វេទិកាពិភាក្សាសាធារណៈដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្ដុះបណ្ដាល (ACE) បានបង្ហាញឯកសារវីដេអូខ្លីអំពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ទន្លេមេគង្គផ្នែកខាងក្រោម។ ផលប៉ះពាល់នោះរួមមាន ការបាត់បង់ធនធានជលផល និងការធ្លាក់ចុះសុខុមាលភាពប្រជាពលរដ្ឋដែលជីវភាពពឹងលើធនធានពីទន្លេមេគង្គ។
បញ្ហាទាក់ទងនឹងការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ទន្លេមេគង្គ បានពិភាក្សាមិនចេះចប់រវាង ប្រជាពលរដ្ឋ សង្គមស៊ីវិល ម្ចាស់គម្រោងអភិវឌ្ឍន៍ និងរដ្ឋាភិបាល។ កិច្ចពិភាក្សាថ្មីមួយទៀតដែលរៀបចំដោយមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្ដុះបណ្ដាល នៅថ្ងៃទី២៧ មីនា បានលើកយកប្រធានបទ តើធនធានត្រីនឹងបាត់បង់ទៅណា នៅពេលដែលទំនប់វារីអគ្គិសនីបានសាងសង់នៅតំបន់ទន្លេមេគង្គ?
មុននឹងចាប់ផ្ដើមកិច្ចពិភាក្សានោះ មានការចាប់បញ្ចាំងខ្សែវីដេអូមួយដែលមានរយៈពេល ៣០នាទី បានរៀបរាប់អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងការបាត់បង់ជម្រកមនុស្សសត្វ ជាពិសេសការបាត់បង់ធនធានជលផល អំពីការអភិវឌ្ឍទំនប់វារីអគ្គិសនីតំបន់ទន្លេមេគង្គផ្នែកខាងក្រោម។
ផលិតករឯកសារខ្លីអំពីផលប៉ះពាល់ទំនប់វារីអគ្គិសនី លោក ថម ហ្វស្រ្តូប (Tom Fawthrop) មានប្រសាសន៍ថា ការសាងសង់ទំនប់វារីអគ្គិសនីជាបញ្ហាធំណាស់ ដែលទាមទារការចូលរួមពិភាក្សាពីគ្រប់ភាគីទាំងអស់ក្នុងនោះ ត្រូវមានតំណាងប្រទេសនៅតំបន់ទន្លេមេគង្គ ដូចជា កម្ពុជា ឡាវ វៀតណាម និងប្រទេសថៃ ដើម្បីបញ្ចុះបញ្ចូល ឬដាក់សម្ពាធឲ្យបញ្ឈប់លើការសាងសង់ទំនប់វារីអគ្គិសនីនោះ។
អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំកម្ពុជា លោក ឈិត សំអាត មានប្រសាសន៍ថា មានអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានចំណាយទឹកប្រាក់រាប់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីសារសំខាន់នៃទន្លេមេគង្គ និងផលប៉ះពាល់អំពីការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតាមខ្សែទឹកទន្លេនោះ៖ «គ្រាន់តែអង្គការខ្ញុំមានចន្លោះពីកន្លះលានទៅមួយលាន។ អ៊ីចឹងគ្រាន់តែអង្គការមួយ យើងឃើញថាប្រហែលជាច្រើនលានដុល្លារអាមេរិក ដើម្បីធ្វើការលើទំនប់នេះ។ ដូចដែលខ្ញុំបានបញ្ជាក់អ៊ីចឹង ខ្ញុំបានធ្វើការនៅ អិន.ជី.អូ ហ្វរ៉ុម (NGOs Forum) ជាប្រធាន ហើយខ្ញុំដូរមកអង្គការ WWF បានចំណាយពេលច្រើនដើម្បីទាមទារកុំឲ្យមានការសាងសង់ទំនប់ ឬក៏ការសាងសង់ទំនប់ណាមួយដែលអាចធ្វើទៅបាន មិនឲ្យប៉ះពាល់ដល់បរិស្ថាន និងមិនឲ្យប៉ះពាល់ដល់ជីវចម្រុះទន្លេមេគង្គ»។
លោក ឈិត សំអាត បានស្នើឲ្យរដ្ឋាភិបាលជួយសិក្សាឲ្យបានច្បាស់អំពីការសាងសង់ទំនប់វារីអគ្គិសនី អំពីផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម។ បច្ចុប្បន្ន ចំណូលពីធនធានជលផលដែលទទួលបានរៀងរាល់ឆ្នាំពីអាងទន្លេមេគង្គពីតម្លៃពី ១,៤ពាន់លានដល់ជិត ៤ពាន់លានដុល្លារអាមេរិក។
ឆ្លើយតបទៅនឹងបញ្ហានេះ អតីតអគ្គនាយករងនៃរដ្ឋបាលជលផល លោក សម នៅ ដែលបានចូលរួមនៅក្នុងការបញ្ចាំងខ្សែវីដេអូពីផលប៉ះពាល់លើការសាងសង់ទំនប់វារីអគ្គិសនី នៅតំបន់ទន្លេមេគង្គនោះ បានអះអាងថា គ្មានការអភិវឌ្ឍណាមួយដែលមិនមានផលប៉ះពាល់នោះទេ។ បញ្ហាអភិវឌ្ឍទំនប់វារីអគ្គិសនី និងការថែរក្សាធនធានជលផល ជាបញ្ហារបស់ប្រទេសនៅតំបន់ទន្លេមេគង្គ ត្រូវជជែកគ្នា។
របាយការណ៍របស់រដ្ឋបាលជលផលបានបង្ហាញថា ទន្លេមេគង្គមានប្រវែងជិត ៥ពាន់គីឡូម៉ែត្រ (៤.៨០០គីឡូម៉ែត្រ) ដែលហូរកាត់ប្រទេសចិន វៀតណាម ថៃ កម្ពុជា ឡាវ ប៉ុន្តែដោយឡែកនៅកម្ពុជា វិញ មានប្រវែង ៤៨០គីឡូម៉ែត្រ។ គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតាមទន្លេមេគង្គបច្ចុប្បន្នមានចំនួន ៥២គម្រោង ក្នុងនោះគម្រោងដែលកំពុងសាងសង់ចំនួន ៣១គម្រោង ក្នុងនោះប្រទេសកម្ពុជា ក៏មានគម្រោងកំពុងសាងសង់មួយដែរ គឺគម្រោងអគ្គិសនីសេសានក្រោមពីរ។
ក្រៅពីនេះ ប្រទេសកម្ពុជា បានសាងសង់ទំនប់វារីអគ្គិសនីនៅដៃទន្លេជាច្រើនទៀត ដែលស្ថិតនៅខេត្តកោះកុង កំពង់ស្ពឺ កំពត និងខេត្តពោធិ៍សាត់។ ផលិតករខ្សែវីដេអូខ្លី លោក លោក ថម ហ្វស្រ្តូប បានអះអាងថា បញ្ហាដោះស្រាយមិនបានពាក់ព័ន្ធលើការសាងសង់ទំនប់វារីអគ្គិសនីនាពេលកន្លងមកនោះ ដោយសារតែគណៈកម្មការទន្លេមេគង្គមានអំណាចតិចតួចក្នុងការសម្របសម្រួល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។