សកម្មជន​ព្រៃឡង់​​ម្នាក់​ត្រូវ​មេ​ឃុំ​កោះហៅ​ធ្វើ​កិច្ចសន្យា​ឈប់​និយាយ​រិះគន់​រឿង​ព្រៃឈើ និង​ចែក​អំណោយ​ពលរដ្ឋ

ដោយ ទីន ហ្សាការីយ៉ា
2021-06-12
Share

សកម្មជន​ព្រៃឡង់​ម្នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​ដែល​តែង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ កោះហៅ​ទៅ​សួរនាំ​ជាច្រើន​ម៉ោង បន្ទាប់​ពី​លោក​បាន​រិះគន់​អាជ្ញាធរ​ថា មិន​បំពេញ​កាតព្វកិច្ច​ការពារ​ព្រៃឈើ ប៉ុន្តែ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ជ​រុញ​ឱ្យ​សកម្មជន​ព្រៃ​ឡង់​រូប​នេះ ដាក់​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍ មក​រដ្ឋបាល​ខេត្ត ប្រសិនបើ​មាន​ករណី​គំរាមកំហែង​បែប​នេះ​មែន។

ក្រុម​ស្នូល​បណ្ដាញ​ការពារ​ព្រៃ​ឡង់ លោក គង់ រី វ័យ ៤៨ ឆ្នាំ ឱ្យដឹងថា មេឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ លោក ឃឹម សុខា បាន​កោះហៅ​លោក​ទៅ​សួរនាំ​ពេញ​មួយ​ព្រឹក នៅ​សាលាឃុំ​កាំ​ង​ចាម កាលពី​ព្រឹក​ថ្ងៃទី ០៩ មិថុនា​។ ការ​កោះហៅ​នេះ គឺ​ដោយសារ​លោក​តែង​រិះគន់​ភាព​អសកម្ម​របស់​អាជ្ញាធរ​ក្នុង​ការពារ​ព្រៃឈើ និង​ក្រោយពី​រូបលោក​បាន​ចែក​អំណោយ​អង្ករ​មួយ​ការុង ជូន​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​រស់នៅ​មូលដ្ឋាន។

ក្រុម​ស្នូលបណ្ដាញ​ការពារ​ព្រៃឈើ លោក គង់ រី ប្រាប់​អាស៊ីសេរី​ថា មេឃុំ​កាំងចាម បាន​ចោទ​លោក​ថា ផ្តល់​ព័ត៌មាន​ខុសពី​ការពិត​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ករណី​បទល្មើស​ព្រៃឈើ​កើត​មាន​ច្រើន ក្នុង​តំបន់​ព្រៃ​ឡង់ និង​រិះគន់​អាជ្ញាធរ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាដើម​។ លោក​បន្ថែម​ថា មេឃុំ​បាន​តម្រូវ​ឱ្យ​លោក​ផ្តិត​មេដៃ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ទាំងនោះ​។ លោក​ចាត់ទុក​ទង្វើ​របស់​មេ​ឃុំ​រូប​នេះ ជា​ការ​វាយបំបាក់​សកម្មភាព​ការពារ​ព្រៃឈើ​របស់​ពលរដ្ឋ​ស្រប​តាម​ច្បាប់​៖ «គាត់​ថា ឱ្យ​ខ្ញុំ​ចាំ​ថ្ងៃ​ក្រោយ​ចួប​គ្នា នឹង​បំភ្លឺ​បញ្ហា​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​តំបន់​ព្រៃឈើ​ហ្នឹង ព្រៃ​សហគមន៍ និង​ព្រៃឡង់។ គេ​ថា ខ្ញុំ​ផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​ការ​ដឹកជញ្ជូន​ឈើ​មិន​ពិត​។ ខ្ញុំ​នាំ​កម្លាំង​សហគមន៍​គេ​តាម​ដេញ​ចប់ គំរាមកំហែង​។ ប៉ុន្តែ​ខ្ញុំ​មិន​ខ្លាច​ទេ ខ្ញុំ​នៅ​តែ​មាន​ឆន្ទៈ ការពារ​ការពារ​ព្រៃ​ឡង់ លុះត្រា​ខ្ញុំ​ស្លាប់​បាត់​បង់ជីវិត»

លោក គង់ រី បន្ថែម​ថា អាជ្ញាធរ​មិន​សប្បាយចិត្ត នៅ​គ្រា​ដែល​លោក​តែងតែ​លាតត្រដាង និង​រិះគន់ អាជ្ញាធរ​រឿង​បណ្តែតបណ្តោយ​ឱ្យ​មាន​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​អស់​រាប់ពាន់​ហិកតារ រួម​ទាំង​ព្រៃ​សហគមន៍​តាម៉ៅ ដែល​នៅ​ជាប់​ព្រៃឡង់​នោះ​ផង​ដែរ​។ លោក​ប្ដេជ្ញា​ថា បើ​ទោះ​បី​ជា​ប្រឈម​ការ​គំរាមកំហែង​បែបនេះ​ក្តី លោក​នៅតែ​បន្តការងារ​ការពារ​ធន​ធាន​ធម្មជាតិ​ដដែល ព្រោះ​នេះ​ជា​សកម្មភាព​ស្របច្បាប់ ៖ «សំណូមពរ​អភិបាលស្រុក ខេត្ត និង​រដ្ឋាភិបាល បើសិន​ខ្ញុំ​ធ្វើ​ខុស សូម​ប្រមុខ​រដ្ឋាភិបាល​យក​ខ្ញុំ​ដាក់គុក​ចុះ បើ​ខ្ញុំ​ធ្វើ​ត្រូវ​សូម​គាំទ្រ​ផង។ ខ្ញុំ​នៅតែ​ធ្វើ​បម្រើ​ជាតិ​រហូត លុះត្រាតែ​ជីវិត​ខ្ញុំ​ស្លាប់»

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​មេឃុំ​កាំង​ចាម លោក ឃឹម សុខា ដើម្បី​ឆ្លើយ​តប​ការចោទប្រកាន់​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១០ មិថុនា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

ចំណែក​អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ លោក ជា សារឿន បដិសេធ​ផ្តល់​បទ​សម្ភាស​ដល់​អាស៊ីសេរី ដោយ​លោក​បញ្ជាក់​ថា កំពុង​ជាប់រវល់​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ។

ប៉ុន្តែ​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បកស្រាយ​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ចូលរួម​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​។ លោក​អះអាង​ថា ប្រសិនបើ​មាន​ករណី​គំរាមកំហែង​ដូច​ការ​ចោទប្រកាន់​នេះ​មែន ពលរដ្ឋ​អាច​ធ្វើ​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍ មក​រដ្ឋបាល​ខេត្ត​។ លោក​បន្ថែម​ថា ការចែក​អំណោយ​មនុស្ស​ធម៌ ជា​សិទ្ធិ​សេរីភាព ក្នុង​ការ​ផ្តល់​អំណោយ និង​សម្ភារៈ​ផ្សេងៗ​ជូន​ដល់​ពលរដ្ឋ ពុំ​មែន​ជា​បញ្ហា​ដែល​ត្រូវ​ហាមឃាត់​ទេ លើកលែងតែ​អំណោយ​ទាំងនោះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នកទទួល​៖ «មិន​មាន​បញ្ហា​អ្វី​ដែល​ត្រូវ​ហាមឃាត់ មិន​ឱ្យ​ចែក​អំណោយ​ដល់​ជន​ណា​ម្នាក់​នោះ​ទេ លើកលែងតែ​អំណោយ​ទាំងអស់​នោះ ធ្វើ​ឱ្យ​ប៉ះពាល់​អ្នក​ដែល​យើង​ទទួល​អំណោយ អាហ្នឹង​យើង​ពិចារណា​ត្រូវ មាន​ហេតុផល​សុំ​ការអនុញ្ញាត និង​ត្រួត​ពិនិត្យ​លើ​អំណោយ​របស់​គាត់​ហ្នឹង​។ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ មាន​សិទ្ធិ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ទ្រព្យសម្បត្តិ​របស់​ជាតិ​ទាំងមូល និង​ជា​កត្តា​សំខាន់ និង​ជា​ឧត្តមគតិ​ល្អ របស់​ប្រជាជន និង​ប្រជា​ពលរដ្ឋ»

ជុំវិញ​រឿង​នេះ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​ហៅ​ទង្វើ​របស់​មេឃុំ​កាំងចាម​ថា រំលោភសិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ផ្ទុយ​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ប៊ី វ៉ាន់នី សង្កេត​ឃើញ​ថា សកម្មជន​ព្រៃឡង់​លោក គង់ រី បាន​ជួយ​រដ្ឋាភិបាល​ច្រើន ក្នុង​ការ​បកអាក្រាត​ភាព​អសកម្ម​ភាព​របស់​អាជ្ញាធរ ហេតុនេះ​អាជ្ញាធរ គួរតែ​លើកទឹកចិត្ត និង​ផ្តល់​តម្លៃ​ដល់​សកម្មភាព​ទាំងនោះ​។ លោក​ចាត់ទុក​ទង្វើ​របស់​មេ​ឃុំ​កាំងចាម​ថា ជា​ការ​អនុវត្ត​តួនាទី​ផ្ទុយ​ពី​ច្បាប់ និង​គំរាមកំហែង​ពលរដ្ឋ​ខុស​ទំនង​៖ «សកម្មភាព​របស់​គាត់ គឺ​គ្មានអ្វី​ប្រឆាំង​នឹង​ច្បាប់ វា​ស្រប​ទៅ​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល ហើយ​វា​ចូលរួម ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់ បទល្មើស​ព្រៃឈើ បទល្មើស​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​។ អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ជន​ប្រព្រឹត្ត មិន​ត្រូវ​ប្តឹង​គំរាមកំហែង និង​ហាមឃាត់ អ្នក​ដែល​ចូលរួម​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​អ៊ីចឹង​ទេ»

សកម្មជន​ព្រៃ​ឡង់ លោក គង់ រី ធ្លាប់​បាន​លាតត្រដាង ពី​បទ​ល្មើស​ព្រៃឈើ និង​តែងតែ​លើកឡើង​ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​មូលដ្ឋាន​ខេត្តស្ទឹងត្រែង​រឿង​បទល្មើស​ព្រៃឈើ សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ និង​ការ​កាប់​ដើមឈើ​ផលិត​ជ័រទឹក​អស់​រាប់ពាន់​ដើម ក្នុង​តំបន់​ព្រៃឡង់ ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ក្រុម​ស្នូល​បណ្ដាញ​ការពារ​ព្រៃឡង់​រូប​នេះ មាន​ភាព​ក្លាហាន​ចុះ​ល្បាត និង​តាមដាន​ស្ថានភាព​ព្រៃឡង់ ដោយ​សហការ​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មូលដ្ឋាន​ការពារ​ព្រៃឈើ​ដោយ​គ្មាន​ប្រាក់ខែ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល