កូន​ប្រុស​លោក ឈុត វុទ្ធី គ្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​​អឺរ៉ុប​ឈប់​​ទិញ​ឈើ​ពី​ប្រទេស​វៀតណាម

0:00 / 0:00

កូនប្រុសលោក ឈុត ​វុទ្ធី លោក ឆឺយ ឧត្តមរស្មី ដែល​បន្ត​ការងារ​ការពារ​ព្រៃ​ឈើ​ពី​ឪពុក​ព្រមាន​ថា លោក​នឹង​សកម្មជន​ព្រៃ​ឈើ​ផ្សេង​ទៀត និង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ស្ថានទូត​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ទៀត ដើម្បី​ប្រាប់​ទៅ​សហភាព​អឺរ៉ុប​ឲ្យ​ឈប់​ទិញ​ឈើ​ពី​ប្រទេស​វៀតណាម។ ការ​ព្រមាន​ធ្វើ​បាតុកម្ម​នេះ ព្រោះ​សកម្មជន​ព្រៃ​ឈើ​រូប​នេះ រក​ឃើញ​ថា ឈ្មួញ​ទុច្ចរិត​សព្វ​ថ្ងៃ​កំពុង​កាប់​បំផ្លាញ​ព្រៃ​ឈើ​កម្ពុជា​ឆ្លង​ដែន​ទៅ​លក់​នៅ​វៀតណាម។

សកម្មជន​ការពារ​ព្រៃ​ឈើ លើក​ឡើង​ថា ពាណិជ្ជកម្ម​ឈើ​រវាង​ប្រទេសវៀត​ណាម និង​សហភាពអឺរ៉ុប ជា​មូលហេតុ​ធ្វើ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា​រីករាល​ដាល​កាន់​តែ​ខ្លាំង​ដូច​សព្វ​ថ្ងៃ​នេះ។ ពួក​គេ​លើក​ឡើង​ថា នេះ​ជា​រឿង​ឈឺ​ចាប់​បំផុត ដែល​ពាណិជ្ជកម្ម​រវាង​ប្រទេស​វៀតណាម និង​សហភាព​អឺរ៉ុប បាន​ធ្វើ​​ឱ្យ​វិនាស​ហិនហោច​ព្រៃ​ឈើ​របស់​ខ្មែរ។

កូន​ប្រុស​សកម្មជន​ការពារ​ព្រៃ​ឈើ​លោក ឈុត វុទ្ធី និង​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ គឺ លោក ឆឺយ ឧត្តមរស្មី ប្រាប់​អាស៊ី​សេរី​ថា លោក​ធ្លាប់​បាន​ជួប​ជាមួយ​មន្រ្តី​សហភាព​អឺរ៉ុប ដើម្បី​ប្រាប់​ទៅ រដ្ឋាភិបាល​នៃ​ប្រទេស​អឺរ៉ុប​ទាំង​ឡាយ ឲ្យ​បញ្ឈប់​ជំនួញ​ព្រៃ​ឈើ​នេះ​ជាមួយ​ប្រទេស​វៀតណាមត​ទៅ​ទៀត ក៏​ប៉ុន្តែ​លោក​ថា ការ​ស្នើ​នេះ​ហាក់​មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។ លោក​បញ្ជាក់​ថា គម្រោង​ធ្វើ​បាតុកម្ម​នេះ មុន​ដំបូង​លោក​គ្រោង​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បន្ទាប់​មក លោក​នឹង​បន្ត​ទាមទារ​ទៅ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុបមួយចំនួនទៀត។ លោក​បន្ថែម​​ថា គម្រោង​ធ្វើ​បាតុកម្ម​នេះ ជា​ដំណោះ​ស្រាយ​ចុង​ក្រោយ៖ «អឺរ៉ុប​គេ​នៅ​តែ​ទទួល​ស្គាល់​គេ​ថា គេ​ធ្វើ​ដោយ​ស្រប​ច្បាប់​ត្រឹម​ត្រូវ​ហើយ បើ​សិន​ជា​យើង​ដឹង​អ៊ីចឹង​ហើយ ម៉េច​បាន​យើង​នៅ​តែ​លក់​ឈើ​ឲ្យ​វៀតណាម រឿង​ហ្នឹង​យើង​មិនបាន​ហាម​ឃាត់​បាន​ទេ ព្រោះ​រដ្ឋាភិបាល​យើង​ដោយ​សារ​គាត់​អត់​មាន​ឆន្ទៈ​ក្នុង​ការ​ទប់ស្កាត់​ផង ប៉ុន្តែ​ដោយ​សារ​យើង​ចង់​និយាយ​ជាមួយ​អឺរ៉ុប​ដោយ​សារ​ជា​ប្រទេស​ក្រុម​ប្រទេស ដែល​គំរូ​ដល់​ពិភពលោក ហើយ​ជា​ក្រុម​ប្រទេស ដែល​មាន​ឥទ្ធិពល​ប្រជាធិបតេយ្យ ហើយ​សិទ្ធិ​មនុស្ស​ក៏​គោរព និង​បរិស្ថាន»

លោក ​ ឆឺយ ឧត្តមរស្មី ប្រាប់​ទៀត​ថា លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ថា សព្វថ្ងៃ​មាន​ការ​នាំ​ឈើ​ពី​កម្ពុជា​យ៉ាងច្រើន​ទៅ​វៀតណាម ហើយ​វៀតណាម​បន្ត​លក់​ឈើ​នោះ​ឲ្យ​សហភាព​អឺរ៉ុប។ លោក​ថា គ្រាន់​តែ​មួយ​ថ្ងៃយ៉ាង​ហោច​ណាស់​មាន​ឈើ​នាំ​ចេញ​ទៅ​វៀត​ណាម​ជាង ៣០០ឡាន​យីឌុប ហើយ​ក្នុង​មួយ​ឡាន​អាច​ផ្ទុក​ឈើ​បាន ជិត១០០តោន។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន ហៅ​កាត់​ថា អ៊ី.អាយ.អេ (EIA) រក​ឃើញ​ថា វៀតណាម​នៅ​តែ​ជា​មេ​ក្លោង​ទិញ​ឈើ​ខុស​ច្បាប់ ពី​តំបន់​ព្រៃ​អភិរក្ស​របស់​កម្ពុជា

ដូច​ជា​ពីតំបន់​ឧទ្យាន​ជាតិ​វីរជ័យ​ ក្នុង​ខេត្ត​រតនគីរី និង​ខេត្ត​ស្ទឹងត្រែង ទំនប់​សេ​សាន​ក្រោម​ពីរ ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រិច ខេត្ត​មណ្ឌលគីរី ជាដើម។ តំបន់​ព្រៃ​ការពារ​ទាំង​នេះ កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន និង​ឈ្មួញ​វៀតណាម ដែល​មាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ​របស់​របប​លោក ហ៊ុន សែន។

របាយការណ៍​របស់ EIA បន្ថែម​ទៀត​ថា ក្រុមហ៊ុន​វៀតណាម​អាច​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ និង​តំបន់​ព្រៃ​ការពារ​នៅ​ខេត្ត​ភាគ​ឦសាន ដោយ​បង់​លុយ​ដល់​មន្ត្រី​ប៉ូលិស​ព្រំដែន និង​អនុរក្ស​ព្រៃ​ឈើ ជា​ថ្នូរ​ក្នុង​កិច្ច​ការពារ​សុវត្ថិភាព​ឆ្លង​ព្រំដែន។

EIA ឲ្យ​ដឹង​ដែរ​ថា ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១៧ ដល់​ខែ​មីនា ២០១៨ មាន​ទំហំ​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ ​មាន​ប្រមាណ​ជាង ១លាន ១សែន ៥ម៉ឺន​ម៉ែត្រគីប (១.១៥៥.០០០​ម៉ែត្រ​គីប) ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ។

សកម្មជនព្រៃឈើម្នាក់ទៀត លោក ហេង ស្រស់ ឲ្យ​ដឹង​ថា លោក​នឹង​ចូលរួម​ធ្វើ​បាតុ​នេះ​ដែរ​ព្រោះ​លោក​​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាមួ​យមន្ត្រី​ខិល​ខូច​នៅ​តាម​ច្រក​ព្រំដែន​បើក​ឲ្យ​មាន​ការ​នាំ​ឈើ​ចេញ​ទៅ​វៀតណាម​ស្ទើរ​រាល់​ថ្ងៃ។ លោក​ចោទ​ប្រកាន់​ថា បទ​ល្មើស​ព្រៃ​ឈើ​កើត​ឡើង​បែប​នេះ គឺ​ជា​រឿង​អសមត្ថភាព​ក្នុង​គ្រប់គ្រង​មន្រ្តី​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន៖ «យើង​ក៏​ចូលរួម​គាំទ្រ​ទៅ​នឹង​គម្រោង​ទាមទារ​របស់​គាត់​ដែរ ( ឆឺយ ឧត្តមរស្មី ) ដែរ កាល​ពី​ឆ្នាំ​មុន​យើង​ក៏​បាន​ធ្វើ​ការ​តវ៉ា និង​តស៊ូ​មតិ​ជាមួយ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ថា ឈើ​ដែល​សហភាព​អឺរ៉ុប​បាន​ទទួល​ពី​ប្រទេស​វៀតណាម​ជា​ឈើ ដែល​លួច​ចេញ​ពី​កម្ពុជា​ទេ»

អាស៊ីសេរី​មិន​ទាន់​អាច​ទាក់​ទង​មន្ត្រី​​សហភាពអឺរ៉ុប​ប្រចាំ​កម្ពុជា​ ដើម្បី​​ឆ្លើយ​តប​ជុំ​វិញ​គម្រោង​ធ្វើ​​បាតុកម្ម​របស់​ក្រុម​សកម្មជន​ព្រៃឈើ​​នេះ​បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

មួយ​រយៈ​ចុង​ក្រោយ​នេះ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កំពុង​មានចំណាត់ការផ្លូវច្បាប់លើឈ្មួញព្រៃឈើនៅ​ភាគ​ឦសាន្ត​មួយ​ចំនួន ដែល​មាន​ងារ​ជា​ឧកញ៉ា ប៉ុន្តែ អ្នក​ឃ្លាំមើល​សង្គម​មិន​សូវ​មាន​ជំនឿ​លើ​វិធានការ​ទាំង​នោះ​ឡើយ។

ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា​ បាន​ទទួល​ស្គាល់​ថា ប្រទេស​ជិត​ខាង​កម្ពុជា ​រក​ចំណូល​ពី​ព្រៃ​ឈើ​បាន​រាប់លាន​ដុល្លារ ឯ​ប្រទេស​កម្ពុជា​បាត់បង់​ព្រៃ​ហើយគ្មាន​ចំណូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។