្រោះលោកមិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់ឡើយ ម្យ៉ាងទៀត តុលាការក៏គ្មានភស្តុតាងដាក់បន្ទុក មកលើរូបលោកដែរ។ លោករំឭកថា កាលពីចុងឆ្នាំ២០២០ ពួកលោក ១១នាក់ បានប្រមូលផ្ដុំគ្នានៅឃុំម្លូព្រៃ១ ស្រុកឆែប បម្រុងធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីតវ៉ាទាមទារឱ្យដោះលែង លោក រ៉ុង ឈុន ប៉ុន្តែគម្រោងនេះបានខកខាន ដោយសារអាជ្ញាធររារាំង។
លោកហៅដីកាកោះហៅនេះ ក្នុងបំណងគំរាមកំហែង និងបិទខ្ទប់សកម្មភាពឃ្លាំមើល បទព្រៃឈើរបស់ពលរដ្ឋ៖ «
តំណាងសហគមន៍រូបនេះ ហួសចិត្ត នៅគ្រាដែលក្រុមអ្នកដឹកឈើ និងអ្នកអារឈើ កំពុងកាប់ផ្ដួលឈើធំៗ ក្នុងព្រៃព្រះរកា ពុំឃើញអាជ្ញាធរ និងតុលាការ ចាត់វិធានការច្បាប់នៅឡើយទេ តែបែរជាធ្វើទុក្ខបុកម្នេញលើពលរដ្ឋណា ដែលចេញមុខ ការពារប្រយោជន៍ជាតិទៅវិញ។ លោកថា សមត្ថកិច្ច និងមន្ត្រីជំនាញ នៅតែប្រព្រឹត្តអំពើពុករលួយ រឿងបទល្មើសព្រៃឈើ បានក្លាយជាទម្លាប់ទៅហើយ ធ្វើឱ្យបទល្មើសព្រៃឈើកើតឡើងកាន់តែច្រើន។
កាលពីថ្ងៃទី២៣ មករាកន្លងទៅ ចៅក្រមស៊ើបសួរ នៃតុលាការខេត្តព្រះវិហារ លោក ផេង កុសល បានកោះហៅ ប្រជាសហគមន៍ការពារព្រៃព្រះរកា លោក ហែត ណៃ ឱ្យចូលបំភ្លឺ នៅថ្ងៃទី២៣ កុម្ភៈខាងមុខនេះ ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការប្រមូលមនុស្សនៅឃុំម្លូព្រៃ១ ស្រុកឆែប កាលពីថ្ងៃទី៦ កញ្ញាឆ្នាំ ២០២០ ដើម្បីធ្វើដំណើរទៅរាជធានីភ្នំពេញតវ៉ាទាមទារឱ្យដោះលែង លោក រ៉ុង ឈុន។ ដីកាកោះហៅនេះ មិនបានបញ្ជាក់ថា ឈ្មោះដើមបណ្ដឹងនោះទេ ប៉ុន្តែសហគមន៍សង្ស័យថា មន្ត្រីបរិស្ថាន ឬអាជ្ញាធរជំនាញ ជាដើមបណ្ដឹងក្នុងសំណុំរឿងនេះ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីចៅក្រមស៊ើបសួរ លោក ផេង កុសល បាននៅឡើយទេ នៅថ្ងៃទី២ កុម្ភៈ។
ប៉ុន្តែព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះវិហារ លោក ទី សុវិនថាល់ ប្រាប់វិទ្យុអាស៊ីសេរីថា ប្រសិនបើនៅក្នុងសវនា ចៅក្រមស៊ើបសួរ និង តំណាងអយ្យការរកមិនឃើញកំហុសដូចការចោទប្រកាន់ តុលាការនឹងទម្លាក់បទចោទ មកលើប្រជាសហគមន៍រូបនេះវិញ៖ «
ប្រជាសហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរ លោក ស៊ុត សាវន យល់ថា ដីកាកោះហៅនេះ ជារឿងអយុត្តិធម៌ នឹងបើកផ្លូវឱ្យជនល្មើស កាន់តែលួចកាប់ឈើខុសច្បាប់ ក្នុងព្រៃអភិរក្ស។ លោកថា សំណុំរឿងនេះ ជាការបង្អាក់ដំណើរដល់បេសកកម្មការពារព្រៃឈើរបស់សហគមន៍ និងគំរាមកំហែងពលរដ្ឋផ្សេងទៀត ឱ្យងាកចេញឆ្ងាយពីភារកិច្ចការពារធនធានធម្មជាតិ៖ «
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ សង្កេតឃើញថា ក្រុមជនល្មើស ដែលលួចកាប់ឈើក្នុងព្រៃព្រះរកាខុសច្បាប់ ដោយឃុបឃិតជាមួយ អាជ្ញាធរមូលដ្ឋាន មិនឃើញស្ថាប័នអយ្យការ និងតុលាការស៊ើបអង្កេតនោះទេ ផ្ទុយពីពលរដ្ឋការពារព្រៃឈើ តុលាការបែរជាមានចំណាត់ការយ៉ាងលឿន៖ «
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា កន្លងទៅ សំណុំរឿងនេះស្ថាប័នអយ្យការបានចោទប្រកាន់ លោក ហែត ណៃ ពីបទ « ឆបោក » ប៉ុន្តែក្រោយមក តុលាការបានប្ដូរបទចោទ ពីមកបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ » ទៅវិញ។ លោកចាត់ទុក ការប្ដូរបទចោទនេះ អាចនឹងមានភាពមិនប្រក្រតីច្រើន ដោយសារតុលាការ រកមិនឃើញធាតុផ្សំនៃបទល្មើស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
