សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល ទាមទារឱ្យគណៈកម្មការជាតិ និងតំណាងអយ្យការខេត្ត មណ្ឌលគិរី បើកការស៊ើបអង្កេត និងនាំរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីអនុញ្ញាតឱ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ៦ ធ្វើអាជីវកម្មឈើខុសច្បាប់ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បណ្ដាលឱ្យបាត់បង់ព្រៃឈើធំធេង ក្នុងតំបន់អភិរក្ស និងប៉ះពាល់ដែនជម្រកសត្វព្រៃ។
សកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលអះអាងថា ក្រុមហ៊ុនចំនួន ៦ ដែលទទួលអាជ្ញាប័ណ្ណពីក្រសួងកសិកម្ម វិនិយោគដីសម្បទានសេដ្ឋកិច្ចជាច្រើនម៉ឺនហិកតារ ឋិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី គឺជាឃាតកលាក់មុខ បំផ្លាញព្រៃឈើធំធេង ក្នុងតំបន់ព្រៃការពារធម្មជាតិដោយខុសច្បាប់។ ពួកគេអះអាង ប្រភពចម្បង នាំឱ្យមានការកាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងព្រៃសហគមន៍ គឺផ្ដើមចេញពីរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ផ្សំគំនិត និងអនុញ្ញាតឱ្យមានភាពមិនប្រក្រតីនៃអាជីវកម្មឈើខុសច្បាប់ជាប់ព្រៃអភិរក្សដោយលួចលាក់។
សកម្មជនបរិស្ថានដែលចុះអង្កេតរឿងនេះ លោក ហេង ស្រស់ ឱ្យដឹងនៅថ្ងៃទី១៨ សីហាថា ការផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនឯកជន វិនិយោគដំណាំឧស្សាហកម្មពីសំណាក់ក្រសួងកសិកម្ម គ្រាន់តែជាលេសប៉ុណ្ណោះ ប៉ុន្តែធាតុពិត គឺដើម្បីកាប់រំលំដើមឈើធំៗ យកលក់ទៅប្រទេសវៀតណាមទៅវិញទេ។ លោកថា ពលរដ្ឋមូលដ្ឋាន និងសកម្មជនបរិស្ថាន បានស្រែកឱ្យក្រសួងកសិកម្ម ស៊ើបអង្កេតបទល្មើសព្រៃឈើនៅតំបន់នោះជាញឹកញាប់ ក៏ប៉ុន្តែក្រសួងមិនបានអើពើទេ គឺបានត្រឹមតែឆ្លើយដោះសារយករួចខ្លួនប៉ុណ្ណោះ។ លោកថា ក្រុមហ៊ុនទាំង ៦ នោះ ពុំបានដាំដំណាំអ្វីជាដុំកំភួនទេ មានតែបង្កើតទីតាំងអារឈើ និងឃ្លាំងប្រមូលឈើប៉ុណ្ណោះ៖ «ចំពោះរដ្ឋមន្ត្រីក្រសួងកសិកម្មវិញ សម្រាប់ខ្ញុំមិនដែលចាត់ទុកគាត់ជា រដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើឱ្យមានផលប្រយោជន៍សម្រាប់ជាតិទេ បែរជាគាត់ស៊ីញេឱ្យមានការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមឧកញ៉ាមួយចំនួន ហាក់បីដូចជាបើកភ្លើងខៀវឱ្យក្រុមឧក្រិដ្ឋកម្មជនទាំងនោះ មានលទ្ធភាពកាប់បំផ្លាញព្រៃឈើ និងប្រមូលលុយចេញពីការការបំផ្លាញធនធានធម្មជាតិរបស់ខ្មែរទៅវិញ»។
សកម្មជនបរិស្ថានរូបនេះ ទាមទារឱ្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ស៊ើបអង្កេត លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ព្រោះរដ្ឋមន្ត្រីរូបនេះជាអ្នកផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនទាំងនេះ រកស៊ីកាប់ឈើដោយស្របច្បាប់ ដោយមានមន្ត្រីរដ្ឋបាលព្រៃឈើ ជាអ្នកចូលដៃជើងជាមួយក្រុមហ៊ុន៖ «ដីសម្បទានសេដ្ឋកិច្ចហ្នឹងគឺអត់មានអ្វីមានភាពប្រសើរឡើងទៅទេ នៅស្រុកកោះញែកហ្នឹង សូម្បីតែដាំដើមឈើអ្វី ដែលតបស្នងមករាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនខ្មែរមួយដើមក៏អត់មានទេ។ គ្រាន់តែសម្បទានសេដ្ឋកិច្ចដើម្បីយកឈើ លក់យកលុយរាប់លានដុល្លារ។ ហេតុអ្វីមិនបង្ក្រាបអ្នកដើមចម ផ្ដល់លទ្ធភាពឱ្យមានការកាប់បំផ្លាញព្រៃឈើ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោកស្រី វុឌ្ឍី ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកលើក នៅថ្ងៃទី១៨ សីហា។
ចំណែកអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី និយាយយ៉ាងខ្លីថា គណៈកម្មការជាតិបានបញ្ជូនសំណុំរឿងករណីនេះ ទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីរួចអស់ហើយ។ ហេតុនេះលោកបង្វែរសំណួរទៅតំណាងអយ្យការខេត្តមណ្ឌលគិរីវិញ៖ «អាហ្នឹងសួរទៅខាងអយ្យការ ព្រោះយើងបញ្ជូន ( សំណុំរឿង ) អស់ហើយ។ ប្រសិនខាងសកម្មជនបរិស្ថាន និងសង្គមស៊ីវិលគាត់យល់ឃើញម៉េច ? ឱ្យសួរទៅខាងអយ្យការ»។
អាស៊ីសេរីព្យាយាមទាក់ទង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា និងអ្នកនាំពាក្យសាលាដំបូងខេត្ត លោក មាស ប្រុស ដើម្បីសុំការបំភ្លឺករណីនេះដែរ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកលើកនៅថ្ងៃដដែលនេះ។
កាលពីដើមខែសីហាកន្លងទៅ តំណាងអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរីបានកោះហៅ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ជនជាតិចិន និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើប្រមាណ ២០នាក់ទៀត ឱ្យចូលខ្លួនបំភ្លឺនៅអំឡុងចុងខែសីហានេះ។ មកទល់ពេលនេះ តុលាការសម្រេចឃុំខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើ ២នាក់ ឈ្មួញឈើ ៣នាក់ និងជនជាតិចិន ៣នាក់ទៀត សរុបទាំងអស់ ៨នាក់។ លើសពីនេះ ថ្មីៗនេះ តុលាការខេត្តក្រចេះ បានសម្រេចឃុំខ្លួន ឧកញ៉ា គង់ ក្រឹង និងបក្ខពួកម្នាក់ទៀតក្នុងពន្ធនាគារខេត្តក្រចេះ។
មន្ត្រីជាន់ខ្ពស់សមាគម អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញថា បើទោះបីមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់មូលដ្ឋាន បានប្រព្រឹត្តកំហុសជាច្រើនរាប់មិនអស់ តាមរយៈការចុះហត្ថលេខាឃុបឃិតជាមួយក្រុមហ៊ុន បំប្លែងឈើខុសច្បាប់ឱ្យទៅជាឈើស្របច្បាប់ក្តី ក៏ពុំឃើញរដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាឱ្យស៊ើបអង្កេត និងមានវិធានការច្បាប់នោះទេ។ លោកថា រដ្ឋមន្ត្រីរូបនេះ គឺជាអ្នកទទួលខុសត្រូវយ៉ាងសំខាន់ចំពោះវិនាសកម្មព្រៃឈើធំសម្បើមនេះ។ លោកអះអាងថា មុនពេលគណៈកម្មការជាតិចុះអនុវត្តច្បាប់ ក្រុមហ៊ុនទាំង ៦ នៅខេត្តមណ្ឌលគិរី បានធ្វើសកម្មភាពដឹកជញ្ជូនឈើ និងកាប់ឈើក្រៅក្រុមហ៊ុន ជាច្រើនឆ្នាំមកហើយ៖ «វាពិតជាមានការពាក់ព័ន្ធ បើពុំមានការពាក់ព័ន្ធទេ បទល្មើសឧក្រិដ្ឋព្រៃឈើក៏មិនអាចសម្រេចបានដែរ ព្រោះមន្ត្រីថ្នាក់ក្រោមក៏មិនអាចលាក់លៀមនូវសកម្មភាពបណ្ដែតបណ្ដោយបានទេ ព្រោះយើងមានប្រព័ន្ធផ្សព្វផ្សាយតាមដានជាប់រហូតហើយរយៈប៉ុន្មានឆ្នាំ គឺមានការផ្សាយច្រើនបទល្មើសឧក្រិដ្ឋព្រៃឈើ ពាក់ព័ន្ធឧកញ៉ា សឹង្ហ សំអុល និងឧកញ៉ា គង់ ក្រឹង។ អ៊ីចឹងយើងមិនជឿថា រដ្ឋមន្ត្រីក្រសួងកសិកម្មលោកមិនដឹងទេ»។
គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបង្ហាញថា ក្រុមហ៊ុនចំនួន ៦ ប្រឈមដកអាជ្ញាប័ណ្ណរួមមាន ក្រុមហ៊ុនម៉ាស្ទ័រខេសិន ក្រុមហ៊ុនចិន យ៉ាន់ចាវ ក្រុមហ៊ុន ថាច់វូដ ក្រុមហ៊ុនវិជ្ជរី ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ និងក្រុមហ៊ុនណេងណា។
សកម្មជនបរិស្ថានអះអាងថា វត្តមានក្រុមហ៊ុនទាំងនេះ បណ្ដាលឱ្យដែនជម្រកសត្វស្នួល មានភូមិសាស្ត្រជាប់ដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងស្រុកកោះញែក និងស្រុកស្នូលខេត្តក្រចេះ រហូតជាប់ព្រំប្រទល់ប្រទេសវៀតណាម មានផ្ទៃដីរាប់ម៉ឺនហិកតារ រលាយទាំងស្រុង នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការបាត់បង់ទំហំព្រៃឈើធំធេងនេះ របបក្រុងភ្នំពេញមិនបានស៊ើបអង្កេត និងជំរុញឱ្យស្ថាប័នណាមួយទទួលខុសត្រូវនោះទេ ហើយបានប្រកាសរំសាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។