ប្រជាសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែងអះអាងថា បទល្មើសព្រៃឈើ ឋិតក្នុងដែនជម្រកសត្វព្រៃឡង់កំពុងកើនឡើងច្រើន នៅរយៈពេលជាង ១ ខែចុងក្រោយនេះ ដោយមានគោយន្ត និងរថយន្តដឹកឈើរាប់សិបគ្រឿង នាំឈើចេញពីព្រៃអភិរក្ស ដោយគ្មានអាជ្ញាធរណាទប់ស្កាត់នោះទេ។
សមាជិកសហគមន៍ការពារព្រៃឡង់លោក គង់ រី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែមករាថា គ្រាន់តែផ្លូវមួយច្រក ចូលព្រៃឡង់ ក្នុងភូមិកេះ ក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់មានគោយន្តមិនក្រោម ៣០គ្រឿង ក្នុងមួយថ្ងៃៗ ដឹកឈើមូលធំៗ ចេញពីព្រៃឡង់ ដើម្បីធ្វើអាជីវកម្ម។ លោកបន្តថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន នៅតែមិនអើពើទប់ស្កាត់បទល្មើសព្រៃឈើទាំងនេះ បើទោះបីជា ប្រជាសហគមន៍ផ្តល់ព័ត៌មានជាច្រើនដងក្តី។ លោកបញ្ជាក់ថា អាជ្ញាធរភូមិខ្លះ បានក្លាយជាឈ្មួញទិញឈើខុសច្បាប់ ដឹកជញ្ជូនចេញពីដែនជម្រកសត្វព្រៃឡង់៖ «សកម្មភាពរាល់ថ្ងៃនេះ វាខ្លាំងជាងរាល់ថ្ងៃ ពីព្រោះឥលូវយើងប្តឹងទៅនរណា ក៏គេអត់ធ្វើការឱ្យយើងដែរ មានទាំងមេប៉ុស្តិ៍ និងមន្ត្រីរដ្ឋបាលព្រៃឈើស្រុកក៏ដោយ ឆ្លើយដោះសារថា ឈើហ្នឹងតិចតូច។ យើងមិនដឹងទៅពឹងនរណា ឥលូវឡានដឹកទាំងថ្ងៃទៀត។
ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង លោក អេង ភីរុង បដិសេធមិនបំភ្លឺរឿងនេះទេ ដោយលោកថា លោកមិនបានធ្វើការក្នុងការិយាល័យទេ។ រីឯនាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ លោក វ៉ា សុខា ក៏បដិសេធមិនបំភ្លឺរឿងនេះដែរ ដោយលោកថា កំពុងជាប់រវល់។
ប្រជាសហគមន៍ការពារព្រៃឡង់ ចាត់ទុកបទល្មើសព្រៃឈើខ្នាតធំនេះ កំពុងឋិតក្នុងភាពប្រកាសអាសន្នមួយ ព្រោះអាជ្ញាធរគ្រប់ស្ថាប័ន កំពុងបិទភ្នែកធ្វើមិនដឹងឮ ទប់ស្កាត់ឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ ទាល់តែសោះ។ រីឯក្រុមជនល្មើស នៅតែយករណាយន្ត ចូលអារឈើក្នុងព្រៃឡង់តាមចិត្ត ធ្វើឱ្យព្រៃអភិរក្សមួយនេះ ប្រឈមបាត់បង់ធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។