ពលរដ្ឋ​ស្នើ​សុំ​អាជ្ញាធរ​​បង្វិល​​ម៉ូតូ​ឡាន​ចាប់​បាន​​ពី​ការ​ដឹក​ឈើ​ ទៅ​ឲ្យ​សាលា​ឃុំ និង​មណ្ឌល​សុខភាព​ឃុំ​ប្រើ​ប្រាស់​វិញ

0:00 / 0:00

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច សកម្មជន​ព្រៃ​ឈើ និង​សង្គម​ស៊ីវិល​ យល់​ថា អាជ្ញាធរ​គួរ​ឈប់​ដុត​បំផ្លាញ​​ម៉ូតូ​ ឡាន ដែល​ចាប់​បាន​ពី​ការ​​ដឹក​ឈើ​ ហើយ​បង្វិល​ឲ្យ​សាលា​ឃុំ និង​មណ្ឌល​សុខភាព​ឃុំ​ ប្រើ​ប្រាស់​វិញ ទើប​ជា​ការ​ល្អ។ សកម្មជន​ព្រៃ​ឈើ និង​មន្ត្រី​បក្ស​ប្រឆាំង​ ថា ការ​ដុត​បំផ្លាញ​បែប​នេះ ​ជា​ការ​បំផ្លាញ​សេដ្ឋកិច្ច​ជាតិ ខណៈ​ សាលា​ឃុំ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ និង​មណ្ឌល​សុខភាព​ឃុំ នៅ​ខ្វះ​ធនធាន​ច្រើន​ណាស់។

ពលរដ្ឋ និង​ក្រុម​អ្នក​ស្រលាញ់​បរិស្ថាន ស្នើ​សុំ​ឲ្យ​កង​រាជ​អាវុធ​ហត្ថ​ ឈប់​ដុត​ឡាន ម៉ូតូ ដែល​​ចាប់​បាន​ពី​ការ​ដឹក​ឈើ​ចោល​ទៀត ព្រោះ​ការ​ធ្វើ​បែប​នេះ ជា​ការ​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ចោល។ ពួក​គេ​ចង់​​ឲ្យ​អាជ្ញាធរ​ បង្វែរ​ម៉ូតូ​ឡាន ​ទាំង​នោះ ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ ហើយ​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ ប្រើប្រាស់​ជា​ប្រយោជន៍​​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​វិញ។

ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ភាគ​ឦសាន​ម្នាក់ លោក ក្រើង តុលា ប្រាប់​ថា តាម​នៅ​តំបន់​ដាច់​ស្រយាល​ខ្វះ​ឡាន​ ម៉ូតូ​ សម្រាប់​ដឹក​អ្នក​ជំងឺ​មក​មន្ទីរ​ពេទ្យ​ខ្លាំង​ណាស់។ លោក​យល់​ថា រដ្ឋាភិបាល​គួរ​បង្វែរ​ឡាន​ ម៉ូតូ ដែល​ចាប់​បាន​ពី​ឈ្មួញ​យក​ទៅ​ឲ្យ​មណ្ឌល​​សុខភាព​ឃុំ ឬ​ស្រុក​ប្រើប្រាស់ ទើប​ជា​ប្រយោជន៍។ ជនជាតិ​ដើម​ភាគ​តិច​រូប​នេះ​ថា ការ​ដុត​ឡាន និង​ម៉ូតូ​ ចោល​បែប​នេះ គ្រាន់​ជា​រូបភាព​​កំញើញ​​ឈ្មួញ​តូចៗ និង​បង្អួត​ប្រាប់​ពលរដ្ឋ​ឲ្យ​យល់​ថា អាជ្ញាធរ​ខិតខំ​បង្ក្រាប​ឈើ តែ​ការពិត ​បើ​គ្រាន់​តែ​ដុត​ឡាន ម៉ូតូ ហើយ​គ្មាន​ចាប់​បាន​មេ​ក្លោង​ជួញ​ឈើ គឺ​គ្មាន​ប្រយោជន៍​ទេ៖ « ខ្ញុំ​គិត​ថា បើ​សិន​ជា​អាច​ យើង​យក​របស់​ទាំង​ហ្នឹង​ យើង​គ្រាន់​តែ​កែ​ច្នៃ​បន្តិច​បន្តួច​ ហើយ​យើង​យក​ទៅ​កែច្នៃ ដូចជា​យក​​សម្ភារៈ​ទាំង​ហ្នឹង​ គឺ​ដាក់​នៅ​តាម​ភូមិ​ឃុំ​មួយ​ៗ គឺ​ដើម្បី​ដឹក​សម្ភារៈ​ផ្សេងៗ​ ដូចជា​ដំឡូង ចេក របស់​រួម អា​ហ្នឹង​ប្រសើរ​ជាង​ដុត​អ៊ីចឹង។ បើ​កាល​ណា​​ដុត​ចោល​អ៊ីចឹង​ ដូច​ខ្ញុំ​ថា ខឹង​គោ​វាយ​រទេះ។ អា​ហ្នឹង​វា​ទៅ​មិន​រួច​ទេ ឈ្លោះ​គ្នា​ប្ដី​ប្រពន្ធ​ទៅ​ដុត​ផ្ទះ។ វា​ទៅ​ឯ​ណា វា​ទៅ​នៅ​ឯ​ណា

ចំណែក​សកម្មជន​​ការពារ​ព្រៃ​ឈើ លោក ហេង ស្រស់ គាំទ្រ​ឲ្យ​មាន​ការ​ដុត​បំផ្លាញ​ឡាន​ដឹក​ឈើ ប្រភេទ​ធំ ធ្វើ​ឲ្យ​វិនាស​ព្រៃ និង​ខូច​ផ្លូវ ដូច​ជា​ រថយន្ត​ប៉ាកុងជាដើម។ ប៉ុន្តែ ​លោក​ថា ឡាន​ប្រភេទ ស៊ាំយ៉ុង (Ssangyong) ឬ តួរីស​ ១២​កៅអី ឬ​ឡាន​​ ​​​ផ្សេង​ទៀត រួម​ទាំង​ម៉ូតូ ដែល​ចាប់​បាន​ពី​ការ​ដឹក​ឈើ គួរ​ទុក​​យក​ទៅ​ប្រើប្រាស់​វិញ ជា​ជាង​ដុត​បំផ្លាញ​ចោល៖ « កត្តា​សំខាន់​មួយ​ចំនួន​នៅ​តាម​ភូមិ តាម​ឃុំ​មាន​ការ​ខ្វះ​ខាត។ ប៉ុន្តែ​សម្រាប់​យើង​​ជា​សកម្មជន​ព្រៃ​ឈើ យើង​ស៊ើប​អង្កេត​កន្លង​មក​ គឺ​យើង​មើល​ឃើញ​ថា រាល់​ការ​ដែល​រឹប​អូស​របស់​ គណៈ​កម្មការ​ ( ) រាល់​ដែល​ការ​រឹប​អូស​របស់​មន្ត្រី​ជំនាញ​​ហ្នឹង គឺ​ត្រូវ​បាន​ដោះលែង​ ដោយសារ​ទទួល​បាន​សំណូក​ពី​ក្រុម​​​ឧក្រិដ្ឋ​ជន​កន្លង​មក​។ ថ្មីៗ​នេះ យើង​មិន​ទាន់​ដឹង​ថា តើ​រថយន្ត​ដែល​ចាប់​បាន​​ហើយ​ដុត ជា​អ្វី​ទេ ? ប៉ុន្តែ​ប្រសិន​បើ​យើង​មើល​ពី​សកម្មជន​ដុត​ហ្នឹង រថយន្ត​ខ្លះ មិន​គួរ​ទុក​ទេ យើង​គួរ​ទុក​រថយន្ត​ណា ដែល​គួរ​ទុក »

មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ប្រធាន​គណៈ​កម្ម​ការ​ជាតិ​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ លោក សៅ សុខា បាន​បញ្ជា​ឲ្យ​មន្ត្រី​ប៉េអិម ចាប់​ដុត​ឡាន និង​ម៉ូតូ ដឹក​ឈើ​ នៅ​នឹង​កន្លែង​បង្ក្រាប​ចោល​ ដើម្បី​ព្រមាន និង​ធ្វើ​ឲ្យ​រាង​ចាល​។ ការ​ចេញ​បទ​បញ្ជា​ថ្មី​នេះ ក្រោយ​ពេល គណៈ​កម្មការ​នេះ បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ នៅ​ទូ​ទាំង​ប្រទេស។

កាល​ពី​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ដំបូង ក្នុង​កំឡុង​ឆ្នាំ២០១៦ គណៈកម្មការ​នេះ បាន​ចាប់​​​ឈើ​ កំណាត់​ៗ ដុត​ចោល​ ជា​បន្ត​បន្ទាប់។ ក្រោយ​រក​ការ​រិះគន់​ថា ដុត​ឈើ​ចោល​ច្រើន​ពាន់​ម៉ែត្រ​គីប​ គណៈ​កម្មការ​នេះ បាន​ស្ងប់ស្ងាត់​ការ​បង្ក្រាប​វិញ ច្រើន​ឆ្នាំ និង​ទើប​កម្រើក​ការ​បង្ក្រាប​​វិញ​នៅ​ពេល​ថ្មីៗ ខណៈ​ លោក សៅ សុខា ប្រកាស​សុំ​ដាក់​ជីវិត​ដូច​ លោក ហ៊ុន សែន ដែរ ដើម្បី​ការពារ​ព្រៃ​ឈើ​។

ជំទប់​ទី២​ ជាប់​ឆ្នោត​នៅ​ឃុំ​ក្ដី​ដូង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ លោក ជូ ភី ឲ្យ​ដឹង​ថា នៅ​តាម​សាលា​ឃុំ និង​មណ្ឌល​សុខភាព​ឃុំ​ ខ្វះ​ធនធាន​ច្រើន​ណាស់។ លោក​ថា រដ្ឋាភិបាល​គួរ​យក​​ឡាន និង​ម៉ូតូ​ទាំង​នោះ ឲ្យ​​​ទៅ​មណ្ឌល​សុខភាព​ និង​មន្ត្រី​រាជការ​ក្រីក្រ ជាជាង​យក​ទៅ​ដុត​ចោល​។

លោក ជូ ភី ​​ថា មន្ត្រី​រាជការ​​​ គ្រូ​បង្រៀន គ្រូ​ពេទ្យ មន្ត្រី​សាលា​ឃុំ​ខ្លះ គ្មាន​ម៉ូតូ​ជិះ​ទៅ​ធ្វើការ​ទេ។ អ្នក​ខ្លះ ជិះ​កង់​ទេ ទៅ​ធ្វើការ​។ ដូច្នេះ​គួរ​យក​ម៉ូតូ ទាំង​ឲ្យ​ឲ្យ​មន្ត្រី​ជិះ​ទៅ​ធ្វើការ​ ល្អ​ជាង​ដុត​កម្ទេច។ ជំទប់​​ជាប់​ឆ្នោត​រូប​នេះ យល់​ថា ការ​ដុត​កម្ទេច​ ឡាន ម៉ូតូ និង​ឈើ ដែល​ចាប់​បាន​ ជា​ទង្វើ​ខុស​ឆ្គង និង​បំផ្លាញ​សេដ្ឋកិច្ច​ជាតិ​ខ្លួន​ឯង៖ « ខ្ញុំ​ធ្លាប់​ធ្វើការ​នៅ​ឃុំ អាច​មើល​មន្ត្រី​ឃុំ​ណា​ ដែល​គាត់​អត់ ( ក្រីក្រ ) ។ អាច​ដាក់​នៅ​ក្នុង​ប៉ុស្ដិ៍​រដ្ឋបាល​នៅ​ក្នុង​ឃុំ​ហ្នឹង​។ រក​វិធី​ដោះស្រាយ​ ដើម្បី​យក​សម្ភារៈ​ហ្នឹង​ជួស​ជុល​ ជា​ប្រយោជន៍​សង្គម។ យក​ទៅ​បំផ្លាញ​ចោល​អ៊ីចឹង វា​ហាក់​បី​ដូចជា​ខ្មាស​គេ​។ ខ្មាស​គេ​ទូទាំង​ពិភពលោក។ ប្រទេស​គេ​ជឿនលឿន ទូទាំង​ពិភពលោក គេ​មិន​ដែល​ធ្វើ​អ៊ីចឹង​ទេ។ ប្រសិន​ជា​ខឹង​ដៃ​កាត់​ដៃ​ចោល មុត​បន្លា​តិច​ គាត់​កាត់​ចោល​អ៊ីចឹង បាន​ន័យ​ថា គាត់​ពិការ​បាត់​ហើយ អាក្រក់​មើល​បាត់​ហើយ »

កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​(GRK News) បាន​បង្ហាញ​របាយការណ៍​លើ​បណ្ដាញ​​​ហ្វេសប៊ុក​ (facebook)​របស់​ខ្លួន​ថា ​​រយៈ​ពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី២១ កក្កដា កម្លាំង​ជំនាញ​របស់​គណៈ​កម្មការ​ជាតិ​​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ដុត​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​ចំនួន​ ១៨​គ្រឿង​ រឹប​អូស​ឈើ​ប្រណីត​ប្រមាណ​ជាង ២ពាន់ កំណាត់ ឬ​ដុំ​ ព្រមទាំង​រឹបអូស​គោយន្ត​កន្ត្រៃ​ចំនួន ៧គ្រឿង ​និង​ត្រាក់ទ័រ ​១គ្រឿង​ ខណៈ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៦នាក់។

អាស៊ី​សេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នក​នាំ​ពាក្យ​គណៈ​កម្មការ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ លោក អេង ហ៊ី បាន​ទេ នៅ​ថ្ងៃ​ទី២៣ កក្កដា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។

តែ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ លោក អេង ហ៊ី ប្រាប់​​កាសែត​ក្នុង​ស្រុក (Phnom Penh Post) ថា ​រថយន្ត ​ដែល​ត្រូវ​ដុត​បំផ្លាញ​ចោល​ ជា​ប្រភេទ​រថ​យន្ត​ប៉ា​កុង ​និង​រថ​យន្ត​កែ​ច្នៃ​ចំនួន​ ១១គ្រឿង និង​ម៉ូតូ​កែ​ច្នៃ​ចំនួន​ ១គ្រឿង ឯ​រថយន្ត​ចំនួន ៤គ្រឿង គ្មាន​ការ​កែច្នៃ​ត្រូវ​បាន​ប្រ​គល់​ជូន​រដ្ឋបាល​ព្រៃ​ឈើ​រក្សា​ទុក៕

(រថយន្ត​ដឹក​ឈើ ដែល​អាជ្ញាធរ​រក​ឃើញ​ក្នុង​ព្រៃ​ នៅ​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៩)

(រថយន្ត​ដឹក​ឈើ ត្រូវ​បាន​អាជ្ញាធរ​ដុត​ចោល នៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅ​ថ្ងៃ​ទី៩ ខែកក្កដា ឆ្នាំ២០១៩)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។