ពេលបច្ចុប្បន្ន ខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញជាងគេបំផុតក្នុងចំណោមខេត្ត-ក្រុងចំនួន ២៥ផ្សេងទៀតរបស់កម្ពុជា។ ខេត្តនេះកំពុងទាក់ទាញភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ឱ្យមកទស្សនាប្រាសាទបុរាណ និងទេសចរណ៍ធម្មជាតិរាប់លាននាក់ក្នុង ១ឆ្នាំៗ ក៏ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងសៀមរាប ជាច្រើន នៅមិនទាន់ល្អស្អាតនៅឡើយទេ គឺនៅមានដីហុយជាច្រើនកន្លែង។ បញ្ហាដីហុយនេះដែរ កំពុងកើតមានពេញបន្ទុកនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ដែលជាតំបន់ជាយទីក្រុងសៀមរាប។
ក្រុមប្រជាពលរដ្ឋដែលមានលំនៅឋានអមដងផ្លូវក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ជាច្រើនគ្រួសារ កំពុងរអ៊ូរទាំចំពោះបញ្ហាដីហុយខ្លាំងដែលធ្វើឱ្យរំខានដល់ការរស់នៅ ព្រមទាំងប៉ះពាល់សុខភាព និងសុវត្ថិភាពនៅពេលធ្វើដំណើរផង រយៈពេលជាង ១ខែមកហើយ។
ការរអ៊ូរទាំនេះកើតមានឡើងបន្ទាប់ពីក្រុមហ៊ុនឯកជន១ បានចាប់ផ្ដើមឈូសឆាយផ្លូវលំទីនោះ ដើម្បីធ្វើផ្លូវដ៏ធំមួយ ហើយមានឡានដឹកដីធំៗជាច្រើនគ្រឿង បានបើកបរឆ្លងកាត់ក្នុងល្បឿនលឿន បណ្ដាលឱ្យដីហុយខ្លាំង ចាប់តាំងពីព្រឹកព្រលឹមរហូតដល់ល្ងាច។
ក្រុមអ្នកភូមិព្រមានថា ប្រសិនបើឡានដឹកដីធំៗ នៅតែបើកបរបណ្ដាលឱ្យដីហុយខ្លាំង ដោយមិនមានមធ្យោបាយដោះស្រាយទេនោះ ពួកគេមិនអាចអត់ទ្រាំបានយូរទៅមុខទៀតឡើយ គឺប្រាកដជានឹងនាំគ្នាតវ៉ាបិទផ្លូវនោះនៅពេលណាមួយ។
បុរសអ្នកភូមិបុស្សក្រឡាញ់ម្នាក់ ដែលឈរសម្លឹងមើលឡានដឹកដីធំៗ ហើយគាត់ពាក់ម៉ាស់ការពារជាស្រេចនោះ គឺលោក សាន ស៊ីណែត។ លោកមានប្រសាសន៍នៅក្នុងពេលជជែកជាមួយអ្នកភូមិដូចគ្នាថា រូបលោកក៏ដូចជាអ្នកភូមិជាច្រើនទៀត មានការព្រួយបារម្ភចំពោះសុវត្ថិភាពពេលធ្វើដំណើរ ព្រមទាំងព្រួយទៅដល់សុខភាពដែលប៉ះពាល់ពីការហុយដីនេះ។

បុរសដដែលបញ្ជាក់ថា លោកដឹងថា ផ្លូវនេះកំពុងឈូសឆាយធ្វើថ្មី ហើយលោកមិនជំទាស់ទេ ក៏ប៉ុន្តែក្រុមហ៊ុនធ្វើផ្លូវគួរតែគិតគូរទៅដល់សុខភាពសាធារណៈដែរ៖ «ពេលដែលហុយខ្លាំងក្មេងដើរទៅសាលាទៅអីមើលមិនឃើញទេ វាពិបាកណាស់អាវគ្នាស ទៅជាពណ៌ដីពណ៌អីជាដើម»។
អ្នកភូមិបុស្សក្រឡាញ់ម្នាក់ទៀត លោក សិទ្ធិ សៀម មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃរូបគាត់ប្រឈមមុខនឹងបញ្ហាពិបាកដកដង្ហើម ចំណែកឯការទទួលទានអាហារក៏ពិបាក ព្រោះដីហុយខ្លាំងចូលបាយ និងសម្ល។ បុរសដដែលបញ្ជាក់ទៀតថា នៅលើផ្ទះរបស់គាត់ គឺមានធូលីដីពាសពេញទាំងពីកន្ទេល មុង ខ្នើយ និងដំបូលផ្ទះជាដើម៖ «សម្លៀកបំពាក់ បោកហាលទៅវាហុយប្រឡាក់ គ្មានអនាម័យត្រង់ណាទេ។ ខ្ញុំសំណូមពរឱ្យក្រុមហ៊ុនធ្វើថ្នល់គិតគូរពីអនាម័យ និងសុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវផង»។
កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ កន្លងទៅ ក្រុមប្រជាការពារជាច្រើននាក់ រួមទាំងមេភូមិបុស្សក្រឡាញ់ និងប្រជាពលរដ្ឋខ្លះ បាននាំគ្នាសែងសសរធំៗជាច្រើនដើមដាក់បិទកំណាត់ផ្លូវ ដើម្បីរារាំងកុំឱ្យរថយន្តដឹកដីធំៗបើកឆ្លងកាត់បាន។
មេភូមិបុស្សក្រឡាញ់ លោក ភាជ ផង់ ទទួលស្គាល់ថា ស្ថានភាពដីដែលកំពុងតែហុយខ្លាំងជារៀងរាល់ថ្ងៃនេះ គឺពិតជាធ្វើឱ្យរំខាន និងគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោកមែន។ លោកមេភូមិឱ្យដឹងថា នៅភូមិបុស្សក្រឡាញ់ គឺមានប្រជាពលរដ្ឋប្រមាណជាង ៣០០គ្រួសារ កំពុងទទួលរងការប៉ះពាល់ជាច្រើនផ្នែកដោយសារដីហុយនេះ៖ «ខ្ញុំសំណូមពរដល់ក្រុមហ៊ុនដែលធ្វើផ្លូវនេះសូមជួយចាក់ទឹកឱ្យទៀងទាត់ដើម្បីកុំឱ្យដីហុយ»។
ទោះយ៉ាងណា ក្រុមអ្នកភូមិបុស្សក្រឡាញ់ មិនស្គាល់ឈ្មោះក្រុមហ៊ុនដែលកំពុងធ្វើថ្នល់នេះច្បាស់លាស់ទេ ហើយវិទ្យុអាស៊ីសេរី ក៏មិនអាចស្វែងរកអ្នកគ្រប់គ្រងក្រុមហ៊ុនធ្វើផ្លូវនោះ ដើម្បីសុំការអធិប្បាយបានថាយ៉ាងណានៅឡើយ។
មិនមែនមានតែភូមិបុស្សក្រឡាញ់ ១ប៉ុណ្ណោះទេ ដែលកំពុងទទួលរងបញ្ហាដីហុយ គឺនៅតាមភូមិជាច្រើនទៀតនៃសង្កាត់ជ្រាវ ក៏កំពុងមានបញ្ហាដូចគ្នា។ ប្រជាពលរដ្ឋនៅតាមភូមិខ្លះ បាននាំគ្នាយកទុយយោបូមទឹកបាញ់លើផ្លូវដោយខ្លួនឯង និងខ្លះទៀតដងទឹកបាចក៏មាន ដោយសារតែដីហុយខ្លាំងនេះ។
អ្នកភូមិបានរិះគន់អាជ្ញាធរសង្កាត់ជ្រាវថា បានព្រងើយកន្តើយចំពោះបញ្ហាដីហុយនេះ ដោយសារតែមន្ត្រីខ្លះមានជាប់ពាក់ព័ន្ធនឹងការទទួលលុយពីឡានដឹកដី ១គ្រឿង ១ដុល្លារ ក្នុង១ថ្ងៃ បានជាទុកឱ្យដីហុយមិនព្រមដោះស្រាយ។
ចំណែកអាជ្ញាធរក្រុងសៀមរាបវិញ បានបដិសេធថា គេនៅមិនទាន់បានដឹងថា មានបញ្ហាហុយដីខ្លាំងនៅភូមិបុស្សក្រឡាញ់ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ។
អភិបាលក្រុងសៀមរាប លោក សូ ប្លាតុង មានប្រសាសន៍ថា លោកមិនទាន់បានទទួលព័ត៌មានពីអាជ្ញាធរសង្កាត់ជ្រាវ នៅឡើយទេ។ លោក សូ ប្លាតុង បញ្ជាក់ថា ថ្វីត្បិតតែក្រុង និងខេត្តសៀមរាប កំពុងអភិវឌ្ឍន៍ផ្លូវថ្នល់ជាច្រើនមែន ក៏ប៉ុន្តែអាជ្ញាធរតែងយកចិត្តទុកដាក់មិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ៖ «កន្លងមកក្រុមការងារទាំងខេត្តទាំងក្រុងតែងយកចិត្តទុកដាក់ក្នុងការណែនាំក្រុមហ៊ុនជួសជុលផ្លូវជាដើម ហើយកន្លែងផ្សេងៗទៀតបើមានដីហុយអ៊ីចឹង គឺមិនអនុញ្ញាតឡើយ»។
ទោះយ៉ាងណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ១រូប លោក សុខ គឹមសេង បានរិះគន់ថា ថ្វីត្បិតតែខេត្តសៀមរាប ជាតំបន់ទេសចរណ៍ល្បីល្បាញ ក៏ប៉ុន្តែនៅក្នុងទីរួមខេត្តគឺមានផ្លូវជាច្រើនកន្លែងខូចខាតបណ្ដាលឱ្យដីហុយខ្លាំង។
លោក សុខ គឹមសេង បញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាប តែងអះអាងអំពីការប្រឹងប្រែង ប៉ុន្តែលោកមិនឃើញមានអ្វីប្រែប្រួលទេ គឺដីនៅតែហុយដដែល៖ «ចំកណ្ដាលទីក្រុងក៏ហុយ និយាយរួម ដែលយើងឃើញដីមិនសូវហុយ មានតែកំណាត់ផ្លូវចាប់ពីស្តុបសុខា ទៅប្រលានយន្តហោះប៉ុណ្ណឹងទេ»។
គ្រូពេទ្យរបស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក ញាណ សារិន ធ្លាប់ពន្យល់កាលពីដើមខែធ្នូ ថា ឥទ្ធិពលនៃដីហុយអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាច្រើនផ្នែក ដូចជារលាកបំពង់ក រលាកច្រមុះ ប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម ដូចជាបណ្ដាលឱ្យកើតជំងឺហឺត ជំងឺសួត ខូចក្រពះ ព្រមទាំងភ្នែក ហើយចុងក្រោយអាចនឹងធ្វើឱ្យកើតជំងឺមហារីកក៏មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។