អាជ្ញាធរធនធានទឹកប្រកាសថា ជំនន់ទឹកភ្លៀងបានជន់លិចភូមិឋានរបស់ពលរដ្ឋជាថ្មីទៀត នៅស្រុក៣ គឺស្រុកអូរជុំ ស្រុកលំផាត់ និងក្រុងបានលុង នៃខេត្តរតនគិរី។
ការជន់លិចនេះ គឺបណ្ដាលមកពីធ្លាក់ភ្លៀង ៥ម៉ោងជាប់គ្នា នៅយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ សីហា។ ភ្លៀងបានធ្លាក់តាំងពីម៉ោង ១២យប់ ដល់ម៉ោង ៥ព្រឹក ថ្ងៃទី២៩ សីហា បណ្ដាលឱ្យលិចលង់ភូមិឋាន និងអូរមួយចំនួន។ មិនមានមនុស្សស្លាប់ ឬរងរបួសពីជំនន់ទឹកភ្លៀងនៅស្រុកទាំង ៣នេះទេ តែងាប់គោ ៣ក្បាល។ ក្រៅពីនេះ ប្រព័ន្ធធារាសាស្ត្រមួយ ដែលជាប្រឡាយបង្ហូរទឹកល្បាំង ស្ថិតនៅឃុំល្បាំង១ ស្រុកលំផាត់ ក៏រងការប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះដែរ។ គិតត្រឹមម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី២៩ សីហា ទឹកភ្លៀងដែលឃុំល្បាំង១ បានស្រកចុះបណ្ដើរៗ ហើយ។
ប៉ុន្តែនៅខេត្តកោះកុងវិញ ទឹកភ្លៀងមិនទាន់ស្រកទេ ភ្លៀងកំពុងធ្លាក់ថែមទៀត។ ទំព័រហ្វេសប៊ុក (Facebook) របស់ក្រសួងធនធានទឹក ចុះផ្សាយថា នៅខេត្តកោះកុង ភ្លៀងធ្លាក់ខ្លាំង នៅគ្រប់ក្រុង ស្រុក នៃខេត្តកោះកុង តាំងពីព្រឹករហូតដល់ពេលរសៀល។ ផ្លូវថ្នល់មួយចំនួននៅខេត្តកោះកុង ក៏រងការជន់លិចដែរ។
នៅខេត្តព្រះវិហារ ក៏មានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យតំបន់មួយចំនួន នៅក្បាលស្ទឹងសែន ស្ថិតក្នុងស្រុកជាំក្សាន្ត រងការលិចខ្លាំង និងហៀរជន់លើផ្លូវលំជនបទមួយចំនួន នៅក្នុងឃុំយៀង។ បច្ចុប្បន្នកម្ពស់ទឹក ស្ទឹងសែន នៅស្រុកជាំក្សាន្ត មាន ជិត ៨ម៉ែត្រ (៧,៧៤ម៉ែត្រ)។ កម្ពស់ទឹកនៅមិនទាន់ស្ថិតក្នុងការប្រកាសអាសន្នទេ។ កម្ពស់ទឹកស្ទឹងសែននៅស្រុកជាំក្សាន្ត ដែលត្រូវប្រកាសអាសន្ន គឺនៅកម្ពស់ជាង ១១ម៉ែត្រ (១១,៥០ម៉ែត្រ)។
ក្រៅពីនេះ ខេត្តមួយចំនួនទៀត ដូចជា ខេត្តកណ្ដាល បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ក្រចេះ កំពង់ចាម ស្វាយរៀង កំពត ព្រះសីហនុ រាជធានីភ្នំពេញ ជាដើម សុទ្ធតែរងការធ្លាក់ភ្លៀង តែមិនទាន់ដល់កម្រិតលិចលង់ទេ។ ក្រសួងធនធានទឹក បានជូនដំណឹងថា ចាប់ពីថ្ងៃទី២៨ សីហា ដល់ថ្ងៃទី៣ កញ្ញា ភ្លៀងនឹងធ្លាក់ច្រើននៅតាមបណ្ដាខេត្តស្ទើរទូទាំងប្រទេស ពិសេសខេត្តជាប់មាត់សមុទ្រ នឹងរងការធ្លាក់ភ្លៀងខ្លាំង ខណៈទឹកទន្លេមេគង្គ ក៏នឹងហក់ឡើងខ្លាំងដែរ។ អាជ្ញាធរធនធានទឹក អំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះ បាតុភូត ភ្លៀង ខ្យល់ ផ្គរ រន្ទះ និងជំនន់ទឹកភ្លៀង ដែលអាចនឹងកើតមានញឹកញាប់ នៅរយៈពេលប៉ុន្មានថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។