សហគមន៍ព្រៃឡង់អំពាវនាវឲ្យរដ្ឋាភិបាលពន្លឿនបោះបង្គោលព្រំប្រទល់ព្រៃឡង់
2017.02.14

សហគមន៍ការពារព្រៃឡង់ទាំង ៤ខែត្រ មន្ត្រីសង្គមស៊ីវិល បណ្ដាញព្រះសង្ឃឯករាជ្យ និងក្រុមយុវជន អំពាវនាវជាថ្មីទៀតឲ្យរាជរដ្ឋាភិបាល ពន្លឿនបោះបង្គោលព្រំប្រទល់ព្រៃឡង់ជាព្រៃអភិរក្ស ដើម្បីកំណត់ខណ្ឌសីមាដែនជម្រកសត្វព្រៃ។
ពួកគេចាត់ទុកការបោះបង្គោលព្រំសីមា ជាធាតុផ្សំសំខាន់រួមចំណែកអភិរក្សព្រៃឈើនៅតំបន់ព្រៃឡង់ឲ្យគង់វង្ស និងជាសញ្ញាសម្គាល់តំបន់អភិរក្សចីរភាពរបស់សហគមន៍ព្រៃឡង់។ ការអំពាវនាវនេះ ក្រោយពីពួកគេបានរួមគ្នាប្រារព្ធពិធីបុណ្យរំឭកគុណព្រៃឡង់ និងបានបញ្ចប់បេសកកម្មចុះល្បាតព្រៃឡង់រយៈពេល ៣យប់ ៤ថ្ងៃ កាលពីថ្ងៃទី១២ កុម្ភៈ។
ការបោះបង្គោលកំណត់ព្រំប្រទល់ព្រៃអភិរក្សនៅតំបន់ព្រៃឡង់ គឺជាប្រធានបទសំខាន់ ដែលសហគមន៍ការពារព្រៃឡង់ទាំង ៤ខែត្របានស្នើចំពោះមុខរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឲ្យប្រញាប់បោះបង្គោលកំណត់ខណ្ឌសីមានៅតំបន់ព្រៃឡង់ ដើម្បីជាសញ្ញាចំណាំព្រៃជម្រកសត្វ និងងាយស្រួលទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់នោះ។ ពួកគេកត់សម្គាល់ថា ពលរដ្ឋ និងសហគមន៍ការពារព្រៃឡង់ នៅតែមានមន្ទិលចំពោះទំហំផ្ទៃដីតំបន់ព្រៃឡង់ទាំងបួនខែត្រ មិនដឹងថាឋិតនៅចំណុចណាឲ្យច្បាស់លាស់នោះទេ។
បញ្ហានេះ ពួកគេបារម្ភថា ពលរដ្ឋចំណាកស្រុក និងពលរដ្ឋនៅមូលដ្ឋាន នៅតែបន្តកាប់ឈើមានតម្លៃ និងលួចទន្ទ្រានដីព្រៃឡង់ដោយគ្មានទីបញ្ចប់នោះទេ។
អ្នកសម្របសម្រួលសហគមន៍ការពារព្រៃឡង់ខែត្រស្ទឹងត្រែង លោក ជា សុខហឿន មើលឃើញថា វិសាលភាពព្រៃឡង់ធំធេងដែលសហគមន៍ មន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចពាក់ព័ន្ធ នៅពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធភាព ពោលគឺពួកគេអាចការពារបានតែមួយជ្រុង ហើយការចុះល្បាតមួយជ្រុងនេះក៏ហាក់មិនគ្រប់ជ្រុងជ្រោយដែរ ដោយសារខ្វះធនធានមនុស្ស ខ្វះថវិកា និងសម្ភារល្បាត ជាដើម។
លោកកត់សម្គាល់ថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបរិស្ថានខែត្រស្ទឹងត្រែង បានចុះស្រង់ទិន្នន័យម៉ាស៊ីនអារឈើស្វ័យប្រវត្តិ ឬត្រង់ស៊ឺន័ររបស់ពលរដ្ឋនៅឃុំចំនួនបីជាប់ព្រៃឡង់ គឺអន្លង់ភេ ឃុំអូររី និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ រកឃើញថា ឃុំទាំងនេះមានពលរដ្ឋប្រើប្រាស់ម៉ាស៊ីនត្រង់ស៊ឺន័រជិត ១ពាន់គ្រឿង។ បញ្ហានេះ លោកចង់ឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ឲ្យហ្មត់ចត់ក្នុងការប្រើប្រាស់ម៉ាស៊ីនត្រង់ស៊ឺន័រ រោងសិប្បកម្ម និងម៉ាស៊ីនអារឈើ ដោយជំរុញឲ្យមានការត្រួតពិនិត្យ ឬឈានដល់ការដកហូតដោយបំផ្លាញចោល ប្រសិនបើរកឃើញថា ពួកគេប្រើប្រាស់វាធ្វើអាជីវកម្មខុសច្បាប់៖ «ដើម្បីឲ្យព្រៃគង់វង្ស គួរតែមានបោះបង្គោលត្រឹមត្រូវ។ វិធានការហ្នឹងសុំឲ្យរដ្ឋាភិបាលត្រូវតែ ធ្វើកិច្ចការហ្នឹងឲ្យប្រញាប់ ព្រោះប្រជាពលរដ្ឋគាត់ឆ្លើយថា គាត់អត់ដឹងព្រំនៅត្រង់ណាទេ»។
កាលពីថ្ងៃទី១០ ខែកុម្ភៈ សហគមន៍ការពារព្រៃឡង់ខែត្រព្រះវិហារ បានឃាត់ម៉ាស៊ីនអារឈើស្វ័យប្រវត្តិរបស់ពលរដ្ឋនៅខែត្រព្រះវិហារ ឆ្លងដែនចូលអារឈើនៅតំបន់ព្រៃឡង់ខែត្រស្ទឹងត្រែង ចំណុចវាលម្រេងទន្សាយ។ ក្រោយពីឃាត់ម៉ាស៊ីនអារឈើបាន សហគមន៍ និងឆ្មាំអភិរក្ស បង្គាប់ឲ្យជនល្មើសធ្វើកិច្ចសន្យាបញ្ឈប់ ហើយម៉ាស៊ីនទាំងនោះសហគមន៍បានប្រគល់ជូនទៅមន្ត្រីបរិស្ថានខែត្រស្ទឹងត្រែង។
កាលពីថ្ងៃទី៦ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានថ្លែងក្នុងវេទិកាស្ដីពីកិច្ចការពារ និងអភិរក្សធនធានធម្មជាតិដោយបញ្ជាក់ថា ក្រសួងបរិស្ថាន កំពុងរៀបចំឯកសារបទដ្ឋានជាផ្លូវការទាក់ទិនការបោះបង្គោលកំណត់ព្រំប្រទល់នៅតំបន់ព្រៃឡង់។ លោកថា ការបោះបង្គោលក៏ត្រូវប្រើពេលវេលា ហើយមិនអាចប្រញាប់បានទេ ព្រោះបច្ចេកទេស និងធនធានរបស់ក្រសួងនៅមានកម្រិត។ លោកអំពាវនាវឲ្យភាគីពាក់ព័ន្ធ ជាពិសេសប្រទេសម្ចាស់ជំនួស សូមផ្តល់ការគាំទ្រ និងបង្កើនកិច្ចសហការអភិរក្សបន្ថែមទៀតនៅតំបន់ព្រៃឡង់។ ទោះជាយ៉ាងណា លោក សាយ សំអាល់ នៅមិនទាន់កំណត់កាលបរិច្ឆេទបោះបង្គោលកំណត់ព្រំប្រទល់តំបន់ព្រៃឡង់នៅថ្ងៃណាឲ្យជាក់លាក់នៅឡើយទេ។
អនុប្រធានបណ្ដាញយុវជនកម្ពុជា លោក ស ម៉ូរី កត់សម្គាល់ថា បើទោះបីជារដ្ឋាភិបាលសម្រេចដាក់ចូលតំបន់ព្រៃឡង់ជាដែនជម្រកសត្វព្រៃក្តី ក៏ប៉ុន្តែចលនាកាប់ឈើតាមតម្លៃ និងកាប់ឈើរានយកដីធ្វើអាជីវកម្មនៅតែបន្តកើតមាន។ លោកបន្ថែមថា សហគមន៍រាយការណ៍ថា ព្រៃឡង់នឹងកាន់តែរួមតូចទៅ ប្រសិនបើក្រសួងបរិស្ថាន មិនបន្ថែមល្បឿនអភិរក្សឲ្យគ្រប់ជ្រុងជ្រោយ និងបោះបង្គោលព្រំប្រទល់តំបន់ព្រៃការពារឲ្យបានឆាប់នោះ ហើយការរួមតូចនេះ ដោយសារមានការបម្លែងដីព្រៃឈើក្នុងតំបន់ព្រៃឡង់ក្លាយជាដីកសិកម្មគ្រប់គ្រងដោយឯកជន ជាពិសេសលទ្ធភាពនៃការទប់ស្កាត់បទល្មើសក្នុងតំបន់ព្រៃឡង់នៅមានកម្រិត។
លោករកឃើញថា ផ្នែកខ្លះនៃព្រៃឡង់បានជំនួសមកវិញនូវដំណាំដំឡូង ស្វាយចន្ទី និងកៅស៊ូ ដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន និងបុគ្គលឯកជន។ បញ្ហានេះ ពួកគេកំពុងព្រួយបារម្ភ និងចង់ឲ្យស្ថាប័នពាក់ព័ន្ធពន្លឿនចាត់វិធានការបន្ទាន់ និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីស្រោចស្រង់ព្រៃឈើនៅតំបន់នោះឲ្យគង់វង្ស៖ «សហគមន៍អំពាវនាវឲ្យមន្ត្រីបរិស្ថានពង្រឹងការអនុវត្តច្បាប់ឲ្យមែនទែន ជាពិសេសជំរុញឲ្យមានការដកហូតម៉ាស៊ីនរណារយន្តខុសច្បាប់ ដែលពលរដ្ឋប្រើប្រាស់ក្នុងការកាប់ឈើជាប្រចាំ»។
ព្រៃឡង់ឋិតក្នុងចន្លោះខែត្រចំនួនបួន គឺខែត្រក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខែត្រកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតារ (៤៣១.៦៨៣ហិកតារ) ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដែលមានកាតព្វកិច្ចធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងកិច្ចការពារធម្មជាតិក្នុងតំបន់ព្រៃឡង់ និងត្រូវសហការជាមួយក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ។
ប្រធានកម្មវិធីដៃគូរបស់អង្គការស្ពានសន្តិភាព លោក ណុប សុខា ដែលបានចូលរួមពិធីបុណ្យព្រៃឡង់ មានចំណាប់អារម្មណ៍ថា ការចូលរួមការពារព្រៃឈើពីពលរដ្ឋ ក្រុមយុវជន អង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមានសារសំខាន់ដើម្បីសិក្សាពីសក្ដានុពលព្រៃឡង់ផ្សារភ្ជាប់ជីវភាពរស់នៅរបស់ពលរដ្ឋនៅតំបន់ព្រៃឡង់។ លោកអំពាវនាវឲ្យពលរដ្ឋ និងក្រុមយុវជនផ្តល់ការគាំទ្រដល់បណ្ដាញសហគមន៍ព្រៃឡង់បន្ថែមទៀត ខណៈការចូលរួមអភិរក្សព្រៃឡង់របស់សហគមន៍ការពារព្រៃឡង់បច្ចុប្បន្ននៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ៖ «គឺគាត់ក៏អំពាវនាវ និងស្នើសុំឲ្យមានកិច្ចសហការយ៉ាងទូលំទូលាយ ទាំងក្នុងចំណោមអាជ្ញាធរដែនដី ចាប់ពីថ្នាក់ក្រោមជាតិរហូតដល់រដ្ឋាភិបាល គឺស្នើសុំឲ្យនៅតែបន្តកិច្ចសហការនេះបន្តទៀត ដើម្បីជាឱកាសថែរក្សាព្រៃឡង់របស់យើង ព្រោះនេះជាព្រៃចុងក្រោយរបស់យើង»។
តាមការគ្រោងទុក នៅឆ្នាំ២០១៧ នេះ រដ្ឋាភិបាលគ្រោងបញ្ជូនមន្ត្រីបរិស្ថាន ១៥នាក់បន្ថែមទៀតទៅការពារព្រៃឡង់នៅខែត្រក្រចេះ ២០នាក់ទៅខែត្រស្ទឹងត្រែង ២០នាក់ទៅខែត្រកំពង់ធំ និង ២០នាក់ទៀតទៅខែត្រព្រះវិហារ។ ទោះជាយ៉ាងណា ប្រជាសហគមន៍ការពារព្រៃឈើព្រួយបារម្ភថា ចំនួនមន្ត្រីបរិស្ថានទាំងនោះមិនអាចបំពេញតម្រូវការគ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើសក្នុងតំបន់ព្រៃឡង់គ្រប់ជ្រុងជ្រោយនោះទេ ហើយទាមទារឲ្យរដ្ឋាភិបាលផ្តល់ទុនបន្ថែម ដោយសហការជាមួយសហគមន៍ព្រៃឡង់ និងភាគីពាក់ព័ន្ធឲ្យទូលំទូលាយ។
ការសិក្សារបស់ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID តាមរយៈគម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះកាលពីឆ្នាំ២០១៥ រកឃើញថា ព្រៃឡង់នៅកម្ពុជា គឺជាតំបន់ដែលមានជីវចម្រុះលំដាប់អន្តរជាតិមួយក្នុងចំណោមតំបន់ជីវចម្រុះសំខាន់ៗទាំង ១០ នៅក្នុងពិភពលោក ហើយប្រជាសហគមន៍ជាង ២សែន ៥ម៉ឺននាក់រស់នៅក្នុងភូមិជាង ៣០០ភូមិ (៣៤០) ជុំវិញតំបន់ព្រៃឡង់ រស់ពឹងអាស្រ័យស្ទើរទាំងស្រុងលើអនុផលពីព្រៃឈើសម្រាប់ជីវភាពចិញ្ចឹមជីវិតប្រចាំថ្ងៃ៕