សកម្មជនព្រៃឈើ ជនជាតិអាមេរិកាំងម្នាក់ដែលកំពុងជួយថែរក្សាការពារព្រៃឱ្យខ្មែរនៅក្នុងខេត្តព្រះវិហារអំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធររដ្ឋាភិបាលឱ្យចូលរួមការពារព្រៃឈើធនធានធម្មជាតិឱ្យទាន់ពេលវេលា ប្រសិនបើចង់រក្សាធនធានធម្មជាតិនៅសេសសល់ចុងក្រោយឱ្យគង់វង្ស។
ការលើកឡើងរបស់សកម្មជនព្រៃឈើនេះ ដោយសំអាងថា មកដល់ពេលនេះព្រៃឈើខ្មែរបន្តរងការបំផ្លិចបំផ្លាញមិនឈប់ឈរ ចំណែកអ្នកការពារព្រៃ រួមទាំងសហគមន៍ផងខ្វះការគាំទ្រ និងប្រឈមគ្រោះថ្នាក់កាន់តែខ្លាំង។
បុរសជនជាតិអាមេរិកាំង ដាវិស បេន យ៉ូសែប (Davis Benjamin Joseph) ដែលបានចំណាយពេលវេលាស្ទើរពាក់កណ្ដាលជីវិតមកហើយ ដើម្បីការពារព្រៃឈើខ្មែរ នៅតែខ្វល់ខ្វាយមិនចង់ឱ្យព្រៃឈើខ្មែរបាត់បង់នៅថ្ងៃខាងមុខនេះឡើយ។
លោក បេន ប្រាប់វិទ្យុអាស៊ីសេរីថា ប្រសិនបើគ្រប់ភាគីទាំងអស់មិនយកចិត្តទុកដាក់ការពារព្រៃឱ្យគង់វង្ស ឬបន្តបណ្ដែតបណ្ដោយឱ្យព្រៃឈើបន្តបាត់បង់តទៅទៀត នោះកម្ពុជា អាចនឹងអស់ពេលក្នុងការការពារព្រៃឱ្យបានគង់វង្ស៖ «សម្រាប់ប្រជាពលរដ្ឋ ឬរដ្ឋាភិបាលក៏ដោយ យើងត្រូវតែពិចារណាឱ្យច្រើនឱ្យឃើញថា ព្រៃឈើខ្មែរ ដែលនៅសល់ នៅខ្មែរនេះ យើងមានឱកាសតែមួយទេសម្រាប់ការពារ យើងអត់មានឱកាសបន្តទៀតទេ ប្រសិនបើយើងបរាជ័យសម័យនេះបច្ចុប្បន្ននេះ វាហាក់ដូចជាបរាជ័យរហូត ពីព្រោះនៅពេលព្រៃវាអស់វាពិបាកនឹងដុះឡើងវិញ វាមិនងាយនឹងដុះឡើងវិញទេ។ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ខ្លាំងទាំងអស់គ្នាពីព្រោះ បច្ចុប្បន្ននេះវាមានអ្នកចង់បំផ្លាញឡើងច្រើន ច្រើនជាងអ្នកចង់ការពារ ហើយអ្នកចង់ការពារវាតិចពេក ហើយវាអត់មានអំណាច»។
លោក បេន បញ្ជាក់ថា បើប្រៀបធៀបនឹងពេលដែលលោកចូលមកកម្ពុជាដំបូងកាលពីជិត៣០ឆ្នាំមុនព្រៃឈើ និងសត្វព្រៃខ្មែរបានថយចុះច្រើន។ លោករម្លឹកថា ព្រៃនៅកម្ពុជានៅពេលនោះល្អជាងប្រទេសជិតខាង៖ «ឆ្នាំ១៩៩២ ព្រៃឈើនៅខ្មែរល្អជាងនៅស្រុកខាងៗ ដូចវៀតណាម ដូចថៃ អត់សូវល្អប៉ុន្មានទេ ប្រៀបធៀបជាមួយខ្មែរ។ ដើមឈើធំៗមែនទែន ហើយព្រៃក៏ក្រាស់ ច្រើនហើយសត្វព្រៃក៏សំបូរមែនទែន។ ខ្ញុំជិះយន្តហោះពីបាងកក ទៅវៀតណាមឃើញព្រៃនៅខ្មែរស្ទើរទាំងអស់ គ្រប់កន្លែងមានតែបឹងទន្លេសាប និងជុំវិញបឹងទន្លេសាប ដែលឃើញមានស្រែ ខាងលិចខាងកើតព្រៃទាំងអស់»។
លោក បេន រម្លឹកថា ពេលនោះលោកបានចូលមកកម្ពុជាជាលើកដំបូងបន្ទាប់ពីបានធ្វើការឱ្យអង្គការមនុស្សធម៌នៅតាមជំរុំជាយដែនខ្មែរ-ថៃ។ ក្រោយមកលោកបានរៀបការ ហើយប្រពន្ធរបស់លោក ក៏បានមកធ្វើការនៅស្រុកខ្មែរជាមួយលោកដែរ នៅក្នុងឆ្នាំ១៩៩៧។ ពេលនោះអ្នកទាំង២ធ្វើការឱ្យអង្គការផ្នែកអភិវឌ្ឍន៍ជនបទក្នុងខេត្តកំពង់ធំ។ រហូតដល់ឆ្នាំ២០០២ ទើបគ្រួសារលោក បេន ផ្លាស់ទៅរស់នៅស្រុករវៀងក្នុងខេត្តព្រះវិហារ។
លោក បេន រម្លឹកទៀតថា ការងារនៅតាមជំរុំជនភៀសខ្លួនខ្មែរនៅតាមជាយដែនប្រទេសថៃបានជំរុញទឹកចិត្តលោកឱ្យអាណិតស្រឡាញ់ខ្មែរ។ លោកបានចំណាយពេលជិត២០ឆ្នាំ ធ្វើការងារផ្នែកមនុស្សធម៌ និងអភិវឌ្ឍន៍ជនបទ ទើបលោកងាកមកការងារការពារព្រៃឈើបន្តទៀត៖ «នៅពេលខ្ញុំធ្វើការនៅជំរុំខ្ញុំមានការអាណិតអ្នករត់ពីសង្គ្រាមទៅក្រៅប្រទេស ខ្ញុំឃើញគេវេទនាខ្លាំង ដូច្នេះខ្ញុំមានចិត្តអាណិត ចង់ជួយគេ។ ប្រសិនបើខ្ញុំមិនបានធ្វើការនៅជំរុំខ្ញុំប្រហែលអត់មានគំនិតម៉ោធ្វើការនៅខ្មែរទេ ទៅធ្វើការនៅខ្មែរ។ ប៉ុន្តែខ្ញុំធ្វើការអភិវឌ្ឍន៍ជនបទរយៈពេល២០ឆ្នាំ ខ្ញុំអត់បានគិតដល់ការអភិរក្សព្រៃឈើជាលើកដំបូងទេ តែនៅពេលខ្ញុំឃើញការខូច បញ្ហាព្រៃឈើ និងសត្វព្រៃនៅខ្មែរខ្ញុំចាប់អារម្មណ៍ ចាប់ផ្ដើមមានការសោកស្ដាយ ពីព្រោះខ្ញុំមកខ្មែរដំបូងខ្ញុំឃើញព្រៃស្អាតមែនទែនសត្វព្រៃក៏សម្បូរ។ ពេលឃើញវាខូចច្រើនខ្ញុំមានចិត្តធ្វើឱ្យអស់លទ្ធភាព ដើម្បីជួយទុកបានខ្លះ»។
ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើនៅកម្ពុជានេះអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានបញ្ជាក់ក្នុងរបាយការណ៍កាលពីខែមករាថា កម្ពុជាមានការកាប់បំផ្លាញព្រៃឈើខ្ពស់ជាងគេនៅលើពិភពលោក ក្នុងរយៈពេល ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ក្នុងនោះគម្របព្រៃឈើប្រមាណ ៦៤% បានបាត់បង់ បើគិតចាប់តាំងពីឆ្នាំ២០១១ មក។ ក្នុងនោះដែរគម្របព្រៃឈើទំហំជាង៦ពាន់ហិកតារ (៦.២៧១) ស្ថិតក្នុងដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរកា ត្រូវបានកាប់បំផ្លាញ នៅក្នុងឆ្នាំ២០២១។ ប្រភពដដែលឱ្យដឹងថា ការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធគឺជាមូលហេតុចម្បងនាំឱ្យមានការកាប់ឈើខុសច្បាប់។
និយាយពីការងារការពារព្រៃឈើ លោក បេន មើលឃើញថា បញ្ហាប្រឈមទាំងឡាយរបស់អ្នកការពារព្រៃអាចនឹងធ្វើឱ្យពួកគេបាក់ទឹកចិត្ត ប្រសិនបើរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ជ្រោមជ្រែងគាំទ្រពួកគេ៖ «អ្នកដែលចង់បំផ្លាញវាខ្លាំង គេមានអាវុធខ្លះ គេមានអំណាចខ្លះ គេសំឡុត គេគំរាមអ្នកដែលចង់ការពារ។ ខ្ញុំឃើញនៅព្រះវិហារនេះសហគមន៍ ដែលមានឆន្ទៈច្រើនទទួលការគំរាមពីបទល្មើសច្រើន ហើយធ្វើឱ្យគេពិបាកមែនទែន ពិបាករស់នៅក្នុងសហគមន៍តែម្ដង។ បើរដ្ឋាភិបាលអាចជួយសហគមន៍ ដែលមានឆន្ទៈ ជួយគេច្រើនគេអត់មានអាវុធ អត់មានអំណាចអ្វីទាំងអស់»។
គ្រួសារលោក បេន ដែលមានសមាជិក ៤នាក់បានសង់ផ្ទះឈើរស់នៅក្នុងព្រៃអភិរក្ស ដែលលោកបង្កើតនោះកាលពីឆ្នាំ២០១៥។ ក្រៅពីការពារព្រៃ និងសត្វព្រៃ ប្រពន្ធលោក បេន អ្នកស្រី ដាវិស សារិន ប៉ាទ្រីស្យា (Davis Sharyn Patricia) បានរៀបចំទីនោះជាកន្លែងទទួលភ្ញៀវទេសចរណ៍ ដែលចង់ទៅមើលព្រៃ សត្វព្រៃ និងជិះរ៉កជាដើម។
យុវជនដែលធ្លាប់ចូលរួមល្បាតព្រៃ ជាមួយលោក បេន លោក អូត ឡាទីន ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា គ្រួសារនេះតស៊ូការពារព្រៃខ្មែរទាំងមិនហ៊ានទៅណាឆ្ងាយពីព្រៃដោយបារម្ភថាពីការកាប់បំផ្លាញព្រៃ និងសម្លាប់សត្វព្រៃ៖ «បើសិនជាបេននៅផ្ទាល់ ជនល្មើសទាំងអស់ហ្នឹងគឺភាគច្រើនគឺមិនហ៊ានចូលទៅទេ។ គាត់ម៉ឺងម៉ាត់នៅក្នុងការការពារ បើសិនជាគាត់ឃើញ គាត់ជួប គឺគាត់ចាប់បញ្ជូន»។
មិនខុសគ្នានេះទេ លោក បេន អះអាងថា គ្រួសារលោកមិនបានចេញទៅណាឆ្ងាយពីព្រៃក្នុងខេត្តព្រះវិហារនេះរយៈពេល៧ឆ្នាំមកហើយ។ លោកថាលោកក៏មានការនឹករឮកដល់ក្រុមគ្រួសារនៅសហរដ្ឋអាមេរិក ដែលមិនបានជួបគ្នាជិតមួយទសវត្សរ៍មកហើយ។
កាលពីដើមឆ្នាំ២០២២នេះ ព្រះមហាក្សត្របានត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ដល់គ្រួសារសកម្មជនការពារព្រៃឈើមួយនេះ។ គ្រួសារលោកបេនចាត់ទុករឿងនេះថា ជាការលើកទឹកចិត្តឱ្យពួកគេបន្តការងារការពារព្រៃឈើខ្មែរតទៅទៀត។
មន្ត្រីក្រសួងបរិស្ថានហៅការផ្ដល់សញ្ជាតិខ្មែរដល់គ្រួសារ លោក បេន គឺជាការទទួលស្គាល់វីរភាពនៃអ្នកស្រឡាញ់ និងការពារបរិស្ថានពិតប្រាកដ។
ការទទួលបានសញ្ជាតិខ្មែរនេះ បង្ហាញថា គ្រួសារលោក បេន បានឱកាសគាប់ប្រសើជាងជនបរទេសមួយចំនួនទៀត ដែលលះបង់ពេលវេលាកម្លាំងកាយចិត្តជួយសង្គមកម្ពុជាដែរ។ ក្នុងនោះអ្នកការពារបរិស្ថានជនជាតិអេស្ប៉ាញម្នាក់ត្រូវអាជ្ញាធរបណ្ដេញចេញ និងហាមមិនឱ្យចូលកម្ពុជា ព្រមទាំងជាប់ចោទពីបទព្រហ្មទណ្ឌ។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសិន ( Alejandro Gonzalez Davidson) ហៅកាត់ថា អាឡិច សោកស្ដាយ ដែលលោកមិនបានទទួលយុត្តិធម៌ដូចគ្រួសាររបស់លោក បេន។ តែទោះជាយ៉ាងណា លោក អាឡិច ទទួលស្គាល់ថា វិធីសាស្ត្រ ដែលលោក បេន អនុវត្តជាវិធីសាស្ត្រត្រជាក់ជាងក្រុមរបស់លោក៖ «ខ្ញុំអន់ចិត្តផង ដែលរដ្ឋាភិបាលខ្មែរលាបពណ៌ខ្ញុំថាជនក្បត់ជាតិផង ឬក៏រួមគំនិតក្បត់ផង ភេរវករ មេបដិវត្តពណ៌ ផ្ដន្ទាទោសដាក់ខ្ញុំទៅក្នុងពន្ធនាគារ។ ទន្ទឹមនឹងអន់ចិត្តហ្នឹងខ្ញុំក៏អត់មានអីភ្ញាក់ផ្អើលទេពីព្រោះអី លោកបេន គាត់ការពារព្រៃឈើវិធីសាស្ត្រ ដែលគាត់ធ្វើគឺតាមបែបមិនប្រឆាំង ឬមិនលាតត្រដាងដល់ឧក្រិដ្ឋព្រៃឈើរបស់អ្នកមានអំណាចធំៗទេ គាត់ធ្វើជាលក្ខណៈអប់រំ ឬលក្ខណៈអេកូទេសចរណ៍។ ប៉ុន្តែអ្វីដែលខ្ញុំបានធ្វើហ្នឹងគឺខ្ញុំមិនមែនប្រឆាំងជាមួយរដ្ឋាភិបាលទេ ខ្ញុំប្រឆាំងជាមួយឧក្រិដ្ឋកម្មបំផ្លាញធនធានធម្មជាតិរបស់រដ្ឋាភិបាល»។
លោក អាឡិច ទទួលស្គាល់ថា លោក បេន ពិតជាបានតស៊ូការពារព្រៃខ្មែរប្រាកដមែន ប៉ុន្តែលោកបារម្ភថា ទៅថ្ងៃមុខក្រុមអ្នកហ៊ានលាតត្រដាងឧក្រិដ្ឋកម្មព្រៃឈើនឹងមានកាន់តែតិចទៅៗ ដោយសារការងាររបស់ពួកគេមិនត្រូវមើលឃើញ ឬបន្តរងការធ្វើទុក្ខបុកម្នេញ។
ទាក់ទងនឹងការគាំពារការងារការពារដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក លោក បេន អះអាងថាក្រសួងបរិស្ថានផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ និងថវិកាមួយចំនួនទៀតពីគម្រោងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ USAID។
តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតនៅខេត្តព្រះវិហារ និងខេត្តសៀមរាប មានទំហំផ្ទៃដីសរុបជាង ៤ម៉ឺនហិកតារ (៤២.០៩៧) ក្នុងនោះលោក បេន បានការអនុញ្ញាតពីក្រសួងបរិស្ថានគ្រប់គ្រង និងអភិរក្សលើផ្ទៃដីជាង ៧ពាន់ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។