សត្វខ្លាពពកឈ្មោលមួយក្បាលរងរបួសរហូតដល់ស្លាប់ ទោះបីជាសមត្ថកិច្ចមូលដ្ឋានបានជួយសង្គ្រោះសត្វខ្លាពពកនេះ ចេញពីអន្ទាក់របស់អ្នកប្រមាញ់ នៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដោយជោគជ័យក៏ដោយ។
ទំព័រហ្វេសប៊ុករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia ) បានផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឱ្យដឹងថា សមត្ថកិច្ចមូលដ្ឋានបានរំដោះសត្វខ្លាពពកនេះចេញពីអន្ទាក់កាលពីសប្តាហ៍មុន បន្ទាប់ពីទទួលបានដំណឹងថា សត្វខ្លាពពកនេះត្រូវគេចងជើង ក្បាល និងថ្គាម របស់វា អស់រយៈពេលពីរថ្ងៃ។ តាមការសន្និដ្ឋាន សត្វខ្លាពពកនេះ ទំនងជាមិនបានស៊ីចំណី និងផឹកទឹកយ៉ាងហោចណាស់ ក៏មួយសប្តាហ៍ទៅហើយ។
នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃលោក និក ម៉ាក (Nick Marx) បានរៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់អង្គការនេះថា អង្គការរបស់លោកបានចុះទៅជួយសង្គ្រោះសត្វខ្លាពពកនេះ លោកឃើញស្ថានភាពរបស់សត្វខ្លាពពកឈ្មោលមួយក្បាលនេះ មានសភាពខ្សោយខ្លាំង។ លោកបន្ថែមថា ខាងលោកបានបញ្ជូនសត្វខ្លាពពកនេះ ទៅសង្គ្រោះនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ និងបានទទួលការព្យាបាលដោយជោគជ័យទៅហើយ ប៉ុន្តែពីរថ្ងៃ ក្រោយមក សត្វខ្លាពពកនេះនៅតែស្លាប់ទៅវិញ។
នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃលោក និក ម៉ាក (Nick Marx) ថ្លែងថា ការដាក់អន្ទាក់ គឺបង្កគ្រោះថ្នាក់ខ្លាំងដល់សត្វព្រៃ។ លោកថា ប្រសិនបើមិនអនុវត្តច្បាប់តឹងរ៉ឹង និងដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ចំពោះការបរបាញ់សត្វព្រៃនោះទេ នោះសត្វព្រៃនឹងមិនសេសសល់បន្តទៀតឡើយ។
របាយការណ៍ពីការចុះល្បាតតំបន់ការពាររបស់ក្រសួងបរិស្ថាន ៦ខែ ដើមឆ្នាំ២០២១ រកឃើញអន្ទាក់ចំនួនជាង ពីរម៉ឺន ប្រាំពាន់ (២៥.៥៩៦) អន្ទាក់ និងកាំភ្លើងកែច្នៃជាង បីរយដើម (៣៤៨) បន្ទាប់ពីមន្ត្រីឧទ្យានុរក្សបានចុះល្បាតនៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះចំនួន ៧៥កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។