មជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ STIMSON Center ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអនឡាញតាមដានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទន្លេមេគង្គ។ ប្រព័ន្ធអនឡាញនេះ អនុញ្ញាតឱ្យក្រុមអ្នកសិក្សាស្រាវជ្រាវ អ្នកធ្វើគោលនយោបាយ សង្គមស៊ីវិល រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ទទួលបាននូវទិន្នន័យ ប្រកបដោយតម្លាភាព ជុំវិញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ននានា ពិសេសការសាងសង់ទំនប់វារីអគ្គិសនី នៅតំបន់ទន្លេមេគង្គ។
ជាមួយនឹងប្រព័ន្ធអនឡាញថ្មីនេះ ក្រុមអ្នកសិក្សាស្រាវជ្រាវ ឬភាគីពាក់ព័ន្ធ អាចរកបាននូវនិន្នន័យដ៏សម្បូហ៍បែប ពាក់ព័ន្ធនឹងព័ត៌មានលម្អិត អំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមប្រទេសនានាក្នុងតំបន់ទន្លេមេគង្។ ជាឧទាហរណ៍ គេអាចដឹងថា គម្រោងទាំងនោះចាប់ផ្តើមសាងសង់នៅពេលណា ដោយក្រុមហ៊ុនណា វឌ្ឍនភាពនៃការសាងសង់ ទំហំទឹកប្រាក់គម្រោង ឬឈ្មោះប្រទេស ឬអ្នកផ្តល់មូលនិធិសម្រាប់គម្រោងអភិវឌ្ឍន៍ទាំងនោះជាដើម។
ទិន្នន័យ មាននៅក្នុងប្រព័ន្ធតាមដាននេះ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍វិស័យថាមពល វិស័យដឹកជញ្ជូន ការសាងសង់ទំនប់វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដទៃទៀត ក្នុងតំបន់ទន្លេមេគង្គ ដែលធ្វើឱ្យមានការប្រែប្រួលដល់សង្គម សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី នៅក្នុងតំបន់នេះ។
មជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយដើម្បីលើកកម្ពស់សន្តិសុខ វិបុលភាព និងយុត្តិធម៌អន្តរជាតិ STIMSON Center ថា ការបង្កើតប្រព័ន្ធតាមដានអនឡាញនេះឡើង គឺក្នុងគោលដៅដើម្បីជួយបំពេញនូវកង្វះខាតនៃការចងក្រងទិន្នន័យជារួមអំពីប្រភេទ និងវិសាលភាពនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនានានៅក្នុងតំបន់ទន្លេមេគង្គ ស្របពេលដែលតំបន់មួយនេះ កំពុងជួបប្រទះនូវការស្ទុះឡើងខ្លាំង នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា។ ប្រព័ន្ធតាមដានអនឡាញថ្មីនេះ ទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារ USAID និងមូលនិធិ Asia Foundation។
Today we launched a new tool called the Mekong Infrastructure Tracker, developed in partnership with , which will help local governments make smart decisions about energy projects and growth along the river. <br/>Try it out:
នាយកមជ្ឈមណ្ឌល STIMSON Center លោក ប្រាយអ៊ិន ហ្វីនឡេយ៍ (Brian Finlay) ថា ឧបករណ៍ថ្មីនេះ នឹងផ្តល់ឱ្យក្រុមអ្នកប្រើប្រាស់ ទទួលបានទិន្នន័យថ្មីចុងក្រោយបំផុត ដើម្បីធ្វើការសម្រេចចិត្តកាន់តែប្រសើរជាងមុន ជុំវិញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងតំបន់ទន្លេមេគង្គ។ លោកថា ប្រព័ន្ធតាមដាននេះ នឹងបន្តកែលម្អ ធ្វើបច្ចុប្បន្នភាព ជាបន្តបន្ទាប់នាពេលអនាគត។
រីឯ តំណាងទីភ្នាក់ងារ USAID អ្នកស្រី ហ្លូរៀ ស្ទៀលេ (Gloria Steele) មានប្រសាសន៍ថា ប្រព័ន្ធតាមដាននេះ បង្កើតឡើងទាន់ពេលវេលា ស្របពេលដែលតំបន់ទន្លេមេគង្គ កំពុងជួបប្រទះនូវកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានទសវត្សន៍ចុងក្រោយនេះ។ ក៏ប៉ុន្តែ អ្នកស្រីថា គម្រោងអភិវឌ្ឍន៍ទាំងនោះ ក៏បានចូលរួមចំណែក បង្កើតឱ្យមាននូវ ផលប៉ះពាល់ខ្លាំងដល់បរិស្ថាន និងសង្គមដែរ។ អ្នកស្រីថា ហានិភ័យផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាននៃតំបន់ទន្លេមេគង្គសព្វថ្ងៃនេះ រឹតតែកើតមានកាន់តែខ្ពស់ឡើង ដោយសារតែគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ហើយថា ការធ្វើសេចក្តីសម្រេចចិត្តនៅថ្ងៃនេះ នឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ដែលពឹងផ្អែកអាស្រ័យលើទន្លេមេគង្គ ពីមួយជំនាន់មនុស្សទៅមួយជំនាន់ទៀត។
អ្នកស្រីបានលើកយកពីឧទាហរណ៍មួយដែលថា កាលពីខែមេសាកន្លងទៅ ការសិក្សាស្រាវជ្រាវចុងក្រោយមួយរបស់ក្រុមហ៊ុនអាមេរិកាំង បានរកឃើញថា ចិនបានព្យាយាមចាត់ចែងគ្រប់គ្រងធនធានទឹក ដោយបានរឹតត្បិត ឬរាំងខ្ទប់ទឹក ពីខ្សែទឹកខាងលើនៃទន្លេមេគង្គ តាមរយៈទំនប់វរីអគ្គិសនីរបស់ខ្លួន។ ហេតុការណ៍នេះ បានបង្កឱ្យមានគ្រោះរាំងស្ងួត និងរីងស្ងួតនៅតាមប្រទេសខ្សែទឹកខាងក្រោមទន្លេមេគង្គ មិនធ្លាប់មានពីមុនមក ដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់ជីវភាពមនុស្សរាប់លាននាក់ ដែលកំពុងរស់នៅតាមប្រទេសខ្សែទឹកខាងក្រោម។
ជុំវិញការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធតាមដានថ្មីនេះ នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល STIMSON Center លោក ប្រាយអ៊ិន អាយល័រ (Brian Eyler) ថា មជ្ឈមណ្ឌលរបស់លោក បានចំណាយពេលជាង ១៨ខែ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធតាមដានថ្មីនេះឡើង ដែលលោកថា នឹងនាំមកនូវតម្លាភាពសម្រាប់តំបន់ទន្លេមេគង្គ។ លោកថា ប្រព័ន្ធថ្មីនេះ ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្នើបញ្ចូលនូវទិន្នន័យបន្ថែមដែលពួកគេមាន ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយណា ដែលនៅពុំទាន់មាន ទិន្នន័យគ្រប់គ្រាន់ ឬមានទិន្នន័យមិនស៊ីសង្វាក់គ្នា ក្នុងគោលដៅដើម្បីកែលម្អប្រព័ន្ធឱ្យ កាន់តែសុក្រឹតភាពឡើង។ លោកថា សំណើរបស់ពួកគេអាចធ្វើឡើងដោយអនាមិក៖ «បច្ចុប្បន្នប្រព័ន្ធតាមដានរបស់យើង មាន ទិន្នន័យចម្បងៗ ចំនួនពីរប្រភេទពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ យើងមានទិន្នន័យអំពីគម្រោងសាងសង់ផលិតថាមពល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក។ យើងមានទិន្នន័យគម្រោងផលិតថាមពលអគ្គិសនីសរុបចំនួន ១៧៧០ គម្រោង សម្រាប់ឱ្យអ្នកប្រើប្រាស់ឆែកមើល ហើយនឹងគម្រោងគមនាគមសរុបប្រវែងជាង ១៧៥ពាន់ គីឡូម៉ែត្រ ដែលរួមមានផ្លូវរថភ្លើងល្បឿនលឿន រថភ្លើងក្នុងក្រុង និងគម្រោងកែលម្អដទៃទៀត ដែលអ្នកអាចរកមើល បាន»។
លោក ប្រាយអ៊ិន អាយល័រ បន្តថា នៅដំណាច់ខែមិថុនាខាងមុខនេះ មជ្ឈមណ្ឌលនឹងដាក់បញ្ចូលទិន្នន័យបន្ថែមទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ឧស្សាហកម្ម ដូចជាតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងតំបន់នេះ ដូចជាកំពង់ផែ ស្ថានីយរថភ្លើង ព្រលានយន្តហោះ ជាដើម។ នៅចុងខែកញ្ញា មជ្ឈមណ្ឌលក៏នឹងមានបន្ថែមទិន្នន័យ ទាក់ទងទៅនឹងគម្រោងសាងសង់អាងស្តុកទឹក និងបណ្តាញចែកចាយថាមពលអគ្គិសនីជាដើម។ លោកថា ទិន្នន័យទាំងនេះ ផ្តល់ឱ្យអ្នកប្រើប្រាស់ដោយឥតគិតថ្លៃ ហើយគេអាចទាញយកទៅធ្វើសិក្សាស្រាវជ្រាវ និងវិភាគបន្ថែមបានយ៉ាងងាយ។
ក្រុមអ្នកសិក្សាស្រាវជ្រាវ ឬភាគីពាក់ព័ន្ធ អាចប្រើប្រាស់ប្រព័ន្ធថ្មីនេះបាន ដោយចូលទៅកាន់ គេហទំព័រមជ្ឈមណ្ឌល STIMSON Center www.stimson.org រួចចុចលើ Mekong Infrastructure Tracker ដើម្បីមើលព័ត៌មានលម្អិតអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាក់លាក់ណាមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។