ព្រះរាជអាជ្ញា​រង​ខេត្ត​ក្រចេះ​កំពុង​សាកសួរ​លោក អ៊ូច ឡេង និង​អ្នក​សហគមន៍​ព្រៃ​ឡង់ ៣​នាក់​ទៀត

ដោយ ជី វិតា
2020-03-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​សកម្មជន​បរិស្ថាន លោក អ៊ូច ឡេង (រូប​ស្ដាំ​លើក​ដៃ) ពេល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​អធិការដ្ឋាន​នគរបាល ស្រុក​សំបូរ ខេត្ត​ក្រចេះ នៅ​ល្ងាច​ថ្ងៃ​ទី១៤ មីនា ២០២០។
ទិដ្ឋភាព​សកម្មជន​បរិស្ថាន លោក អ៊ូច ឡេង (រូប​ស្ដាំ​លើក​ដៃ) ពេល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​អធិការដ្ឋាន​នគរបាល ស្រុក​សំបូរ ខេត្ត​ក្រចេះ នៅ​ល្ងាច​ថ្ងៃ​ទី១៤ មីនា ២០២០។
រូបភាព​ពី​សកម្មជនបរិស្ថាន

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize លោក អ៊ូច ឡេង និង​អ្នក​សហគមន៍​ព្រៃ​ឡង់ ៣​នាក់​ផ្សេងទៀត នៅ​មិនទាន់​ត្រូវ​បាន​តំណាង​អយ្យការ​ខេត្ត​ក្រចេះ ដោះលែង​នៅ​ឡើយ​ទេ គិត​ត្រឹម​រសៀល​ម៉ោង ៣ និង ៤៥ នាទី ថ្ងៃ​ទី​១៤ មីនា។

កង​សន្តិសុខ​របស់​ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) បាន​ចាប់​ឃាត់ខ្លួន​អ្នកការពារ​ព្រៃឈើ​ទាំង ៤​នាក់​នោះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មីនា​។ ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ជា​ក្រុមហ៊ុន​មាន​រោងចក្រ​អារ​ឈើ​នៅ​ក្បែរ​ព្រៃឡង់។

សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ចុះ​ឃ្លាំមើល​រឿង​នេះ ឱ្យ​ដឹង​ថា លោក អ៊ូច ឡេង និង​អ្នកការពារ​ព្រៃឈើ​សហគមន៍​ព្រៃឡង់ ៣​នាក់​ទៀត គឺ​លោក ខេម សុឃី លោក ស្រី ថី និង​លោក មេន ម៉ាត់ កំពុង​ឋិត​នៅ​ក្រោម​ការសាកសួរ​របស់​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ក្រចេះ លោក ជា សុ័ភក្ត្រ នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ខេត្ត​ក្រចេះ អស់​រយៈពេល​ជាង ៦​ម៉ោង​មក​ហើយ នៅ​ថ្ងៃ​ទី​១៤ មីនា។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ និយាយ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥​ស្ថាប័ន រួមមាន សមាគម​អាដហុក (ADHOC) អង្គការ​លីកាដូ (Licadho) បណ្តាញ​យុវជន​កម្ពុជា (CYN) សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពជា (CCFC) និង​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ជាង ១០​នាក់​ទៀត បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អធិការដ្ឋាន​ស្រុក​សំបូរ​រួចហើយ ដើម្បី​តាមដាន និង​ឃ្លាំមើល​ករណី​នេះ​។ លោក​ថា សមត្ថកិច្ច​មិនទាន់​អនុញ្ញាត​ឱ្យ​ពួកគេ ចុះ​សួរ​សុខទុក្ខ​អ្នក​ទាំង​បួន​នាក់​នោះ​នៅឡើយ​ទេ។

អធិការ​នគរបាល ស្រុក​សំបូរ​លោក ប៊ុន ឈឿន ថ្លែង​ថា ការ​ឃាត់​ខ្លួន​អ្នក​ទាំង ៤​នាក់​នោះ ធ្វើ​ឡើង​ទៅ​តាម​បញ្ជា​ព្រះរាជអាជ្ញា​ខេត្ត​ក្រចេះ បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ក្រុមហ៊ុន​ឯកជន​មួយ​។ លោក​បញ្ជាក់​ថា ពួកគេ​ទាំងនោះ​រង​ការ​ចោទ​ថា ចូល​ក្នុង​បរិវេណ​ដី​របស់​ក្រុមហ៊ុន ដោយ​គ្មាន​ការអនុញ្ញាត។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល