សង្គម​ស៊ីវិល​និង​សកម្មជន​ធ្វើ​យុទ្ធនាការ "ថតរូប​ខ្លួន​ឯង​ជាមួយ​ដើម​ឈើ"

ដោយ​ សូត សុខប្រាថ្នា
2016.11.08
យុវជន ព្រៃឈើ ៨៥៥ សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ ធ្វើ​យុទ្ធនាការ​ថត​រូប​ខ្លួន​ឯង​ជាមួយ​ដើម​ឈើ នា​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ការ​ថតរូប​នេះ​គឺ​ដើម្បី​ជា​សារ​ដល់​ពលរដ្ឋ​ឲ្យ​ស្រលាញ់ និង​ការពារ​ព្រៃ​ឈើ។
Photo supplied

បណ្ដាញ​យុវជន និង​សកម្មជន​ការពារ​ព្រៃឡង់ នាំ​គ្នា​បង្កើត​យុទ្ធនាការ​ថ្មី​មួយ​ទៀត​ក្នុង​ការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ស្រលាញ់ និង​ការពារ​ព្រៃឈើ ពិសេស​ចង់​ឱ្យ​រាជរដ្ឋាភិបាល​កាន់តែ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ការពារ​ធនធាន​ធម្មជាតិ។ យុទ្ធនាការ​នេះ គឺ​គ្រាន់​តែ​ថតរូប​ជាមួយ​ដើម​ឈើ​ដើម្បី​អប់រំ​ឱ្យ​មហាជន​ផ្សេង​ទៀត​បាន​ដឹង ហើយ​រួម​គ្នា​ថែរក្សា​ធនធាន​ព្រៃឈើ ឬ​ដាំ​ដើម​ឈើ​ឡើង​វិញ ដើម្បី​ទប់ទល់​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​ពេល​បច្ចុប្បន្ន ព្រមទាំង​ចង់​រំលឹក​ដល់​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​កិច្ច​ការពារ​ព្រៃឈើ​កន្លង​មក។

យុទ្ធនាការ​របស់​សង្គម​ស៊ីវិល ព្រម​ទាំង​សកម្មជន​ការពារ​ព្រៃឈើ លើ​ការ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​សារសំខាន់​នៃ​ធនធាន​ព្រៃឈើ គឺ​មាន​ជា​ហូរហែ និង​មាន​លក្ខណៈ​ផ្សេងៗ​គ្នា។

យុទ្ធនាការ​ទាំង​នោះ រួម​មាន​ការ​ហែ​ញត្តិ​ដាក់​ទៅ​ស្ថាប័ន​ជាតិ​ធំៗ ដើម្បី​ឱ្យ​ស្ថាប័នរដ្ឋ​ចាត់​វិធានការ​លើ​បញ្ហា​ប្រឈម​ដែល​កើត​មាន​ក្នុង​តំបន់​ដែល​ពួកគេ​រស់​នៅ។ លើស​ពី​នេះ​ទៀត រួម​មាន​ការ​ដាំ​កូន​ឈើ​ឡើង​វិញ ការ​ចុះ​ល្បាត​ព្រៃ​ដើម្បី​តាម​ដាន​សកម្មភាព​បទល្មើស​កាប់​បំផ្លាញ​ឈើ​ធំៗ ឬ​បទល្មើស​រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ព្រម​ទាំង​សកម្មភាព​ជា​ច្រើន​ផ្សេង​ទៀត។

ជាមួយ​គ្នា​នេះ បណ្ដាញ​យុវជន​កម្ពុជា និង​បណ្ដាញ​ការពារ​ព្រៃឡង់ សហការ​ជាមួយ​អង្គការ​ដៃគូ​បាន​រៀបចំ​យុទ្ធនាការ​ថ្មី​មួយ​ទៀត គឺ​យុទ្ធនាការ សែលហ្វ៊ី (Selfie) ឬ​ថតរូប​ខ្លួន​ឯង​ជាមួយ​ដើម​ឈើ។ យុទ្ធនាការ​នេះ គឺ​ចង់​អប់រំ​មហាជន ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឱ្យ​ពួកគេ​ស្រលាញ់ និង​យកចិត្តទុកដាក់ ព្រមទាំង​ចេះ​ការពារ​ព្រៃឈើ ដែល​កំពុង​ប្រឈម​ការ​កាប់​បំផ្លាញ​នៅ​ពេល​បច្ចុប្បន្ន។

​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ មាន​ប្រសាសន៍​ថា យុទ្ធនាការ​ថត​រូប​ជាមួយ​ដើម​ឈើ​ គឺ​ចាប់​ផ្ដើម​ដំបូង​ពី​តំបន់​ព្រៃឡង់ ពីព្រោះ​ជា​តំបន់​ដែល​សំខាន់​ជាង​គេ ប៉ុន្តែ​ពលរដ្ឋ​គ្រប់រូប​អាច​ធ្វើ​សកម្មភាព​នេះ​បាន​យ៉ាង​ងាយស្រួល ដោយ​គ្រាន់​តែ​ថតរូប​ជាមួយ​ដើម​ឈើ​ដែល​មាន​នៅ​តំបន់​ពួកគាត់​រស់​នៅ។

លោក​បញ្ជាក់​ថា យុទ្ធនាការ​នេះ គឺ​បន្ថែម​ទៅ​នឹង​យុទ្ធនាការ​មុនៗ ដើម្បី​កាន់​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ចាប់​អារម្មណ៍ ព្រម​ទាំង​ដាស់​ស្មារតី​ដល់​រាជរដ្ឋាភិបាល​ឱ្យ​នឹក​ឃើញ​ដល់​ការ​សន្យា ឬ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​កិច្ច​ការពារ​ព្រៃឈើ​កន្លង​មក៖ «ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្លួន​ហ្នឹង​ចាប់​ផ្ដើម​មើល​ឡើង​វិញ​ទៅ​លើ​ការ​សន្យា ជា​ពិសេស​ការ​សន្យា​ដាក់​ជា​តំបន់​ព្រៃ​ការពារ ឬ​ព្រៃ​អភិរក្ស​អី​ហ្នឹង»

គំនរ​ឈើ​ដែល​ក្រុម​អ្នក​កាប់​ឈើ​ដោយ​ខុស​ច្បាប់​គរ​ទុក​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
គំនរ​ឈើ​ដែល​ក្រុម​អ្នក​កាប់​ឈើ​ដោយ​ខុស​ច្បាប់​គរ​ទុក​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

យុទ្ធនាការ​ថតរូប​ខ្លួន​ឯង​ជាមួយ​ដើម​ឈើ គឺ​ធ្វើ​រយៈពេល​មួយ​សប្ដាហ៍​មក​ហើយ និង​បន្ត​ធ្វើ​ពេញ​មួយ​ខែ​វិច្ឆិកា នេះ។

លោក ទឹម ម៉ាឡៃ ពន្យល់​ថា យុទ្ធនាការ​នេះ គឺ​មាន​ការ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​តាម​រយៈ​ការ​ថត​រូប​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន ឬ​ការ​គាំទ្រ​ពី​មិត្តភ័ក្ដិ​របស់​ពួកគេ​ច្រើន ដូចជា​ការ​ចុច ឡៃខ៍ (Like) ឬ​ចូល​ចិត្ត​លើ​រូបថត​នោះ​ជាដើម។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា ដដែល​លើក​ឡើង​ថា កន្លង​មក​រាជរដ្ឋាភិបាល​បាន​សន្យា និង​មាន​សកម្មភាព​ជា​ច្រើន​ដើម្បី​ទប់ស្កាត់ និង​ការពារ​ព្រៃឈើ ប៉ុន្តែ​ការ​សន្យា​ទាំង​នោះ​គ្មាន​ន័យ ពីព្រោះ​បទល្មើស​នៅ​តែ​កើត​មាន​ឡើង។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ដើម្បី​ឆ្លើយ​តប​ចំពោះ​យុទ្ធនាការ​របស់​ក្រុម​យុវជន និង​បណ្ដាញ​ការពារ​ព្រៃឡង់ បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា។

ទោះបីជា​យ៉ាង​នេះ​ក្តី កន្លង​មក​រាជរដ្ឋាភិបាល​បាន​ប្ដេជ្ញា​ចិត្ត និង​សន្យា​ម្ដង​ហើយ​ម្ដង​ទៀត ចំពោះ​កិច្ច​ការពារ​ធនធាន​ធម្មជាតិ ពិសេស​ព្រៃឈើ។ ប្រមុខ​រាជរដ្ឋាភិបាល​ធ្លាប់​ប្រកាស​កាត់​ក​ខ្លួន​ឯង​ចោល​ទៀត​ផង ប្រសិនបើ​ការពារ​ព្រៃឈើ​មិន​បាន។ ជាង​នេះ​ទៀត កាល​ពី​ថ្ងៃ​ទី​១៥ មករា រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើង ក្នុង​គោលបំណង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ប៉ុន្តែ​មក​ទល់​ពេល​នេះ សកម្មជន​ការពារ​ព្រៃឈើ​លើក​ឡើង​ថា សកម្មភាព​កាប់​ឈើ​នៅ​តែ​កើត​មាន​ឡើង​ដដែល។

គណៈកម្មការ​នេះ មាន​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន ដូចជា ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់ និង​បទល្មើស​ព្រៃឈើ​នៅ​ភូមិ​ភាគ​ឦសាន​នៃ​ប្រទេស។ ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​កាប់ និង​នាំ​ឈើ​ខុស​ច្បាប់ ចាប់​ជនល្មើស និង​វត្ថុតាង​ដើម្បី​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ព្រមទាំង​សហការ​ជាមួយ​ភាគី​វៀតណាម និង​ឡាវ ដើម្បី​ធ្វើ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព។ បន្ថែម​ពី​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​ប្រធាន​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក សៅ សុខា ប្រើប្រាស់​គ្រាប់​រ៉ុកកែត បាញ់​កម្ទេច​ក្រុម​ឈ្មួញ​រក​ស៊ី​ដែល​ព្រហើន​ថែម​ទៀត​ផង។

បេសកកម្ម​របស់​គណៈកម្មការ​ជាតិ​មួយ​នេះ រយៈពេល​ប្រមាណ ៣​ខែ​ដំបូង ពួកគេ​សម្រេច​បញ្ជូន​របាយការណ៍​របស់​ខ្លួន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា បន្ទាប់​ពី​ចាប់​បាន​ឈើ​ខុស​ច្បាប់​ជាង ៧​ម៉ឺន​ម៉ែត្រ​គូប និង​ប្ដឹង​ឈ្មួញ​រក​ស៊ី​ចំនួន ៥៧​ករណី​ទៅ​តុលាការ។ ជាមួយ​គ្នា​នេះ កាល​ពី​ខែ​សីហា កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បញ្ជា​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​នឹង​ធនធាន​ធម្មជាតិ ត្រូវ​ជួប​ប្រជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​រាល់​បី​ខែ​ម្ដង ដើម្បី​តាមដាន​ប្រសិទ្ធភាព​ការងារ និង​រិះរក​វិធី​ការពារ​ធនធាន​ធម្មជាតិ។

យ៉ាងណា​ក៏ដោយ​ចុះ សង្គម​ស៊ីវិល និង​មហាជន​ជា​ច្រើន​មើល​ឃើញ​ថា ការ​ប្ដេជ្ញា​ចិត្ត ឬ​ការ​សន្យា​របស់​រាជរដ្ឋាភិបាល​កន្លង​មក គឺ​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ ហើយ​នឹង​ឈាន​ទៅ​បរាជ័យ​ទាំង​ស្រុង​នៅ​ពេល​ធនធាន​ធម្មជាតិ ពិសេស​ព្រៃឈើ ត្រូវ​បាន​វិនាស​គ្មាន​សល់។

ប្រធាន​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង អះអាង​ថា យុទ្ធនាការ​ថត​រូប​ជាមួយ​ដើម​ឈើ​សម្រាប់​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ពេល​នេះ គឺ​ជា​រូបភាព​មួយ​ថ្មី​ទៀត ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ឱ្យ​ស្រលាញ់​ព្រៃឈើ។ បន្ថែម​ពី​នេះ ដើម្បី​រំឭក​ដល់​រដ្ឋាភិបាល​ឱ្យ​ចងចាំ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​នៅ​ក្នុង​សន្និសីទ​ទីក្រុង​ប៉ារីស ស្ដីពី​ប្រែប្រួល​អាកាសធាតុ​កាល​ពី​ឆ្នាំ​២០១៥។ កាល​ណោះ រាជរដ្ឋាភិបាល​កម្ពុជា សន្យា​ថា នឹង​ការពារ ហើយ​ស្តារ​ព្រៃឈើ​ឡើង​វិញ​ឱ្យ​បាន ៦០​ភាគរយ នៅ​ឆ្នាំ​២០៣០។

លោក សេង សុខហេង មើល​ឃើញ​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល គឺ​មាន​ការ​ប្រែប្រួល​ខ្លះ ដូចជា​ការ​បង្កើត​តំបន់​ព្រៃ​ការពារ​កាន់​តែ​ច្រើន ការ​បង្កើត​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើង ព្រមទាំង​កិច្ច​សហការ​ជាមួយ​ប្រជា​សហគមន៍ និង​មន្ត្រី​ជំនាញ​កាន់​តែ​ប្រសើរ​ជាង​មុន។ យ៉ាង​នេះ​ក្ដី លោក​ថា មិន​សូវ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ទេ។ ជាក់​ស្ដែង​បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​ឥត​ឈប់ឈរ ពិសេស​តំបន់​ព្រៃ​ការពារ​ដែល​រដ្ឋាភិបាល​ទើប​នឹង​បង្កើត​ឡើង ម្យ៉ាង​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​ឈើ​ធំៗ ក្រៅ​ពី ហេង សំនៀង ហៅ​យាយ ព្រឿង គឺ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ៖ «ទន្ទឹម​នឹង​នោះ បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន​ដែល​មាន​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​មួយ​ចំនួន​ទៀត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ដែល​នៅ​ពី​ក្រោយ​ខ្នង»

​សកម្មជន​ការពារ​ព្រៃឡង់​រូប​នេះ មើល​ឃើញ​ថា ក្រោយ​ពេល​បាត់បង់​ព្រៃឈើ​កាន់​តែ​ច្រើន បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺ​កើត​មាន​ឡើង​ជា​បន្តបន្ទាប់ ដូចជា​គ្រោះ​រាំង​ស្ងួត គ្រោះ​ទឹក​ជំនន់ ខ្យល់​កន្ត្រាក់ រដូវ​កាល​មិន​ទៀងទាត់​ជាដើម។

ប្រភព​ដដែល​អះអាង​ថា ពួកគាត់​នឹង​ប្រមូល​ឯកសារ ឬ​ភស្តុតាង​ឱ្យ​បាន​ច្រើន​ដើម្បី​ចងក្រង​ជូន​ទៅ​រាជរដ្ឋាភិបាល ពិសេស​ដាក់​ទៅ​ម្ចាស់​ជំនួស​ធំៗ ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី​អន្តរាគមន៍​ឱ្យ​ទាន់​ពេលវេលា​ចំពោះ​វិនាសកម្ម​ព្រៃឈើ​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។