បច្ចុប្បន្នមន្ត្រីរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប កំពុងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកទស្សនាប្រាសាទបូរាណ ដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ។ ក៏ប៉ុន្តែការយកចិត្តលើបញ្ហាបរិស្ថាននិងទីក្រុងស្អាត គឺមិនទាន់បានល្អទាំងអស់ទេ ដោយសារតែនៅតាមទីផ្សារ និងកន្លែងខ្លះទៀតក្នុងទីក្រុង មានគំនរសំរាមជះក្លិនស្អុយ ដែលធ្វើឱ្យប៉ះពាល់សុខភាព និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួន។
ប្រជាពលរដ្ឋប្រមាណ ៥០គ្រួសារនៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ព្រមានថា ពួកគេនឹងប្រមូលគ្នាបិទផ្លូវនៅពេលណាមួយ មិនឱ្យរថយន្តដឹកសំរាមរបស់ក្រុមហ៊ុន ហ្កាអ៊ីយ៉ា (GAEA) អាចចូលទៅចាក់សំរាមនៅកន្លែងស្ដុកក្នុងទីក្រុងបានទៀតទេ ប្រសិនបើសំរាម នៅតែជះក្លិនស្អុយហើយមិនមានការដោះស្រាយអ្វីសោះនោះ។
កាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅ ក្រុមអ្នកភូមិបាននាំគ្នាផ្ដិតមេដៃសាជាថ្មី ធ្វើពាក្យបណ្ដឹងដាក់ទៅអាជ្ញាធរម្ដងទៀត ដើម្បីឱ្យជួយដោះស្រាយជុំវិញបញ្ហាសំរាមដែលជះក្លិនស្អុយជាយូរមកហើយនោះ។
ក្រុមអ្នកភូមិជាច្រើនអះអាងប្រហាក់ប្រហែលគ្នាកាលពីថ្ងៃច័ន្ទ ទី២ ខែមិថុនា ថា ពួកគេពិតជាមិនអាចទ្រាំហិតក្លិនស្អុយចេញពីសំរាមដែលក្រុមហ៊ុន ហ្កាអ៊ីយ៉ា ដឹកជញ្ជូនមកស្ដុកទុកជាច្រើនរថយន្តក្នុង១ថ្ងៃនោះទេ។
សំឡេងតវ៉ា៖ «ប្រុស៖ ពេលកាលណាក្ដៅខ្លាំង វាស្អុយកាន់តែខ្លាំង។ ខ្ញុំ១ខែផ្ដាសាយចង់ ២០ថ្ងៃហើយគឺលេបថ្នាំរាល់ថ្ងៃ។ ទឹកស្អុយចេញពីសំរាម វាធ្លាក់ពីក្ដិតឡានឆ្វាចលើថ្នល់ស្អុយ ជាអ្វីទៅទៀត។ ស្រី៖ ស្អុយរហូតឱ្យតែខ្យល់មកចំ ដូចគំរង់។ ថ្ងៃណាអស់កម្លាំងទៅធុំក្លិននោះក៏ក្អួត កើតខ្យល់។ ប្រុស៖ ស្អុយឆួលចង់ប្រះលលាដ បុកទៅខួរក្បាលសឹងតែបែក ប៉ុន្តែខ្ញុំទីទ័លក្រ មិនដឹងជាចេញទៅណាក៏ចេះតែទ្រាំទៅ។ កូនក្មេងគ្រុនរងាញឹកញាស់ ឈឺក្បាល ទៅពេទ្យថាដុះសាច់ច្រមុះកូនខ្ញុំ។ ស្រី៖ ក្លិនឈ្លក់តែម្ដង! កំពុងតែហូបបាយឆ្ងាញ់អី ម៉ាឈូ ពិបាកទ្រាំណាស់។ ដេកយប់អ៊ីចឹងជួនកាលពាក់កណ្ដាលយប់ស្អុយ ដល់ម៉ោង ៣-៤ព្រឹកទៅ ជួនកាល១ខែស្អុយចង់ ២០ថ្ងៃឡើងទៅ»។
ប្រជាពលរដ្ឋដែលមានលំនៅឋានជុំវិញកន្លែងស្ដុកសំរាមរបស់ក្រុមហ៊ុន ហ្កាអ៊ីយ៉ា គឺសុទ្ធតែទិញម៉ាសមកទុកនៅក្នុងផ្ទះគ្រប់ៗគ្នាដើម្បីពាក់ការពារក្លិនស្អុយ។
ក្រុមអ្នកភូមិទាមទារឱ្យអាជ្ញាធរក្រុងនិងខេត្តសៀមរាប ត្រូវតែដោះស្រាយដោយផ្លាស់ប្ដូរទីតាំងស្ដុកសំរាមចេញពីទីក្រុង។
ទោះយ៉ាងណានាយកក្រុមហ៊ុនប្រមូលសំរាម ហ្កាអ៊ីយ៉ា លោក ផូ ផល្គុន មិនបានទទួលទូរស័ព្ទបំភ្លឺរឿងនេះយ៉ាងណានៅឡើយ។
ចំណែកអ្នកគ្រប់គ្រងការដ្ឋានសំរាមម្នាក់ដែលមិនបញ្ចេញឈ្មោះ បានប្រាប់ថា ក្នុង១ថ្ងៃៗក្រុមហ៊ុនបានដឹកសំរាមពីតាមផ្ទះ និងផ្សារនានាប្រហែល ១២០តោន យកទៅស្ដុកនៅទីនោះ ដើម្បីរង់ចាំការដឹកបន្តទៅចោលនៅក្រៅទីក្រុង។ អ្នកគ្រប់គ្រងដដែលបញ្ជាក់ថា ក្រុមហ៊ុនបានប្រឹងប្រែងបំបាត់ក្លិនស្អុយនេះ តាមរយៈការដាក់ទឹកអ៊ី.អឹម (EM) ធ្វើប្រព័ន្ធលូបង្ហូរផង និងចាក់បេតុងឱ្យខ្ពស់ ដើម្បីកុំឱ្យជះក្លិនដែរ ក៏ប៉ុន្តែនៅតែមិនអាចការពារបាន។
ប្រធានស្ដីទីនៃមន្ទីរបរិស្ថានខេត្តសៀមរាប លោក ភួង លីណា មានប្រសាសន៍ថា លោកធ្លាប់ចាត់វិធានការជុំវិញរឿងក្លិនស្អុយនោះ ចំនួន ២លើកមកហើយ ដោយមានទាំងកិច្ចសន្យាឱ្យក្រុមហ៊ុនរៀបចំកុំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។
មន្ត្រីដដែលបញ្ជាក់ទៀតថា នៅថ្ងៃទី៣ មិថុនា រូបលោក ប្រជាពលរដ្ឋ ក្រុមហ៊ុន និងសាលាក្រុងសៀមរាប នឹងជួបជជែកគ្នាម្ដងទៀត ជុំវិញរឿងនោះ ហើយបើក្រុមហ៊ុននៅតែមិនផ្លាស់ប្ដូរទេ គឺមន្ទីរបរិស្ថាននឹងរៀបចំអនុវត្តតាមនីតិវិធីច្បាប់៖ «មួយជំហានហ្នឹងទៀតនៅតែមិនដោះស្រាយចេញ យើងនឹងមានវិធានការប្រហែលជាដូរទីតាំង ឬក៏យើងត្រូវប្ដឹងគាត់ទៅតុលាការ អាហ្នឹងជានីតិវិធីបន្ទាប់ទៀត»។
បញ្ហាក្លិនស្អុយសំរាមនេះ មិនមែនមានតែប្រជាពលរដ្ឋនៅភូមិខ្នារថ្មី សង្កាត់ជ្រាវទេ គឺប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត ដែលរស់នៅភូមិបន្ទាយចាស់សង្កាត់ស្លក្រាមផ្សារសាមគ្គីក៏កំពុងទទួលរងការប៉ះពាល់ដែរ។ នៅផ្សារសាមគ្គីបច្ចុប្បន្ន ក៏ក្រុមហ៊ុនហ្កាអ៊ីយ៉ា ជាអ្នកទទួលដឹកដែរ ក៏ប៉ុន្តែការដឹកចេញមានកំណត់ជាហេតុធ្វើឱ្យសំរាមនៅគរជះក្លិនស្អុយជារៀងរាល់ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
