ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដែលកំពុងប្រកបរបរជីកយករ៉ែមាសខ្នាតតូច រងការគាបសង្កត់ពីសំណាក់អាជ្ញាធរ និងក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសខ្នាតធំ ដោយតាមដាននិងហាមឃាត់ពលរដ្ឋមិនឲ្យជីកយករ៉ែនៅក្នុងរណ្ដៅមិនលើសពីជម្រៅ៥ម៉ែត្រ។ ការដែលក្រុមហ៊ុនកំណត់បែបនេះ ធ្វើឲ្យពលរដ្ឋនៅតំបន់នោះ មិនអាចរករ៉ែមាសបានច្រើន។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ឲ្យស្មើភាពគ្នា រវាងក្រុមហ៊ុន និងពលរដ្ឋ។
ពលរដ្ឋប្រកបរបរជីកយករ៉ែមាសខ្នាតតូច រស់នៅភូមិរំដេង ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ អះអាងថា អាជ្ញាធរនិងក្រុមហ៊ុន ឌែលខម ខេមបូឌា (Delcom (Kampuchea) PTE. Ltd) បានដាក់គំនាបទៅលើពលរដ្ឋមិនឲ្យជីករណ្ដៅយករ៉ែមាស មិនលើសពីជម្រៅ៥ម៉ែត្រ ដោយសំអាងថា ដីរ៉ែមាសទាំងអស់នោះជារបស់ក្រុមហ៊ុន ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាល។ សហគមន៍បន្ថែមថា ក្រុមហ៊ុន ធ្វើអាជីវកម្មរ៉ែមាសខ្នាតធំទាំងនោះ គឺជាអ្នករំលោភបំពានដីធ្លីនិងគំរាមកំហែង លើដីស្រែចម្ការជាង១រយហិកតារ ដែលជាដីកេរ្តិ៍មរតកដូនតារបស់ពួកគាត់។
តំណាងសហគមន៍ភូមិរំដេង លោក ទុយ ឆេង ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងនៅថ្ងៃទី១០ ខែមករា ថា ពលរដ្ឋភូមិរំដេង រងទុក្ខម្ដងហើយម្ដងទៀតពីសំណាក់ អាជ្ញាធរនិងក្រុមហ៊ុន ធ្វើអាជីវកម្មរ៉ែមាសនៅតំបន់នោះ ដោយក្រុមហ៊ុនមួយនេះ បានហាមពលរដ្ឋជីករណ្ដៅយករ៉ែមាសលើសកំណត់ និងបង្ហោះដ្រូនតាមដានប្រជាពលរដ្ឋ ក្នុងមួយថ្ងៃបីដង ។ ចំណែកដីស្រែចម្ការរបស់ពួកគាត់ធ្លាប់អាស្រ័យផលត្រូវបានទាហានដែលការពារក្រុមហ៊ុនហាមឃាត់មិនឲ្យចូលក្នុងតំបន់នោះ ។ លោកបន្ថែមថា រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរនិងក្រុមហ៊ុនមិនទាន់ដោះស្រាយ ឬសងសំណងសមរម្យដល់ប្រជាពលរដ្ឋនៅឡើយទេ។ លើសពីនោះក្រុមហ៊ុន ឌែលខម ខេមបូឌា ក៏ទទួលបានដីសម្បទានថ្មីបន្ថែមទៀត លើផ្ទៃដីជិត ២ពាន់ហិកតារ ហើយបានបង្កផលប៉ះពាល់ និងការលំបាកដល់ពលរដ្ឋធ្វើអាជីវកម្មខ្នាតតូចកាន់តែខ្លាំង ធ្វើឲ្យបាត់បង់ដីស្រែចម្ការ និងបាត់បង់ជំនឿរបស់ជនជាតិដើមភាគតិចកួយ។
លោក ទុយ ឆេង៖ «ដូច្នេះប្រជាជនរស់នៅសព្វថ្ងៃគឺវាដូចនៅក្រោមគំនាប ដូច្នេះហើយវានៅក្រោមគំនាបអាជ្ញាធរមួយ មួយទៀតនៅក្រោមគំនាបក្រុមហ៊ុន ខ្លាំងជាងគេគឺក្រុមហ៊ុន ព្រោះអាជ្ញាធរនឹងឯងគេឲ្យដៃទៅក្រុមហ៊ុនហើយ ដូច្នេះក្រុមហ៊ុនគេត្រូវប្រើកម្លាំង ដ្រូនហោះរាល់ថ្ងៃ»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី និងអភិបាលស្រុករវៀង លោក ហ៊ោ ប៊ុនហ៊ួរ ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី១០ ខែមករា ដោយសារទូរស័ព្ទចូលច្រើនដង គ្មានអ្នកលើក។ ចំណែកមេឃុំរម្យទម អ្នកស្រី វឹក យ៉ា សុំមិនអត្ថាធិប្បាយ ដោយអ្នកស្រីកំពុងរវល់ប្រជុំ។ រីឯក្រុមហ៊ុន ឌែលខម ខេមបូឌា ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ទាក់ទិននឹងបញ្ហានេះ នាយកអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ សង្កេតឃើញថា រាល់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស តែងតែប៉ះពាល់ដីស្រែចម្ការ បរិស្ថាន រំលោភសិទ្ធិមនុស្សនិងគំរាមកំហែងពលរដ្ឋម្ចាស់ដី ចំណែកក្រុមហ៊ុនដែលបានរំលោភបំពានបែរជារួចពីសំណាញ់ច្បាប់ទៅវិញ ។ លោកបន្ថែមថា អាជ្ញាធរគួរតាមដានទៅលើក្រុមហ៊ុនទាំងនោះ និងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋឲ្យបានសមរម្យ និងត្រូវអនុវត្តច្បាប់ឲ្យស្មើភាពគ្នា មិនត្រូវដាក់បន្ទុកទៅលើតែពលរដ្ឋតូចតាចនោះទេ។
លោក ប៉ឹក សោភ័ណ៖ «សុំឲ្យអាជ្ញាធរក៏ដូចជារដ្ឋាភិបាល លោកយកគោលការណ៍អភិបាលកិច្ចជាគោល ជាគ្រឹះដើម្បីឲ្យរាល់ការងារអភិវឌ្ឍទាំងវិស័យឯកជនទាំងរដ្ឋ គឺដំណើរទៅបានរលូនដោយមិនធ្វើឲ្យមានការឈឺចាប់ទៅលើប្រជាពលរដ្ឋខ្លួនឯង»។
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ អង្គការសមធម៌កម្ពុជា (Equitable Cambodia ) បានចេញរបាយការណ៍មួយរកឃើញថា ក្រុមហ៊ុន ឌែលខម ខេមបូឌា កំពុងរំលោភយកដីធ្លី ព្រៃជំនឿ បង្ខំឲ្យពលរដ្ឋលក់ដីស្រែចម្ការ និងធ្វើឲ្យប៉ះពាល់បរិស្ថាននៅជុំវិញតំបន់ដែលពួកគេកំពុងរស់នៅសព្វថ្ងៃ។
អង្គការនេះ ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនចំនួន៥ធំៗ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសប៉ះពាល់ដល់ពលរដ្ឋ និងបរិស្ថាន ក្នុងខេត្តចំនួន៤ រួមមាន ក្រុមហ៊ុន សឹង យន្ដ គ័ង យិក ខូអិលធីឌី (XING YUAN KANNG YEAK CO., LTD. ) ស្ថិតនៅខេត្តក្រចេះ ក្រុមហ៊ុន រុងឆេង អ៊ីនដាសស្ទ្រៀល អ៊ិនវេសមិន (ខេមបូឌា) (Rong Cheng Industrial Investment (Cambodia) Co., Ltd) នៅខេត្តមណ្ឌលគិរី ក្រុមហ៊ុន ឌែលខម ខេមបូឌា ក្រុមហ៊ុន ស៊ិនហ្សាន អ៊ិនដាសស្ទ្រៀល ខេមបូឌា (Xinshan Industrial, Cambodia) នៅខេត្តព្រះវិហារ និងក្រុមហ៊ុន អង្គរ ហ្គោល ខប មេសកូ ហ្គោល (Angkor Gold Corp, Mesco Gold) នៅខេត្តរតនគីរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។