អាមេរិក​សង្ឃឹម​ថា បណ្តាញ​សហគមន៍​ព្រៃឡង់ និង​អ្នក​ពាក់ព័ន្ធ​នឹង​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេច​គោលដៅ​ការពារ​តំបន់​ព្រៃ​ឡង់

ដោយ ម៉ៅ សុធានី
2021-03-25
Share
អាមេរិក​សង្ឃឹម​ថា បណ្តាញ​សហគមន៍​ព្រៃឡង់ និង​អ្នក​ពាក់ព័ន្ធ​នឹង​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេច​គោលដៅ​ការពារ​តំបន់​ព្រៃ​ឡង់ សកម្មភាព​សកម្មជន​ព្រៃឈើ ព្រះសង្ឃ សហគមន៍ រួមគ្នា​បន្ត​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​អនុញ្ញាត​ដល់​ពួកគេ​បាន​ចូល​ល្បាត​ព្រៃ​ឡើង​វិញ​ដូច​កាល​មុន។ រូប​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០២១។
រូប​សហគមន៍

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បញ្ជាក់​ជំហរ​ជាថ្មី ថា សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​ការ​បន្ត​កាប់​ព្រៃឈើ​នៅ​តំបន់​ហាម​ឃាត់​។ ស្ថានទូត​សង្ឃឹម​ថា បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ ក្រសួង​បរិស្ថាន និង​ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​ធ្វើការ​រួមគ្នា ដើម្បី​សម្រេច​គោលដៅ​រួម​ក្នុង​ការ​ការពារ​តំបន់​អភិរក្ស​ព្រៃ​ឡង់។

ស្ថានទូត​សហរដ្ឋអាមេរិក អះអាង​ថា ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ USAID បាន​ចូលរួម​ជាមួយ​សហគមន៍​ការពារ​ព្រៃឈើ ដើម្បី​ពិភាក្សា​អំពី​អាទិភាព​រួមគ្នា ក្នុង​កិច្ចការពារ​តំបន់​ព្រៃ​ឡង់​។ សហរដ្ឋអាមេរិក​សង្ឃឹម​ថា បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ ក្រសួង​បរិស្ថាន និង​ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​ធ្វើការ​រួមគ្នា ដើម្បី​សម្រេច​គោលដៅ​ការពារ​តំបន់​ព្រៃឡង់ ហើយ USAID ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​សម្របសម្រួល​កិច្ច​ពិភាក្សា​គ្នា ទៅ​ថ្ងៃ​អនាគត។

ស្ថានទូត​សហរដ្ឋអាមេរិក បញ្ជាក់​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក (​ឬ អ៊ីម៉េល​) កាល​ពី​ថ្ងៃទី​២៤ ខែមីនា​ថា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក នាយក​ទីភ្នាក់ងារ USAID និង​គម្រោង​ព្រៃឡង់​បៃតង (GPL) បាន​ជួប​ពិភាក្សា​គ្នា​ជាច្រើន​ដង ជាមួយ​សមាជិក​សហគមន៍​និង​បន្ត​ស្វាគមន៍ ចំពោះ​កិច្ចពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ទៅ​ថ្ងៃ​អនាគត​។ ស្ថានទូត​ក៏បាន​អះអាង​ផង​ដែរ​ថា គោលដៅ​សំខាន់​នៃ​គម្រោង​ព្រៃ​ឡង់​បៃតង​នេះ គឺ​រាប់បញ្ចូល​ទាំង​ការចូលរួម​របស់​សហ​គម​ន៍​ការពារ​ព្រៃឈើ ដើម្បី​ផ្តល់​ការ​គាំទ្រ ដល់​ការ​យាមល្បាត​រួមគ្នា ដើម្បី​ការពារ​តំបន់​ព្រៃ​ឡង់។

ការ​បញ្ជាក់​ជំហរ​នេះ ធ្វើឡើង​ក្រោយ​ដែល​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​៤ ខេត្ត បាន​ចេញ​លិខិត​ចំហ​មួយ​ច្បាប់ កាលពី​ថ្ងៃទី​២២ ខែមីនា ផ្ញើ​ទៅកាន់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ USAID បញ្ជាក់​ពី​បញ្ហា​ប្រឈម​របស់​ពួកគេ ដោយសារ​ក្រសួងបរិស្ថាន​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ពួកគេ​មិន​ឲ្យ​ល្បាត​ព្រៃ​ដោយ​សេរី។ ពួកគេ​ក៏បាន​លើកឡើង​ពី​ការ​ខកចិត្ត​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​មួយ​នេះ​ដែរ ដោយ​ពួកគេ​អះអាង​ថា USAID មិន​បាន​ធ្វើ​ការ​ផ្ទាល់​ជាមួយ​ពួកគេ​នោះ​ទេ។

អ្នកសម្របសម្រួល​បណ្តា​ញ​សហគមន៍​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព អះអាង​ថា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ពុំ​បាន​ទទួល​ជំនួយ​គាំទ្រ ពី USAID ដើម្បី​ចុះ​ល្បាត​រួមគ្នា​ជាមួយ​ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន​នោះ​ទេ​។ លោក​ថា សហគមន៍​ព្រៃ​ឡង់ មិន​ត្រឹមតែ​គ្មាន​ជំនួយ​ហិរញ្ញវត្ថុ ក្នុង​បេសកកម្ម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ប៉ុណ្ណោះ​ទេ ថែមទាំង​មា​ការ​រំខាន យាយី និង​គំរាមកំហែង លើ​សេរីភាព​ចុះ​ល្បាត​ព្រៃ​ឡង់ ពី​សំណាក់​អាជ្ញាធរ​៖ «ខ្ញុំ​ទទូច​ស្នើសុំ​ហើយ ស្នើសុំ​ទៀត អត់​មាន​ឱ្យ​និយាយ​រឿង​ច្រឡូកច្រឡំ​ថា បាន​ជួយ​ដល់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទេ គឺ​សូម​បដិសេធ​ទាំងស្រុង ហើយ​ប្រសិន​ជា​ជំនួយ​នោះ បាន​ដល់ដៃ​ទៅ​លើ​បុគ្គល​ណា សូម​ជួយ​ប្រាប់​ផង​។ បណ្ដាញ​ព្រៃ​ឡង់​ទាំង ៤​ខែ បដិសេធ​ទាំងស្រុង ដោយសារ USAID សូម្បី ១​រៀល​លុយ​ខ្មែរ ក៏​យើង​ពុំ​បាន​ទទួល​យក​ដែរ»

ចំណែក​អ្នកសម្របសម្រួល​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ខេត្តក្រចេះ លោក ឯក វណ្ណា រំឭក​ថា កន្លងទៅ​បណ្តេញ​សហគមន៍​ព្រៃ​ឡង់​បាន​ស្នើ​ឱ្យ USAID ជួយ​សម្របសម្រួល​ជាមួយ ក្រសួង​បរិស្ថាន ធ្វើ​យ៉ាង​ណា​ឱ្យ​ពួកគេ ចូល​ល្បាត​ព្រៃ​វិញ ប៉ុន្តែ​គ្មាន​លទ្ធផល​ទេ។ លោក​បន្ត​ថា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ក៏​ធ្លាប់​ស្នើសុំ​ជំនួយ​ថវិកា ពី USAID ដើម្បី​ចំណាយ​ក្នុង​ការ​ចូល​ល្បាត​ព្រៃ​រួមគ្នា​ដែរ តែ​ក៏​គ្មាន​ដំណោះស្រាយ​ដែរ​៖ «និយាយ​រួម​ផ្ទុយ​ពី​ការពិត​ហ្មង វា​អត់​មាន​ការពិត​ទាល់តែសោះ ដោយសារតែ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ អត់​ឃើញ ព្រៃ​ឡង់​បៃតង ឬក៏​USAID មក​ទំនាក់ទំនង ដើម្បី​ធ្វើ​ការ​ល្បាត ឱ្យ​លុយ​ល្បាត គឺ​យើង​អត់​ទាន់​ទទួល​បាន​អី​សោះ​។ អ៊ីចឹង​ទៅ យើង​ឃើញ សេចក្តី​ថ្លែងការណ៍​នោះ​មក ពួក​យើង​ស្រឡាំងកាំង​ដោយសារតែ ពួកគាត់​អត់​មាន​បាន​ជួយ​អី​សោះ»

កន្លងទៅ ស្ថានទូត​អាមេរិក ធ្លាប់​ប្រកាសថា តាមរយៈ​គម្រោង​ព្រៃ​ឡង់​បៃតង (GPL) របស់​ទីភ្នាក់ងារ USAID ស្ថានទូត ជួយ​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ (PLCN) ក្នុង​ការងារ​ចុះ​ល្បាត​រួមគ្នា​ជាមួយ​ក្រសួង​បរិស្ថាន​។ លើស​ពី​នេះ USAID នឹង​បន្ត​ធ្វើការ​ដោយ​ផ្ទាល់ ជាមួយ​សហគមន៍​ព្រៃ​ឡង់ និង​ក្រសួងបរិស្ថាន ដើម្បី​គាំទ្រ​កិច្ចពិភាក្សា​ក្នុង​គោលដៅ​រួមការ​ពារ​ព្រៃ​ឡង់។

បណ្ដាញ​សហគមន៍​ព្រៃឡង់​បន្ថែម​ថា ពួកគេ​នឿយហត់ និង​ខ្វល់ខ្វាយ​ជា​ខ្លាំង ជុំវិញ​ការ​គំរាមកំហែង​ដោយ​ហិង្សា ការ​ចាប់​ខ្លួន​ពី​អ្នក​កាប់​ឈើ​ខុសច្បាប់ និង​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ។ ពួកគេ​បាន​ឆ្លង​កាត់​គ្រោះថ្នាក់ ការ​វាយប្រហារ និង​ការ​បាត់​បង់ជីវិត​ជាដើម​។ លើស​ពី​នេះ ក្រសួង​បរិស្ថាន (MoE) ថែម​ទាំង​បាន​គំរាម​ចាប់ខ្លួន សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ប្រសិនបើ​ពួកគេ​នៅ​បន្ត​ប្រើ​រូបភាព​ផ្កាយ​រណប ដើម្បី​តាមដាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់។

ចំណែក​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា មូលហេតុ​ដែល​មិន​អនុញ្ញាត​ឱ្យ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ចុះ​ល្បាត ដោយសារ​បណ្ដាញ​នេះ ពុំ​ទាន់​ចុះបញ្ជី​ទទួលស្គាល់​តាម​ច្បាប់​នៅឡើយ​ទេ​។ លោក​អះអាង​ថា ក្រសួង​បរិស្ថាន ធ្វើ​កំណែ​ទម្រង់​កិច្ចការពារ និង​អភិរក្ស ដោយ​បង្កើន​សមត្ថភាព​មន្ត្រី បំពាក់​ឧបករណ៍​ចុះ​ល្បាត និង​បង្កើត​លិខិត​បទដ្ឋាន​គតិយុត្តិ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​។ ប៉ុន្តែ ក្រុម​អ្នកការពារ​ព្រៃឈើ និង​អង្គការ​ឃ្លាំមើល​ព្រៃឈើ​កម្ពុជា នៅតែ​លើកឡើង​ថា ព្រៃឈើ​កម្ពុជា​កំពុងតែ​ត្រូវ​បាន​កាប់​បំផ្លាញ​ខ្លាំង​ឡើងៗ។

មក​ទល់​ពេល​នេះ ក្រសួង​បរិស្ថាន​ហាមឃាត់ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ (PLCN) រយៈពេល​២​ឆ្នាំ​ហើយ មិន​ឱ្យ​ចុះ​ល្បាត​ការពារ​ព្រៃ​ឡង់​។ ប៉ុន្តែ​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ បែរជា​អាច​ចូល​ព្រៃ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​បាន​ដោយ​ងាយ​។ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ អះអាង​ថា ក្នុងពេលដែល​ក្រសួងបរិស្ថាន​បិទ​សិទ្ធិ​ពលរដ្ឋ​មិន​ល្បាត​ព្រៃ​ឡង់ ព្រៃ​អភិរក្ស​មួយ​នេះ បានក្លាយ​ជាទី​ផ្សារ​កាប់​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ជាច្រើន​ខែ​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល