មន្ត្រី​រដ្ឋបាល​ព្រៃឈើ​​ខេត្ត​សៀមរាប​អភិរក្ស​​ពូជ​ឈើ​គ្រញូង​ដែល​នៅ​សេសសល់​ចុង​ក្រោយ

0:00 / 0:00

បច្ចុប្បន្ន​នេះ នៅ​ប្រទេស​កម្ពុជា ក៏​ដូចជា​ប្រទេស​ថៃ និង​វៀតណាម គឺ​គ្រាប់​ពូជ​ឈើ​គ្រញូង​មាន​តម្លៃ​ថ្លៃ​បំផុត ដោយ ១​គីឡូក្រាម​យ៉ាង​ហោច​ណាស់​ក៏​ថ្លៃ​ពី ៣០០ ទៅ​ជិត ៤០០​ដុល្លារ​អាមេរិក​ដែរ។ ការ​លក់​គ្រាប់​ពូជ​យ៉ាង​ថ្លៃ​ដូច​នេះ ដោយសារ​តែ​ប្រភេទ​ឈើ​គ្រញូង បាន​វិនាស​ផុត​ពូជ​ស្ទើរ​តែ​ទាំង​ស្រុង បន្ទាប់​ពី​ជាង ៥-​៦​ឆ្នាំ​ជាប់ៗ​គ្នា​មក​ហើយ ប្រទេស​ចិន បាន​ប្រមូល​ទិញ​ប្រភេទ​ឈើ​ទាំង​នោះ ដោយ​យក​ទាំង​ឫស ទាំង​គល់​គ្មាន​សល់ រហូត​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​គ្រោះថ្នាក់​ដល់​ជីវិត​ក្នុង​ពេល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹកដី​ថៃ ទៀត​ផង។

តើ​ពេល​នេះ​ប្រទេស​កម្ពុជា រក​គ្រាប់​ឈើ​គ្រញូង​មក​ពី​ណា​ដើម្បី​ដាំ​ដុះ​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​វា​បន្ត​ទៀត?

សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួតខ្នាក្រៅ គឺ​ជា​អង្គភាព​ការពារ​ព្រៃឈើ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ខ្នារង្វះ ស្រុក​បន្ទាយស្រី ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ ភាគ​ខាងជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទី​នោះ កំពុង​ទទួល​ខុសត្រូវ​យ៉ាង​ធ្ងន់ធ្ងរ​លើ​កិច្ច​ការពារ និង​អភិរក្ស​ដើម​គ្រញូង​ពូជ ដែល​នៅ​សេសសល់​ចុង​ក្រោយ​បំផុត​ចំនួន​ជាង ៥៧០​ដើម ដែល​ដុះ​នៅ​លើ​ផ្ទៃដី​អភិរក្ស​ទំហំ​ជាង ៥០​ហិកតារ។

នាយ​រង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួតខ្នាក្រៅ គឺ​លោក ហង្ស ជំនិតរិទ្ធី។ លោក​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា ស្ទើរ​តែ​បាត់បង់​ឈើ​គ្រញូង​ទាំង​ស្រុង ក៏ប៉ុន្តែ​នៅ​ក្នុង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​របស់​លោក គឺ​នៅ​មាន​សេសសល់​ពូជ​គ្រញូង​ចុង​ក្រោយ​ដែល​រូបលោក ក៏​ដូចជា​ក្រុម​ដើរ​ល្បាត​កំពុង​ប្រឹងប្រែង​ការពារ​ទាំង​យប់​ទាំង​ថ្ងៃ។ វា​ជា​ការ​ពិបាក​បំផុត​ទៅ​លើ​កិច្ច​ការពារ​ដើមឈើ​គ្រញូង​ដែល​មាន​ទំហំ​មុខ​ធំៗ ពីព្រោះ​តែ​បច្ចុប្បន្ន ក្រុម​ឈ្មួញ​ដែល​ជួញដូរ​ឈើ​គ្រញូង​នៅ​មិន​ទាន់​បោះ​បង់​ចោល​មុខ​របរ​របស់​ពួកគេ​នៅ​ឡើយ ហើយ​ពួកគេ​តែងតែ​ប្រាថ្នា​ចង់​បាន​ដើម​ឈើ​ប្រភេទ​នោះ ពីព្រោះ​វា​មាន​តម្លៃ​ខ្ពស់​រហូត​ដល់​ទៅ​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង ១​ដើម។

លោក ហង្ស ជំនិតរិទ្ធី បញ្ជាក់​ថា ដើម​គ្រញូង​ធំៗ ដែល​នៅ​សេសសល់​ចុង​ក្រោយ​ក្នុង​សង្កាត់​របស់​លោក​នេះ គឺ​ជា​ក្ដី​សង្ឃឹម​ឡើង​វិញ​សម្រាប់​ជួយ​ប្រទេស​កម្ពុជា ឱ្យ​អាច​យក​គ្រាប់​ពូជ​ទៅ​បណ្ដុះ​ចែកចាយ​តាម​បណ្ដា​ខេត្ត​ជា​ច្រើន​ទៀត​ឱ្យ​យក​វា​ទៅ​ដាំ​ឡើង​វិញ៖ «ស្រាវជ្រាវ​ដើម្បី​យក​គ្រាប់​ទៅ​បណ្ដុះ​ចែកចាយ​ដល់​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ណា​ដែល​អត់​មាន ដូចជា​នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​ស្វាយរៀង ក៏​ដូចជា​បណ្ដា​ខេត្ត​ខ្លះ​ទៀត​ដែល​គេ​ស្នើ​សុំ»

បច្ចុប្បន្ន​នេះ​ឈើ​គ្រញូង​នៅ​តែ​ទទួល​រង​ការ​កាប់​បំផ្លាញ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ស្ទើរ​តែ​គ្រប់​តំបន់ ហើយ​មួយ​ផ្នែក​ទៀត ក្រុម​ឈ្មួញ​ក៏​នៅតែ​ជួល​ពលរដ្ឋ​ខ្មែរ​ឱ្យ​ឆ្លង​ដែន​ចូល​ទៅ​កាប់​ដោយ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ ហើយ​ដឹក​ជញ្ជូន​យក​ទៅ​លក់​ឱ្យ​ចិន ដោយ​ឆ្លង​កាត់​ប្រទេស​វៀតណាម ដដែល។

ដើម​គ្រញូង​នៅ​ក្នុង​ចម្ការ​អភិរក្ស​ដោយ​សង្កាត់​រដ្ឋបាល​​ព្រៃ​ឈើ​កន្ទួតខ្នាក្រៅ នា​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០១៦
ដើម​គ្រញូង​នៅ​ក្នុង​ចម្ការ​អភិរក្ស​ដោយ​សង្កាត់​រដ្ឋបាល​​ព្រៃ​ឈើ​កន្ទួតខ្នាក្រៅ នា​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០១៦ (RFA/Hang Savyouth)

ដោយសារ​តែ​ឈើ​គ្រញូង​នៅ​តែ​ទទួល​រង​ពី​ការ​ជួញដូរ​នេះ ក្រុម​អភិរក្ស​ចម្ការ​ពូជ​គ្រញូង​របស់​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួតខ្នាក្រៅ បាន​រៀបចំ​ផែនការ​ដើរ​ល្បាត​ការពារ​ឈើ​គ្រញូង​ដែល​នៅ​សេសសល់​ទាំង​យប់​ទាំង​ថ្ងៃ ព្រមទាំង​ធ្វើ​ស្លាក​លេខ​រៀង​ដើរ​បោះ​នៅ​តាម​ដើម​គ្រញូង​នីមួយៗ ដើម្បី​ចំណាំ​ផង។

អ្នកដើរ​ល្បាត​ការពារ​ព្រៃ​ចម្ការ​គ្រញូង​ម្នាក់ ក្នុង​ចំណោម​កង​ល្បាត​ជា​ច្រើន​ទៀត លោក សែម សិទ្ធិ មាន​ប្រសាសន៍​ថា សព្វថ្ងៃ​នេះ​រូប​លោក និង​មិត្ត​រួមការ​ងារ​ជិត ៣០​នាក់​ផ្សេង​ទៀត បាន​រៀបចំ​ជា​ច្រើន​ក្រុម​ដើម្បី​ដើរ​ល្បាត​ការពារ​ជុំវិញ​ព្រៃ​គ្រញូង មិន​ថា​យប់ ឬ​ថ្ងៃ មិន​ថា​ពេល​ភ្លៀង ឬ​ក៏​រាំង​នោះ​ទេ​ ទោះ​ជា​យ៉ាង​ណា អ្នក​ភូមិ​ខ្លះ​នៅ​តែ​លួច​ចូល​ទៅ​បំពាន​ដាក់​អន្ទាក់​ចាប់​យក​សត្វព្រៃ និង​លួច​កាប់​ឈើ​គ្រញូង​នៅ​ក្នុង​តំបន់​អភិរក្ស​នោះ។

លោក សែម សិទ្ធិ បញ្ជាក់​ថា ក្រុម​របស់​លោក បើ​ទោះ​បី​ជា​ដើរ​ល្បាត​មាន​អាវុធ​នៅ​ជាប់​នឹង​ខ្លួន​ក៏ដោយ ក៏​ពេល​ខ្លះ​បាន​ទទួលរង​ការ​គំរាមកំហែង​ពី​ក្រុម​អ្នក​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ និង​ក្រុម​អ្នក​ដែល​ប៉ុនប៉ង​កាប់​ឈើ​គ្រញូង៖ «ព្រៃ​អភិរក្ស ព្រៃ​ជម្រក​សត្វ​អី ខ្ញុំ​ការពារ​ទាំង​អស់ អត់​មាន​ឱ្យ​បទល្មើស​ចូល​បាន​ទេ។ ថ្ងៃ​មុន​អ្នក​ដើរ​ដាក់​អន្ទាក់​សត្វព្រៃ មាន​កាំភ្លើង​ខ្យល់​បាញ់​ពួក​ខ្ញុំ​ដែរ»

បន្ទាប់​ពី​ឈើ​គ្រញូង​ត្រូវ​បាន​ឈ្មួញ​ដឹកជញ្ជូន​យក​ទៅ​ជួញដូរ​យ៉ាង​គគ្រឹកគគ្រេង ៥-​៦​ឆ្នាំ រហូត​ដល់​ពេល​នេះ វា​បាន​ធ្វើ​ឱ្យ​ឈើ​ប្រភេទ​នេះ ពិបាក​រក ហើយ​មាន​តម្លៃ​កាន់​តែ​ខ្ពស់​ថែម​ទៀត។ បច្ចុប្បន្ន​ឈើ​ប្រភេទ​នេះ គឺ​នៅ​មាន​ការ​កែច្នៃ​ធ្វើ​ជា​សង្ហារ​រឹម និង​វត្ថុ​អនុស្សាវរីយ៍​ដាក់​លក់​ឱ្យ​ភ្ញៀវ​ទេសចរ​ខ្លះៗ​នៅ​តាម​រោង​សិប្បកម្ម និង​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​ជាដើម។

​នាយក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី លោក ម៉ុង ប៊ុនលីម មាន​ប្រសាសន៍​ថា ជា​រៀងរាល់​ថ្ងៃ​កម្លាំង​របស់​លោក​នៅ​តែ​សកម្ម​ស្ទាក់​ចាប់​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​ជា​ច្រើន​ប្រភេទ និង​ពេល​ខ្លះ​ក៏​មាន​រថយន្ត​ដឹក​គ្រញូង​លួច​ឆ្លងកាត់​ដែរ។

លោក ម៉ុង ប៊ុនលីម បញ្ជាក់​ថា បើ​ទោះ​បី​ជា​យ៉ាង​ណា ភារកិច្ច​នៃ​កម្លាំង​របស់​លោក​មិន​ត្រឹមតែ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ដឹក​ជញ្ជូន​នៅ​តាម​ដង​ផ្លូវ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ការពារ​ទៅ​លើ​ចម្ការ​គ្រញូង មេ​ពូជ​ឱ្យ​បាន​គង់វង្ស។ លោក ម៉ុង ប៊ុនលីម បាន​ចាត់​ទុក​ដើម​គ្រញូង​ធំៗ ជាង ៥៧០​ដើម​នៅ​ក្នុង​តំបន់​ការពារ​របស់​លោក​នោះ គឺ​ជា​ពូជ​ឈើ​កម្រ​ដែល​នៅ​សេសសល់​ចុង​ក្រោយ​បំផុត​នៃ​ប្រទេស​កម្ពុជា។

លោក​កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដោយសារ​តែ​បច្ចុប្បន្ន​មាន​មនុស្ស​ខ្លះ​នៅ​តែ​ព្យាយាម​ចង់​បាន​វា​យក​ទៅ​ធ្វើ​ជំនួញ៖ «គឺ​ថា​រាល់​ថ្ងៃ​ហ្នឹង ពិសេស​ពេល​ភ្លៀង​គឺ​ជន​ឆ្លៀត​ឱកាស​ខ្លះ​តែង​នាំគ្នា​លួច​ចូល​ទៅ​កាប់​រហូត​ដល់​រូប​លោក អំពាវនាវ​ឱ្យ​អាជ្ញាធរ​ភូមិ-​ឃុំ នៅ​ជុំវិញ​ជួយ​ការពារ ក៏​ជន​ឆ្លៀត​ឱកាស​នៅ​តែ​​មិន​ស្ដាប់»

មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ឱ្យ​ដឹង​ថា គ្រញូង​មេ​ពូជ​ចំនួន​ជាង ៥៧០​ដើម ដែល​នៅ​លើ​ផ្ទៃ​ដី​ជាង ៥០​ហិកតារ​នោះ គឺ​អាច​ផ្ដល់​គ្រាប់​ឱ្យ​ធ្វើ​ពូជ​បាន​ប្រមាណ​ពី​៣០ ទៅ ៥០​គីឡូក្រាម​ក្នុង​១​ឆ្នាំៗ។ គ្រាប់​ឈើ​នេះ គឺ​ជា​ក្ដី​សង្ឃឹម​ក្នុង​ការ​បន្ត​ពូជ​គ្រញូង ឱ្យ​មាន​ឡើង​វិញ​នៅ​កម្ពុជា ពី​ព្រោះតែ​គ្រាប់​ឈើ​នេះ បច្ចុប្បន្ន​មាន​តម្លៃ​ពី ៣០០ ទៅ ៤០០​ដុល្លារ​ក្នុង​១​គីឡូក្រាម បើ​យើង​ទិញ​ពី​ប្រទេស​ថៃ ឬ​ក៏​ប្រទេស​វៀតណាម មក​បណ្ដុះ។

បន្ថែម​ពី​លើ​ការ​អភិរក្ស​ចំការ​ពូជ​គ្រញូង​នេះ ពេល​បច្ចុប្បន្ន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួតខ្នាក្រៅ ក៏​បាន​ពង្រីក​ផ្ទៃដី​បន្ថែម​រហូត​ដល់​ទៅ ១.៨៨៨​ហិកតារ ដោយ​កាយ​ដី​ធ្វើ​ជា​ចង្អូរ​ប្រព័ន្ធ​ការពារ​យ៉ាង​ធំ។ នៅ​លើ​ផ្ទៃ​ដី​ដែល​ទើប​តែ​ពង្រីក​ថ្មី​នេះ សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួតខ្នាក្រៅ ក៏​បាន​ទុក​ផ្ទៃដី​ខ្លះ​ធ្វើជា​ចម្ការ​ដាំ​កូន​ឈើ​អនុស្សាវរីយ៍ ហើយ​បើក​ឱកាស​ឱ្យ​ឥស្សរជន សំខាន់ៗ​របស់​រដ្ឋសភា រដ្ឋាភិបាល ព្រម​ទាំង​វិស័យ​ឯកជន និង​គ្រួសារ​ណា​ដែល​ចង់​ដាំ អាច​អញ្ជើញ​ទៅ​រួម​ចំណែក​បាន​គ្រប់​ពេល និង​ដោយ​សេរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។