អង្គការក្រៅរដ្ឋាភិបាលចំនួន៣ បានចុះសិក្សាស្រាវជ្រាវពីផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង។ អង្គការទាំងនោះរកឃើញថា ក្រុមហ៊ុនមានភាពខ្វះចន្លោះច្រើនទាក់ទិនការដោះស្រាយផលប៉ះពាល់ពលរដ្ឋដែលត្រូវជម្លៀសចេញពីលំនៅឋាន។
តើក្រុមអង្គការទាំងនោះរកឃើញអ្វីខ្លះទាក់ទិនការមិនព្រមចាកចេញរបស់ពលរដ្ឋនៅតំបន់នោះ?
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធ និងសិទ្ធិមនុស្សអំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុក្ខដាក់ដោះស្រាយទុក្ខកង្វល់ពលរដ្ឋដែលរងផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
ការអំពាវនេះ ធ្វើឡើងបន្ទាប់ពីក្រុមគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ចំនួន ៣ រួមគ្នា ចុះស្រាវជ្រាវក្នុងឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលថ្ងៃទី២១ ខែកក្កដា។ ក្រុមអង្គការទាំងនោះទទូចឲ្យរដ្ឋាភិបាលជំរុញឲ្យក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ទទួលខុសត្រូវគម្រោងអភិវឌ្ឍន៍នេះ ដែលត្រូវជម្លៀសពលរដ្ឋចេញពីលំនៅឋាន និងការផ្ដល់សំណងទូទាត់ជាដើម គឺធ្វើយ៉ាងឲ្យស្របតាមគោលនយោបាយដោះស្រាយផលប៉ះពាល់របស់រដ្ឋាភិបាល។
ក្រុមគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលមកពីសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ដែលបានចុះស្រាវជ្រាវដល់ទីកន្លែងផ្ទាល់រកឃើញថា ពលរដ្ឋដែលរងផលប៉ះពាល់ទំនប់វារីអគ្គិសនីប្រហែល ៦០ភាគរយ នៅឃុំស្រែគរ និងជាង ៣០ភាគរយ នៅឃុំក្បាលរមាស បានបង្ហាញជំហរថា ពួកគាត់ស៊ូស្លាប់មិនព្រមចាកចេញ។ លោកបន្តថា ប្រសិនបើទំនប់នេះត្រូវបើកឲ្យដំណើរការ នឹងធ្វើឲ្យទឹកលិចលង់ភូមិគាត់រស់នៅ ហើយអាចប៉ះពាល់ដល់ជីវិតអ្នកភូមិធ្ងន់ធ្ងរ។
តែយ៉ាងណាក៏ដោយ លោកទទូចឲ្យរដ្ឋាភិបាល ឬគណៈកម្មាធិការដោះស្រាយផលប៉ះពាល់ ត្រូវជជែកពិភាក្សាឲ្យលម្អិតពីគ្រប់ភាគីពាក់ព័ន្ធធ្វើយ៉ាងណាដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋមុនពេលទំនប់បើកឲ្យដំណើរការ ដើម្បីឲ្យស្របតាមគោលនយោបាយរាជរដ្ឋាភិបាលដោយការទទួលខុសត្រូវអំពីជីវិតរស់នៅរបស់ពលរដ្ឋដែលធានាថា មិនធ្វើទុក្ខបុកម្នេញដល់ពួកគាត់។
លោក ប៉ែន ប៊ុណ្ណារ៍ សង្កត់ធ្ងន់ថា បន្ទាប់ពីចុះធ្វើការស្រាវជ្រាវរបស់ក្រុមអង្គការសង្គមស៊ីវិល ក្រុមអង្គការគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សចំនួន ៣ នឹងរៀបចំរបាយការណ៍ទៅអង្គការជាតិ និងអន្តរជាតិសំខាន់ៗ ដើម្បីរួមគ្នាអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ដោះស្រាយសំណងទូទាត់ជូនពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់ និងធានាថា ពលរដ្ឋនៅតំបន់នោះមិនត្រូវបានបណ្ដេញចេញដោយបង្ខំ។
លោកបញ្ជាក់ថា ទីតាំងផ្ដល់ដីកសិកម្មដល់ពលរដ្ឋមួយចំនួននៅភូមិច្រប់ និងភូមិស្រែស្រណុក ជាប្រភេទដីនៅតំបន់ទួលខ្ពស់ បង្កផលលំបាកដល់ការធ្វើកសិកម្មរបស់អ្នកភូមិ ដូច្នេះគណៈកម្មាធិការដោះស្រាយផលប៉ះពាល់គួរសិក្សាឡើងវិញចំពោះបញ្ហានេះ៖ «រាជរដ្ឋាភិបាលត្រូវមានកាតព្វកិច្ចចាំបាច់ ដើម្បីបំពេញសេចក្ដីត្រូវការឲ្យសមជាអ្នកបម្រើ ព្រោះរាស្ត្រជាម្ចាស់អំណាច»។
ទោះយ៉ាងណា លោក ប៉ែន ប៊ុណ្ណារ៍ យល់ឃើញថា យន្តការក្នុងការផ្លាស់ប្ដូរឥរិយាបថរបស់អ្នកភូមិដើម្បីផ្លាស់ប្ដូរទីតាំង មើលទៅរដ្ឋាភិបាល និងតំណាងក្រុមហ៊ុនហាក់ដូចជាលំបាកក្នុងការដោះស្រាយ ស្របពេលដែលទំនប់កំពុងដំណើរការ។ យ៉ាងនេះក្តីលោកថា ចំណុចសំខាន់ រដ្ឋាភិបាលគួរយកចិត្តទុកដាក់ទទួលយកទុក្ខកង្វល់របស់អ្នកភូមិ និងសេចក្ដីត្រូវការរបស់ពួកគេទៅសិក្សាឲ្យលម្អិត រួចផ្ដល់ជូននូវអ្វីដែលដែលពួកគេត្រូវការ នោះនឹងទទួលបានជោគជ័យច្រើន។
ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដែលចាំបាច់ត្រូវជម្លៀសពលរដ្ឋចេញពីលំនៅឋាន គឺជាបញ្ហាដ៏ចម្រូងចម្រាសមួយដែលក្រុមមន្ត្រីសង្គមស៊ីវិលរកឃើញថា ក្រុមហ៊ុនទទួលសិទ្ធិសាងសង់ទំនប់វារីអគ្គិសនីហាក់នៅមិនទាន់ប្រកាន់ជំហរច្បាស់លាស់ចំពោះការទទួលខុសត្រូវជាក់លាក់ទាក់ទិនការដោះស្រាយផលប៉ះពាល់ចំពោះសំណងទូទាត់នៅឡើយទេ ស្របពេលដែលដំណើរការនៃការសាងសង់ទំនប់នេះកំពុងដើរឆ្ពោះទៅមុខ។
ប្រធានកម្មវិធីសិទ្ធិមនុស្ស និងដីធ្លីនៃសមាគមខ្មែរក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំសុធន ដែលបានចុះដល់មូលដ្ឋានផ្ទាល់ឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ថា រដ្ឋាភិបាលគួរតែជំរុញទៅក្រុមហ៊ុនសាងសង់ទំនប់នេះ អនុវត្តគោលនយោបាយដោះស្រាយផលប៉ះពាល់ដោយការទទួលខុសត្រូវ ដែលធានាថា ពលរដ្ឋនៅតំបន់នោះមិនត្រូវបានគេរំលោភសិទ្ធិ និងការគំរាមកំហែង ដោយសារតែជម្លៀសចេញពីលំនៅឋាន។ លោកថា ភាពចន្លោះប្រហោងនៃការផ្ដល់ជាសំណងទូទាត់ជូនពលរដ្ឋដោយមិនបានសិក្សាឲ្យលម្អិតជាមួយអ្នកភូមិ និងការវាយតម្លៃដោយឯករាជ្យ គឺជាឧបសគ្គចម្បងរបស់រដ្ឋាភិបាល និងរងការរិះគន់កាន់តែខ្លាំង ប្រសិនបើការអភិវឌ្ឍនោះត្រូវបានបណ្ដេញចេញដោយបង្ខំ។
លោក សឺន ជុំសុធន សង្កត់ធ្ងន់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងថ្មីទាក់ទិនលំនៅ រួមទាំងគុណភាពសំណង់ជាលក្ខណៈស្តង់ដារ គឺជាប្រធានបទដ៏សំខាន់ដែលធ្វើឲ្យអ្នកភូមិមានជំនឿចិត្ត អាចនឹងប្ដូរឥរិយាបថទទួលយកសំណងវិញ ជាពិសេសគឺដំណោះស្រាយដោយឈើលើយន្តការសិក្សាឲ្យលម្អិត និងឯករាជ្យពីគ្រប់ភាគីពាក់ព័ន្ធ ក៏ជាចំណុចសំខាន់ធ្វើឲ្យអ្នកភូមិមានទំនុកចិត្តផងដែរ៖ «ប្រសិនបើការអភិវឌ្ឍដោយមានការសប្បាយចិត្តពីប្រជាពលរដ្ឋរបស់ខ្លួន ការអភិវឌ្ឍនោះទើបរីកចម្រើន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយបញ្ហានេះពីតំណាងក្រុមហ៊ុន ឡាន ឆាង ហាយដ្រូ ផៅវើ ឆាយណា អេឡិចត្រិច (Lang chhang Hydro Power China Electric) លោក អ៊ុំ ប៊ុនរ៉េត ដែលទទួលសិទ្ធិសាងសង់ទំនប់នេះបានទេ កាលពីថ្ងៃទី២១ ខែកក្កដា ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។ តែយ៉ាងណាលោកធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា អ្នកភូមិត្រូវសហការជាមួយក្រុមការងារបង្ហាញពីតម្រូវការចាំបាច់ពាក់ព័ន្ធផលប៉ះពាល់ ដើម្បីក្រុមការងារដោះស្រាយផលប៉ះពាល់រួមគ្នាជូនពលរដ្ឋ និងជួយជំរុញដល់ដំណើរការរៀបចំលំនៅឋានហេដ្ឋារចនាសម្ព័ន្ធតាំងទីលំនៅថ្មីរបស់ពលរដ្ឋបានឆាប់ ដើម្បីភាពងាយស្រួលដល់ការដាំដុះកសិកម្ម មុនពេលទំនប់សាងសង់រួច។
ពលរដ្ឋរងផលប៉ះពាល់ទំនប់នេះក្នុងឃុំចំនួន៣ គឺឃុំភ្លុក ឃុំស្រែគរ និងឃុំក្បាលរមាស ភាគច្រើនគឺជាពលរដ្ឋជនជាតិដើមភាគតិច ដូចជា ព្នង ព្រៅ គ្រឹង និងមួយចំនួនធំជាពលរដ្ឋភាគតិចឡាវ ដែលតាំងទីលំនៅក្នុងតំបន់នោះ តាំងពីសម័យសង្គមរាស្ត្រនិយម។ ពួកគេសម្ដែងក្តីបារម្ភដូចៗគ្នាថា ការជម្លៀសអ្នកភូមិចេញពីលំនៅឋាន នឹងប្រឈមការបាត់បង់មុខរបរ ដីស្រែចម្ការ ផលដំណាំកសិកម្ម និងផ្នូរកប់សព។ បញ្ហាទាំងនេះជាមូលដ្ឋានសំខាន់ៗ ដែលអ្នកភូមិមួយចំនួនបានប្ដេជ្ញាថា មិនព្រមចាកចេញជាដាច់ខាត។ ពួកគាត់នៅស្ដាយស្រណោះដីកំណើត ប្រពៃណី ដីផ្នូរកប់សពដូនតា ផ្ទះសម្បែង ដីស្រែចម្ការ និងផលដំណាំជាដើម ជាពិសេសគឺមុខរបរនេសាទ៖ «គឺឪពុកម្ដាយ ឆ្អឹងប៉ា ម៉ាក់របស់ខ្ញុំ មិនទុកឲ្យគាត់ងាប់ក្នុងបាតអាងទេ។ ទំនៀមទម្លាប់របស់គេធ្លាប់រស់នៅតាំងពីដូនតាមក មិនមែនថ្មីៗទេ យូរណាស់ហើយ»។
ពលរដ្ឋជនជាតិដើមភាគតិចព្នង រស់នៅភូមិក្បាលរមាស ដែលប្ដេជ្ញាមិនព្រមចាកចេញ លោក ប្រក់ រិទ្ធី សម្ដែងពីទុក្ខកង្វល់ខ្លាំងពីឧបសគ្គចម្បងនៃជីវិតរស់នៅរវាងទីតាំងថ្មី និងទីតាំងចាស់ ដែលនឹងអាចប៉ះពាល់ដល់ជីវភាពធ្ងន់ធ្ងរ។ លោកថា អ្នកភូមិមិនជំទាស់នឹងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលទេ តែពួកគេមិនអាចបោះបង់ចោលបាននូវទឹកដីភូមិកំណើតជាដាច់ខាត ដូចជាផ្នូរសពដូនតា ដែលនឹងត្រូវលិចលង់ក្នុងទឹក កាលណាតំបន់នោះដំណើរការ៖ «ខ្ញុំថាអត់គ្រប់គ្រងក៏ដោយ រាល់ដងស្មានរដ្ឋាភិបាលចិញ្ចឹម? ខ្ញុំទិញគោយន្តស្មានរដ្ឋាភិបាលឲ្យគោក្របីខ្ញុំលក់ទិញគោយន្ត?»។
របាយការណ៍សិក្សាផលប៉ះពាល់ស្ដីពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានប្រជាពលរដ្ឋជាង ១ពាន់គ្រួសារនៅភូមិចំនួន៧ ក្នុងឃុំចំនួន៣ ត្រូវបានជម្លៀសចេញពីភូមិចាស់ទៅតាំងទីលំនៅថ្មី ក្នុងស្រុកសេសាន ចម្ងាយប្រមាណជិត ២០គីឡូម៉ែត្រពីភូមិចាស់។
មន្ត្រីលេខាធិការគណៈកម្មការដោះស្រាយផលប៉ះពាល់នៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងជាអនុប្រធានរដ្ឋបាលសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ មានប្រសាសន៍ថា គណៈកម្មាធិការដោះស្រាយផលប៉ះពាល់អន្តរក្រសួង និងអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការដោះស្រាយផលប៉ះពាល់ បានបញ្ជាក់ច្បាស់ថា ពលរដ្ឋដែលមិនព្រមចាកចេញដោយសារតែមិនទាន់ជ្រាបច្បាស់អំពីគោលនយោបាយដោះស្រាយផលប៉ះពាល់របស់រដ្ឋាភិបាល។ ជាក់ស្ដែងពលរដ្ឋទាំងនោះនៅមិនទាន់ប៉ះពាល់ជាក់ស្ដែងនៅឡើយ ហេតុនេះពួកគេនៅតែក្រាញននៀលមិនព្រមចាកចេញពីភូមិកំណើត។ តែយ៉ាងណាក៏ដោយ គណៈកម្មាធិការដោះស្រាយផលប៉ះពាល់ នឹងប្រឹងប្រែងធ្វើយ៉ាងណាអប់រំណែនាំពលរដ្ឋទាំងនោះ ទាក់ទិនការផ្ដល់សំណងទូទាត់ ដើម្បីឲ្យស្របទៅនឹងគោលនយោបាយដោះស្រាយផលប៉ះពាល់។
លោកបញ្ជាក់ថា គណៈកម្មាធិការដោះស្រាយផលប៉ះពាល់កំពុងប្រឹងប្រែងដោះស្រាយបញ្ហានេះ ជូនពលរដ្ឋដែលយល់ព្រមទទួលសំណងនៅភូមិចំនួន ២ មុនគេ គឺភូមិច្រប់ និងភូមិស្រែស្រណុក។ លោកថា ដំណើរការនៃការសាងសង់ទំនប់នេះមិនអាចអាក់ខានឡើយ ដូច្នេះចាំបាច់ពលរដ្ឋដែលរងផលប៉ះពាល់ដាច់ខាតត្រូវតែសហការជាមួយអាជ្ញាធរពាក់ព័ន្ធដោះស្រាយសំណងផលប៉ះពាល់ ដើម្បីឲ្យក្រុមហ៊ុនរកយន្តការដោះស្រាយឲ្យបានមុនពេលទំនប់ដំណើរការ។
លោក ម៉ែន គង់៖ «ដោយសារយើងឃើញថា ពលរដ្ឋនៅទីនោះបង្កបង្កើតផលរបរកសិកម្ម ដូច្នេះអ្វីដែលយើងជួយគាត់ គឺផ្ដល់ពូជ និងផ្ដល់បច្ចេកទេសជាកសិកម្ម»។
មន្ត្រីសម្របសម្រួលអង្គការបណ្ដាញទន្លេបី លោក មៀច មាន មានប្រសាសន៍ថា ថ្វីត្បិតតែពលរដ្ឋយល់ព្រមឲ្យមន្ត្រីជំនាញវាស់វែងដើម្បីទូទាត់សំណងពិតមែន ប៉ុន្តែជាក់ស្ដែងពលរដ្ឋមួយចំនួននៅមិនទាន់យល់ព្រមនៅឡើយទេ។ មូលហេតុដែលពលរដ្ឋមិនទាន់យល់ព្រមដោយសារតែពួកគាត់រង់ចាំមើលនៃយន្តការនៃការរៀបចំផ្ដល់សំណងផ្ទះសម្បែង និងកិច្ចសន្យាផ្សេងៗទាក់ទិនការទូទាត់សំណងដូចជាទ្រព្យសម្បត្តិរូបវន្តជាដើម ដល់ពលរដ្ឋនៅភូមិចំនួន ២ គឺភូមិស្រែស្រណុក និងភូមិច្រប់ ក្នុងឃុំក្បាលរមាស។
លោកកត់សម្គាល់ថា អ្នកភូមិមានការរារែកច្រើនដោយសារតែគុណភាពផ្ទះដែលផ្ដល់ជូនពលរដ្ឋនៅភូមិស្រែស្រណុក និងភូមិច្រប់ ហាក់ដូចមិនទាន់មានស្តង់ដារនៅឡើយទេ ស្របពេលដែលផ្ទះចំនួន ៨ខ្នងមានបញ្ហាពេលកំពុងសាងសង់។ លោកកត់សម្គាល់ថា ពលរដ្ឋនៅមានការស្ទាក់ស្ទើរចំពោះការទទួលយកសំណងនៅឡើយ ព្រោះតែការរៀបលំនៅឋានជូនដល់ពលរដ្ឋហាក់មិនផ្ដល់ភាពកក់ក្ដៅដែលអាចឲ្យពួកគាត់ជឿទុកចិត្តឡើយ។
តែយ៉ាងណាក៏ដោយ លោក មៀច មាន រំពឹងថា ក្តីបារម្ភរបស់ពលរដ្ឋទាក់ទិនការផ្ដល់សំណងផ្ទះសម្បែង និងដីធ្លីជាដើម គឺជាចំណុចសំខាន់ដែលអាជ្ញាធរជំនាញ និងតំណាងក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ដោះស្រាយ។ លោកថា ការធ្វើឲ្យឃើញប្រាកដពីហេដ្ឋារចនាសម្ព័ន្ធកន្លែងតាំងទីលំនៅថ្មី រួមទាំងគុណភាព គឺជាកត្តាសំខាន់ដែលធ្វើឲ្យអ្នកភូមិមានជំនឿចិត្តប្ដូរឥរិយាបថទទួលយកសំណងផលប៉ះពាល់ឡើងវិញ ជាពិសេសករណីផ្នូរសពដូនតា ទីសក្ការៈអ្នកភូមិ ត្រូវមានដំណោះស្រាយសមស្របមួយដែលធានាថា ប្រពៃណីអ្នកភូមិត្រូវបានគោរព។
លោក មៀច មាន៖ «បើកាលណាកាត់បន្ថយកម្ពស់ទំនប់ កាត់បន្ថយនូវទំហំទ្វារទឹកនៅអាងទំនប់ គេសប្បាយចិត្តហើយ គេអត់ប្រឆាំងការអភិវឌ្ឍទេ គេជំទាស់ទៅនឹងការបណ្ដេញគេចេញ»។
កាលពីចុងខែមិថុនា មន្ត្រីគណៈកម្មាធិការដោះស្រាយផលប៉ះពាល់ស្ដីពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង រួមនឹងតំណាងក្រុមហ៊ុនសាងសង់ទំនប់ធ្លាប់ស្នើសុំឲ្យប្រជាពលរដ្ឋដែលនៅសេសសល់មិនចូលរួមផ្ដល់ទិន្នន័យទ្រព្យសម្បត្តិ ដីធ្លី ផលដំណាំរបស់ខ្លួន ព្រមទាំងអត្តសញ្ញាណកម្មដោយការប្រញាប់ ដើម្បីពិគ្រោះយោបល់ពីក្រុមការងារដើម្បីរកដំណោះស្រាយពីទុក្ខលំបាកផ្សេងៗដែលកើតមាននៅថ្ងៃខាងមុខ។
តួលេខឃុំស្រែគរ បង្ហាញថា ពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៥៧០គ្រួសារ ក្នុងនោះពលរដ្ឋមិនបានវាស់វែងចំនួន ២៥៤គ្រួសារ និងពលរដ្ឋដែលវាស់វែងរួចមានចំនួន ២៧០គ្រួសារ ដោយឡែកពលរដ្ឋដែលវាស់វែងរួចរាល់ក៏មិនប្រាកដថា យល់ព្រមចាកចេញដែរ ព្រោះអ្នកភូមិកំពុងរង់ចាំមើលដំណើរការដោះស្រាយសំណងពលរដ្ឋនៅភូមិស្រែស្រណុក និងភូមិច្រប់ ជាមុនសិន។ ចំណែកនៅឃុំក្បាលរមាស នៅសល់ពលរដ្ឋជាង ៤០គ្រួសារមិនព្រមចាកចេញដាច់ខាត។ ដោយឡែកនៅភូមិច្រប់ មានពលរដ្ឋចំនួន ១គ្រួសារមិនព្រមចាកចេញ។
ទោះយ៉ាងណា អ្នកភូមិខ្លះទទួលសំណងជាប្រាក់ថ្លៃផ្ទះ និងថ្លៃដីកសិកម្មសរុប ១ម៉ឺនដុល្លារ ក្នុងនោះដីកសិកម្មអាជ្ញាធរប្រគល់ជូនពលរដ្ឋក្នុង ១គ្រួសារទទួលបាន ៥ហិកតារ ដោយក្រុមហ៊ុនឈូសឆាយសម្អាតឲ្យទៅជាដីកសិកម្ម។
ទំនប់វារីអគ្គិសនីសេសានក្រោមពីរ គ្រោងចំណាយថវិកាសរុប ៩៧៧លានដុល្លារអាមេរិក អាចផលិតថាមពលអគ្គិសនី ៤០០មេហ្គាវ៉ាត់ និងគ្រោងសាងសង់ឲ្យរួចរាល់នៅខែមិថុនា ឆ្នាំ២០១៧ ដោយក្រុមហ៊ុនឈ្មោះ ឡាន ឆាង ហាយដ្រូ ផៅវើ ឆាយណា អេឡិចត្រិច។ តាមការគ្រោងទុក បើគម្រោងនេះកសាងរួច នឹងអាចផ្គត់ផ្គង់អគ្គិសនីដល់ពលរដ្ឋនៅតាមបណ្ដាលខេត្តមួយចំនួន ដូចជា ខេត្តក្រចេះ កំពង់ចាម ស្ទឹងត្រែង និងរាជធានីភ្នំពេញ។ គម្រោងនេះត្រូវបានរដ្ឋាភិបាលវិនិយោគឲ្យក្រុមហ៊ុនរយៈពេល ៤៥ឆ្នាំ និងមានរយៈពេលសាងសង់ ៥ឆ្នាំ។ បន្ទាប់ពីការវិនិយោគរួច ក្រុមហ៊ុនត្រូវប្រគល់ជូនរដ្ឋវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។