បណ្ដាញសហគមន៍ព្រៃឡង់ អះអាងថា សកម្មភាពធ្វើអាជីវកម្មរ៉ែខ្នាតតូចខុសច្បាប់នៅតំបន់ភ្នំជីតំបន់ព្រៃឡង់ភាគខាងត្បូង ស្ថិតក្នុងខេត្តកំពង់ធំ កំពុងកើតមានយ៉ាងអនាធិបតេយ្យ ដោយមិនឃើញមានអាជ្ញាធរចុះទប់ស្កាត់នោះទេ ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរគួរមានវិធានការឲ្យបានតឹងរ៉ឹងទៅលើការធ្វើអាជីវកម្មទាំងអស់នោះ។
បណ្ដាញសហគមន៍ព្រៃឡង់ ព្រួយបារម្ភថា ការធ្វើអាជីវកម្មរ៉ែបែបអនាធិបតេយ្យនេះ នឹងធ្វើឲ្យប៉ះពាល់បរិស្ថាន និងទេសភាពដែលជាតំបន់ទេសចរណ៍នៅតំបន់នោះធ្ងន់ធ្ងរ។
អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ លោក ស្វាយ សុង ដែលបានចុះទៅដល់តំបន់នោះ អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៣ ខែសីហាថា រោងធ្វើអាជីវកម្មរ៉ែមាសខ្នាតតូចរាប់រយកន្លែង នៅក្បែរភ្នំជីកំពុងមមាញឹកដោយមិនទាន់ឃើញមន្ត្រីជំនាញពាក់ព័ន្ធចុះទប់ស្កាត់នោះទេ។ លោកថា ប្រសិនបើមន្ត្រីជំនាញមិនព្រមចុះទប់ស្កាត់ទាន់ពេលវេលានោះទេ ការធ្វើអាជីវកម្មរ៉ែនេះ នឹងធ្វើឲ្យប៉ះពាល់បរិស្ថាន ព្រៃឈើ នៅតំបន់ជាក់ជាមិនខាន។
លោក ស្វាយ សុង៖ «សោកស្ដាយដូចជាគ្មានក្រសួងណាទទួលខុសត្រូវ បណ្ដោយឲ្យអនាធិបតេយ្យនរណាធ្វើក៏ធ្វើបាន នរណាមិនធ្វើក៏បានច្របូកច្របល់ពេញនឹងទាំងអស់ ខ្ញុំស្ដាយធនធានធម្មជាតិ ខ្ញុំទៅដល់ភ្នំជី ខ្ញុំស្រមៃឃើញថាប្រសិនបើរដ្ឋាភិបាល ឬក៏ក្រសួងបរិស្ថាន អង្គការក្រៅរដ្ឋាភិបាល ជួយទប់ស្កាត់មិនដឹងជាល្អយ៉ាងណាទេ»។
សហគមន៍លើកឡើងទៀតថា ក្រុមធ្វើអាជីវកម្មរ៉ែអះអាងថា ពួកគាត់អាចធ្វើអាជីវកម្មរ៉ែមាសនេះទៅបាន ដោយសារតែពួកគាត់បង់លុយទៅមន្ត្រីជំនាញជាប្រចាំខែ ដើម្បីជាថ្នូរក្នុងមើលផ្លូវ និងជួយកាងការពារពួកគាត់ នូវពេលដែលមានមន្ត្រីអាជ្ញាធរថ្នាក់ជាតិចុះពិនិត្យតំបន់ព្រៃការពារម្ដងម្កាល។ ក្រៅពីប្រជាពលរដ្ឋនោះ សហគមន៍ក៏មានឃើញមានក្រុមហ៊ុនមួយដែលមិនបង្ហាញឈ្មោះ បានដាក់គ្រឿងចក្រ និងឧបករណ៍ធ្វើអាជីវកម្មរ៉ែមាសទ្រង់ទ្រាយធំនៅតំបន់នេះដែរ ហើយពួកគាត់មិនទាន់ដឹងថា ក្រុមហ៊ុនមួយនោះមានអាជ្ញាប័ណ្ណស្របច្បាប់ឬអត់នោះឡើយ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តកំពង់ធំ លោក នួន ផារត្ន និងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា បានទេនៅថ្ងៃទី១៣ ខែសីហា។
កន្លងទៅទាំងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងសាមី លោក កែវ រតនៈ បានអះអាងដូចគ្នាថា នឹងលែងឲ្យមានសកម្មភាពធ្វើអាជីវកម្មរ៉ែនៅក្នុងតំបន់ព្រៃឡង់ទៀត។ ប៉ុន្តែបច្ចុប្បន្ននេះ សកម្មជនបរិស្ថានថា មានក្រុមហ៊ុន ចំនួន១១ក្រុមហ៊ុន កំពុងសិក្សារុករករ៉ែ នៅក្នុងដែនជម្រកសត្វព្រៃឡង់។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា ការធ្វើអាជីវកម្មរ៉ែបែបអនាធិបតេយ្យ និងការអនុញ្ញាតឲ្យក្រុមហ៊ុនធំៗ រុករករ៉ែនៅតំបន់នោះ វានឹងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ហើយប្រសិនបើរដ្ឋាភិបាលមិនបានដោះស្រាយបញ្ហានេះនោះទេ ធនធានរ៉ែនិងព្រៃឈើ នឹងរលាយជាក់ជាមិនខាន។
លោក អូត ឡាទីន៖ «ការផ្ដល់ឱកាសឲ្យក្រុមហ៊ុនចូលទៅរុករករ៉ែនៅក្នុងតំបន់នេះខ្ញុំមានការព្រួយបារម្ភ អំពីវិនាសកម្មរ៉េហើយនឹងបាត់បង់ធនធានធម្មជាតិក្នុងតំបន់នោះ ហើយក៏អាចនាំឲ្យប៉ះពាល់ការបំពុលបរិស្ថាន ហើយក៏ប៉ះពាល់ទៅដល់ជីវចម្រុះក្នុងតំបន់នោះ»។
កាលពីតុលា ឆ្នាំ២០២៣ អង្គការអន្តរជាតិឈ្មោះ Bruno Manser Fonds ដែលមានមូលដ្ឋាននៅប្រទេសស្វីស រកឃើញថា គម្រោងអាជីវកម្មរ៉ែធំៗនៅក្នុងតំបន់ជម្រកសត្វព្រៃឡង់ បានបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ព្រៃឈើ និងជីវិតរបស់ប្រជាជននៅក្នុងតំបន់នោះ ។ អង្គការនេះជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដកអាជ្ញាប័ណ្ណក្រុមហ៊ុនរ៉ែ ហើយហាមឃាត់គម្រោងអាជីវកម្មរ៉ែធំៗនៅក្នុងតំបន់ជម្រកសត្វព្រៃព្រៃឡង់វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។