លោក ហ៊ុន សែន គាំទ្រ​ក្រុមហ៊ុន OCIC លុប​ទន្លេ​មេគង្គ​នៅ​កោះ​នរា សម្រាប់​បង្កើត​ជា​ទីក្រុង​រណប

ដោយ សេក បណ្ឌិត
2020-10-26
Share
ហ៊ុន សែន ពុង ឃៀវសែ នាយរដ្ឋមន្ត្រី ហ៊ុន សែន និង​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ អូ.​ស៊ី.អាយ.ស៊ី (​OCIC) នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ពី​កោះ​នរា ទៅ​កោះ​ពេជ្រ ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​គាំទ្រ​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា​ ហៅ​កាត់​ថា អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ដែល​កំពុង​ចាក់​ដី​លុប​ទន្លេ​មេគង្គ​ ដើម្បី​ពង្រីក​ដី​នៅ​តំបន់​កោះ សម្រាប់​បង្កើត​ជា​ទីក្រុង​រណប​ថ្មី​មួយទៀត។ រីឯ​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ​នៅ​តែ​យល់​ថា គម្រោង​អភិវឌ្ឍ​កោះ​នរា​នេះ​គ្មាន​តម្លាភាព​គ្រប់គ្រាន់​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ​និង​សង្គម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កោត​សរសើរ​ក្រុមហ៊ុន​ អូ.ស៊ី.អាយ.ស៊ី (OCIC) ថា បាន​ចូល​រួម​អភិវឌ្ឍន៍​វិស័យ​​សំណង់​នៅ​កម្ពុជា​ រួមមាន​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​កោះ​ពេជ្រ វាល​យន្តហោះ​ថ្មី ទីក្រុង​រណប​ជ្រោយ​ចង្វា ​ហើយ​បច្ចុប្បន្ន​កំពុង​អភិវឌ្ឍ​កោះ​នរា​ថែមទៀត​ ទោះបីជា​គម្រោង​អភិវឌ្ឍ​ទាំងនេះ ​កំពុង​រង​កា​រិះគន់​ថា ​បណ្ដេញ​ប្រជាពលរដ្ឋ​យក​ដី ​និង​កំពុង​ចាប់​លុប​ទន្លេ​មេគង្គ​បណ្ដាល​ឲ្យ​ប៉ះពាល់​ធំធេង​ដល់​ស​ង្គម ​និង​បរិស្ថាន​ក្ដី។ លោក​ ហ៊ុន ​សែន​ ចាត់ទុកថា ​សកម្មភាព​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី ​ទាំង​នេះ គឺ​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ ហើយ​លោក​បដិសេធ​ចំពោះ​ការរិះគន់​ដែល​ថា ​ការ​អភិវឌ្ឍ​យូរៗ ទៅ​នាំឲ្យ​ពលរដ្ឋ​កាន់តែ​ធ្លាក់​ខ្លួន​ក្រីក្រ។​ ការ​លើក​ឡើង​នេះ ​ធ្វើឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​មួយ​ដែល​តភ្ជាប់​តំបន់​កោះ​នរា ​ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ មក​ទីក្រុង​រណប​កោះ​ពេជ្រ ​ស្ថិត​ក្នុង​ខណ្ឌ​ចម្ការ​មន​ក្នុង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ទី២៦​ ខែ​តុលា៖ «លោក ពុង ឃាវសែ លើកឡើង​ក្នុង​របាយការណ៍​របស់​គាត់​ គឺ​គ្រាន់ តែ​បាន​បង្កើត​នូវ​កោះ​នរា​នេះ​ គឺ​ធ្វើ​ឲ្យ ២២៥លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដែល​ស្មើ​នឹង​ជិត ០,៩​ភាគរយ​នៃ​ផលិតផល សរុប​ពេល​បច្ចុប្បន្ន ​ដូច្នេះ​វា​ជា​កំណើន​សេដ្ឋកិច្ច​របស់​យើង​ដែរ ​ហើយ​ពេល​នោះ​ច្បាស់​ណាស់​ រដ្ឋ​យក​ពន្ធ​បាន​រាល់​ឆ្នាំ។ យក​ពន្ធ​ទី១ គឺ​ថា នៅ​ពេល​ដែល​លោក​ឯង​លក់​ផ្ទះ​លក់​ស្អី ត្រូវ​បង់ពន្ធ​ប្រថាប់​ត្រា​សិន។ ប៉ុន្តែ​បន្ទាប់​មក​ពី​ហ្នឹង បង់​ពន្ធ​អចលន​ទ្រព្យ ។ ចុះ​បើ​នៅ​ជា​ខ្ទម​អ៊ីចឹង​ អា​ណា​ទៅ​យក ​គេ​មិន​ឲ្យ​យក​ទេ»

ទោះជាយ៉ាងណា ​លោក ​ហ៊ុន ​សែន ​មិនបាន​បង្ហាញ​នូវ​​តម្លាភាព ​ឬ​បញ្ជាក់​ថា ​មានការ​សិក្សា​ពី​ផល​ប៉ះពាល់​ផ្នែក​សង្គម ​និង​បរិស្ថាន​ដូច​ដែល​ច្បាប់​កំណត់​នោះ​ទេ ​មុន​នឹង​ដាក់​ឱ្យ​ធ្វើ​ការ​អភិវឌ្ឍ​​នៅ​កោះ​នរា​ដោយ​លុប​ទន្លេ​មេគង្គ​ស្ថិត​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​បែបនេះ។ កន្លង​មក ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ ក៏​តែងតែ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​ដោយ​មិន​ហ៊ាន​និយាយ​ ឬ​មិន​ហ៊ាន​បំភ្លឺ​អ្វី​ច្រើន​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​លុប​ទន្លេ​មេគង្គ​នេះ​ទេ។

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​កោះ​នរា​នោះ​ដែរ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ អូ.​ស៊ី.អាយ.ស៊ី ​OCIC ឧកញ៉ា​ ពុង ​ឃាវសែ​ បាន​ឡើង​អាន​សុន្ទរកថា​អរគុណ​រដ្ឋាភិបាល​លោក ​ហ៊ុន ​សែន ​ដែល​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​កោះ​នរា ​លើ​ផ្ទៃ​ដី​ ១២៥​ហិកតារ ដែល​បាន​មក​ពី​ការ​លុប​ទន្លេ​មេគង្គ។ លោក ​ពុង ​ឃាវសែ ​ឲ្យ​ដឹង​ថា​ ចាប់តាំង​ពី​ខែ​មករា​ ឆ្នាំ២០២០ មក ក្រុមហ៊ុន ​បាន​បុក​គ្រឹះ ​ចាក់​ថ្ម ​និង​ចាក់​ខ្សាច់​បំពេញ​ ដើម្បី​អាច​សាងសង់​ច្រាំងទន្លេ ​និង​អាច​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ប្លង់​មេ​នៃ​គម្រោង​អភិវឌ្ឍន៍​កោះ​នរា​ជាទី​ក្រុង​រណប​ថ្មី​មួយ​ទៀត ​បន្ទាប់ពី​កោះ​ពេជ្រ។ លោក​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ ​គម្រោង​នេះ​ សម្រេច​បាន ២៧ភាគរយ​ហើយ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប ២.៥៥០លាន​ដុល្លារ​អាមេរិក។ ឧកញ៉ា​រូប​នេះ ​អះអាង​ថា គម្រោង​អភិវឌ្ឍន៍​កោះ​នរា​នេះ​ នឹង​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​សង្គម​ជាច្រើន​ ជាពិសេស ការ​លំបាក​ផ្នែក​សេដ្ឋ​កិច្ច​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ដែល​កម្ពុជា ​កំពុង​ត្រូវ​វិនិយោគ​បន្ថែម​ជា​ច្រើន ​ដើម្បី​ទ្រ​ទ្រង់​សកម្មភាព​សេដ្ឋកិច្ច​ឲ្យ​បាន​រឹងមាំ៖ «ដោយឡែក​ សម្រាប់​ថវិកា​ជិត ​៥៥០​លាន​ដុល្លារ​ នៃ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រយៈ​ពេល​បី​ឆ្នាំ​ដំបូង ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​អាច​រួម​ចំណែក​ដល់​ផលិតផល​ក្នុង ស្រុក​សរុប​ (GDP )ប្រមាណ ២២៥លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំៗ​ ដែល​ស្មើ​នឹង​ជិត ០,៩ភាគ​រយ ​នៃ​GDP​ពេល​បច្ចុប្បន្ន។ គម្រោង​នេះ​ក៏​កំពុង​ប្រើប្រាស់​កម្លាំង​ពលកម្ម ៧រយ​នាក់​ និង​អាច​ឡើង​ទៅដល់ ៧ពាន់​នាក់​ពេល​គម្រោង​នេះ​មាន​សកម្មភាព​សាងសង់​ពេញ​ទំហឹង។ បន្ទាប់ពី​បញ្ចប់​ការ​សាង​សង់​អភិវឌ្ឍន៍​កោះ​នរា​នេះ ​នឹង​បង្កើត​ការងារ​មួយ​ម៉ឺន​កន្លែង​ ដើម្បី​ដំណើរ​ការ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ»

ទោះ​ជា​យ៉ាង​ណា ​គម្រោង​អភិវឌ្ឍន៍​ដ៏​មហិមា​មួយ​នេះ ​នៅ​តែ​រង​ការ​រិះគន់​ពី​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍សង្គម​ និង​អ្នក​ជំនាញ​បរិស្ថាន ​ដោយសារតែ​ការ​លុប​ទឹកទន្លេ​ដែល​មាន​ទទឹង ​៤០០ ​ទៅ​ ៥០០ម៉ែត្រ​ចាប់​ពី​ច្រាំង​ទន្លេ ​និង​បណ្ដោយ​មាន​ប្រវែង​ខ្ទង់ ៤គីឡូម៉ែត្រ ដែល​គិត​ជា​ផ្ទៃក្រឡា​​លើស​ពី​១០០ហិកតារ។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម ​បណ្ឌិត​ សេង ​សារី ​មានប្រសាសន៍ថា ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន ​អភិវឌ្ឍន៍​រំលោភ​លើ​ទីធ្លា​សាធារណៈ ​បឹង​ និង​ទន្លេ​ជាដើម។ លោក ​ទទួល​ស្គាល់​ថា​ ការ​កសាង​អចលនទ្រព្យ​ និង​​អគារ​ខ្ពស់ៗ គឺ​ពិត​ជា​ផ្តល់​ប្រយោជន៍​ច្រើន ប៉ុន្តែ​រដ្ឋាភិបាល ​ក៏​មិន​គួរ​មើល​រំលង​ពី​ផល​ប៉ះពាល់​រយៈពេល​វែង ​និង​រយៈ​ពេល​ខ្លី​ដែរ។​ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​រូប​នេះ​ កត់សម្គាល់​ឃើញ​ថា ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី មាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយ​រដ្ឋាភិបាល និង​តែងតែ​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​ធំៗ ប៉ុន្តែ​គម្រោង​ទាំង​នេះ ហាក់​មាន​ការ​លាក់បាំង​ព័ត៌មាន​ច្រើន​ ដោយ​មិនបាន​បង្ហាញ​ឲ្យ​ពលរដ្ឋ ​និង​អង្គការ​សង្គម​ស៊ីវិល បាន​ដឹង​ថា ​ការ​លក់ ឬ​ជួល​ទ្រព្យ​សម្បត្តិ​សាធារណៈ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ រដ្ឋ​ទទួល​បានផល​ចំណេញ​អ្វី​ខ្លះ ឬ​ក្នុង​តម្លៃ​ណា​នោះ​ទេ។ លោក​បន្ត​ថា ករណី​នេះ ​នាំឲ្យ​សាធារណៈ​សង្ស័យ​ពី​អំពី​តម្លាភាព​ និង​សុចរិតភាព​នៃ​គម្រោង​អភិវឌ្ឍន៍​ទាំងនោះ៖ «ដើម្បី​អាច​អភិវឌ្ឍន៍​ហើយ​ទទួល​យក​បាន​ពី​គ្រប់​ភាគី​នោះ​ គួរតែ​មាន​ការ​ប្រឹក្សា​ជា​លក្ខណៈ​បច្ចេកទេស​ឲ្យ​មាន​ការ​ចូលរួម​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ផង ហើយ​ថា តើ​រាល់​ការ​អភិវឌ្ឍន៍​នេះ ​វា​មាន​ផល​ប៉ះពាល់​រយៈ​ពេល​ខ្លី​យ៉ាងម៉េច​ ហើយ​ប៉ះពាល់​រយៈ​ពេល​វែង​យ៉ាង​ម៉េច​ ផល​ប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច សង្គម​ហ្នឹង​យ៉ាងម៉េច។ ប៉ុន្តែ​កន្លង​មក​យើង​ឃើញ​ហើយ​ថា ទោះ​បី​មាន​ជំនាញ​ខាង​ស្ថាបត្យកម្ម ឬ​ក៏​អភិវឌ្ឍ​ទីក្រុង​នេះ ​មាន​ទស្សនៈ​មិន​គាំទ្រ​ទៅ​លើ​គម្រោង​ផ្សេងៗ ដែល កើតឡើង​កន្លងមក​នូវ​ក្នុង​ទីក្រុង​ភ្នំពេញ​ក៏​ដោយ ​ប៉ុន្តែ​រដ្ឋាភិបាល ​ហាក់ ដូចជា មិន​ទទួល​យក​គំនិត យោបល់​អ្នក​ជំនាញ​ទាំង​នោះ​ ហើយ​ក៏​បន្ត​ធ្វើ​ដោយ​អត្តនោម័តិ​អ៊ីចឹង​ទៅ»

ក្រុមអង្គការ​សង្គម​ស៊ីវិល រក​ឃើញ​ថា រយៈពេល​ជិត​៤ទសវត្សរ៍មកនេះ ​កម្ពុជាក្រោម​ការ​គ្រប់​គ្រង​របស់​លោក ​ហ៊ុន​ សែន ​បាន​ផ្តល់​គម្រោង​វិនិយោគ​ដល់​ក្រុមហ៊ុន​ជាច្រើន ​ក្នុង​ការ​លុប​បឹង​ធម្មជាតិ និង​លុប​ទន្លេ និង​ឈាន​ដល់​ការ​លុប​សមុទ្រ​ថែម​ទៀត ដើម្បី​យក​ដី​បង្កើត​ជា​ទីក្រុង​រណប ជា​បុរី ​និង​ផ្សារ​ទំនើប​ជា​ដើម។ គម្រោងការ​ក្រោម​ផ្លាក​អភិវឌ្ឍន៍​ទាំង​នេះ ​បាន​បង្ក​ផល​ប៉ះ​ពាល់​ផ្នែក​បរិស្ថាន​ធ្ងន់ធ្ងរ ដូចជា​ទឹក​ជំនន់​ ការ​បំពុល​បរិស្ថាន​ និង​ការ​ថយ​ចុះ​មច្ឆាជាតិ​ ជា​ពិសេស ​ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន។

មាត្រា​ ១៦ ​នៃ​ច្បាប់​ភូមិបាល​ ចែង​ថា ទ្រព្យសម្បត្តិ​របស់​រដ្ឋ មាន​ដូច​ជា បឹង ទន្លេ​ជា​ដើម មិន​អាច​លក់ដូរ​បាន​ឡើយ លុះ​ត្រា​តែ​បាត់បង់​ផលប្រយោជន៍​ជា​សាធារណៈ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។