សកម្មជន​ការពារ​ព្រៃឡង់​ខេត្ត​ព្រះវិហារ លោក ខេម សុឃី ប្ដេជ្ញា​ការពារ​ព្រៃឡង់​ឲ្យ​បាន​គង់វង្ស ទោះ​ប្រឈម​មុខ​នឹង​អាជ្ញាធរ​ហាមឃាត់

ដោយ សុជីវី
2024.05.31
សកម្មជន​ការពារ​ព្រៃឡង់​ខេត្ត​ព្រះវិហារ លោក ខេម សុឃី ប្ដេជ្ញា​ការពារ​ព្រៃឡង់​ឲ្យ​បាន​គង់វង្ស ទោះ​ប្រឈម​មុខ​នឹង​អាជ្ញាធរ​ហាមឃាត់ រូបភាព​លោក ខេម សុឃី ឈរ​ជាប់​ដើមឈើ​ទាល (​ដើរ​ច្បោះ) មាន​មុខ​កាត់​ជាង ​១​ម៉ែត្រ ត្រង់​ចំណុច វា​ស្រែ​អាច​ដែក ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃទី៤ ខែ​មីនា ឆ្នាំ​២០២២។
រូប៖ ផ្ដល់ឱ្យ

សកម្មជន​ការពារ​ព្រៃឡង់​ខេត្តព្រះវិហារ​ម្នាក់ ដែល​រង​ការ​វាយដំ​ចាប់​ចង ពី​សំណាក់​អាជ្ញាធរ គឺ​លោក ខេម សុឃី ប្ដេជ្ញាចិត្ត​ការពារ​ព្រៃ​ឡង់​ឲ្យ​បាន​គង់វង្ស ទោះបី​ប្រឈមមុខ​នឹង​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ការពារ​ឬ​ព្រៃ​ឡង់​យ៉ាងណាក្ដី​។ តើ​លោក ខេម សុឃី មាន​ប្រវត្តិ​តស៊ូ​ការពារ​ព្រៃ​យ៉ាង​ណា​ខ្លះ?

លោក ខេម សុឃី គឺជា​សកម្មជន​ការពារ​ព្រៃ​ឡង់​ដ៏​ក្លាហាន​មួយ​រូប ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​ទៅលើ​មន្ត្រី​រដ្ឋាភិបាល​ដែល​អសកម្ម និង​បានការ​ពារ​ព្រៃ​ឡង់​និង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន​អ្នក​មាន​អំណាច​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃឡង់។

មាន​មាឌ​ល្អិត​សម្បុរ​ខ្មៅ លោក ខេម សុឃី ប្រាប​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា​ថា លោក​គ្មាន​ការ​ខ្លាច​ញញើត​និង​ការ​ចាប់​ចង់​ពី​អាជ្ញាធរ​នោះ​ទេ ពីព្រោះ​លោក​ចាត់ទុក​ការងារ​ការពារ​ព្រៃឈើ​សព្វថ្ងៃ​គឺជា​កាតព្វកិច្ច​របស់​លោក ដែល​ត្រូវ​ជួយ​ថែរក្សា​សម្បត្តិ​ជាតិ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ លោក​ថា ចង់​ឃើញ​ព្រៃឡង់​គ្មាន​បទល្មើស និង​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​បែប​ធម្មជាតិ​ធំ​ជាងគេ​នៅ​កម្ពុជា ដើម្បី​ទុកជា​ស្នាដៃ​និង​ជា​គំរូ​ភាព​ដល់​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​ខិតខំ​ការពារ​សម្បត្តិ​ជាតិ​នេះ​តទៅ​ទៀត។

លោក ខេម សុឃី៖ «មាន​សម្បត្តិ​ធនធាន​ធម្មជាតិ​ទាំងអស់​នោះ​ហើយ យើង​ត្រូវតែ​ការពារ​ត្រូវតែ​ស្វះស្វែង​យល់ដឹង​អំពី​សម្បត្តិ ពីព្រោះ​យើង​ជា​ម្ចាស់​សម្បត្តិ​ទាំងអស់​នោះ យើង​កុំ​ឲ្យ​បុគ្គល​អ្នក​មាន​អំណាច​មួយ​ចំនួន​យក​តែ​បក្ខពួក​ខ្លួន ប្រើប្រាស់​សម្បត្តិ​ជាតិ​របស់​យើង​ដើម្បី​ភាព​មាន​បាន​របស់​ពួកគាត់»

បុរស​វ័យ ៤០​ឆ្នាំ​តែងតែ​ចេញមុខ​តវ៉ា​ប្រឆាំង​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​តំបន់​ព្រៃឡង់ រូប​នេះ ចាប់ផ្ដើម​ចូល​ប្រឡូក​ការងារ​សង្គម និង​ការពារ​ព្រៃ​ឡង់​នៅក្នុង​ឆ្នាំ​២០១២ នៅ​ពេល​ដែល​រដ្ឋាភិបាល បាន​សម្បទាន​ដី​ព្រៃ​ជាប់​តំបន់​ព្រៃឡង់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ការ​វិនិយោគ ដោយសារ​តែ​លោក មើលឃើញ​អំពី​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​យ៉ាង​ធ្ងន់ធ្ងរ ទើប​លោក​សម្រេច​ចូលរួម​ការពារ​ព្រៃ​ជាមួយ​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់។

លោក ខេម សុឃី បាន​ចុះ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត រក​ឃើញ​ការ​កាប់​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន ភីអិនធី (PNT) ក្រុមហ៊ុន​ធីង៉ា អភិវឌ្ឍន៍ ប៉ែក​ខាង​ខេត្តព្រះវិហារ និង​ក្រុមហ៊ុន ស៊ីងបាយអូថេក (Think Biotech (Cambodia) CO,Ltd) ដែល​បាន​លួច​កាប់​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ នៅ​ឆ្នាំ​២០២០ ក្រោយមក​លោក​ក៏​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ក្រចេះ​ចាប់​ខ្លួន ក្នុង​នោះ​រួមមាន អ្នក​សម្របសម្រួល​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ លោក ស្រី ថី សកម្មជន​ការពារ​ព្រៃឈើ លោក ម៉ែន ម៉ាត់ និង​ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize ឆ្នាំ​២០១៦ លោក អ៊ួច ឡេង ក្នុង​អំឡុងពេល​ពួក​លោក​ចុះ​សិក្សា​ស្រាវជ្រាវ​រក​បទល្មើស​ព្រៃ​ឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ប៉ែក​ខាង​ខេត្តក្រចេះ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​វិញ​បន្ទាប់ពី​អាជ្ញាធរ​រក​មិនឃើញ​កំហុស​របស់​ពួកគេ។

sokhy2.jpg
រូប​ភាព​លោក ខេម សុឃី ឃាត់​គោយន្ត​ចំនួន ៤​គ្រឿង​ដែល​ដឹកឈើ​ឲ្យ​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទី (Macle Logistics) ត្រង់​ចំណុច​ប្រាសាទ​គោល ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ខេត្ត​ព្រះវិហារ ថត​នៅ​ថ្ងៃទី៤ ខែ​មីនា ឆ្នាំ​២០២២។ រូប៖ ផ្ដល់ឱ្យ

លោក ខេម សុឃី ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ​ព្រួត​គ្នា​វាយដំ​យ៉ាងធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០២០ ដោយសារ​លោក​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ចូល​ទៅ​ធ្វើបុណ្យ​បំបួស​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​។ នៅ​ដើមឆ្នាំ​២០២៣ លោក ខេម សុឃី បាន​ធ្វើ​ការ​ស៊ើបអង្កេត​និង​ចងក្រង​របាយការណ៍ ស្ដី​អំពី​ការ​កាប់​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃឡង់ ដោយ​រក​ឃើញ​ថា ក្រុមហ៊ុន ម៉ាឃលឡូជីស្ទី (Macle Logistics) គឺជា​អ្នក​កាប់​បំផ្លាញ​ដែល​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​ក៏បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ចុះ​ទប់ស្កាត់​និង​ចាត់វិធានការ​តែម្ដង។

ក្រៅពី​ការងារ​ការពារ​ព្រៃឈើ លោក ខេម សុឃី ក៏បាន​ដឹកនាំ​ប្រជាពលរដ្ឋ​តវ៉ា​ការពារ​ដីស្រែ​ចម្ការ​និង​ស្វែងរក​យុត្តិធម៌ ក្រោយ​ក្រុមហ៊ុន PNT បាន​រំលោភបំពាន​យក​ដីស្រែ​ចម្ការ​របស់​ពួកគេ​យ៉ាង​អយុត្តិធម៌ ហើយ​ក្រុមហ៊ុន​មួយ​នេះ​បាន​ប្ដឹង​លោក និង​ពលរដ្ឋ​ចំនួន​៤​នាក់​ទៀត​ទៅ​តុលាការខេត្ត​ព្រះវិហារ ដោយ​ចោទ​ពី​បទ​ញុះញង់។

លោក ខេម សុឃី កើត​នៅ​ឆ្នាំ​១៩៨៣ នៅ​ខេត្ត​ព្រះវិហារ ធ្លាប់​បួស​ជា​ព្រះសង្ឃ និង​បាន​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ត្រឹម​ឆ្នាំ​ទី​២​នៅ​សកល​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ​។ ក្រោយ​បាន​លាចាក​សិក្ខាបទ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​២០០៨ ជាមួយ លោកស្រី អន សុខមាន និង​មាន​កូន​ចំនួន​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់។

អ្នក​ធ្វើ​ការងារ​ស្និត​ស្នាល​ជាមួយ​លោក ខេម សុឃី និង​ជា​មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន សង្កេត​ឃើញ​ថា លោក ខេម សុឃី មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ និង​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​រិះគន់​មន្ត្រី​រដ្ឋាភិបាល​ដែល​អសកម្ម និង​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការពារ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់ ។ លោក​លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍​ដទៃទៀត​ឲ្យ​យក​គំរូ​តាម​លោក ខេម សុឃី ពីព្រោះ​លោក​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត និង​ថវិកា​ក្នុង​បុព្វហេតុ​ការពារ​សម្បត្តិ​ជាតិ​មួយ​នេះ។

លោក អូត ឡាទីន៖ «គាត់​លះបង់​ច្រើន​មែនទែន​ទោះបី​ជីវភាព​គ្រួសារ​របស់​គាត់​មាន​ការ​ខ្វះខាត តែ​ទឹកចិត្ត​គាត់​មានការ​ធំធេង​ណាស់​សម្រាប់​ធនធាន​ធម្មជាតិ ហើយ​ខ្ញុំ​ចាត់ទុក​គាត់​ជា​ធនធាន​កម្រ​គឺជា​គំរូ​ភាព​សម្រាប់​ខ្ញុំ​ដែរ ពីព្រោះ​គាត់​មាន​ឆន្ទៈ​មោះមុត គាត់​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចូលរួម​ចំណែក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឲ្យ​មាន​គុណភាព»

បច្ចុប្បន្ន សកម្មជន​ការពារ​ព្រៃ​ឡង់​រូប​នេះ នៅតែ​បន្ត​ធ្វើ​ការងារ​ការពារ​ព្រៃឈើ​តាម​ឆន្ទៈ​របស់​ខ្លួន និង​បាន​ដឹកនាំ​សមាជិក​ដទៃ​ទៀត ចុះ​ល្បាត​ព្រៃឡង់​ខាង​ខេត្តព្រះវិហារ​ជា​រៀងរាល់​ខែ មិន​តែ​ប៉ុណ្ណោះ លោក​ក៏បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​ការពារ​ព្រៃឈើ​ទៅ​ដល់​យុវជន សិស្ស និស្សិត តាម​សាកលវិទ្យាល័យ​នានា​នៅ​រាជធានី​ភ្នំពេញ។

អ្នកសម្របសម្រួល​បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ លោក ស្រី ថី ឲ្យ​ដឹង​ថា លោក ខេម សុឃី លះបង់​ពេលវេលា​ជួបជុំ​គ្រួសារ និង​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ការពារ​ព្រៃឈើ ដោយសារ​គាត់​មើលឃើញ​អំពី​វិនាសកម្ម​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់។ លោក​ជំរុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​យក​គំរូ​តាម និង​ហ៊ាន​ចេញ​មុខ​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ជាតិ ព្រម​ទាំង​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ។

លោក ស្រី ថី៖ «ខ្ញុំ​ជំរុញ​ឲ្យ​គាត់ លោក ខេម សុឃី ធ្វើ​ការងារ​នេះ​បន្ត​ទៀត ដើម្បី​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម កុំ​ឲ្យ​នៅ​ពាក់កណ្ដាល​ទី​ដូច​សកម្មជន​មុខៗ សុំ​ឲ្យ​គាត់​បន្ត​ទៅ​ទៀត​ដើម្បី​ព្រៃឈើ​យើង​ទាំងអស់​គ្នា បើ​យើង​សង្ឃឹម​គេ​ផ្សេង​មិនមែន​ដូច​គំនិត​យើង​ទេ អាច​នឹង​បរាជ័យ​ហើយ​រឿង​ព្រៃឈើ»

លោក ខេម សុឃី អះអាង​ថា លោក​មិន​បោះបង់ចោល​តំបន់​ការពារ​ព្រៃ​ឡង់​នោះ​ទេ ដរាបណា​បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន និង​មន្ត្រី​ពាក់ព័ន្ធ​មិន​ព្រម​ចុះ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​នៅ​តំបន់​នោះ​។ លោក​នៅតែ​បន្ត​រិះគន់​ភាព​អសកម្ម​របស់​អាជ្ញាធរ និង​មិន​បោះបង់​ជំហរ​និង​គោលបំណង​នោះ​ឡើយ ហើយ​ប្រសិនបើ​អាជ្ញាធរ​បន្ត​ហាមឃាត់ ពួក​លោក​រឹតតែ​បន្ត​ធ្វើ​សកម្មភាព​និង​ស្រាវជ្រាវ​រក​មន្ត្រី​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់។

លោក ខេម សុឃី៖ «អាជ្ញាធរ​រឹតតែ​ហាមឃាត់​រឹង​តែ​ចូលរួម​ការពារ ការណ៍​ហាមឃាត់​នេះ​ហើយ​ដែល​មានការ​ពុករលួយ​នៅក្នុង​តំបន់​នោះ ប្រសិនបើ​អាជ្ញា​ធរមាន​សមត្ថភាព​គ្រប់គ្រាន់​មិន​មាន​បទល្មើស​ខ្ញុំ​មិន​ចូលរួម​ការពារ​ទៀត​ទេ ប៉ុន្តែ​ប្រសិនបើ​អាជ្ញាធរ​រឹត​បន្តឹង​តែ​អ្នកការពារ មិន​រឹត​បន្តឹង​បទល្មើស​នេះ​គឺជា​កត្តា​មួយ​ជំរុញ​ឲ្យ​ខ្ញុំ​ចូល​ទៅ​ប្រឡូក​ក្នុង​ការ​ការពារ​រឹតតែ​ខ្លាំង និង​ការពារ​រហូត»

លោក​ក៏​ទទូច​ទៅ​រដ្ឋាភិបាល​បើក​ចិត្ត​ឲ្យ​ទូលាយ ក្នុង​ការ​អនុញ្ញាត​ឲ្យ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ ឲ្យ​បាន​គង់វង្ស និង​អំពាវនាវ​ដល់​យុវជន សិស្ស និស្សិត ក្រោក​ឈរ​ឡើង​ដើម្បី​រួមគ្នា​ការពារ​សម្បត្តិ​ជាតិ​ទាំងអស់​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។