ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​បារម្ភ​ថា​សត្វ​ខ្សឹប​ផុត​ពូជ​នៅ​ពេល​ខ្លី​ខាង​មុខ

0:00 / 0:00

ក្រុម​អ្នក​អភិរក្ស និង​ស្រាវជ្រាវ​ផ្នែក​សត្វព្រៃ​បារម្ភ​ថា សត្វ​ខ្សឹប ឬ​ក្ងោក​ទេព ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ទ្រមាក់​អណ្ដើក ដែល​ជា​សត្វ​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក អាច​នឹង​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

ការ​បារម្ភ​នេះ​បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ចំនួន​ពីរ​នៅ​ចក្រភព​អង់គ្លេស និង​ក្រុម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ បាន​រក​ឃើញ​ថា សត្វ​កម្រ​មួយ​ប្រភេទ​នេះ កំពុង​រងគ្រោះ​ដោយសារ​សកម្មភាព​ចិញ្ចឹម​ជីវិត​របស់​ប្រជា​សហគមន៍។

ការ​បរបាញ់​សត្វ​ស្លាប​នៅ​តាម​តំបន់​វាលស្មៅ និង​ការ​ធ្វើ​ស្រែប្រាំង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ រួម​នឹង​ការ​ប្រើប្រាស់​ជី​គីមី​នៅ​ទីជម្រក​របស់​សត្វ​ខ្សឹប​ដែល​រស់​នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​ទំនាប​ខាង​ជើង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប គឺ​ជា​កត្តា​គំរាមកំហែង​ដល់​ការ​រស់​នៅ​របស់​សត្វ​ខ្សឹប និង​ការ​បង្ក​កំណើត​របស់​វា។

អ្នកដឹកនាំ​ការស្រាវជ្រាវ​ម្នាក់ គឺ​កញ្ញា ហារៀត អ៊ីបប៊ែត (Harriet Ibbett) ថ្លែង​ថា តាម​ការ​ប៉ាន់​ស្មាន​ស្រែ​រដូវ​ប្រាំង​ប្រមាណ ២០​ភាគរយ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​ពង​កូន​របស់​សត្វ​ខ្សឹប។ ម្យ៉ាង​ទៀត ការ​ពន្យារ​ពេល​ប្រមូល​ផល​ស្រូវ ក៏​ជា​កត្តា​ដែល​កាត់​បន្ថយ​រយៈពេល​ពង​កូន​របស់​សត្វ​ខ្សឹប​ផង​ដែរ។

សៀវភៅ​ស្ដីពី “សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា” បញ្ជាក់​ថា សត្វ​ខ្សឹប​ច្រើន​រស់​នៅ​តំបន់​វាលស្មៅ វាលស្រែ​ស្រូវ​ឡើង​ទឹក ដែល​ភាគ​ច្រើន​ឃើញ​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប ជាដើម។ សត្វ​ប្រភេទ​នេះ​ច្រើន​បន្ត​ពូជ​អំឡុង​ខែ​មីនា ដល់​ខែ​សីហា។ ក្នុង​មួយ​រដូវ​សត្វ​ប្រភេទ​នេះ​មាន​ពង​តែ​ពីរ​ប៉ុណ្ណោះ។

អង្គការ International Union for Conservation of Nature (IUCN) បាន​ដាក់​បញ្ចូល​សត្វ​ខ្សឹប ឬ​ក្ងោក​ទេព​នេះ​ទៅ​ក្នុង​ប្រភេទ​សត្វ​រងគ្រោះ​បំផុត​ជិត​ផុត​ពូជ ខណៈ​ចំនួន​របស់​វា​មាន​តិច​ជាង ៨០០​ក្បាល នៅ​លើ​ពិភពលោក ហើយ​វត្តមាន​សត្វ​ជិត​ផុត​ពូជ​មួយ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កាល​ពី​ឆ្នាំ​២០១២ គេ​រក​ឃើញ​ថា មាន​សត្វ​ខ្សឹប​នេះ​ជាង ៤០០​ក្បាល។

ការ​សិក្សា​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ថា ប្រជា​សហគមន៍​មួយ​ចំនួន​តែង​បរបាញ់​សត្វ​ស្លាប​នៅ​តាម​តំបន់​វាលស្មៅ ដែល​ជា​ការ​គំរាមកំហែង​ខ្លាំង​ដល់​ការ​រស់​នៅ​របស់​សត្វ​ខ្សឹប។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ កញ្ញា ហារៀត អ៊ីបប៊ែត យល់​ថា ដើម្បី​អភិរក្ស​សត្វ​ខ្សឹប​នេះ​បាន​លុះ​ត្រា​កាត់​បន្ថយ​ការ​ធ្វើ​ស្រែប្រាំង​មក​នៅ​ត្រឹម​ម្ដង​ក្នុង​មួយ​ឆ្នាំ និង​រក្សាទុក​វាលស្មៅ​ខ្ពស់ៗ​ដែល​ដុះ​ក្នុង ឬ​ជុំវិញ​ប្រភព​ទឹក​ដើម្បី​ផ្ដល់​ទី​សម្រាប់​សត្វ​ខ្សឹប​ពង​កូន។

ស្រដៀង​គ្នា​នេះ​ដែរ មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ លោក អេង ម៉េងអ៊ី ឱ្យ​អាស៊ីសេរី ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​មិថុនា នេះ​ថា អង្គការ​របស់​លោក​នឹង​ធ្វើ​ការ​អប់រំ ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ និង​ធ្វើ​ការ​ជាមួយ​ស្ថាប័នរដ្ឋ​ដើម្បី​ពង្រឹង​ការ​ការពារ​នៅ​តំបន់​ការពារ៖ «យើង​កំពុងតែ​បង្កើត​កម្មវិធី​រៀបចំ​ជីវិត យើង​មាន​ជា​គម្រោង​ស្រូវ​ជួយ​ពួកគាត់ ដោយ​យើង​ឱ្យ​គាត់​ដាំ​ស្រូវ​យើង​ផ្ដល់​ជា​បច្ចេកទេស យើង​ផ្ដល់​ជា​គ្រាប់​ពូជ ហើយ​យើង​ធ្វើ​ម៉េច​ឱ្យ​គាត់​ជួយ​កុំ​អោយ​បរបាញ់​សត្វព្រៃ ឱ្យ​គាត់​ជួយ​ថែរក្សា​មិន​ឱ្យ​ប្រើប្រាស់​ថ្នាំ​គីមី​អី​ជាដើម»

ទោះ​យ៉ាង​ណា​ក៏ដោយ លោក អេង ម៉េងអ៊ី ក៏​បាន​អំពាវនាវ​ដល់​សហគមន៍​ដែល​តែងតែ​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​សត្វ​ជិត​ផុត​ពូជ​មួយ​នេះ ឱ្យ​ងាក​មក​ចូលរួម​ជាមួយ​អង្គការ និង​ក្រសួង​បរិស្ថាន​ដើម្បី​អភិរក្ស​ប្រភេទ​សត្វ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។