សកម្មជន​ព្រៃឡង់​លោក អ៊ុក ម៉ៅ ត្រូវ​មេ​ប៉ុស្តិ៍​និង​មេឃុំ​​បណ្តេញ​ពី​ផ្ទះ​​ដោយសារ​ឈឺ​ឆ្អាល​ការពារ​ព្រៃឈើ

ដោយ សេក​ បណ្ឌិត
2024.07.30
សកម្មជន​ព្រៃឡង់​លោក អ៊ុក ម៉ៅ ត្រូវ​មេ​ប៉ុស្តិ៍​និង​មេឃុំ​​បណ្តេញ​ពី​ផ្ទះ​​ដោយសារ​ឈឺ​ឆ្អាល​ការពារ​ព្រៃឈើ សកម្មជនការពារព្រៃឡង់ លោក អ៊ុក ម៉ៅ បង្ហាញពីបទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់ នៃភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាលពីខែមិថុនា ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សកម្មជន​ការពារ​ព្រៃឈើ និង​ជា​ជនជាតិ​ដើម​ភាគ​តិច​កួយ លោក អ៊ុក ម៉ៅ ត្រូវ​បាន​មេឃុំ​អន្លង់ភេ លោក អឿន ខេន បញ្ជា​ឱ្យ​មេ​ប៉ុស្តិ៍ ឈួន ឆិត កោះ​ហៅ​មក​សួរនាំ​ជា​ច្រើន​ម៉ោង ដើម្បី​បណ្តេញ​គាត់​ឱ្យ​ចាក​ចេញ ពី​លំនៅឋាន ក្នុង​ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដោយ​លើក​ហេតុផល​ថា លោក​ជា​សកម្មជន​ការពារ​ព្រៃឈើ​បំពុល​សង្គម។

សកម្មជន​ការពារ​ព្រៃឈើ លោក អ៊ុក ម៉ៅ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៩ កក្កដា ថា មេ​ប៉ុស្តិ៍​អន្លង់​ភេ លោក ឈួន ឆិត បាន​ចេញ​លិខិត​កោះ​ហៅ​លោក​​ឱ្យ​ទៅ​បំភ្លឺ​ពេញ​មួយ​ព្រឹក កាល​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ដោយ​ប្រាប់​ឱ្យ​រូប​លោក និង​ក្រុម​គ្រួសារ​ ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ ចេញ​ពី​ទី​នោះ។

លោក​ថា អាជ្ញាធរ​បាន​ឆែកឆេរ​រក​អត្ត​សញ្ញាណ​ប័ណ្ណ និង​គំរាម​លោក​ក្នុង​ន័យ​រើសអើង ដោយសារ​តែ​លោក​ចូលរួម​សកម្មភាព​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់។

លោក អ៊ុក ម៉ៅ បន្ថែម​ថា មេឃុំ​អន្លង់ភេ លោក អឿន ខេន តែងតែ​គំរាម​លោក​ចាប់​ដាក់​គុក​ជា​ច្រើន​ដង ដើម្បី​បំបាក់​ទឹក​ចិត្ត ឱ្យ​លោក​ឈប់​ឈឺ​ឆ្អាល​ពី​បញ្ហា​សង្គម​ និង​បរិស្ថាន។

មេឃុំ​អន្លង់ភេ លោក អឿន ខេន បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ទេ ដោយ​លោក​ថា ជាប់​រវល់​ប្រជុំ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់ភេ ​លោក ឈួន ឆិត បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី២៩ កក្កដា។

ជុំវិញ​រឿង​នេះ​ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ស្ទឹងត្រែង លោក ចឹក ចិត្រា ពន្យល់​ថា មេឃុំ និង​សមត្ថកិច្ច​គ្មាន​សិទ្ធិ​បណ្តេញ​ពលរដ្ឋ​ណា​ម្នាក់ ចេញ​ពី​លំនៅឋាន​នោះ​ទេ។លោក​ចាត់​ទុក​ទង្វើ​នេះ ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​បំពាន​ច្បាប់។

លោក ចឹក ចិត្រា៖ «ទាំង​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​រំលោភ​ច្បាប់​ហើយ ការ​គំរាម​កំហែង​ទៀត​ចូល​មាត្រា២៣១ គំរាម​កំហែង​ដើម្បី​បំភិត​បំភ័យ​ បន្លាច​ឬ​បណ្ដេញ​ពលរដ្ឋ​ចេញ គឺ​សុទ្ធ​តែ​ខុស​ច្បាប់​ហើយ បើ​និយាយ​ពី​ច្បាប់​ព្រហ្មទណ្ឌ។ អ៊ីចឹង​ទេ អាជ្ញាធរ​មិន​មាន​អ្វី​មក​បណ្ដេញ​ពលរដ្ឋ​នៅ​ទី​កន្លែង​គាត់​រស់​នៅ​ ឬក៏​ស្នាក់​នៅ​ទេ»។

មក​ទល់​ពេល​នេះ សកម្មជន​ការពារ​ព្រៃឈើ លោក អ៊ុក ម៉ៅ កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ ចំនួន ៤​សំណុំ​រឿង​មក​ហើយ ដោយសារ​តែ​ចេញ​មុខ​ការពារ​ព្រៃឈើ​ និង​រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ មិន​អនុវត្ត​ច្បាប់​ព្រៃឈើ តាម​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ និង​ការ​អំពាវនាវ​របស់​ព្រះ​មហាក្សត្រ ព្រះនរោត្តម សីហមុនី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។