បណ្ដាញសហគមន៍ការពារព្រៃព្រះរកា ខេត្តព្រះវិហារជាង ១ពាន់នាក់ គ្រោងប្រមូលស្នាមមេដៃ ប្ដឹងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថានម្នាក់លោក អឿន អុក ទៅតុលាការ ពីបទយកតួនាទីកាងបទល្មើសព្រៃឈើ។ ចំណែកនាយរងប៉ុស្តិ៍នគរបាលឃុំពោធិ៍ ទទួលស្គាល់ថា មន្ត្រីបរិស្ថានរូបនេះ កាងបទល្មើសព្រៃឈើពិតមែន។
បណ្តាញសហគមន៍ការពារព្រៃព្រះរកា រស់នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ និងមន្ត្រីនគរបាលមួយចំនួន ក្នុងខេត្តព្រះវិហារ ខកចិត្តនឹងមន្ត្រីបរិស្ថានម្នាក់ឈ្មោះ អឿន អុក ថាមិនបានការពារធនធានធម្មជាតិដែលរដ្ឋផ្តល់សិទ្ធិឱ្យនោះទេ ផ្ទុយទៅវិញបែរជាយកអំណាច កាងបទល្មើសព្រៃឈើបំពានច្បាប់។
តំណាងសហគមន៍ការពារព្រៃព្រះរកា លោក បា ផល ឱ្យដឹងនៅថ្ងៃទី២១ ឧសភាថា សមាជិកបណ្តាញសង្គមការពារព្រៃព្រះរកាជាង ១ពាន់នាក់ កំពុងពិភាក្សាគ្នាត្រៀម ប្តឹងមន្ត្រីបរិស្ថានរូបនេះ ទៅតុលាការ នៅពេលឆាប់ៗ នេះ។ លោកថា មន្ត្រីបរិស្ថានរូបនេះ តែងតែកាងបទល្មើសព្រៃឈើ ដែលដឹកចេញពីព្រៃព្រះរកា៖ «កើតឡើងយូរហើយ តែអត់មានរូបភាព អត់មានអី អត់ហ៊ាននិយាយរឿងគេ អត់ហ៊ានប៉ះពាល់គេ។ មានរូបភាពជាក់ស្តែងម៉ូតូមួយ សុទ្ធតែអីវ៉ាន់ចេញពីល្បាតព្រៃ ល្បាតព្រៃលាក់ម៉ូតូ នៅចាំគោយន្ត ដើម្បីកាងគោយន្តចេញមក » ។
កាលពីថ្ងៃទី២០ ខែឧសភា នាយរងប៉ុស្តិ៍នគរបាល ឃុំពោធិ៍ និងសហគមន៍ការពារព្រៃព្រះរកា បានឃាត់ចាប់គោយន្ត ២គ្រឿង ដឹកឈើបន្ទះក្តារជាង ១ម៉ែត្រគូប និងឈើមានមុខកាត់ ៩ តឹកប្រវែង ៣ម៉ែត្រ ចំនួន ៤សន្លឹក ដែលក្រុមជនល្មើស ដឹកចេញពីព្រៃព្រះរកា។ សហគមន៍ថា សកម្មភាពឃាត់ចាប់នោះ មន្ត្រីបរិស្ថាន លោក អឿន អុក ពាក់ឯកសណ្ឋានជាមន្ត្រីឧទ្យានុរក្ស កាន់កាំភ្លើងអាកាមួយដើម ឈរកាងការពារ។ រីឯនគរបាល និងសហគមន៍បានថតរូប ទុកជាភស្តុតាង ត្រៀមបង្ហាញតុលាការ។
តំណាងសហគមន៍ព្រៃព្រះរកា លោក បា ផល សង្កត់ធ្ងន់ថា ព្រៃព្រះរកា ចាប់តាំងពីគ្រប់គ្រងដោយក្រសួងបរិស្ថាន ដើមឈើធំៗ បាត់បង់ស្ទើរទាំងស្រុង ហើយមន្ត្រីបរិស្ថាន ដែលប្រចាំការ ឈរជើងការពារព្រៃនៅតំបន់នោះ តែងតែយកតួនាទីជំរិតទាលុយពីពលរដ្ឋកាប់ឈើបន្តិចបន្តួច និងកាងបទល្មើសព្រៃឈើ ឱ្យសាច់ញត្តិបងប្អូនរបស់ខ្លួន៖ «តាំងពីដាក់មន្ត្រីបរិស្ថានមក ព្រៃឈើវារលាយអស់ហើយ។ នៅតែដើមតូចៗ រឿងបរិស្ថានហ្នឹង អាខ្លះវាចាប់បញ្ជូនទៅស្នាក់ការទៅ អាខ្លះ អាខ្លះវាយកលុយកាក់តិចតាមព្រៃ អាខ្លះវាជំរិតយកលុយរាប់ពាន់ក្នុងព្រៃ។ ជំរិតយកលុយពីពលរដ្ឋតាមព្រៃ អាខ្លះ ៥០ម៉ឺន ខ្លះ ៤០ម៉ឺន មួយគោយន្ត » ។
នាយរងប៉ុស្តិ៍នគរបាលឃុំពោធិ៍ លោក ពោធិ៍ គង់ ទទួលស្គាល់ថា មន្ត្រីបរិស្ថានរូបនេះ បានកាងបទល្មើសព្រៃឈើ ព្រោះលោកបានចាប់គោយន្តពីរគ្រឿងដឹកឈើខុសច្បាប់ នៅពេលថ្មីៗ នេះ ដោយបញ្ជូនទៅស្នាក់ការបរិស្ថាន ស្រុកឆែប ដើម្បីអនុវត្តនីតិវិធី។ លោកបញ្ជាក់ថា បុគ្គលម្នាក់នេះបានយកតួនាទី កាងបទល្មើសព្រៃឈើ ធ្វើឱ្យ បាត់បង់ឈើធំៗ អស់ជាបន្តបន្ទាប់ក្នុងព្រៃអភិរក្ស៖ «គាត់ថា បងប្អូនកូនចៅគាត់មិន អត់ដែរពាក់ព័ន្ធបទល្មើសអីទេ គាត់បដិសេធរហូត។ ដល់ពេលលើកហ្នឹងខ្ញុំធ្វើរឿងហ្នឹងមួយ ដើម្បីបញ្ជាក់ការពិតថា តើវត្ថុតាងប៉ុណ្ណឹងបញ្ជាក់ការពិតបានអត់ ដែលខ្ញុំឃាត់ហើយ ខ្ញុំថត ? ខ្ញុំមិននិយាយមន្ត្រីជំនាញគេទូទៅទេ ខ្ញុំនិយាយតែបុគ្គលម្នាក់ហ្នឹង។ បុគ្គលម្នាក់ហ្នឹង ដូចជាខ្លាំងណាស់នៅក្នុងឃុំហ្នឹង » ។
អាស៊ីសេរីបានព្យាយាមទាក់ទង មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន លោក អឿន អ៊ុក ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ តែទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាននៅថ្ងៃទី២១ ឧសភា។
ចំណែកនាយកដែនជម្រកសត្វព្រៃព្រះរកា លោក យ៉ាន់ ប៊ុនសឿន និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្រា ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ ព្រោះពួកលោកមិនទទួលទូរស័ព្ទ។
នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹង សោភ័ណ មានប្រសាសន៍ថា ពលរដ្ឋមានសិទ្ធិប្តឹងមន្ត្រីជំនាញណា ដែលប្រព្រឹត្តខុសច្បាប់ ហើយអាជ្ញាធរពាក់ព័ន្ធ និងតុលាការ មានតួនាទីស៊ើបអង្កេត និងអនុវត្តច្បាប់។ លោកថា ប្រសិនបើមន្ត្រីបរិស្ថាន យកតួនាទីកាងបទល្មើសព្រៃឈើ ជាទង្វើល្មើសច្បាប់៖ «ករណីនេះ ជាករណីដែលឃើញមើលទៅ ឃើញរូបភាពជាទ្រង់ទ្រាយដូចជាបើកជំហរធំធេងពេក។ ដល់អ៊ីចឹងទៅវាលេចធ្លាយព័ត៌មានមានមន្ត្រីទៅឃុបឃិត ទៅកាងដល់ជនល្មើសអ៊ីចឹងទៅ។ រឿងនេះ វាមិនបានលាក់ទុកយូរ ហើយធ្វើឱ្យព្រៃឈើយើង នៅក្នុងតំបន់ព្រៃព្រះរកាបាត់បង់ ហិនហោចរលាយអស់មកដល់ពេលនេះទេ បាទ » ។
សហគមន៍ការពារព្រៃព្រះរកាបន្ថែមថា មុនឆ្នាំ២០១៦ នៅគ្រាដែលព្រៃព្រះរកា គ្រប់គ្រងដោយមន្ត្រីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម សហគមន៍ និងមន្ត្រីរដ្ឋបាលព្រៃឈើ បានសហការគ្នាយ៉ាងល្អ ការពារព្រៃឈើមានប្រសិទ្ធភាព។ ក៏ប៉ុន្តែនៅគ្រាដែលព្រៃព្រះរកាគ្រប់គ្រងដោយក្រសួងបរិស្ថាន ចាប់ពីឆ្នាំ២០១៦ រហូតមក ក្រសួងសាមីមួយនេះបានរឹតត្បិតសិទ្ធិពលរដ្ឋ និងយុវជន មិនឱ្យចុះល្បាតព្រៃ ទប់ស្កាត់បទល្មើសព្រៃឈើ ក៏ប៉ុន្តែបើក្រុមអ្នកកាប់ឈើ និងដឹកជញ្ជូនឈើនៅតែអាចចូលព្រៃអារឈើលក់បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។