អ្នក​រស់​នៅ​លើ​បឹង​ទន្លេ​សាប​ត្អូញ​ពី​បញ្ហា​សុខភាព​និង​បរិស្ថាន

ដោយ ជិន ជេដ្ឋា
2015-01-27
Share
ផ្សារ​ឆ្នាំង ៦២០ ២៦-មករា-២០១៥៖ ទិដ្ឋភាព​ផ្ទះ​បណ្ដែត​ទឹក​នៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង និង​ខេត្ត​កំពង់ឆ្នាំង។
RFA/Chin Chetha

សកម្មភាព​រស់នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប​របស់​មនុស្ស បាន​ធ្វើ​ឲ្យ​ទឹក​កខ្វក់ ឬ​មាន​ជាតិ​ពុល​កាន់តែ​ខ្លាំង​ឡើង ប៉ុន្តែ​អាជ្ញាធរ និង​រដ្ឋាភិបាល មិន​ទាន់​គ្រប់គ្រង​បាន​ត្រឹមត្រូវ និង​មាន​វិធានការ​នៅ​ឡើយ​ចំពោះ​ការ​បំពុល​ទឹក​នេះ។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល បារម្ភ​ពី​ធនធាន​មច្ឆាជាតិ ឬ​សុខភាព​​របស់​មនុស្ស​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ នៅ​ពេល​រដូវ​ប្រាំង​ទឹក​កាន់​តែ​តិច ​កំហាប់​ជាតិ​ពុល​កាន់​តែ​ខ្ពស់។

«សំឡេង»៖ ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ព្រលប់ សកម្មភាព​រស់​នៅ​របស់​អ្នក​ភូមិ​ចុង​កោះ និង​ភូមិ​កណ្ដាល នៃ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​បញ្ចេញ​ជាតិ​ពុល ឬ​កាក​សំណល់​មិន​រលាយ​ទៅ​ក្នុង​ទឹក តាមរយៈ​ការ​ធ្វើ​អាជីវកម្ម​បញ្ចូល​អាគុយ ជួស​ជុល​គ្រឿង​ម៉ាស៊ីន និង​ផលិត​ទូក​ស្មាច់​ជា​ដើម។ អ្នក​រស់នៅ​លើ​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម ត្អូញត្អែរ​ពី​បញ្ហា​សុខភាព និង​ការ​បំពុល​ទឹក។

ជនជាតិ​វៀតណាម មួយ​ក្រុម​កំពុង​មមាញឹក​ក្នុង​មុខ​របរ​នេសាទ និង​ខ្លះ​កំពុង​អង្គុយ​វះ​ពោះ​ត្រី នៅ​ភូមិ​កណ្ដាល ថ្លែង​ស្រដៀង​គ្នា​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ថា នៅ​រដូវ​ប្រាំង​ទឹក​តិច ផ្ទះ​នៅ​ប្រជ្រៀត​គ្នា ហើយ​ការ​បំពុល​ទឹក​កាន់​តែ​ខ្លាំង​ឡើង​ដោយ​មាន​អ្នក​ភូមិ​ខ្លះ​ប្រឈម​នឹង​បញ្ហា​សុខភាព ដោយសារ​ប្រើប្រាស់​ទឹក​មិន​ស្អាត។ ពួកគាត់​ថា ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ទាំង​នេះ គឺ​អាស្រ័យ​លើ​អាជ្ញាធរ​តម្រូវ។

ចំណែក​ពលរដ្ឋ​ជនជាតិ​វៀតណាម ម្នាក់​ទៀត អ្នកស្រី សូរ រ៉ាន់ រៀបរាប់​ថា បច្ចុប្បន្ន​អ្នក​រស់​នៅ​លើ​ទឹក​ពុំ​មាន​បង្គន់​អនាម័យ និង​ទឹក​ស្អាត​ប្រើប្រាស់ ដោយ​អ្នក​ភូមិ​ទាំង​អស់​បន្ទោបង់ ដាក់​ក្នុង​ទឹក រួច​ហើយ​យក​ទឹក​ពី​ក្នុង​ទន្លេ​មក​ប្រើ​វិញ។

អ្នកស្រី​ថា គ្រួសារ​គាត់ និង​ពលរដ្ឋ​ក្នុង​ភូមិ​ខ្លះ​ដង​ទឹក​ពី​កណ្ដាល​ទន្លេ​មក​ត្រាំ​សាច់ជូរស រួច​យក​ទៅ​ដាំ​ឲ្យ​ពុះ​ទើប​ផឹក តែ​អ្នក​ខ្លះ​ប្រើ​ទឹក​នោះ​ផ្ទាល់​តែ​ម្ដង៖ «ពិបាក​ផ្ទះ​ចង្អៀត​នៅ​ខែ​ប្រាំង! មើល​ទៅ​ទឹក​មាន​ជាតិ​ពុល វា​ពុល​ហើយ ដូច​អត់​មាន​អនាម័យ​អី​ទេ ហើយ​ខូច​សុខភាព​ដោយសារ​តែ​ទឹក​ហ្នឹង។ ផ្ទះ​គេ​ផ្សេង​មាន​ឈឺ​ច្រើន​ណាស់​ដោយសារ​ហូប​ទឹក​ឆៅ»

ទាក់ទង​បញ្ហា​នេះ​មេ​ភូមិ​កណ្ដាល នៃ​សង្កាត់​ផ្សារឆ្នាំង លោក ហួន វ៉ន មាន​ប្រសាសន៍​ថា ទាំង​ជនជាតិ​វៀតណាម និង​ខ្មែរ​នៅ​ភូមិ​កណ្ដាល ដែល​ភាគ​ច្រើន​រស់​នៅ​លើ​ទឹក​សរុប ៧១១​គ្រួសារ មាន​បង្គន់​ប្រើ​ប្រហែល ៣០​គ្រួសារ​ប៉ុណ្ណោះ។ លោក​ធ្លាប់​លើក​ឡើង​ពី​បញ្ហា​សុខភាព និង​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សង្កាត់​ដែរ តែ​ថវិកា​ឡើយ​បែងចែក​លើ​គម្រោង​ស្ថាបនា​ផ្លូវ៖ «មាន​តិច​ណាស់ បង្គន់​អនាម័យ! មាន​ប្រហែល ៣០ ទៅ ៤០​ផ្ទះ ហើយ​ក្រៅ​ពី​នោះ គឺ​បន្ទោបង់​ទៅ​តាម​ទន្លេ និង​តាម​ព្រៃ​មាត់​ច្រាំង។ យើង​បាន​អំពាវនាវ​ដល់​សប្បុរសជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល»

បច្ចុប្បន្ន​ការ​គ្រប់គ្រង​សំណល់​រឹង និង​រាវ​នៅ​ខេត្ត​កំពង់ឆ្នាំង ជា​ពិសេស​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​មាន​ពលរដ្ឋ​រស់​នៅ​លើ​ទឹក។ ការ​ធ្វើ​អាជីវកម្ម​ជួស​ជុល​ម៉ាស៊ីន បញ្ចូល​អាគុយ ឬ​ផលិត​ទូក​ស្មាច់ បាន​ហូរ​ធ្លាក់នូវ​សារធាតុ​គីមី​ចូល​ក្នុង​ទឹក នៅ​គ្រា​ដែល​អ្នក​ភូមិ​រស់​នៅ​លើ​ទឹក​ទាំង​អស់​បន្ទោបង់ បញ្ចេញ​សំណល់​ផ្ទះបាយ និង​ថង់​ប្លាស្ទិក​ជា​ច្រើន​តោន​ក្នុង​១​ឆ្នាំៗ ដែល​ធ្វើ​ឲ្យ​ទឹក​ទន្លេសាប​កាន់​តែ​កខ្វក់។

យ៉ាង​ណា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៥ នៃ​រដ្ឋសភា បាន​បន្ត​ប្ដេជ្ញា​សម្រេច​​គោលដៅ​នៅ​ឆ្នាំ​២០១៨ ដើម្បី​ឲ្យ​ប្រជាជន​នៅ​ជនបទ ៦០ ​ភាគរយ ទទួល​បាន​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​នៅ​ឆ្នាំ​២០២៥ ប្រជា​ជន​គ្រប់​រូប​​រស់​នៅ​ក្នុង​សហគមន៍​ជនបទ នឹង​ទទួល​បាន​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​គ្រប់គ្រាន់ ព្រម​ទាំង​រស់​នៅ​ក្នុង​បរិស្ថាន​មាន​អនាម័យ​ប្រកប​ដោយ​ចិរភាព។

នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​ដដែល​នេះ​បញ្ជាក់​ថា បញ្ហា​បរិស្ថាន​នឹង​បង្កើន​ការ​ត្រួត​ពិនិត្យ ឬ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​រួម​មាន ការ​គ្រប់គ្រង​សំណល់​រឹង និង​សារធាតុ​ប្រកប​ដោយ​គ្រោះ​ថ្នាក់។ ត្រួត​ពិនិត្យ​គុណភាព​ខ្យល់ ទប់​ស្កាត់​ការ​បំពុល​ទឹក និង​ដី ព្រម​ទាំង​ការ​បំពុល​សោតា​អារម្មណ៍ និង​ចក្ខុ​អារម្មណ៍។ ប៉ុន្តែ​គោលនយោបាយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​អនុវត្ត​តិចតួច​នៅ​ឡើយ។

ប្រធាន​មន្ទីរ​បរិស្ថាន និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សណ្ដាប់​ធ្នាប់​បឹង​ទន្លេសាប ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ដោក ប៊ុនថន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​សិក្សា​អំពី​ស្ថានភាព​រស់​នៅ​ជាក់​ស្ដែង​របស់​ពលរដ្ឋ​ទាំង​នោះ មុន​នឹង​មាន​វិធានការ​រៀបចំ​ផ្ទះ​បណ្ដែត​ទឹក​ជា​ជូរ ធ្វើ​បង្គន់​អនាម័យ​តាម​បច្ចេកទេស និង​វិធានការ​​មួយ​ចំនួន​ទៀត​ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ៖ «នៅ​ពេល​យើង​រៀប​ហ្នឹង មាន​គោលការណ៍​ហើយ​ត្រូវ​កែ​ប្រព័ន្ធ​ការ​រស់​នៅ​លើ​ទឹក​ឡើង​វិញ​ទាំង​អស់។ អត់​ឲ្យ​រស់​នៅ​របៀប​អ៊ីចឹង​ទៀត​ទេ ទាំង​ពី​ធុង​សំរាម ទាំង​ពី​ការ​បត់​ដៃ​បត់​ជើង (បន្ទោបង់) តាម​បច្ចេកទេស​យើង»

លោក​ថ្លែង​ទទួល​ស្គាល់​ថា ការ​បញ្ចៀស ឬ​ទប់ស្កាត់​មិន​ឲ្យ​មាន​ជាតិ​ពុល​នៅ​ក្នុង​ទឹក​បឹង​ទន្លេសាប គឺ​ជា​ការ​លំបាក។ ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​គេ​មិន​អាច​បន្ទោស​តែ​រឿង​អ្នក​រស់នៅ​លើ​ទឹក​នោះ​ទេ គឺ​អាច​មក​ពី​កត្តា​ចរន្ត​ទឹក​ហូរ​របស់​ទន្លេ​មេគង្គ​ចម្ងាយ ៤.៨០០​គីឡូ​ម៉ែត្រ​កាត់​តាម​ប្រទេស​ជា​ច្រើន មុន​នឹង​ធ្លាក់​ដល់​បឹង​ទន្លេសាប ដូច្នេះ​បញ្ហា​ទឹក​កខ្វក់ ឬ​មាន​ជាតិ​ពុល​អាច​បញ្ចេញ​មក​ពី​ប៉ែក​ខាង​លើ​ដែរ។

យ៉ាង​ណា​មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​បាត់ដំបង អ្នកស្រី នូ សារឹម ថ្លែង​ថា សកម្មភាព​របស់​មនុស្ស​បោះ​ទីតាំង​រស់​នៅ​លើ​ទឹក​កាន់​តែ​ច្រើន​ឡើង គឺ​ជា​បញ្ហា​ប្រឈម​ជាង​រឿង​ដទៃ​ទៀត ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​​មច្ឆាជាតិ​ធ្ងន់ធ្ងរ។

អ្នកស្រី​យល់​ថា រដ្ឋាភិបាល ឬ​អាជ្ញាធរ​​អាច​ជម្លៀស​ពួកគាត់​ឡើង​គោក​បាន​ដើម្បី​បញ្ចៀស​ការ​បំពុល​ទឹក​បន្ថែម​ទៀត ឲ្យ​តែ​មាន​ឆន្ទៈ និង​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស ប៉ុន្តែ​អ្នក​រស់​នៅ​លើ​ទឹក​ទាំង​នោះ​អាច​នឹងជួប​ការ​លំបាក ព្រោះ​ក្រៅ​ពី​មុខ​របរ​នេសាទ​ភាគ​ច្រើន​ពួក​គេ​គ្មាន​ជំនាញ​អ្វី​ឡើយ៖ «ក្នុង​នាម​អាជ្ញាធរ​ត្រូវ​តែ​បង្កើន​ការ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​ដែល​បំផ្លាញ​ជីវចម្រុះ​នៅ​ក្នុង​ទឹក និង​ត្រូវ​មាន​កម្មវិធី​ប្រមូល​កាក​សំណល់​ពី​ខាង​បឹង​ទន្លេសាប»

រាជរដ្ឋាភិបាល​មិន​ទាន់​មាន​ជំហរ​ច្បាស់លាស់​ក្នុង​ការ​នាំ​ជនបរទេស ឬ​ពលរដ្ឋ​វៀតណាម ឡើង​គោក ខណៈ​អ្នក​ជំនាញ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បារម្ភ​រឿង​ទឹក​ទន្លេសាប​កខ្វក់ និង​មាន​ជាតិ​ពុល​កាន់​តែ​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ បរិស្ថាន និង​ធនធាន​មច្ឆាជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល