អង្គការ​អន្តរជាតិ​មួយ​អំពាវនាវ​ឲ្យ​លុប​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង

អង្គការ​សង្គ្រោះ​ទន្លេ​មេគង្គ (Save the Mekong) ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៅ​តាម​បណ្ដា​ប្រទេស​ជាប់​ដង​ទន្លេ​មេគង្គ ចាត់​វិធានការ​លុបចោល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ជា​បន្ទាន់ ដែល​ឡាវ គ្រោង​ចាប់​ផ្ដើម​សាងសង់​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ អង្គការ​នេះ​ព្រមាន​ថា រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ដែល​យក​ទំនប់​នេះ មក​ធ្វើ​ជា​ល្បែង​នឹង​មិន​ផ្ដល់​ប្រយោជន៍​អ្វី​ល្អ​ដល់​ប្រជាជន​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​នោះ​ទេ។

អង្គការ​សង្គ្រោះ​ទន្លេ​មេគង្គ ស្នើ​ឲ្យ​មេដឹកនាំ​រដ្ឋ​ទាំង​នេះ​លុប​ចោល​ជា​បន្ទាន់​នូវ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ហើយ​គួរ​រក​មធ្យោបាយ​ថ្មី​ជំនួស​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដើម្បី​បំពេញ​តម្រូវការ​ថាមពល​អគ្គិសនី ដោយ​ជៀសវាង​ការ​លះ​បង់​ជីវិត​សត្វ និង​មនុស្ស​ក្នុង​តំបន់​មេគង្គ​ទាំង​មូល។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​នេះ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា អះអាង​ថា ទំនប់​វារីអគ្គិសនី​ដនសាហុង នឹង​បង្ក​ជា​គ្រោះថ្នាក់​យ៉ាង​អាក្រក់​ដល់​ប្រព័ន្ធ​ទន្លេ​មេគង្គ ពិសេស​ការ​ចរាចរ​របស់​ត្រី ហើយ​ទំនប់​នេះ នឹង​រាំង​ខ្ទប់​ច្រក​ផ្លូវ​ទឹក ហូសាហុង (Hou Sahong Channel) ដែល​ជា​ច្រក​សំខាន់​នៃ​បន្លាស់​ទី​របស់​មច្ឆជាតិ ពិសេស​ទំនប់​នេះ​នឹង​កម្ទេច​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេ​មេគង្គ។

អង្គការ​សង្គ្រោះ​ទន្លេ​មេគង្គ ព្រមាន​ថា ប្រសិនបើ​ប្រព័ន្ធ​ទាំង​នេះ​ខូច​អស់ នោះ​សន្តិសុខ​ស្បៀង និង​ជីវិត​រស់​នៅ​របស់​ប្រជាជន​រាប់​លាន​នាក់​នៅ​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ នឹង​ជួប​គ្រោះភ័យ​ធ្ងន់ធ្ងរ។

​ទំនប់​វារីអគ្គិសនី​ដនសាហុង អាច​នឹង​មាន​កម្ពស់​ពី ៣០​ម៉ែត្រ ទៅ ៣២​ម៉ែត្រ និង​មាន​ប្រវែង​ប្រហែល ៧​គីឡូម៉ែត្រ។ ទំនប់​នេះ​មាន​ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ​កន្លះ (១.៥០០​ម៉ែត្រ) ពី​ព្រំដែន​ខេត្ត​ស្ទឹងត្រែង។ តំបន់​ដែល​ត្រូវ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ ជា​តំបន់​ល្បាក់ខោន​ដែល​ជា​ផ្លូវទឹក​សម្រាប់​ត្រី​ធ្វើ​ចរាចរណ៍​នៅ​តាម​ខ្សែ​ទឹក​ដង​ទន្លេ​មេគង្គ។ វា​ជា​ប្រភព​ប្រាក់​ចំណូល និង​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​រាប់​លាន​នាក់។

បើ​ទោះ​ជា​ក្រុមហ៊ុន​ដែល​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ឈ្មោះ មេហ្គាហ្វើស (Mega First Corporation Berhad) ធ្លាប់​ប្រកាស​ថា ខ្លួន​បាន​សិក្សា និង​វាយតម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន ឬ​ហៅ​កាត់​ថា EIA (Environmental Impact Assessment) ហើយ​ក៏​ដោយ​ចុះ ក៏​អង្គការ​សង្គ្រោះ​ទន្លេ​មេគង្គ រក​ឃើញ​ថា លទ្ធផល​វាយ​តម្លៃ​របស់​ក្រុមហ៊ុន​នេះ​បរាជ័យ​មិន​បាន​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សិក្សា​ពី​ផល​ប៉ះពាល់​លម្អិត​នៃ​ទីតាំង​មួយ​ចំនួន ពិសេស​តំបន់​ដែល​នៅ​កៀក​នឹង​ប្រទេស​កម្ពុជា គឺ​មិន​ត្រូវ​បាន​សិក្សា និង​វាយ​តម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ។

អង្គការ​សង្គ្រោះ​ទន្លេ​មេគង្គ បន្ត​ថា ការ​សិក្សា​របស់​ក្រុមហ៊ុន​មេហ្គា ហ្វើស មិន​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ដូចជា​ខ្វះខាត​ទិន្នន័យ​បឋម (baseline data) និង​ព័ត៌មាន​ពី​ប្រភេទ​ត្រី និង​ការ​ផ្លាស់​ទី​របស់​ត្រី។

អង្គការ​សង្គ្រោះ​ទន្លេ​មេគង្គ វាយ​តម្លៃ​ថា ការ​សិក្សា​របស់​ក្រុមហ៊ុន គឺ​ពឹង​ផ្អែក​ទៅ​លើ​ការ​សន្មត​ដោយ​មិន​បាន​ចុះ​ទៅ​ប្រមូល​ទិន្នន័យ​ផ្ទាល់​បាន​ត្រឹមត្រូវ​នោះ​ទេ។ អង្គការ​នេះ​ព្រមាន​ថា រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ រួមមាន ថៃ កម្ពុជា ឡាវ និង​វៀតណាម ដែល​យក​ទំនប់​វារីអគ្គិសនី​ដនសាហុង មក​ធ្វើជា​ល្បែង​នឹង​មិន​ផ្ដល់​ប្រយោជន៍​អ្វី​ល្អ​ដល់​អនាគត​នៃ​ទន្លេ​មេគង្គ​នោះ​ទេ។

កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ រដ្ឋាភិបាល​កម្ពុជា ថៃ និង វៀតណាម បាន​ស្នើ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត លើ​ការ​បង្កើត​ទំនប់​វារីអគ្គិសនី​ដនសាហុង។ រដ្ឋាភិបាល​ទាំង​បី​នេះ​ក៏​បាន​ទាមទារ​ពេល​វេលា​បន្ថែម​ទៀត ដើម្បី​ពិភាក្សា​លើ​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់។

យ៉ាង​ណា​ក៏ដោយ លោក ផៃ ស៊ីផាន ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​កំណត់​ទូត​ផ្លូវ​ការ​ជូន​រដ្ឋាភិបាល​ឡាវ ដើម្បី​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​កម្ពុជា ស្ដីពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​ដនសាហុង។

កន្លង​មក អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​ក៏​បាន​រិះគន់​គណៈកម្មការ​ទន្លេ​មេគង្គ ថា​ព្រងើយកន្តើយ​ចំពោះ​ការ​ទប់​ស្កាត់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ក្នុង​ប្រទេស​ឡាវ ហើយ​ថា អន្តររដ្ឋាភិបាល​ដែល​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ ហាក់​មិន​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឡាវ។ អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​ថ្លែង​ថា ប្រទេស​ឡាវ មិន​បាន​គោរព​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​គណៈកម្មការ​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥។ ក៏ប៉ុន្តែ អគ្គលេខាធិការ​គណៈកម្មការ​ទន្លេ​មេគង្គ​កម្ពុជា លោក តែ ណាវុធ ប្រតិកម្ម​តប​ថា គណៈកម្មការ​របស់​លោក​បាន​ធ្វើ​កំណត់ហេតុ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ ពន្យារ​ពេល​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ដើម្បី​សិក្សា​ពី​ផល​ប៉ះពាល់។

លោក ណាវុធ ថ្លែង​ថា លោក​មិន​ទាន់​ឃើញ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គ្រោះ​ទន្លេ​មេគង្គ នៅ​ឡើយ​ទេ៖ «យើង​អត់​បាន​ស្នើ​ឲ្យ​លុប​ចោល​ទេ គ្រាន់តែ​ឲ្យ​សិក្សា​បន្ថែម​ទៀត​អំពី​ផល​ប៉ះពាល់​ឆ្លង​ដែន។ យើង​បាន​ស្នើ​ភាគី​ឡាវ អ៊ីចឹង ព្រោះ​គាត់​ជា​ម្ចាស់​គម្រោង។ (ប៉ុន្តែ​អត់​មាន​ស្នើ​ឲ្យ​លុបចោល​ទេ​?) អត់​ទេ ឲ្យ​គេ​លុប​ម៉េច! គេ​ត្រូវ​ការ​ភ្លើង ត្រូវ​ការ​អភិវឌ្ឍ​ស្រុក​គេ។ យើង​អត់​អាច​បញ្ជា​ឲ្យ​គេ​លុប​ចោល​គម្រោង​នេះ គម្រោង​នោះ​បាន​ទេ ព្រោះ​វា​នៅ​ក្នុង​ទឹកដី​គេ។ យើង​បាន​ឲ្យ​គាត់​សិក្សា​ថែម​ទៀត​មុន​ការ​សាងសង់។ យើង​មិន​បាន​ហាមឃាត់​មិន​ឲ្យ​សាងសង់​ដោយ​ត្រង់ៗ​បាន​ទេ»

​កិច្ចព្រមព្រៀង​គណៈកម្មការ​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥ បង្កើត​ឲ្យ​មាន​ស្ថាប័ន​រដ្ឋាភិបាល​ចម្រុះ។ តាម​រយៈ​កិច្ច​ព្រមព្រៀង​នេះ ភាគី​រដ្ឋាភិបាល​ពាក់ព័ន្ធ ត្រូវ​ពិភាក្សា​ពី​ផល​ប៉ះពាល់​ដោយ​ឯករាជ្យ និង​ត្រូវ​មាន​ការ​ឯកភាព​គ្នា​ជា​មុន​សិន មុន​នឹង​អាច​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​ណា​មួយ​នៅ​តាម​ដង​ទន្លេ​មេគង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។