មនុស្ស ៣នាក់​ស្លាប់ និង​រាប់​ពាន់​គ្រួសារ​ទៀត រង​គ្រោះ​លិច​លង់​​ដោយ​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

មនុស្សបីនាក់​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់​នៅ​ខេត្ត​ព្រះសីហនុ និង​​ ពលរដ្ឋ​រាប់​ពាន់​​គ្រួសារ​ផ្សេង​ទៀត​កំពុង​រងគ្រោះ​ព្រោះ​ជំនន់​ទឹកភ្លៀង​បណ្តាល​ឱ្យ​​ភូមិឋាន​របស់​ពួក​គេ​លិច​លង់​ស្ទើរ​គ្មាន​សល់។ អាជ្ញាធរ​ខេត្ត​ថា ជំនន់​ទឹក​ភ្លៀង​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ដើម​ខែ​សីហា ប៉ុន្តែទឹកចាប់ជន់លិចខ្លាំងនៅរយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​នេះ ហើយ​ទីកន្លែង​លិច​លង់​ខ្លាំង គឺ​ក្នុង​ក្រុង​ព្រះសីហនុ​ ដែល​ជា​ទី​ប្រជុំ​ជន​នៃ​ខេត្ត​នេះ​តែ​ម្តង។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់អាស៊ីសេរីថ្ងៃទី៩ ខែសីហាថា ក្នុង​អំឡុង​ដែល​ខេត្ត​ព្រះសីហនុ​ជួប​គ្រោះ​ទឹក​ជំនន់​នេះ ប្តី​ប្រពន្ធ​ជា​កម្មករ​សំណង់ ២នាក់​ បាន​ស្លាប់​ដោយសារ​រលំ​បាក់​របង​សង្កត់​ពី​លើ។ ករណី​នេះ​ស្ថិត​នៅ​​សង្កាត់លេខ១ ក្រុងព្រះសីហនុ ថ្ងៃទី៩ ខែ​សីហា។ លោក​ឲ្យ​ដឹង​ទៀត​ថា មេការ​ម្នាក់​ជា​ជន​ជាតិ​ចិន ក៏​បាន​ស្លាប់​ដោយ​ការ​រលំ​របង​សង្កត់​លើ ដែល​ស្ថិត​នៅ​ឃុំ​បិត​ត្រាំង ស្រុក​ព្រៃនប់។ លោក​ថា ការ​វាយ​តម្លៃ​ដំបូង​មូលហេតុ​ការ​នៃ​ស្លាប់​បាក់​របង​នេះ​​មិន​មែន​ជា​បញ្ហា​បច្ចេកទេស ប៉ុន្តែ​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​បូក​រួម​ទាំង​ខ្យល់​បក់​ខ្លាំង។ លោក​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ស្រាវជ្រាវ​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត អំពី​មូលហេតុ​នៃ​ការ​ស្លាប់​មនុស្ស​ទាំង​៣នាក់​នេះ។

ចំពោះ​ដំណោះស្រាយ​ចំពោះ​មុខ លោក ឃាង ភារម្យ បញ្ជាក់​ថា អភិបាល​ខេត្ត​ព្រះសីហនុ​ដឹកនាំ​សមត្ថកិច្ច​គ្រប់​មុខ​សញ្ញា ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ និង​កាយ​បង្ហូរ​ទឹក​ចេញ។ អ្នកនាំពាក្យ​រូប​នេះ ថា ចំពោះ​ពលរដ្ឋ​លិច​លង់​លំនៅឋាន គឺ​អាជ្ញាធរ​ខេត្ត​ជួយ​រំដោះ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​ទី​ទួល​សុវត្ថិភាព​ជា​បណ្ដោះអាសន្ន​សិន៖ «នេះ​ជា​វិធានការ​អាទិភាព​ដែល​អាជ្ញាធរ​យើង​ត្រូវ​ធ្វើ​មុន គឺ​ត្រូវ​ជម្លៀស​​ប្រជា​ពលរដ្ឋ​ដែល​ប្រឈម​ការ​ជន់​លិច​ទៅ​ទី​ទួល​សុវត្ថិភាព»

លោកថា អាជ្ញាធរមិនទាន់មានតួលេខនៃ​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​នៃ​គ្រោះ​ទឹក​ជំនន់​នេះ​នៅ​ឡើយ​ទេ ហើយ​លោក​ក៏​មិន​អាច​វាយ​តម្លៃ​បាន​នៅ​ឡើយ​ទេ​ក្នុង​ពេល​នេះ។ ​

អ្នកនាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ យល់ថា បើ​សិន​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ខ្លាំង​ថ្ងៃ​ត​ទៅ​ទៀត​អាជ្ញាធរ​ខេត្ត​នឹង​ត្រូវ​សហការ​ជាមួយ​ថ្នាក់​ជាតិ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

អាស៊ីសេរី​មិន​ទាន់​សុំ​ការ​បញ្ជាក់​បន្ថែម អនុ​ប្រធាន​ទី១ គណៈកម្មាធិកការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក គន់ គីម បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៩ ខែ​សីហា។

អ្នក​សម្របសម្រួល​សមាគម​ អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេត​ឃើញ​ថា ពេល​នេះ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​កំពុង​រង​គ្រោះ​ដោយ​ទឹក​ជំនន់។ អ្នកស្រី​ប្រាប់​ថា ឆ្នាំ​នេះ​ក្រុង​ព្រះសីហនុ លិច​លង់​លឿន ខណៈ​បឹង និង​អូរ​មួយ​ចំនួន រង​ការ​ទន្ទ្រាន​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ពី​សំណាក់​ជន​ខិល​ខូច​មួយ​ចំនួន ដែល​មាន​ខ្នង​ក្រាស៖ «លិច​អស់​រលីង​តែ​ម្ដង​ហើយ​នៅ​ក្នុង​ផ្ទះ​លិច​ដល់​ត្រឹម​ចង្កេះ​លិច​បន្ទប់​គេង​លិច​អី​អស់​ហើយ យក​ឥវ៉ាន់​អត់​ទាន់​ផង​សើម​ទាំង​អស់»

សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ លោក ថុន រដ្ឋា ដែលចុះទៅតាមដាន​ពីករណី​គ្រោះ​ទឹក​ជំនន់​នេះ ឲ្យដឹងថា ពេលនេះមានពលរដ្ឋមួយចំនួនជាប់នៅក្នុងផ្ទះឬអាគារដោយ​សារ​កំលាំង​ទឹក​ខ្លាំង​ដែលមិនឲ្យពលរដ្ឋចេញ​មកបាន​។ សកម្មជន​បរិស្ថាន​រូប​នេះ ប្រាប់​អាស៊ីសេរី​ថា លោកបានជួប​សម្ភាសពលរដ្ឋមួយ​ចំនួន ពួកគេប្រាប់ថា ក្រុងព្រះសីហនុ​រាល់ឆ្នាំភ្លៀង​ខ្លាំង​ជាងឆ្នាំនេះផង ប៉ុន្តែ​មិន​លិច​លង់​ខ្លាំង​ដូច្នេះ​ទេ។ យុវជនរូបនេះយល់ថា បញ្ហាដែលខេត្តព្រះសីហនុកំពុងជួប​ប្រទះ​បែប​នេះ ព្រោះ​ការ​អភិវឌ្ឍ ដែល​មិន​បាន​រៀបចំ​ឲ្យ​បាន​ត្រឹម​ត្រូវ៖ «ជា​ការ​អភិវឌ្ឍ​ជ្រុល​អភិវឌ្ឍ​មិន​បាន​សិក្សា​ឲ្យ​ច្បាស់លាស់​ទេ ប្រឡាយទឹកទូចសុទ្ធតែសំរាម​ហើយ​មាន​ការ​សាង​សង់​រំលោភ​ដី​ប្រឡាយ​ទឹក​ដែល​ស្តុក​ទឹក​ហ្នឹង ហើយប្រព័ន្ធលូណឹងអត់​មាន​គ្រប់​គ្រាន់​នៅ​តាមផ្លូវទេ»

មន្រ្តីអង្គការម្លប់តាប៉ាង លោក ឈៀង រិទ្ធីយ៉ា ប្រាប់ថា ទីធ្លាអង្គការរបស់លោកបានលិចលង់​ជាង​មួយអាទិត្យមកហើយ ដែលអង្គការមិនអាចដំណើរការងារ និងបង្រៀនសិស្សនោះទេ។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​​ថ្ងៃ​​ទី៩ ខែ​​សីហា អំពាវនាវ​ដល់​ពលរដ្ឋ​រស់​នៅ​​ក្នុង​ខេត្ត​ ដែល​ត្រូវ​ប្រឈម​ឥទ្ធិពល​ជំនន់​ទឹក​ភ្លៀង​នេះ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។ លោក​ក៏​បញ្ជា​ទៅ ក្រសួង​ធនធាន​ទឹក​ គណៈកម្មាធិការ​​ជាតិ​​គ្រប់គ្រង​គ្រោះ​មហន្តរាយ អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​មាន​វិធានការ​ឲ្យបាន​ខ្ពស់​សម្រាប់​រំដោះ​ជំនន់​ទឹក​ភ្លៀង និង​ជួយ​សង្គ្រោះ​ពលរដ្ឋ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ​បាន​ជូន​ដំណឹង​ថា ចាប់​ពី​ថ្ងៃ​ទី១០ ដល់១៦ ខែ​សីហា ឥទ្ធិពល​ព្យុះ និង​ខ្យល់​មូសុង​និរតី បណ្ដាល​ឲ្យ​ខេត្ត​ជាប់​មាត់​សមុទ្រ ពិសេស​ខេត្ត​ព្រះសីហនុ និង​កោះកុង រួម​ទាំង​ខេត្ត​ជាប់​ព្រំដែន​វៀតណាម មាន​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ខ្លាំង ដែល​អាច​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។