អាជីវកម្មខ្សាច់ខុសច្បាប់ ត្រូវបានប្រកាសដោយអន្តរក្រសួង គឺក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ឲ្យផ្អាកបណ្ដោះអាសន្ន និងឲ្យរហ័សទៅដាក់ពាក្យសុំពន្យារ ឬបន្តអាជ្ញាប័ណ្ណជាថ្មី។ ការផ្អាកនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ប្រកាសអន្តរក្រសួងស្ដីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន លើគម្រោងធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ កាលពីរសៀលថ្ងៃទី២៥ ខែមីនា នាទីស្ដីការក្រសួងរ៉ែ និងថាមពល។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ថ្លែងថា ក្រសួងផ្អាកការធ្វើអាជីវកម្មខ្សាច់បណ្ដោះអាសន្ន ដោយរង់ចាំការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមជាមុនសិន។ លោកថ្លែងយ៉ាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ នាទីស្ដីការក្រសួងរ៉ែ និងថាមពល ក្រោយពីសេចក្តីសម្រេចរបស់រដ្ឋាភិបាលលេខ២០សសរ ស្ដីពីការកំណត់គោលការណ៍ធ្វើអាជីវកម្មខ្សាច់ដែលបានផ្តល់សិទ្ធិឲ្យក្រសួងរ៉ែ និងថាមពល ពង្រឹងការអនុវត្តច្បាប់។
លោក ស៊ុយ សែម បន្តថា ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណហួសសុពលភាពនៃការបូមខ្សាច់ ត្រូវដាក់ពាក្យសុំពន្យារ ឬបន្តអាជ្ញាប័ណ្ណ បើនៅតំបន់អនុញ្ញាតតាមអាជ្ញាប័ណ្ណចាស់ដែលនៅមានខ្សាច់អាចបូមបានទៀត។ លោកថា ក្រសួងរ៉ែ និងថាមពល មិនទាន់ដាក់ទោសទេចំពោះក្រុមហ៊ុន និងអាជីវកម្មដែលហួសសុពលភាពអាជ្ញាប័ណ្ណនោះ គ្រាន់តែហៅមកអប់រំសិន។ ចំពោះក្រុមហ៊ុនមានអាជ្ញាប័ណ្ណខ្សាច់ចាស់ តែអស់ខ្សាច់បូម ហើយចង់ប្ដូរកន្លែងថ្មី ត្រូវរង់ចាំក្រសួងបរិស្ថាន សិក្សាផលប៉ះពាល់ជលវិទ្យា សង្គម និងបរិស្ថានរួចសិន។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមនោះ ចាប់ផ្តើមពេលណា ហើយគ្រោងនឹងបញ្ចប់នៅពេលណាទេ។
ចំពោះការផ្តល់អាជ្ញាប័ណ្ណថ្មីសម្រាប់អាជីវកម្មថ្មីនៅលើទីតាំងថ្មី គឺក្រសួងផ្អាកសិន លុះត្រាតែក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ប្រជុំពន្យល់អាជ្ញាធរមូលដ្ឋានខេត្ត ស្រុក និងស្ថាប័នពាក់ព័ន្ធរួចរាល់៖ «សំឡេង»។
បន្ថែមលើនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថ្លែងថា ការចុះសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម នឹងធ្វើតាមដំណាក់កាលនៃតំបន់បណ្តោយទន្លេ បឹង ស្ទឹង ព្រែក សមុទ្រ ដើម្បីកំណត់តំបន់អាចធ្វើអាជីវកម្មខ្សាច់បាន និងមិនបាន។ លោកថា ការចុះសិក្សាវាយតម្លៃហេតុផលប៉ះពាល់បរិស្ថានលើគម្រោងធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ នឹងរៀបចំសិក្សានៅពេលឆាប់ៗ។ លោកថា ចរន្តទឹកតាមដងទន្លេ តែងតែបង្កការបាក់ដីចៀសមិនរួច និងមិនប្រាកដថា ការបាក់ដីមកពីការបូមខ្សាច់ ឬស្ដារបាតទន្លេនោះទេ៖ «សំឡេង»។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឲ្យដឹងថា ក្រុមហ៊ុន១៤២ ធ្វើអាជីវកម្មរ៉ែទូទាំងប្រទេសកម្ពុជា ឯអាជ្ញាប័ណ្ណមានតែ ៣៧ ទេ។ លោកឲ្យដឹងទៀតថា ក្នុងប្រទេសកម្ពុជា មិនមានការនាំចូលខ្សាច់ទេ។ ចំពោះអាជីវកម្មខ្សាច់មិនទាន់ប៉ះពាល់ដល់ការដ្ឋានសំណង់នៅឡើយ ព្រោះមានក្រុមហ៊ុនមួយចំនួន អាជ្ញាប័ណ្ណនៅមានសុពលភាពនៅឡើយ៖ «សំឡេង»។
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងថា អាវុធហត្ថសហការជាមួយក្រសួងទាំងពីរដើម្បីពង្រឹងការអនុវត្តសេចក្តីសម្រេចលេខ២០សសរ ស្ដីពីការកំណត់គោលការណ៍ធ្វើអាជីវកម្មខ្សាច់។
លិខិតប្រកាសអន្តរក្រសួងស្ដីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន លើគម្រោងធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទសម្រេចចំនួន ៥ប្រការ។ ប្រការ១ រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានបំណងធ្វើអាជីវកម្មខ្សាច់សម្រាប់ប្រភេទគម្រោងដែលសម្រេចដោយក្រសួងរ៉ែ និងថាមពល ត្រូវមានរបាយការណ៍វាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន ដោយមានការឯកភាពជាផ្លូវការពីក្រសួងបរិស្ថាន ដើម្បីជាមូលដ្ឋានក្នុងការសម្រេចចេញអាជ្ញាប័ណ្ណ។ ប្រការ២ រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានបំណងធ្វើអាជីវកម្មខ្សាច់ ត្រូវមានកិច្ចសន្យាការពារបរិស្ថាន ដោយមានការឯកភាពជាផ្លូវការពីមន្ទីរបរិស្ថាន រាជធានី ខេត្ត ដើម្បីជាមូលដ្ឋានក្នុងការសម្រេចចេញអាជ្ញាប័ណ្ណដោយមន្ទីររ៉ែ និងថាមពលរាជធានី ខេត្ត។ ប្រការ៣ ចាប់ពីថ្ងៃប្រកាសអន្តរក្រសួងនេះចូលជាធរមានរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានបំណងធ្វើអាជីវកម្មខ្សាច់ សម្រាប់ប្រភេទគម្រោងដែលសម្រេចដោយក្រសួងរ៉ែ និងថាមពល ត្រូវមានកិច្ចសន្យាការពារបរិស្ថាន ដោយមានការឯកភាពជាផ្លូវការពីក្រសួងបរិស្ថាន ដើម្បីជាមូលដ្ឋានក្នុងការសម្រេចចេញអាជ្ញាប័ណ្ណ លើកលែងតែប្រភេទគម្រោងដែលមានការប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម ឬប្រភេទគម្រោងឋិតក្នុងតំបន់ហាមឃាត់ ដែលកំណត់ដោយក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល។ បទប្បញ្ញត្តិដែលមានចែងក្នុងប្រការ១ នៃប្រកាសនេះ ត្រូវចាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។ ប្រការ៤ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។ ប្រការ៥ អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងរ៉ែ និងថាមពល និងក្រោមឱវាទក្រសួងបរិស្ថាន ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ នេះតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
