សង្គម​ស៊ីវិល​រិះគន់​ការ​ចាប់​យុវជន​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​កោះកុង

ដោយ អ៊ុំ រង្សី
2015-06-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​៣នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៥។
សកម្មជន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​៣នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Um Raingsy

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស បាន​រិះគន់​កងកម្លាំង​សមត្ថកិច្ច​ដែល​បាន​ចាប់​ខ្លួន​ក្រុម​យុវជន ៣​នាក់ របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ ខណៈ​ពួកគេ​ចេញ​មុខ​តវ៉ា​ជំរុញ​ឲ្យ​រដ្ឋសភា​បញ្ឈប់ និង​ប្រឆាំង​សកម្មភាព​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៥។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​រិះគន់​ថា ការ​ចាប់​ខ្លួន​ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល ជា​ការ​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ និង​ជា​រឿង​ខុស​ច្បាប់។

ការ​រិះគន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ខណ្ឌ​ចំការមន ប្រមាណ​ជិត ១០០​នាក់ បាន​ចាប់​ខ្លួន​យុវជន ៣​នាក់ ជា​សមាជិក​ចលនា​អង្គការ​មាតា​ធម្មជាតិ មាន​ឈ្មោះ សន ចាន់ដារ៉ា ឌឹម គុណឌី និង ចេក នីត្រា ព្រមទាំង​មន្ត្រី​ព័ត៌មាន​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ម្នាក់​ទៀត គឺ​លោក ឌិត សុធី ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ចុះ​ឃ្លាំមើល​ការ​តវ៉ា​ប្រឆាំង​សកម្មភាព​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង របស់​ក្រុម​យុវជន។

ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​ក្រុម​យុវជន​សមាជិក​ចលនា​អង្គការ​មាតា​ធម្មជាតិ​នេះ មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ដែល​បាន​ចុះ​ឃ្លាំមើល​សកម្មភាព​តវ៉ា​នៅ​កន្លែង​កើត​ហេតុ​ផ្ទាល់ លោក យី សុខសាន្ត ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​ក្រុម​យុវជន​ដែល​គ្រាន់តែ​តវ៉ា​ទាមទារ​ដើម្បី​ការពារ​បរិស្ថាន​នៅ​កម្ពុជា គឺ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​របស់​យុវជន។

លោក យី សុខសាន្ត បន្ត​ថា នៅ​ពេល​យុវជន​កម្ពុជា មាន​សកម្មភាព​ផុសផុល​ការពារ​ផលប្រយោជន៍​បរិស្ថាន រដ្ឋាភិបាល​ក៏​ដូចជា​សមត្ថកិច្ច គួរ​តែ​យក​ចិត្ត​ទុក​រក្សា​សណ្ដាប់ធ្នាប់ និង​ជួយ​សម្រួល​ដល់​សកម្មភាព​យុវជន៖ «ខ្ញុំ​យល់​ថា នេះ​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ ព្រោះ​ក្រុម​និស្សិត​ទាំង​អស់​នោះ គាត់​បាន​យក​ញត្តិ​ទៅ​ដាក់​មាន​គោលដៅ​ត្រឹមត្រូវ ដោយ​យក​ទៅ​ដាក់​នៅ​រដ្ឋ​សភា អ៊ីចឹង​ការ​រារាំង ឬ​ការ​ចាប់​ខ្លួន​ណា​មួយ​គឺ​ជា​រំលោភ​សិទ្ធិ​មនុស្ស»

​សមាគម​សិទ្ធិមនុស្ស​អាដហុក បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​សមត្ថកិច្ច​ដែល​បាន​ចាប់​ខ្លួន​ក្រុម​យុវជន និង​មន្ត្រី​ព័ត៌មាន​របស់​សមាគម​អាដហុក នៅ​ពេល​នេះ ថា​គឺ​ជា​រឿង​ខុស​ច្បាប់ និង​បាន​ដាក់​ការ​សង្ស័យ​ថា សកម្មភាព​របស់​ក្រុម​សមត្ថកិច្ច​នៅ​ពេល​នេះ គឺ​មាន​ចេតនា​រារាំង​ដល់​សកម្មភាព​របស់​សង្គម​ស៊ីវិល ព្រះសង្ឃ និង​សហជីព ដែល​គ្រោង​ធ្វើ​យុទ្ធនាការ​បញ្ឈប់​ការ​អនុម័ត​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង់​អង្គការ សមាគម និង​សហជីព ដែល​មាន​អ្នក​ចូល​រួម​ជាង ៥០០​នាក់ ខាង​មុខ​រដ្ឋ​សភា ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ខាង​មុខ​នេះ។

​ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ អភិបាលរង​ខណ្ឌ​ចំការមន លោក ជ គឹមស៊ អះអាង​ថា វិធានការ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច គឺ​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ ម្យ៉ាង​ទៀត​ដោយសារ​ក្រុម​យុវជន​ទាំង​នោះ​មិន​បាន​ជូន​ដំណឹង​ទៅ​ខណ្ឌ​ជា​មុន។

​ទោះ​ជា​យ៉ាង​ណា នៅ​ម៉ោង​ជាង ១១​ព្រឹក សមត្ថកិច្ច​ខណ្ឌ​ចំការមន បាន​ដោះលែង​ក្រុម​យុវជន​ទាំង​នោះ​វិញ ក្រោយ​ពី​មាន​ការ​ផ្ដិត​មេដៃ​លើ​កិច្ច​សន្យា​ថា មុន​ពេល​ដាក់​ញត្តិ ត្រូវ​សុំ​ការ​អនុញ្ញាត និង​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ជា​មុន​សិន។

​យ៉ាង​ណា​ក៏ដោយ ក្រុម​យុវជន​នៃ​ចលនា​អង្គការ​មាតា​ធម្មជាតិ ចាត់​ទុក​ថា ការ​រារាំង​របស់​ក្រុម​សមត្ថកិច្ច មិន​សម​ហេតុផល ហើយ​យុវជន​ទាំង​នោះ​នឹង​បន្ត​សកម្មភាព​តវ៉ា​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​បូម​ខ្សាច់ International Rainbow Co., Ltd. នៅ​ក្នុង​ខេត្ត​កោះកុង បន្ត​ទៀត ព្រោះ​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​អាជីវកម្ម​ខ្សាច់​ជា​ច្រើន​ឆ្នាំ ធ្វើ​ឲ្យ​ប៉ះពាល់​ធនធាន​ធម្មជាតិ និង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ​នៅ​ក្នុង​ខេត្ត​កោះកុង៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ខ្មែរនៅទើសមុខទើសមាត់ លេងឲ្យអស់ នៅស៊ីអំណាចតែឯងបានស្រួល។

Jun 26, 2015 06:58 AM

ជាតិ ខេមរៈ

ពី ភ្នំពេញ

ខ្ញុំគាំទ្រនូវភាពក្លាហានរបស់ប្អូនទាំងបី។លុយហូរចូលទៅបក្សពួក ដែលបានពីឧស្សាហកម្ម​គ្មានផ្សែងពីការកាប់ឈើ ជីករ៉ែ គឺច្រើន
ណាស់ អ្វីដែលហិនហោចគឺជាតិ អ្នកដែលកាន់តែក្រគឺរាស្រ្ត។
ប្អូនៗគឺជាទំពាំងដ៍ល្អ សំរាប់ស្នងឬស្សីដែលកំពុងមានជំងឺ៕

Jun 25, 2015 10:39 PM

អ្នក​អាន​អនាមិក

ត្រឹមត្រូវហើយ ចាត់ការទៅលោក ស្អីឯងមកអាងយ៉ាងអី ទឹកដីអ្នក​ឯង​ខំរុំដោះបានអី សម្តេចលោកខំពលីសាច់ស្រោះឈាមស្រោះ ជា​ពិសេសលោកយួនៗខំបាញ់សម្លាប់ពួកខ្មែរក្រហមអស់ម៉ាកាន ទម្រាំ​បានកាន់កាប់ ឯងមកចេះដឹងអី គាត់ចង់ធ្វើអីស្រេច​លើគាត់ទឹកដី​របស់គាត់ ហើយអាព្រៃអស់ហ្នឹងស៊ីកើតអី ឈូសឆាយកាប់លក់​យក​លុយមកអភិវឌ្ឍន៌ មកធ្វើផ្លូវ មកទិញឡានទំនើបជិះវិញ​ស្រួល​ជា​ង​ យកល្អចាត់ការទាំងអស់ទៅទើបរដ្ឋស្រួលធ្វើការបានយ៉ាងរអិលផង។

Jun 25, 2015 12:32 AM

គេហទំព័រ​ទាំងមូល