គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបានកោះហៅ ឧកញ៉ា គង់ ក្រឹង ឱ្យបំភ្លឺនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ ក្រោយពីសមត្ថកិច្ចចម្រុះបានឆែកឆេរ និងពិនិត្យឃ្លាំងស្តុកឈើរបស់ឧកញ៉ារូបនេះ ក្នុងស្រុកស្នួល ជាប់ព្រំដែនកម្ពុជា-វៀតណាមកាលពីពេលថ្មីៗនេះ។ សកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិល ស្នើឱ្យគណៈកម្មការជំនាញស៊ើបអង្កេត ក្រុមឧក្រិដ្ឋជនព្រៃឈើ និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលប្រព្រឹត្តអំពើពុករលួយ ឱ្យមកទទួលខុសត្រូវតាមច្បាប់។
ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក សៅ សុខា បានទៅដល់ទីរួមខេត្តមណ្ឌលគិរី នៅថ្ងៃទី៦ សីហា និងចុះទៅស្រុកកោះញែកនៅថ្ងៃដដែលនេះ ដើម្បីពិនិត្យក្រុមហ៊ុនចំនួន ៦ ពាក់ព័ន្ធបទល្មើសព្រៃឈើ ដែលគណៈកម្មការជំនាញចុះបង្ក្រាបកន្លងមក។អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា ឱ្យដឹងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ៦ សង្ស័យពាក់ព័ន្ធ បទល្មើសព្រៃឈើត្រូវបានផ្អាកទាំងស្រុង ហើយបច្ចុប្បន្នគ្មានការកាប់ និងដឹកជញ្ជូនឈើទៀតទេ។ ចំណែកលោក សៅ សុខា បានបញ្ជាឱ្យលុប និងបិទសិប្បកម្មរោងកែច្នៃឈើទាំងអស់ នៅខេត្តមណ្ឌលគិរី៖ «បិទសកម្មភាពទាំងអស់ទាំងគ្រប់គ្រឿងចក្រ គ្រឿងយន្ត និងឈើពាក់ព័ន្ធនៅក្នុងក្រុមហ៊ុន គឺយើងប្រមូលដកទុកទាំងអស់សិន ទាំងស្របច្បាប់ និងមិនស្របច្បាប់ កំពុងធ្វើការ»។
ចំណែកនៅខេត្តស្ទឹងត្រែង ក៏មានសេចក្តីរាយការណ៍ថា សមត្ថកិច្ចចម្រុះបានចុះពិនិត្យរោងសិប្បកម្មកែច្នៃឈើ ផលិតគ្រឿងសង្ហារិមជិត ២០០កន្លែង គ្មានច្បាប់អនុញ្ញាត។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញប្រតិបត្តិការចុះបង្ក្រាបនេះ តែទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាននៅថ្ងៃទី៦ សីហា។
សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល ជំរុញឱ្យគណៈកម្មការជំនាញស៊ើបអង្កេត និងអនុវត្តច្បាប់ដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន។ ពួកគេរកឃើញថា រដ្ឋមន្ត្រីរូបនេះ ជាមេខ្លោង ផ្តិតផ្តូងឱ្យមានឧក្រិដ្ឋកម្មព្រៃឈើដ៏ធំសម្បើមក្នុងប្រទេសកម្ពុជា តាមរយៈផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវិនិយោគដាំដំណាំឧស្សាហកម្ម ប៉ុន្តែធាតុពិតធ្វើអាជីវកម្មឈើខុសច្បាប់ និងរត់ពន្ធឈើឆ្លងដែនទៅវៀតណាម។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ ដែលចុះអង្កេតរឿងនេះរកឃើញថា ក្រសួងកសិកម្មបានអនុញ្ញាតឱ្យមានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ធ្វើអាជីវកម្មឈើខុសច្បាប់យ៉ាងហោចណាស់ចំនួន៦ នៅខេត្តមណ្ឌលគិរី ជាយូរមកហើយ បណ្ដាលឱ្យទំហំព្រៃក្នុងព្រៃអភិរក្សគ្រប់តំបន់ ជាកន្លែងសត្វព្រៃកម្ររស់នៅ ត្រូវបាត់បង់ស្ទើរទាំងស្រុង។ លោកបញ្ជាក់ថា ពុំមែនមានតែមន្ត្រីរដ្ឋបាលព្រៃឈើ ២ទៅ ៣នាក់នោះទេ ដែលប្រព្រឹត្តអំពើពុករលួយឃុបឃិតជាមួយក្រុមហ៊ុនធ្វើអាជីវកម្មឈើខុសច្បាប់។ លើសពីនេះ នៅមានពាក់ព័ន្ធមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ខេត្ត រហូតដល់ថ្នាក់ជាតិទៀតផង៖ «ដីសម្បទានសេដ្ឋកិច្ចទាំងអស់សុទ្ធតែមានបទល្មើស សុទ្ធតែមានការកាប់បំផ្លាញព្រៃឈើ។ គណៈកម្មការគួរតែតាមដាន ស៊ើបអង្កេតទៅលើរដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រោះរដ្ឋមន្ត្រីក្រសួងកសិកម្ម ជាអ្នកអនុញ្ញាត និងជាអ្នកស៊ីញ៉េ ឱ្យមានដីសម្បទានសេដ្ឋកិច្ចនៅក្បែរព្រៃការពារធម្មជាតិ ហើយព្រៃការពារធម្មជាតិ បាត់បង់អស់ដោយសារតែមានដីសម្បទានសេដ្ឋកិច្ចនៅជាប់ព្រំដែនគ្នាហ្នឹងបាទ»។
អាស៊ីសេរីបានទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីសុំការបំភ្លឺ ការចោទប្រកាន់នេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកលើកនៅថ្ងៃដដែលនេះ។
កាលពីសប្ដាហ៍មុន តំណាងអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរីបានកោះហៅ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ជនជាតិចិន និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើប្រមាណ ២០នាក់ទៀត ឱ្យចូលខ្លួនបំភ្លឺនៅអំឡុងចុងខែសីហានេះ។ មកទល់ពេលនេះ តុលាការសម្រេចឃុំខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើ ២នាក់ ឈ្មួញឈើ ៣នាក់ និងជនជាតិចិន ៣នាក់ទៀត សរុបទាំងអស់ ៨នាក់។
មន្ត្រីជាន់ខ្ពស់នៃសហគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ស្នើឱ្យគណៈកម្មការជំនាញ ត្រូវស៊ើបអង្កេតរកបទល្មើសឧក្រិដ្ឋព្រៃឈើចាស់ៗ ក្នុងរង្វង់អាជ្ញាយុកាល ១៥ ឆ្នាំដែលកំណត់ដោយក្រមព្រហ្មទណ្ឌ។ លោកថា ការអនុវត្តច្បាប់ចំពោះ ឧកញ៉ា សឹង្ហ សំអុល និងឧកញ៉ា គង់ ក្រឹង នៅមិនទាន់គ្រប់គ្រាន់ទេ នៅមានក្រុមឧក្រិដ្ឋជនជាច្រើននាក់ទៀត ដែលទាមទារឱ្យគណៈកម្មការជំនាញ អនុវត្តច្បាប់រួមមាន ឧកញ៉ា ទ្រី ភាព និងឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ជាដើម៖ «កន្លែងណាដែលមានការបទល្មើសព្រៃឈើ ពីអតីតកាលមក ដោយខុសច្បាប់ត្រូវដាក់បណ្ដឹង ទោះបីជា ឧកញ៉ាឈប់ក៏ដោយ ក៏ឧកញ៉ាហ្នឹងត្រូវតែមកទទួលខុសត្រូវដែរ។ ក្រុមឧកញ៉ាហ្នឹងត្រូវតែសងសំណងព្រៃឈើដែលខូចខាតហ្នឹង ដោយមានដូចដើមឡើងវិញ។ យើងឃើញថា ពីមុនយើងចាប់ ២ ទៅ ៣នាក់ទេ នៅឥឡូវឡើង ២០នាក់ថែមទៀត។ វាអាចពាក់ព័ន្ធការផ្តល់ដីដោយមានសំណូកដែល។ តាមដែលខ្ញុំដឹងហ្នឹង សម្បទានសេដ្ឋកិច្ចទទួលបានមិនទាន់ធ្វើអីផងត្រូវឱ្យ មួយហិកតារ ៣រយដុល្លារ នៅទីស្ដីការគណៈរដ្ឋមន្ត្រី»។
សកម្មជនបរិស្ថានសង្កេតឃើញថា ការបង្ក្រាបបទល្មើសព្រៃឈើរបស់រដ្ឋាភិបាល ធ្វើឡើងមួយប្រាវៗដូចភ្លើងចំបើង ឬចុះបេសកកម្មផ្អែកតាមបទបញ្ជាម្ដងម្កាលក្នុងចន្លោះពី ៣ ទៅ ៥ ឆ្នាំ ហើយក្នុងអំឡុងឆ្នាំ ២០១៦ ២០១៧ និង ២០១៨ ជាឆ្នាំពោរពេញដោយបទល្មើសឧក្រិដ្ឋព្រៃឈើគគ្រឹកគគ្រេង គ្រប់តំបន់នៅខេត្តភាគឦសាន ជាពិសេស សកម្មភាពរត់ពន្ធឈើទៅវៀតណាមបានកើតមានពេញទំហឹង។
របាយការណ៍របស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបង្ហាញថា អំឡុងឆ្នាំ២០១៦ គណៈកម្មការនេះរឹបអូសឈើប្រណីតបានជាង ៧ម៉ឺនម៉ែត្រគួប និងបញ្ជូនសំណុំរឿងទៅកាន់តុលាការចំនួនជិត ៦០ករណី (៥៧) ហើយឈើដែលរឹមអូសបានត្រូវបានលក់ បង្វិលកញ្ចប់ថវិកាចូលរដ្ឋ។ ទន្ទឹមនឹងនេះ អំឡុងឆ្នាំ២០១៨ បង្ក្រាបបទល្មើសព្រៃឈើបាន ៣៣៨លើក ឃាត់ខ្លួនមនុស្សជាង ១០០នាក់ ក្នុងនោះបញ្ជូនទៅតុលាការ ៦៥នាក់ និងបានរឹបអូសឈើចំនួនជាង ៤ពាន់ម៉ែត្រគូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
